Monday, November 25, 2024
Homeតារាខ្មែរឌុច សុភា ហូរទឹកភ្នែកសឹងរាល់យប់

ឌុច សុភា ហូរទឹកភ្នែកសឹងរាល់យប់

មនុស្សជាច្រើនតែងគិតថា ការមានលុយ ឡាន វីឡា និងសម្ភារៈទំនើបគ្រប់យ៉ាងក្នុងកណ្តាប់ដៃ គឺនឹងធ្វើឱ្យគេមានសេចក្តីសុខ ហើយក៏ជាទីប្រាថ្នារបស់ស្រីប្រុសភាគច្រើនដែលតែងចង់បានវាជាកម្មសិទ្ធិ។ ដោយឡែកនាងឌុច សុភា វិញ ពេលនេះនាងកំពុងរស់នៅភូមិបៃតង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្នុងវីឡាតម្លៃជាង២០ម៉ឺនដុល្លារ ជិះរថយន្ត Range Rover ២០១២ ​ពណ’ស តម្លៃជាង១០ម៉ឺនដុល្លារ ហើយសុភា ប្រើប្រាស់របស់ម៉ាកល្បីៗ ដែលនាំចូលពីបរទេស ដែលមិនអាចតារាណាម្នាក់ធ្វើបាន ដូចជារូបនាងឡើយ ដូចជាទូរស័ព្ទនាងកាន់ម៉ាក Vertu តម្លៃ ជិត១ម៉ឺនដុល្លារឯណោះ។

ស្ត្រីមួយចំនួនដែលមើលឃើញសុភា ពីខាងក្រៅគិតថា នាងជានារីម្នាក់ដែលមានសំណាង ព្រោះមិនត្រឹមតែមានរូបឆោមស្រស់ស្អាតប៉ុណ្ណោះទេ តែសុភា មានទ្រព្យស្តុកស្តម្ភ និងរស់នៅដូចជំទាវអីចឹង។ ប៉ុន្តែភាពពិត សេចក្តីសុខរបស់នាង ប្រហែលជាមានតែសម្បកក្រៅប៉ុណ្ណោះ។

ប្រភពពីអ្នកដឹកនាំសម្តែងភាពយន្ត និងខារ៉ាអូខេ ដែលធ្លាប់ហៅសុភា ថតពីមុននោះ បានបង្ហើបប្រាប់ដោយសុំមិនបញ្ចោញឈ្មោះថា តាមគាត់ដឹងពីក្រុមគ្រួសារសុភា បានប្រាប់គាត់ថា អតីតតារារូបនេះ ព្យាយាមចង់ផ្តាច់ខ្លួនចេញពីគូស្នេហ៍លាក់មុខ ដែលគេដឹងថា ជាលោកផ្កាយ២ នោះ ជាច្រើនលើកមកហើយ តែមិនអាចដោះខ្លួនចេញមកវិញបានទេ។

ប្រភពពីអ្នកដឹកនាំសម្តែងរូបនោះ បន្ថែមថា “កុំឃើញសុភា កាន់ទូរស័ព្ទមួយគ្រឿង ១ម៉ឺនដុល្លារហ្នឹង ស្មានតែគេអស្ចារ្យ មានក្តីសុខណាស់អី? តាមពិតទឹកភ្នែកសឹងរាល់យប់ហ្នឹង! រឿងហ្នឹង គ្មានពីណាដឹងច្រើនទេ តែបើក្រុមគ្រួសារគាត់បានដឹងច្បាស់ ព្រោះតែលោកផ្កាយ២ ដែលស្រលាញ់អាភា ហ្នឹងមិនមែនស្លូតទេ ហើយបើអាភា ហ៊ានតែប្រឆាំង គឺច្បាស់ជាមានរឿងហើយ…”។

ឌុច សុភា មិនអាចទាក់ទងបានទេ កាលពីពេលថ្មីៗនេះ ព្រោះលេខទូរស័ព្ទទាំង២ប្រព័ន្ធរបស់នាងត្រូវបានបិទ។ តែថ្មីៗនេះ គេឃើញសុភា ចេញចូលផ្សារកុងតឺន័រ ក្បែរស្ថានទូតរុស្ស៊ី ជាច្រើនលើក ហើយគេឃើញនាងនៅតែមានរូបសម្រស់ស្អាត តែអ្នកខ្លះថា សុភា ចាស់ជាងមុន​ និងខ្លះទៀតសង្ស័យថា នាងកែពង្រីកដើមទ្រូងទៀតផង ព្រោះអ្នកដែលបានជួបនាងផ្ទាល់ថា សុភា ហាក់មានរូបរាងខុសពីមុន។ ប៉ុន្តែយ៉ាងណា គេឃើញសុភា ហាក់ដូចជាមិនបានបង្ហាញឱ្យគេឃើញពីភាពទុក្ខសោករបស់នាងឡើយ ហើយនាងក៏មិនដែលបណ្តើរលោកធំផ្កាយ២នោះ ជាចំហដែរ។

ឌុច សុភា ដែលបានលែងប្តីលោកពៅ សីហា ប៉ូលិសអន្តោប្រវេសន៍ច្រកព្រំដែនបាវិត កាលពីឆ្នាំ២០១១នោះ ធ្លាប់លេចឮរឿងស្នេហ៍ដ៏រសើបជាមួយថៅកែផលិតកម្មស្រីម្នាក់ដ៏ចម្រូងចម្រាស នាំឱ្យតារាៗជាច្រើនភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយអ្នកខ្លះថា អ្នកមេម៉ាយកូន១រូបនេះសុខចិត្តចោលប្តី ទៅស្នេហ៍ថៅកែស្រី។ ប៉ុន្តែ ស្របពេលនោះដែរ ក៏លេចមុខលោកផ្កាយ២ ដ៏មានអំណាចម្នាក់ ចេញមុខទាញស្នេហ៍សុភា ពីថៅកែស្រីផលិតកម្មនោះ ដោយលោកធំនោះ បានផ្គាប់ចិត្តអ្វីគ្រប់យ៉ាង ទាំងអស់ដែលសុភា ត្រូវការមានលុយ ឡាន វីឡា ជាដើម។ តែស្ត្រីម្នាក់ដែលអះអាងថាជាភរិយាមន្ត្រីធំផ្កាយ២នោះ បានបកអាក្រាតថា សុភា ដណ្តើមប្តីគាត់ ដោយចោទប្រកាន់ថា អតីតតារាល្បីរូបនេះទទួលបានការឧបត្ថម្ភពីស្វាមីគាត់ នូវទឹកប្រាក់មិនក្រោម១លានដុល្លារឡើយ។ ទោះជាយ៉ាងណា នៅពេលអ្នកកាសែតសួរនាំរឿងស្នេហ៍ប្តីគេនោះ សុភា បានផ្តាំទៅស្ត្រីរូបនោះវិញថា សូមឱ្យមកជួបតទល់ជាមួយនាងផ្ទាល់ កុំនិយាយក្រោយខ្នង ព្រោះនាងមិនបានយកប្តីអ្នកណាឡើយ ទើបធ្វើឱ្យស្ត្រីរូបនោះលែងហ៊ានចេញមុខទៀត…៕

RELATED ARTICLES