ព្រាប សុវត្ថិ នៅតែខ្លាំងដដែលនៅឆ្នាំ២០១៧នេះ ថ្វីត្បិតតែមុននេះ ខេមរៈ សិរីមន្ត បានធ្វើឱ្យតារារៀមច្បងរូបនេះ រង្គោះរង្គើម្តងៗទៅហើយក្តី តែពេលនេះមិនទាន់អាចផ្តួលព្រាប សុវត្ថិ បានទេ។
ក្រុមអ្នកជំនាញសិល្បៈបានលើកឡើងថា ព្រាប សុវត្ថិ នៅតែល្បីយូរឆ្នាំទៀត ប្រសិនបើហង្សមាស នៅតែធ្វើបទល្អៗឱ្យច្រៀងនោះ ព្រោះសមត្ថភាពព្រាប សុវត្ថិ នៅតែមាន ពោលគឺសំឡេងមិនទាន់ធ្លាក់ចុះនៅឡើយ។ ប៉ុន្តែ ថ្មីៗនេះ ប្រភពពីអ្នកដឹកនាំសម្តែងនៅផលិតកម្មហង្សមាស បានឱ្យដឹងថា ព្រាប សុវត្ថិ បានត្រៀមរួចជាស្រេចក្នុងការរុញ កូនប្រុស២នាក់ ឱ្យចូលច្រៀងនៅផលិតកម្មហង្សមាស នោះ គឺប្រុសសង្ហា សុវត្ថិ មុនីវណ្ណ និងសុវត្ថិ សិរីវុធ ដែលអាចនឹងស្នងតំណែងលោក នាពេលឆាប់់ៗខាងមុខនេះ។
ប្រភពបានឱ្យដឹងថា កូនប្រុសទាំង២របស់ព្រាប សុវត្ថិ ដែលកន្លងមកតែងតែជាអ្នករាំអមឪពុកនោះ បានធ្វើតេស្តសំឡេងហើយ គឺពួកគេសុទ្ធតែមានសមត្ថភាពមិនចាញ់ឪពុករបស់គេឡើយ ហើយផលិតកម្មធំនេះបានយល់ព្រមយកកូនព្រាប សុវត្ថិ ជាផ្លូវការទៅហើយ។
លោកអ៊ឹង សុខលាភ អ្នកចាត់ការទូទៅផលិតកម្មរស្មីហង្សមាស មិនលើកទូរស័ព្ទឡើយ កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំំ២០១៧ ទើបមិនអាចសុំការបញ្ជាក់បានទេ ខណៈដែលអ្នកកាសែតជាច្រើន បាននិយាយដូចគ្នាថា លោកសុខលាភ តាំងពីក្លាយជាកូនប្រសាលោកឧកញ៉ាតាំង ផេងប៉ោ មក គឺមិនស្វាគមន៍សំណួររបស់អ្នកសារព័ត៌មានទៀតទេ។
ប៉ុន្តែ តាមប្រភពពីអ្នកជិតស្និទ្ធពីក្រុមគ្រួសារព្រាប សុវត្ថិ បានប្រាប់កន្លងមកថា ព្រាប សុវត្ថិ ពិតជាចង់ជំរុញកូនឱ្យចូលច្រៀងមែន ព្រោះពួកគេសុទ្ធតែមានទេពកោសល្យ តែតារាជើងចាស់រូបនេះ ចង់ឱ្យកូនប្រុសទាំង៣ បានបន្តការសិក្យានៅបរទេសឱ្យចប់ជំនាញណាមួយសិន ទើបបណ្តោយឱ្យចូលក្នុងអាជីពចម្រៀង។
ព្រាប សុវត្ថិ បាននាំម្តាយនិងភរិយា អ្នកស្រីឡុង ស្រីមុំ និងកូនប្រុសទាំង៣ គឺសុវត្ថិ មុនីវណ្ណ, សុវត្ថិ សិរីវុធ និងសុវត្ថិ មុនីនាគ ទៅប្រទេសជប៉ុន កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧ ដើម្បីទៅកម្សាន្ត និងច្រៀងក្នុងកម្មវិធីពិព័រណ៍កម្ពុជា ឆ្នាំ២០១៧ នៅឧទ្យានយ៉ុយ៉ុកិ ទីក្រុងតូក្យូ ប្រទេសជប៉ុន កាលពីថ្ងៃទឿ០៣ ដល់ថ្ងៃទឿ០៤ ខែឧសភា ឆ្នាំ២០១៧ ដោយរួមដំណើរជាមួយតារាចម្រៀងមួយចំនួនទៀត ដូចជា លោកអ៊ាម វន្នី, សែន ស្រណោះ, អ្នកនាងម៉េង កែវពេជ្ជតា និងមាន សូនីតា ដែលអ្នកទាំងអស់ទើបបានមកដល់ស្រុកវិញ កាលពីពេលថ្មីៗនេះ។
ប្រភពបានឱ្យដឹងថា ក្រៅពីរួមដំណើរជាមួយក្រុមគ្រួសារយ៉ាងមានសុភមង្គលនោះ កូនប្រុសទាំងពីររបស់ព្រាប សុវត្ថិ គឺសុវត្ថិ មុនីវណ្ណ និងសុវត្ថិ សិរីវុធ ក៏បានទៅថតសំឡេងនៅ Studio ដ៏ទំនើបមួយ នៅប្រទេសជប៉ុន ផងដែរ ដើម្បីឱ្យហង្សមាស ដឹងកាន់តែច្បាស់ថា សំឡេងកូនព្រាប សុវត្ថិ ខ្លាំងកម្រិតណា ស្របពេលដែលតារាចម្រៀងនៅហង្សមាស បានលើកឡើងថា កូនព្រាប សុវត្ថិ នឹងធ្វើឱ្យហង្សមាស សប្បាយចិត្តជាមិនខាន ព្រោះទឹកដមសំឡេងពួកគេមិនចាញ់ឪពុកឡើយ។
មានការកត់សម្គាល់ថា ក្រៅពីព្រាប សុវត្ថិ ដែលចង់ឱ្យកូនបានស្នងតំណែងជាតារាចម្រៀងល្បីនៅ ផលិតកម្មរស្មីហង្សមាសនោះ ក៏មានអតីតតារាចម្រៀងហង្សមាស លោកហួរ ឡាវី ក៏បានរុញកូនស្រីចូលហង្សមាស ដោយជោគជ័យដែរ នោះគឺកញ្ញាវី ឌីណែត។ ដោយឡែកកូនៗរបស់ព្រាប សុវត្ថិ វិញ ថ្វីត្បិតតែពួកគេមិនទាន់ចេញបទចម្រៀង គ្រាន់តែជាអ្នករាំអមឪពុកមែន តែពួកគេសុទ្ធតែមានរូបរាងសង្ហា ទទួលបានការចាប់អារម្មណ៍យ៉ាងច្រើនពីមហាជន ជាស្រេចទៅហើយ ដោយគ្រាន់តែចុះពីលើឆាកតន្ត្រីភ្លាម មានក្រមុំៗជាច្រើនបានចោមសុំថតរូបជាមួយលើសតារាចម្រៀងអាជីពមួយចំនួនទៀតផង ហេតុនេះហើយគេជឿថា ប្រសិនបើហង្សមាស ចង់លើកស្ទួយកូនព្រាប សុវត្ថិ ឱ្យល្បីនោះ មិនពិបាកឡើយ គឺគ្រាន់តែធ្វើបទណាឱ្យត្រូវយុវ័យនោះ ពួកគេនឹងទទួលបានការគាំទ្រជាមិនខាន។
ប៉ុន្តែ អ្នកខ្លះទៀតបានយល់ខុសពីនេះថា នៅហង្សមាស តារាខ្លះ ១ឆ្នាំ ច្រៀងបានតែ១បទទេ រហូតមានអ្នកចម្រៀងមួយចំនួនបានស្ពាយបង្វេចចេញជាបណ្តើរៗទៅហើយ បើហង្សមាស គិតតែពីលើកស្ទួយទាំងឪពុក និងកូនព្រមគ្នានោះ អីចឹងម្ចាស់ពានទាំង៤ ដែលហង្សមាស ជ្រើសបានចេញពីការគាំទ្ររបស់មហាជន ក្នុងកម្មវិធីប្រលងចម្រៀងលំដាប់ថ្នាក់ ពិភពលោក The Voice Cambodia, Cambodian Idol ,I am a Singer Cambodia រួមមាន ប៊ុត សីហា , ថែល ថៃ , នី រតនា , ឈិន ម៉ានិច្ច និងដួង វីរៈសិទ្ធិ នោះ នឹងមានបទចម្រៀងអីច្រៀងទៅ?
ព្រាប សុវត្ថិ ត្រូវបានទស្សនិកជនសរសើរថា ជាអ្នកចម្រៀងដែលរក្សាកេរ្តិ៍ឈ្មោះបានយូរជាងគេ ក្នុងស្រទាប់យុវវ័យ ព្រោះតែកំពូលតារាចម្រៀងរូបនេះ អាចច្រៀងបានគ្រប់ប្រភេទបទទាំងអស់ ដែលតារាផ្សេងពិបាកនឹងប្រជែង ម៉្យាងលោកមានចរិតថ្លៃថ្នូរ និងមានការប្រាស្រ័យទាក់ទងល្អជាមួយមហាជនទូទៅ មិនវាយប្ញកឆ្មើងឆ្មៃ ទើបល្បីបាន២ទសវត្សមកហើយ ដែលហង្សមាស នៅតែពិបាករកអ្នកមកជំនួសបាន ទោះបីជាពេលនេះ ផលិតកម្មធំនេះ មានតារាចម្រៀងឡើងគរជើងគ្នាក្តី…៕