Sunday, September 8, 2024
Homeតារាខ្មែរសារ៉ាយ សក្ខណា បើកហាងគុយទាវ

សារ៉ាយ សក្ខណា បើកហាងគុយទាវ

សារ៉ាយ សក្ខណា ដែលទៅរស់នៅអាមេរិក ជាមួយស្វាមីលោកកែវ ប៊ុនមេត្រី និងកូនស្រី Mataysia Keo អាយុជាង២ឆ្នាំនោះ បានចុះមកស្រុកខ្មែរ ជាញឹកញាប់ ក្រោយបើកហាងរក្សាសម្រស់ហ្ស៊ីណូ ដែលកំពុងដំណើរការដោយរលូននោះ ទើបនាងលេចមុខនៅស្រុកខ្មែរ ច្រើនជាងនៅអាមេរិក។ ដោយឡែកកាលពីព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៧នោះ សារ៉ាយ សក្ខណា បានបន្ថែមមុខរបរថ្មីមួយទៀត គឺបើកហាងលក់គុយទាវនៅតាមបណ្ដោយផ្លូវ ៥៩០ សង្កាត់បឹងកក់ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ហាងគុយទាវថ្មីរបស់សក្ខណា គ្រប់គ្រងដោយម្ដាយរបស់នាង អ្នកស្រីសម្ផស្ស ហើយការបើកលក់អាហារពេលព្រឹកនេះ ជាការបន្ថែមលើហាងចាស់ដែលមានស្រាប់ ដែលជាការលក់អាហារពេលយប់ ដែលដំណើរការជាច្រើនឆ្នាំមកហើយ ក្នុងនោះមានម្ហូបគ្រឿងក្លែមគ្រប់ប្រភេទទាំងអស់។

ម្ដាយសារ៉ាយ សក្ខណា អ្នកស្រីសម្ផស្ស បានឲ្យដឹងថា ដោយសារតែហាងបានធ្លាក់ភ្ញៀវចុះតិចជាងមុន បានជាអ្នកស្រីនិងកូនស្រីបានពិភាក្សាគ្នាថាបើកលក់អាហារពេលព្រឹកបន្ថែមនេះ ដើម្បីទប់ទល់ការចំណាយ។

អ្នកស្រីសម្ផស្ស អះអាងថា ”ហាងយើងទើបបើកលក់អាហារពេលព្រឹក នៅព្រឹកថ្ងៃ០៥ ខែឧសភា តែម្ដង ហើយយើងមានលក់គុយទាវ បាយមាន់ បាយសាច់ជ្រូក ការី សារ៉ាម៉ាន់ គ្រឿងញាំពេលព្រឹកជាច្រើន រួមទាំងភេសជ្ជៈផ្សេងៗផងដែរ។ ចំពោះការលក់អាហារពេលយប់វិញ គឺខ្សត់ភ្ញៀវជាងមុនបន្ដិច អីចឹងយើងក៍បន្ថែមពេលព្រឹកវិញ ដោយសារតែហាងយើងនៅទំនេរដែរ ពេលយប់ហ្នឹងក៍លក់ទៅ។ ចំពោះហាងរក្សាសម្រស់សក្ខណា ហ្ស៊ីណូ វិញគឺដំណើរការល្អមិនអីទេ”។

សារ៉ាយ សក្ខណា បានរៀបការប្ដីលោកកែវ ប៊ុនមេត្រី កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៣ នៅមជ្ឈមណ្ឌលកោះពេជ្រ និងរៀបការលើកទី២ នៅអាមេរិក ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៣។ ក្រោយមានស្វាមី សក្ខណា ដែលទទួលបានចំណងដៃកូនស្រីម្នាក់ដ៍ស្រស់ស្អាត ឈ្មោះ Mataysia keo នោះបានចុះមកស្រុកខ្មែរជាញឹកញាប់ ហើយនឹងនៅតែឆ្លៀតថតសម្ដែងភាពយន្ដ និងមើលការខុសត្រូវហាងរក្សាសម្រស់ហ្ស៊ីណូ ដែលប្ដីនាងដាក់ទុនជាច្រើនម៉ឺនដុល្លារជាមួយមិត្តភក្ដិ។ តាមព័ត៌មានថា សក្ខណា ដែលទើបត្រឡប់ទៅអាមេរិកវិញ ជិត១ខែនេះ នឹងពន្យាពេលចុះមកស្រុកខ្មែរមួយអន្លើសិន ព្រោះនាងចង់យកឲ្យបានសញ្ជាតិអាមេរិក សិន ស្របពេលដែលថ្មីៗនេះ ផលិតកម្មខ្មែរមេគង្គ បានទាក់ទងឲ្យតារាកូន១រូបនេះ ថតរឿងថ្មី ទើបធ្វើឲ្យសក្ខណា កំពុងតែរារែកចិត្ត។

អ្នកស្រីសម្ផស្ស ម្តាយសារ៉ាយ សក្ខណា

អ្នកស្រីសម្ផស្ស បន្ថែមថា ”កូនខ្ញុំមិនទាន់បានសញ្ជាតិអាមេរិក មែន ការចុះឡើងញឹកញាប់ពេក គេកាត់ថ្ងៃយើងកាន់តែយូរថែមទៀត។ ការទៅអាមេរិក លើកនេះ សក្ខណា អាចនៅ២ឆ្នាំ ដើម្បីយកសញ្ជាតិឲ្យបានសិន តែប្ដីគេចុះឡើងៗដើម្បីមើលហាង។ ថ្មីៗនេះដែរ សក្ខណា ត្រូវផលិតកម្មខ្មែរមេគង្គ ទាក់ទងហៅឲ្យថតរឿងថ្មីមួយ ហើយគ្នារារែកចិត្តដែរហ្នឹង មិនទាន់ដឹងថា ត្រូវមកថតវិញ ឬត្រូវសម្ងំយកសញ្ជាតិសិនទេ កំពុងតែគិតមើលសិន”។

សារ៉ាយ សក្ខណា ស្ថិតក្នុងចំណោមតារាដែលបើកភោជនីយដ្ឋាន មានដូចជា អ្នកនាងយុគ ចិន្ដា​, ចាន់ សុធារ័ត្ន, ខៀវ សុខារ៉ាវី ជាដើម ដែលពេលនេះពួកគេមានទ្រព្យច្រើន ហើយមិនរំពឹងលើអាជីពសិល្បះទាំងស្រុងឡើយ៕

RELATED ARTICLES