បើអ្នកតែងខ្លួនបានស្អាតបាត ប៉ុន្តែពេលនិយាយចេញមក បែរជាមានក្លិនមាត់នោះ មនុស្សនៅក្បែរខ្លួនរបស់ អ្នកនឹងថយឆ្ងាយពីអ្នកមិនខាន ព្រោះពិបាកទ្រាំនឹងក្លិនមាត់របស់អ្នក ព្រោះអ្នកជាស្ត្រីដែលមិនចេះថែខ្លួនឱ្យបានស្អាតបាត។ ដូច្នេះតើគួរពិសាអ្វី ដើម្បីបំបាត់ក្លិនមាត់ ៖
១-ចៀសវាងអាហារមានជាតិស្ករ ៖ ព្រោះស្ករ ធ្វើប្រតិកម្មជាមួយជាតិអាស៊ីដក្នុងទឹកមាត់នឹងក្លាយ ជារសជាតិជូរ បង្កជាក្លិនជូរចេញមក ហើយក្លិនជូរ តែងតែធុំបានឆ្ងាយជាងក្លិនផ្សេងទៀត បើអ្នកណាស្រូបក្លិននោះ ហើយប្រាកដជាមិនពេញចិត្តឡើយ។
២-កាហ្វេអាចជួយបាន ៖ ការស្រាវជ្រាវមួយ បានរកឃើញថា កាហ្វេអាចជួយបំបាត់ក្លិនមាត់បាន ព្រោះប្រសិទ្ធភាពរបស់កាហ្វេខ្មៅ នឹងទៅសម្លាប់បាក់តេរីក្នុងមាត់។ គ្រាន់តែថា បើអ្នកពិសាកាហ្វេ ហើយ កុំភ្លេចពិសាទឹកតាមក្រោយផង។ បើមិនដូច្នេះទេ នឹងស្ងួត មាត់អស់ស្អាតមិនខាន។
៣-ទំពាស្ករកៅស៊ូ ៖ តាមពិតស្ករកៅស៊ូ មិនបានជួយបំបាត់ក្លិនមាត់នោះទេ ប៉ុន្តែការទំពាស្ករកៅស៊ូ នឹងទៅជំរុញឱ្យក្រពេញទឹកមាត់ បញ្ចោញទឹកមាត់ច្រើនជាងមុន។ ចំណែកស្ករកៅស៊ូ នឹងទៅកម្ចាត់កម្ទេចកម្ទីអាហារ និងជាតិស្ករ ដែលនៅជាប់តាមចន្លោះធ្មេញឱ្យចេញមក ទើបអាចជួយបន្ថយក្លិនមាត់ដោយប្រយោលដែរ។ ប៉ុន្តែមិនគួរទំពាស្ករកៅស៊ូ លើសពី ២០នាទីទេ។ បើទំពាយូរជាងនេះ បាក់តេរីដែលនៅសេសសល់ ជាប់ក្នុងស្ករកៅស៊ូ អាចក្លាយជាមូលហេតុនៃក្លិនមាត់ ក៏ថាបាន។
៤-ពិសាទឹកដោះគោក្រោយពេលបាយ ៖ បន្ទាប់ពីពិសាអាហារដែលមានជាតិស្ពាន់ធ័រ ដូចជាខ្ទឹមស ហើយគួរពិសាទឹកដោះគោតាមក្រោយ ១កែវផង។ ជាតិខ្លាញ់ពីទឹកដោះគោ នឹងជួយបំបាត់ក្លិន ដែលកើតពីស្ពាន់ធ័របាន។ ប៉ុន្តែក្នុងករណីនេះ ត្រូវពិសាទឹកដោះគោ ដែលមានជាតិខ្លាញ់ ទើប បាន ព្រោះបើយកទឹកដោះគោប្រភេទគ្មានជាតិខ្លាញ់នោះ មិនអាចជួយ បំបាត់ក្លិនមាត់បានទេ។
៥-ពិសាទឹកឱ្យបានច្រើន ៖ ទឹកស្អាត នឹងជួយលាងជម្រះកម្ទេចកម្ទីអាហារ និងមេរោគបាក់តេរីក្នុងមាត់។ បើមិនពិសាទឹកចូលទៅទេ គ្រាន់តែខ្ពុរមាត់ ក៏អាចជួយបានមួយកម្រិតដែរ។
៦-ទំពាចំណិតក្រូចឆ្មារ ៖ អ្នកស្រៀវធ្មេញមិនអាចប្រើវិធីនេះបានទេ ប៉ុន្តែបើប្រាកដក្នុងចិត្តថា ធ្មេញរបស់អ្នករឹងមាំល្អ ក្រោយពេលបាយរួចកុំភ្លេចទំពាក្រូចឆ្មារ១ចំណិតស្តើងផង ព្រោះអាស៊ីដស៊ីទ្រីកពីក្រូចឆ្មារ អាចសម្លាប់មេរោគ បាក់តេរីក្នុងមាត់បាន។ សូម្បីពេលមានក្លិនមាត់ បើបានក្រូចឆ្មារ១ចំណិតស្តើង ទំពាក្នុងមាត់ ក៏អាចជួយបន្ថយក្លិនមាត់បាន៨០%ដែរ។
៧-តែបៃតងឬតែខ្មៅ ៖ សារធាតុផូលីហ្វីណុលក្នុងស្លឹកតែនឹងទៅទប់ស្កាត់ការលូតលាស់របស់មេរោគបាក់តេរី ដែលធ្វើឱ្យកើតក្លិនមាត់។ ដូច្នេះ មុននឹងចេញទៅណា គួរតែឆ្លៀតពិសាតែ១ពែងសិន ដើម្បីឱ្យច្បាស់ក្នុងចិត្តថា គ្មានក្លិនមាត់។
៨-ផ្លែឈើត្រកូលប៉ោម ៖ ដូចជា ផ្លែប៉ោម ត្របែក ដំឡូងរលួស (ប៉ិកួៈ) ផ្លែនិងមើមស្រួយៗទាំងនេះ ទៅកម្ចាត់កម្ទេចកម្ទីអាហារដែលជាប់នៅតាមចន្លោះធ្មេញឱ្យជ្រុះចេញ និងជួយបំបាត់ក្លិនមាត់ផងដែរ៕