ភ្នែកម៉្ញូបមាន២ប្រភេទ គឺម៉្ញូបជិត និងម៉្ញូបឆ្ងាយ។
ខ្សែភ្នែកខ្លី (ឬភ្នែកម៉្ញូបមានជិត) ជាភាពខុសប្រក្រតីរបស់ខ្សែភ្នែកដែលកើតមានច្រើនបំផុត អាចមានខ្សែភ្នែកផ្អៀង (ឃើញរូបភាពត្រួតគ្នា)។ ចំណែកខ្សែភ្នែកវែង (ឬភ្នែកម៉្ញូបមានឆ្ងាយ) មានតិចតួចប៉ុណ្ណោះ។ ប៉ុន្តែ គេឃើញម្ញ៉ូប ឆ្ងាយមានចំពោះអ្នកដែលមានអាយុចាប់ ពី ៤០ឆ្នាំ ឡើងទៅ។
១-ការព្យាបាលខ្សែភ្នែក ខុសប្រក្រតី ៖
ករណីខ្សែភ្នែកខុសប្រក្រតី៣ ប្រភេទដំបូង (ខ្សែភ្នែកខ្លីវែង និងផ្អៀង) មានវិធីព្យាបាលផ្សេងៗ ដូចជា ៖
-ប្រើវ៉ែនតាជំនួយ ៖ ជាវិធីល្អបំផុត ព្រោះមិនបាច់ប៉ះពាល់នឹងកែវភ្នែក មិនបាច់ត្រូវប្រឈមនឹងការឆ្លងរោគ។
-ប្រើកញ្ចក់ពាក់ភ្នែក (Contact Lens) ៖ ចំពោះអ្នកដែលមិនសមស្របនឹងការពាក់វ៉ែនតា ដូចជា តារាភាពយន្ត អ្នកសម្តែង អ្នកកីឡាដែលពាក់វ៉ែនតាអាចត្រូវប៉ះទង្គិច ដោយសារការលេងកីឡា។ វិធីនេះអាចមិនល្អ ដោយសារកញ្ចក់ពាក់ជាប់នឹងកែវភ្នែកផ្ទាល់ ងាយឆ្លងរោគជាងការប្រើវ៉ែនតា។
-ការវះកាត់ ៖ ក្នុងអតីតកាល ប្រើកាំបិតពេជ្រ ឆូតកញ្ចក់ភ្នែកឱ្យទៅជាឆែកៗ ដើម្បីសម្រួលកម្លាំងរបស់កញ្ចក់ភ្នែក។ ទោះជាយ៉ាងនេះក្តី វិធីឆូតកញ្ចក់ភ្នែកចូលជ្រៅជិត ១០០% បែបនេះ ធ្វើឱ្យកញ្ចក់ភ្នែកទន់ខ្សោយ ពេលមានគ្រោះថ្នាក់ ឬពេលជួបឧប្បត្តិហេតុអ្វីមួយកើតឡើងកញ្ចក់ភ្នែក អាចរងការប៉ះទង្គិចរហូតដល់បែកបាន។ ហេតុនេះទើបពេលបច្ចុប្បន្ន ទើបគេប្រើកាំរស្មីឡាស៊ែរ កោសកញ្ចក់ភ្នែកជំនួសវិញ។
-ប្រើកញ្ចក់ភ្នែកសិប្បនិម្មិតបន្ថែម ឬជំនួសកញ្ចក់ភ្នែក ៖ ករណីខ្លះដែលខ្សែភ្នែកខ្លី វែង ឬផ្អៀងខ្លាំង ដែលមិនអាចកោសកញ្ចក់ភ្នែកបាន ព្រោះបើកោសទៅ កញ្ចក់ភ្នែកនឹងស្តើងខ្លាំងពេក។ ចក្ខុពេទ្យអាចពិចារណាប្រើកញ្ចក់សិប្បនិម្មិតដាក់បន្ថែមពីលើ ឬយកកញ្ចក់សិប្បនិម្មិត មកដាក់ជំនួសកញ្ចក់ភ្នែកធម្មជាតិតែម្តង ដើម្បីសម្រួលកម្លាំងការផ្តុំពន្លឺឱ្យមានភាពប្រក្រតី។
២-ឡាស៊ែរព្យាបាលខ្សែភ្នែក ៖
ដោយសារបច្ចេកវិទ្យារីកចម្រើន ទើបកាំរស្មីឡាស៊ែរក្លាយជាជម្រើស មួយដែលចក្ខុពេទ្យ ប្រើព្យាបាលភាពខុសប្រក្រតីរបស់ខ្សែភ្នែក ដូចជា ៖
-ឡាស៊ែរ PRK – Photorefractive Keratectoty ៖ ប្រើឡាស៊ែរកោសផ្ទៃកញ្ចក់ឱ្យធ្លាក់រួចបាញ់កាំរស្មីឡាស៊ែរទៅកញ្ចក់ភ្នែកដោយផ្ទាល់។ បន្ទាប់ពីបាន ទទួលការព្យាបាលហើយ អ្នកជំងឺចាំបាច់ត្រូវពាក់កញ្ចក់ភ្នែក ដោយសារមានរបួសភ្នែក។ តាមរយៈវិធីខាងលើត្រូវប្រើពេលសម្រាកព្យាបាលមិនលើសពី ១សប្តាហ៍។ វិធីនេះ មានចំណុចល្អ មិនធ្វើឱ្យស្ងួតកែវភ្នែកដូច ឡាស៊ីក (Lasik)។
-ឡាស៊ីក (Lasik-Laser in-situ Keratomileusis) ៖ ប្រើកាំរស្មីឡាស៊ែរកាត់គម្របកញ្ចក់ភ្នែកកម្រាស់ ១០០-២០០ មីក្រុង (កញ្ចក់ភ្នែក ជាទូទៅ មានកម្រាស់ ៥៨០ មីក្រុង)។ បន្ទាប់មក ទើបបាញ់ឡាស៊ែរចូលទៅរួចបិទគម្រប។ វិធីនេះ អ្នកជំងឺនឹងឆាប់ដឹងខ្លួនជាងវិធីខាងលើ (PRK) គឺនៅថ្ងៃបន្ទាប់នឹងអាចមើលឃើញជិតបាន ១០០% នៃរូបភាព មិនសូវមានរបួសរបកកញ្ចក់ភ្នែក និងមិន សូវឈឺ។ ចំណុចខ្សោយនៃវិធីនេះគឺ គម្របដែលប្រើឡាស៊ែរកាត់នោះ មិនសូវ រឹងមាំប៉ុន្មានទេ បើមានការប៉ះទង្គិចអ្វីមួយ គម្របនោះអាចរំកិលចេញខុសទីតាំង បាន។
-ឡាស៊ែរចោះសាច់ (SMILE-Small Incision Lenticule Extraction) ៖ ប្រើកាំរស្មីឡាស៊ែរចោះរន្ធទំហំ ២-៤ មីល្លីម៉ែត្រ រួចយកឡាស៊ែរច្រឹបសាច់ខាងក្នុងចេញមកបន្តិច ប្រើឃ្នាបចាប់គាបដុំសាច់នោះចេញមក។ វិធីនេះ ធ្វើឱ្យមាន មុខរបួសតូច បញ្ហាក្រោយពេលធ្វើមានតិចតួច មិនសូវជួបបញ្ហាការមើលក្នុងទីងងឹត។ ប៉ុន្តែ លទ្ធផលការព្យាបាល យឺតយូរជាងវិធីឡាស៊ីក។ ម៉្យាងទៀត វិធី SMILE នេះ ជាបច្ចេកវិទ្យាថ្មី ទើបមិនទាន់គ្របដណ្តប់លើការព្យាបាលបញ្ហាខ្សែភ្នែកបានច្រើនដូច វិធី ភីអាខេ និងឡាស៊ីកទេ។
៣-ការត្រៀមខ្លួនមុនពេលចូលព្យាបាលភ្នែក ៖
មុនពេលចូលព្យាបាល គ្រូពេទ្យភ្នែកនឹងណែនាំឱ្យអ្នកជំងឺ ផ្អាកពាក់កញ្ចក់ ភ្នែកពីក្រៅ (Contact Lens) ១-២ សប្តាហ៍ សម្រាប់កញ្ចក់រឹង ឬ ៣ថ្ងៃ-១ សប្តាហ៍ សម្រាប់កញ្ចក់ទន់ ព្រោះវាសង្កត់កញ្ចក់ភ្នែកពិត ធ្វើឱ្យកញ្ចក់ភ្នែកវៀចនាំឱ្យកម្រិត ដែលវាស់ឃើញអាចមិនពិត។
ពេលមកពិនិត្យភ្នែក គ្រូពេទ្យនឹងកត់ត្រាស្តីអំពីជំងឺប្រចាំកាយ (ជាពិសេស វីរុសឆ្លង) ថ្នាំដែលប្រើ ព្រោះថ្នាំខ្លះ អាចធ្វើឱ្យភ្នែកស្ងួត ឬធ្វើឱ្យសមត្ថភាពផ្សះខ្លួនរបស់ជាលិកាមានសភាពថយចុះ។ ក្រៅពីនេះ ជំងឺខ្លះអាចធ្វើឱ្យកញ្ចក់ភ្នែកកោង នាំឱ្យមានលក្ខណៈដូចខ្សែភ្នែកខ្លី ឬម៉្ញូបជិត។ គ្រូពេទ្យភ្នែកនឹងដកស្រង់ជំងឺទាំងនេះចេញមក ហើយការពិនិត្យវាស់កម្រិតខ្សែភ្នែក តម្រូវឱ្យមានកម្រិតខ្សែភ្នែកថេរ ទើបអាចទទួលការព្យាបាលបាន។
បន្ទាប់មក គ្រូពេទ្យនឹងបន្តក់ថ្នាំពន្លាសាច់ដុំ និងពិនិត្យសភាពរ៉េទីនភ្នែក ធ្វើការព្យាបាលដោយវិធីសមស្រប។ ក្នុងអំឡុងពេលព្យាបាល អ្នកជំងឺគួរផ្អាកការប្រើគ្រឿងក្រអូប ដោយសារជាតិអាល់កុលក្នុងគ្រឿងក្រអូប អាចមានប្រតិកម្មនឹងឡាស៊ែរ។ បន្ទាប់ពីការព្យាបាលរួចហើយ អ្នកជំងឺនឹងបានទទួលការណែនាំក្នុងការថែទាំខ្លួនឯង និងទទួលថ្នាំបន្តក់ភ្នែក ដើម្បីការពារការឆ្លងរោគ និងជួយដល់ការផ្សះជាលិកាភ្នែក៕