ក្នុងជំនួបផ្ទាល់កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៧ តារាចម្រៀងហង្សមាស រូបនេះបាននិយាយកាន់ជើងប្រុសក្មេង Step ថា នាងមិនបានជួយទាំងស្រុងដូចគេគិតនោះទេ គឺលោក Step មានសមត្ថភាពខ្លួនឯង ហើយនាពេលខាងមុខ Step នឹងក្លាយខ្លួនទៅជាតារាចម្រៀងល្បីម្នាក់ជាមិនខាន។
សោភា បញ្ជាក់ថា “ចំពោះការចាប់ដៃគូ ខ្ញុំមិនប្រកាន់ទេ ជាមួយអ្នកណាក៏បានដែរ ហើយពេលនេះខ្ញុំនិង Step បានធ្វើការជាមួយគ្នា ដើម្បីឱ្យបងប្អូនបានប្លែកអារម្មណ៍ ហើយឃើញថា មានការគាំទ្រច្រើនដែរ។ មិនមែនតែជាមួយ Step ទេ គឺខ្ញុំក៏បាន ធ្វើការជាមួយលោកសួន ពិសិដ្ឋ ដែរ ដូចជាបទ “ឆ្កែរត់បុកប៉ោត” អីចឹងនិយាយទៅ ការធ្វើការជាមួយគ្នា ការចាប់ដៃគូ ខ្ញុំមិនប្រកាន់ទេ អ្នកណាក៏អាចធ្វើការជាមួយបានដែរ ឱ្យតែគាត់មានគំនិតរួមជាមួយយើង ហើយខ្ញុំសប្បាយចិត្តណាស់ ដែលឃើញហង្សមាស មានតារាល្បីៗថ្មីក្រោយច្រើនទៀតនោះ គឺយើងចង់ឃើញ ប្អូនៗស្នងពួកយើងដោយធនធានមនុស្សល្អ ព្រោះខ្ញុំចាស់ដែរហើយ…”។
ពេជ្រ សោភា ស្ថិតក្នុងចំណោមតារាដែលត្រូវប៉ាន់នៅឱកាសបុណ្យចូលឆ្នាំខ្មែរ កន្លងទៅថ្មីៗនេះ បន្ទាប់ពីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសយកបទ “ឆ្កែរត់បុកប៉ោត” របស់នាង ទៅរាំកម្សាន្តនៅអង្គរសង្ក្រាន្តនោះ នាំឱ្យបទចម្រៀងរបស់សោភា ត្រូវបានបន្លឺគ្រប់ច្រកល្ហក។ ទស្សនិកជនជាច្រើននិយាយថា ប្រសិនបើពេជ្រ សោភា នៅតែបន្តចាប់ដៃគូជាមួយលោក Step ទៀតនោះ តារាត្រេមុខដូចកូរ៉េរូបនោះ នឹងល្បីជាង G-Davith ជាមិនខាន នៅពេលអនាគត ស្របពេលដែលអ្នកខ្លះទៀតបានលើកឡើងថា មិនត្រឹមតែជួយរុញលោក Step ទេ តែពេលនេះ សោភា ក៏ប្រឹងលើកស្ទួយប្រុសក្មេងម្នាក់ទៀត គឺលោកឆឹម សក្កដា ផងដែរ ក្រោមរូបភាពថា ពួកគេកំពុងតែមានស្នេហាជាមួយគ្នា បើទោះជាកន្លងមក សោភា ធ្លាប់រងការរិះគន់ថា លេងស្នេហាក្លែងក្លាយ ជាមួយសក្កដា ក៏ដោយ។
ពេជ្រ សោភា និយាយមិនបង្អង់ថា “ខ្ញុំនៅតែចាប់ដៃគូជាមួយ Step បន្តទៀត ព្រោះគេអ្នកមានសមត្ថភាព ក្រុមគ្រួសារគេល្អណាស់ ម្តាយខ្ញុំពេញចិត្តឱ្យខ្ញុំចាប់ដៃគូជាមួយ Step។ ចំពោះរឿងជាមួយលោកសក្កដា ខ្ញុំសូមបញ្ជាក់ថា មិនមែនរឿងបន្លំភ្នែកក្លែងក្លាយអីទេ ខ្ញុំនិងគាត់ស្រលាញ់គ្នាស្មោះ ក្រុមគ្រួសារយើងទាំងសងខាងក៏បានដឹងឮដែរ ហើយពួកគាត់មិនថាអីទេ។ ខ្ញុំអាចនិយាយបានថា ខ្ញុំនិងសក្កដា កំពុងតែស្វែងយល់ចិត្តគ្នា យើងជួបគ្នាញឹកញាប់ដែរ ពេលខ្លះដូចជាពេលខ្ញុំទៅច្រៀងនៅកោះពេជ្រ អីចឹងពេលខ្លះខ្ញុំអត់ដឹងថា គាត់មកទេ តែគាត់ចង់ Suprise មកមិនឱ្យខ្ញុំដឹង ហើយពេលខ្ញុំក្រឡេកមើលខាងក្រោយ ស្រាប់តែឃើញ គាត់ក៏បើកឡានជូនខ្ញុំទៅផ្ទះតែម្តងទៅ”។
ឆ្លើយតបសំណួរថា បើថាសោភា មានស្នេហាពិតជាមួយលោកសក្កដា អីចឹងតើរាល់ថ្ងៃពិតជាបានរួមរស់ជាមួយគ្នាជាប្តីប្រពន្ធ ដូចការលេចឮមែនឬអត់?
សោភា អះអាងយ៉ាងដាច់អហង្ការថា “អត់ទេ! គឺមិនមានរឿងនោះទេ មនុស្សស្រលាញ់គ្នា គេមិនគិតតែរឿងអ៊ីចឹងទេ! គាត់មិនដែលទាមទារអីពីខ្ញុំផង។ ពួកយើងរស់នៅផ្ទះម៉ែរៀងៗខ្លួន ហើយខ្ញុំក៏មិនទាន់មានគម្រោងភ្ជាប់ពាក្យ ឬរៀបការអីនៅពេលនេះដែរ។ សក្កដា គាត់ជាតារាសម្តែងល្បីម្នាក់ ខ្ញុំមិនបានជួយយឹតយោងអីគ្នាទេ តែគាត់បានជួយខ្ញុំច្រើនទៅវិញទេ ដូចជាគាត់ធ្វើឱ្យខ្ញុំមិនឆេវឆាវដូចមុន លើកទឹកចិត្តខ្ញុំ និយាយទៅ ជាបុរសល្អម្នាក់…”។
ពេលនេះ សោភា ពិតជាប្រឹងជ្រោមជ្រែងប្រុសក្មេងរូបសង្ហាទាំង២ គឺលោក Step និងសក្កដា ឱ្យល្បីឈ្មោះដូចគ្នាមែន តាមរយៈការតោងកាលីពម្ចាស់បទ “ហុយ ហុយ” រូបនេះ៕