Monday, November 25, 2024
Homeតារាខ្មែរAndrea Pirlo និង Masut Ozil ជា Idol លោកចា រិទ្ធី

Andrea Pirlo និង Masut Ozil ជា Idol លោកចា រិទ្ធី

ជារឿងមួយដែលមោទនភាពផង និងខកចិត្តតិចតួចផងដែរ សម្រាប់អ្នកដឹកនាំកម្មវិធីសិល្បៈដ៍ល្បីឈ្មោះ នៅទូរទស្សន៍អាស៊ីអាគ្នេយ៍ លោកចា រិទ្ធី ដែលកាលពីថ្ងៃទី០៦ ដល់០៧ ខែឧសភា ឆ្នាំ២០១៧ នេះ តារាភាពយន្ដជើងចាស់រូបនេះ បានចេញទៅប្រកួតបាល់ទាល់លក្ខណៈមិត្តភាពស្វែងរកជើងឯក VIP ASEAN Football Club ដែលមានប្រទេសថៃ ជាម្ចាស់ផ្ទះនោះជាលទ្ធផលក្រុមបាល់ទាត់វ័យចំណាស់កម្ពុជា ទទួលបានចំណាត់ថ្នាក់លេខ២ ត្រឡប់មកផ្ទះវិញ។ លោកចា រិទ្ធី ដែលជាកីឡាករម្នាក់ ក្នុងក្រុមបាល់ទាត់អាស៊ានវ័យចំណាស់របស់កម្ពុជា ដែលដឹកនាំដោយលោកអោក សំណាង នោះ និយាយថា លោកមានការខកចិត្តតិចតួចដែរ ដែលមិនបានចំណាត់ថ្នាក់លេខ១ តែក៍មានមោទនភាពដែរ ដែលយើងបានជើងឯករង ត្រឡប់មកវិញនោះ។

លោកចា រិទ្ធី រៀបរាប់ថា”ការប្រកួតVIP ASEAN Football Club ២០១៧ នេះ មានប្រទេសក្នុងអាស៊ានទាំង១០ចូលរួម តែដោយសារតែឆ្នាំនេះជាលើកទី១ ទើបមានការចូលរួមតែ៦ប្រទេសទេ គឺ៖ ថៃ ម៉ាឡេស៊ី  ឥណ្ឌូណេស៊ី  ភូមា ឡាវ និងកម្ពុជា ហើយប្រទេសថៃ ជាម្ចាស់ផ្ទះ ដែលមានការទទួលយើងយ៉ាងកក់ក្ដៅ គឺយើងចេញតែសំបុត្រយន្ដហោះទេ។ ការចាប់ពូល គឺយើងនៅពូល B ដែលមានប្រទេសថៃ ភូមា និងកម្ពុជា ចំណែកពូល A មានប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងឡាវ។ ការប្រកួតជើងទី១ កម្ពុជាយើងបានយកឈ្នះថៃ ២-០ ហើយយើងបន្ដយកឈ្នះភូមា៤-១ ទៀត ទើបយើងឈរលេខ១ ក្នុងពូល B ហើយឡើងទៅផ្ដាច់ព្រ័ត្រ ប៉ះជាមួយឡាវ ឈរលេខ១ ក្នុងពូលA។ ការប្រកួតបាល់ទាត់ គឺបាល់មូលមានហេងស៊យ យើងបានលេងចាញ់ឡាវដោយលទ្ធផល ៣-០ អីចឹងឡាវជាម្ចាស់ជើងឯក VIP ASEAN Football Club 2017 ចំណែកយើងបានលេខ២ ជាជើងឯករង​”។

តាមព័ត៌មានថា ការដែលឡាវ យកឈ្នះកម្ពុជា គឺដោយសារតែមានការផ្លាស់ប្ដូរកីឡាករពីវ័យចំណាស់ ដាក់វ័យមិនសូវចំណាស់ ឲ្យចូលលេង តែចំណុចនេះ លោកចា រិទ្ធី មិនបកស្រាយឡើយ ហើយលោកថា ប្រទេសជាសមាជិកអាស៊ានដែលចូលរួមប្រកួតនេះ មានសិទ្ធិធ្វើជាគណៈកម្មាការផងដែរ។

ព័ត៌មានបានឲ្យដឹងថា លក្ខខណ្ឌដែលការប្រកួតបាល់ទាត់ VIP ASEAN Football Club 2017 នោះ គឺមាន កីឡាករអាយុចាប់ពី៣៥ឆ្នាំដល់៣៩ឆ្នាំ ចំនួន២នាក់, អាយុចាប់ពី៤០ឆ្នាំដល់៤៩ឆ្នាំ ៤នាក់ និងអាយុចាប់ពី៥០ឆ្នាំឡើង ៤នាក់ផងដែរ។

ប្រភពបានឲ្យដឹងថា នៅខែតុលា ឆ្នាំ២០១៧ នេះ កម្មវិធីប្រកួតបាល់ទាត់មិត្តភាព VIP ASEAN Football Club 2017 នឹងប្រារព្ធនៅប្រទេសកូរ៉េ ដែលមានកីឡាករអាស៊ានទាំង១០ប្រទេសចូលរួម ហើយក្នុងនោះ ប្រទេសនីមួយៗ រួមទាំងកម្ពុជា  នឹងមានសិទ្ធធ្វើជាម្ចាស់ផ្ទះនាពេលបន្ទាប់ ដើម្បីឲ្យកីឡាករក្នុងបណ្ដាប្រទេសក្នុងអាស៊ាន កាន់តែការស្និតស្នាលគ្នាបង្កើនមិត្តភាពថែមទៀត។

លោកចា រិទ្ធី បន្ថែមថា ”កម្មវិធីនេះល្អ ព្រោះនឹងធ្វើឲ្យគេស្គាល់ប្រទេសកម្ពុជាយើងកាន់តែច្បាស់ ជាក់ស្ដែងនៅពេលយើងបានលេខ២ហ្នឹង ក៍មានគេចាប់អារម្មណ៍យើងច្រើនដែរ។ សម្រាប់ខ្ញុំស្រលាញ់កីឡាបាល់ទាត់ណាស់ អីចឹងសម្រាប់ការប្រកួតនៅប្រទេសផ្សេងៗទៀត ខ្ញុំនឹងទៅទៀត បើសិនជាអាចឆ្លៀតទៅបាន។

ឆ្លើយតបសំណួរថា ហេតុអីបានជាកីឡាករបាល់ទាត់អាជីពវ័យចំណាស់លេងមិនបានលេង តែលោកចា រិទ្ធី ជាតារាភាពយន្ដ បែរជាបានទៅចូលរួមប្រកួតកម្មវិធី VIPASEAN Football 2017 នោះ? លោកចា រិទ្ធី បញ្ជាក់ថា ដោយសារតែលោកបានចូលក្នុងក្រុមកីឡាករបាល់ទាត់កម្ពុជាអាស៊ានវ័យចំណាស់ ដែលបង្កើតតាំងពីឆ្នាំ២០១០ មកម្ល៉េះ ទើបលោកមានសិទ្ធិចេញទៅប្រកួតបាន ហើយលោកថា ក្រុមលោកមានការហាត់ក្នុង១សប្ដាហ៍ គឺ៥ថ្ងៃ (ច័ន្ទដល់សុក្រ)។

តាមរយៈវីដេអូឃ្លីបបញ្ជាក់ថា ការឈានទៅប្រកួតផ្ដាច់ព្រ័ត្ររបស់កីឡាកម្ពុជាយើង ដែលប៉ះជាមួយឡាវនោះ ក្នុងកម្មវិធីVIP  ASEAN Football Club 2017 នោះ ជាចំណែកសំខាន់បានមកពីលោកចា រិទ្ធី ផងដែរ ព្រោះលោកជាកីឡាករពាក់ស្លាកលេខ១៧ លេងលេងជាខ្សែបម្រើស្លាបស្ដាំនោះ បានបញ្ជូនបាល់ (Assist) យ៉ាងល្អ ដល់ទៅ៣លើកឲ្យទៅខ្សែប្រយុទ្ធ ធ្វើបានសម្រេច ដែលនាំឲ្យកម្ពុជា យកឈ្នះថៃ និងភូមា នោះ។

 

លោកចា រិទ្ធី ដែលលេងបាល់ទាត់ រយៈពេល៣៧ឆ្នាំ (១៩៨០) ដែលស្រលាញ់លេខ១៧ ហើយលោកអាចទាត់បាល់ទាំងជើងឆ្វេងនិងស្ដាំបាននោះ និយាយថា ជាទម្លាប់នៅលើវាលស្មៅ លោកមិនងាយស៊ុតខ្លួនឯងឡើយ គឺលោកចូលចិត្តលើកបាល់ឲ្យគេ ហើយលោកគិតថា ពេលខ្លះការចំណាយពេលលេងបាល់របស់លោក ច្រើនជាងការថតកុនទៅទៀត ព្រោះកីឡាករបាល់ទាត់ គឺធ្វើឲ្យយើងមានសុខភាពល្អ បំបាត់ភាពស្មុគស្មាញ ការពិបាកចិត្តអី មកជាអារម្មណ៍ស្រស់ថ្លាឡើងវិញ។

ឆ្លើយតបសំណួរថា តើលោកចា រិទ្ធី ដែលលេងបាល់ទាត់៣៧ឆ្នាំនោះ ស្រលាញ់ពេញចិត្តកីឡាករបាល់ទាល់ (Idol) លំដាប់អន្ដរជាតិរូបណា? អ្នកគ្រប់គ្រងកម្មវិធីសិល្បៈប៉ុស្ដិ៍អាស៊ីអាគ្នេយ៍រូបនេះ បានប្រាប់ថា ”សម្រាប់កីឡាករបាល់ទាត់ដែលខ្ញុំពេញចិត្តបំផុត ស្ថិតក្នុងចិត្តខ្ញុំជានិច្ចនោះ គឺមាន២រូប ទី១ គឺអតីតខ្សែបម្រើកណ្ដាលជម្រើសជាតិអ៊ីតាលី Andrea Pirlo ពាក់លេខ២១ ដែលជាអតីតកីឡាកររបស់ក្លឹប​Juventus ហើយពេលនេះលេងឲ្យក្លឹបនៅអាមេរិក New York City Fc។ កីឡាករ Pirlo នេះជាខ្សែបម្រើកណ្ដាលល្អបំផុត ហើយមិនងាយមានកីឡាករប្រភេទនេះណាស់0 គាត់ជាអ្នកចែកបាល់បានយ៉ាងល្អ គាត់ជាអ្នកបង្កើតឱកាសឲ្យខ្សែប្រយុទ្ធ ហើយកាលពីមុន គឺអ៊ីតាលី ខ្លាំងណាស់ ពេលមាន Pirlo ហ្នឹង។ ចំណែកកីឡាករទី២ គឺខ្សែបម្រើជនជាតិអាល្លឺម៉ង់ កីឡាករ Mesut Ozil ដែលកំពុងលេងឲ្យក្លឹបAsenal ហ្នឹង ក៍ខ្ញុំស្រលាញ់ដែរ និយាយទៅបច្ចេកទេសល្អខ្លាំងណាស់ យើងពិបាករកណាស់កីឡាករដែលល្អៗយ៉ាងនេះ។ បើដូច Cristiano Ronaldo អី គឺយើងពិបាកនិយាយ ព្រោះគាត់លេងច្រើនតែបណ្ដើរទៅដាច់តែម្ដង តែខ្ញុំចូលចិត្តអ្នកលេងដែលបោះឲ្យច្រើនជាង”៕

RELATED ARTICLES