Monday, November 25, 2024
Homeតារាខ្មែរសម្រស់ឯកវាយនភ័ណ្ឌឆ្នាំ២០១៧ រកឃើញម្ចាស់ជ័យលាភីហើយ កាលពីយប់មិញ

សម្រស់ឯកវាយនភ័ណ្ឌឆ្នាំ២០១៧ រកឃើញម្ចាស់ជ័យលាភីហើយ កាលពីយប់មិញ

ឆ្លងកាត់ការប្រកួតជម្រុះយ៉ាងស្វិតស្វាញ រយៈពេល២ខែ ទីបំផុតកម្មវិធីប្រកួតសម្រស់ឯកវាយនភណ្ឌឆ្នាំ២០១៧ បានឈានផ្ដាច់ព្រ័ត្រហើយ កាលពីរាត្រីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៧ ដែលរៀបចំនៅស្ថានីយទូរទស្សន៍បាយ័នស្ទឹងមានជ័យ ហើយរកឃើញជ័យលាភីបេក្ខនារីលេខ១ កញ្ញាប៉ូ ស្រីញ៉ុល ពាក់ស្លាកលេខ៣ ធ្វើការនៅរោងចក្រ YI Da Manufacturer ខេត្តកណ្ដាល, លេខ២ កញ្ញាអ៊ឹង មិក ពាក់ស្លាកលេខ១០ ធ្វើការនៅរោងចក្រហុងដូ ខេត្តព្រះសីហនុ, លេខ៣ កញ្ញាឆាយ សុនេត្រា ពាក់ស្លាកលេខ១២​ មកពីរោងចក្រហ៊ីរ៉ូតា ខេត្តកំពង់ស្ពឺ។ ដោយឡែកបេក្ខជនជ័យលាភីលេខ១ បានទៅលោកឃួន ពិសី ពាក់ស្លាកលេខ៣ ធ្វើការនៅរោងចក្រអូជី តិចហាតា ខេត្តព្រះសីហនុ, លេខ២ លោកអឿន មីដា ពាក់ស្លាកលេខ៧ ធ្វើការនៅរោងចក្រ MAX VIEW TEXTILES រាជធានីភ្នំពេញ និងលេខ៣ លោកលី ណាគីម ពាក់ស្លាកលេខ១២ ធ្វើការនៅរោងចក្រ YEI JER ខេត្តស្វាយរៀង។ ចំណែកពានញញឹមស្រស់ បានទៅលើកញ្ញាទៀន សុនីតា ពាក់ស្លាកលេខ៩ ធ្វើការនៅរោងចក្រ Mau-OU ខេត្តព្រះសីហនុ, ពានរង្វាន់ទំនាក់ទំនងល្អ បានទៅលើកញ្ញាព្រំ ស៊ីវត្ថា ពាក់ស្លាកលេខ១១ ធ្វើការនៅរោងចក្រឌីខេអ៊ីន ខេត្តស្វាយរៀង និងលោកម៉ាល់ ម៉េងលី ពាក់ស្លាកលេខ៥ ធ្វើការនៅរោងចក្រ HEIKO ASIA ភ្នំពេញ។ ពានរង្វាន់ ញញឹមស្រស់ បានទៅលើលោកឈឹម សុវណ្ណគង្គា ពាក់ស្លាកលេខ១១ ធ្វើការនៅតំបន់សេដ្ឋកិច្ចពិសេស ខេត្តព្រះសីហនុ។

នេះជាឆ្នាំទី៣ហើយដែលកម្មវិធីសម្រស់ឯកវាយនភណ្ឌឆ្នាំ២០១៧ បានរៀបចំឡើងក្រោមការផ្តួចផ្ដើមពីសម្ដេចអគ្គមហាសេនាបត្តីតេជោ ហ៊ុន សែន រួមជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដោយលើកទី១ ធ្វើនៅឆ្នាំ២០១៥ លើកទី២ ឆ្នាំ២០១៦ និងលើកទី៣ ឆ្នាំ២០១៧នេះ។

ម្ចាស់ជ័យលាភីលេខ១ លោកឃួន ពិសី និងកញ្ញាប៉ូ ស្រីញ៉ុល

សម្រាប់ពានរង្វាន់លេខ១ បានទឹកប្រាក់៥លានរៀល ម៉ូតូ១គ្រឿង ទូរស័ព្ទ១គ្រឿង និងរង្វាន់ផ្សេងៗទៀត, លេខ២ ទឹកប្រាក់៤លានរៀល, លេខ៣ ទឹកប្រាក់៣លានរៀល ចំណែកពានញញឹមស្រស់ និងទំនាក់ទំនងល្អ បានទឹកប្រាក់ម្នាក់ ២លានរៀល ស្របពេលដែលអ្នកមិនបានពានរង្វាន់សោះ បានទឹកប្រាក់ម្នាក់ ១លានរៀលផងដែរ។

តាមអ្នករៀបចំកម្មវិធីបានឲ្យដឹងថា សម្រាប់ឆ្នាំ២០១៧នេះ មានបេក្ខជនបេក្ខនារីទាំង២៥ខេត្ត-ក្រុង មាន៣មណ្ឌល ចំនួន៦២៦នាក់ (ស្រី៣៩១ ប្រុស១៦៥) ហើយសម្រាប់វគ្គផ្ដាច់ព្រ័ត្រនេះ មានបេក្ខនារី១២រូប និងបេក្ខជន១២រូប ចូលរួមប្រកួតយកពាន។ កម្មវិធីនេះបានដំណើរការយ៉ាងល្អ ដោយមានការផ្សាយបន្ដផ្ទាល់តាមកញ្ចក់ទូរទស្សន៍បាយ័ន និងETV ក្រោមការដឹកនាំកម្មវិធីពីលោកគង់ វិសាល ប្រធានផ្នែកផលិតកម្មវិធីទូរទស្សន៍បាយ័ននិងETV ដែលកំពុងតែទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងនៅផ្នែកសោតទស្សន៍៕

RELATED ARTICLES