មហាជនអ្នកស្នេហាវិស័យកីឡាប្រដាល់សេរី ក្បាច់គុនបុរាណខ្មែរ ពិតជាស្គាល់ច្បាស់លោកគ្រូបង្វឹក និងជាអាជ្ញាកណ្តាលដ៏មានប្រជាប្រិយភាព គឺលោកជ័យ ប៊ុនឈឿ។ លោកគ្រូជ័យ ប៊ុនឈឿ គឺជាអាជ្ញាកណ្តាលមួយរូបដែលមានភាពរហ័សរហួន ស្វាហាប់ បើទោះជាវ័យរបស់លោកគ្រូជ្រេណាស់ ទៅហើយក្តី ជាហេតុធ្វើឱ្យមហាជន ពិសេសអ្នកចូលចិត្តទស្សនាកីឡាប្រដាល់សេរី តែងពោលសរសើរ និងហ៊ោកញ្ជ្រៀវ នៅពេលលោកគ្រូបានបញ្ចោញនូវទេពកោសល្យនិងកាយវិការដ៏រហ័សរហួន ហក់ចូលទៅឃាត់បំបែកគូប្រដាល់ ដែលកំពុងប្រកួតគ្នាយ៉ាងក្រពុលមុខនៅលើសង្វៀន។
កាលពីអំឡុងដើមឆ្នាំ២០១៦កន្លងទៅ លោកគ្រូជ័យ ប៊ុនឈឿ ដែលកើតមានជំងឺមហារីកសាច់ដុំជើង ធ្លាប់បានចូលទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (ពេទ្យរុស្ស៊ី) ម្តងរួចមកហើយ ដោយទទួលបានការសង្គ្រោះ និងជួយឧបត្ថម្ភលើថ្លៃព្យាបាល រហូតបានជាសះស្បើយ ពីលោកស្រីហ៊ុន ម៉ាណា អគ្គនាយិកានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន។ ប៉ុន្តែមកដល់អំឡុងចុះឆ្នាំ២០១៦ ស្ថានភាពជំងឺរបស់លោកគ្រូ បានចាប់ផ្តើមធ្វើទុក្ខឡើងវិញ ហើយហាក់កំពុងធ្ងន់ដុនដាបជាងលើកមុនទៅទៀត។
ព្រឹទ្ធាចារ្យអាជ្ញាកណ្តាល ជ័យ ប៊ុនឈឿ បានត្អូញត្អែរថា ជំងឺមហារីកសាច់ដុំជើងរបស់គាត់ បានចាប់ផ្តើមធ្វើទុក្ខឡើងវិញរយៈពេលប្រហែលជិតកន្លះឆ្នាំមកហើយ ហើយវាហាក់កាន់តែធ្ងន់ជាងមុនទៅ ទៀត និងធ្វើឱ្យជើងរបស់គាត់កាន់តែរីកធំ លំបាកទាំងដេក ដើរ ឈរ អង្គុយ ព្រមទាំងមានការឈឺចាប់ខ្លាំង ទៀតផង។ តាំងពីធ្លាក់ខ្លួនឈឺដុនដាបជាលើកទី២ នេះមក គាត់មិនបានហូបថ្នាំសង្កូវឱ្យទៀងទាត់នោះឡើយ ចំណែកមន្ទីរពេទ្យ គឺមិនធ្លាប់បានទៅពិនិត្យិព្យាបាលទាល់តែសោះ ព្រោះតែខ្វះលទ្ធភាព។
អតីតអាជ្ញាកណ្តាលប្រដាល់ដ៏ល្បីល្បាញរូបនេះ បានលើកឡើងថា គាត់ពិតជាឆ្ងល់ណាស់ ថាហេតុអ្វីនៅជីវិតចុងក្រោយរបស់គាត់ បែរជាមកជួបនូវជំងឺបែបនេះទៅវិញ? ហើយនៅពេលធ្លាក់ខ្លួនឈឺលើកទី២នេះ គាត់មិនហ៊ានផ្តល់ដំណឹងទៅគេឯង ដើម្បីសុំជំនួយព្យាបាលនោះទេ មូលហេតុក៏ព្រោះតែគាត់រអៀសខ្លួន និងខ្លាចចិត្តគេ ព្រោះថា កន្លងមក មានសប្បុរសជនជួយគាត់ច្រើនណាស់ ពិសេស លោកស្រីហ៊ុន ម៉ាណា ដែលជួយចេញថ្លៃព្យាបាលគាត់រហូតដល់ជាសះស្បើយ ទើបគាត់មិនហ៊ានរំខានលោកស្រីទៀតឡើយ។
កូនចៅ សាច់ញាតិ និងក្រុមគ្រួសាររបស់លោកគ្រូជ័យ ប៊ុនឈឿ បានឱ្យដឹងថា ពួកគាត់ពិតជាចង់យកលោកគ្រូជ័យ ប៊ុនឈឿ ទៅពិនិត្យនិងព្យាបាលឱ្យបានទៀងទាត់ណាស់ ប៉ុន្តែគ្មានលទ្ធផល ហេតុនេះ មានតែនាំគ្នាលើកដៃសំពះអំពាវនាវដល់សប្បុរសជន ទាំងក្នុងនិងក្រៅប្រទេស សូមមេត្តាជួយឧបត្ថម្ភជា ថវិកា និងសម្ភារៈ គ្រឿងឧបភោគបរិភោគ ដើម្បីជួយសង្គ្រោះដល់លោកគ្រូជ័យ ប៊ុនឈឿ នៅដំណាក់កាលចុងក្រោយរបស់លោកគ្រូផង យោងតាមប្រភពព័ត៌មានចុងក្រោយ ដែល “អង្គរធំ” ទើបទទួលបាន លោកគ្រូជ័យ ប៊ុនឈឿ បានទទួលមរណភាពហើយ កាលពីម៉ោង៣និង១៥នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧ នៅក្នុងលំនៅដ្ឋានរបស់លោកគ្រូឯស្រុកបាត់ដំបង ខេត្តបាត់ដំបង។
គួររំលឹកថា ព្រឹទ្ធាចារ្យអាជ្ញាកណ្តាល ជ័យ ប៊ុនឈឿ ដែលមានវ័យ៧៩ឆ្នាំ (កើតនៅថ្ងៃទី១៦ ខែមេសា ឆ្នាំ១៩៣៨) មានស្រុកកំណើតនៅភូមិវត្តលៀប ឃុំចម្ការសំរោង ស្រុកបាត់ដំបង ខេត្តបាត់ដំបង។ តាំងពីកុមារភាព រហូតដល់វ័យជាង៧០ឆ្នាំ លោកគ្រូជ័យ ប៊ុនឈឿ បានបូជាពេលវេលាទាំងស្រុង ក្នុងការងារកីឡាប្រដាល់សេរីនេះ ដោយលោកបានចូលប្រឡូកនៅក្នុងអាជីពជាអាជ្ញាកណ្តាលកីឡា ប្រដាល់សេរីគុនខ្មែរ តាំងពីអំឡុងឆ្នាំ១៩៨០ រហូតមកដល់ឆ្នាំ២០១៤ ទើបលោកគ្រូចាប់ផ្តើមធ្លាក់ខ្លួនឈឺ និងធ្លាប់បានប្រកាសលាឈប់ពីការងារជាអាជ្ញាកណ្តាលនៃសហព័ន្ធកីឡាប្រដាល់កម្ពុជា ម្តងរួចមកហើយ កាលពីអំឡុងដើមឆ្នាំ២០១៤ ដោយសារបញ្ហាសុខភាព និងកម្លាំងកាយចាប់ផ្តើមទ្រុឌទ្រោមតាមវ័យ។ ប៉ុន្តែមកដល់រង្វង់ដើមឆ្នាំ២០១៥ បានចូលមកប្រឡូកនៅក្នុងអាជីពជាអាជ្ញាកណ្តាលសាជាថ្មី ក្រោមហេតុផលថាជីវភាពខ្វះខាត។ លុះធ្វើជាអាជ្ញាកណ្តាល បានត្រឹមពាក់កណ្តាលឆ្នាំ២០១៥ អាការជំងឺមហារីកសាច់ដុំជើងរបស់លោកគ្រូ ក៏ចាប់ផ្តើមធ្វើទុក្ខខ្លាំង រហូតលែងអាចបន្តការងារទៀតបាន ទីបំផុត ដោយសារតែមិនអាចទ្រាំទ្រនឹងស្ថាភាពជំងឺបាន លោកគ្រូជ័យ ប៊ុនឈឿ ក៏បានចាកចោលប្រពន្ធកូន សាច់ញាតិ និងវិស័យប្រដាល់ដែលលោកគ្រូបានលះបង់ទាំងកម្លាំងកាយចិត្តស្ទើរេពេញមួយជីវិតជារឿងរហូត ដោយគ្មានឯថ្ងវិលត្រឡប់មកវិញ៕