នៅយប់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៧ មានការភ្ញាក់ផ្អើលខ្លាំងនៅតាមបណ្ដាញសង្គមហ្វេសប៊ុកដែលទូរទស្សន៍អនឡាញមួយ បានធ្វើបទសម្ភាសន៍ជាមួយអ្នកនាងឃ្មឹប អតីតប្រពន្ធរបស់នាយហុងដា ដែលបានបាត់ខ្លួនជាច្រើនឆ្នាំ ខណៈដែលអ្នកនាងឃ្មឹប បានទម្លាយពីមូលហេតុបែកពីនាយហុងដា រហូតធ្លាក់ខ្លួនដុនដាបដល់ចំនុចសូន្យ ស្ទើរមិនគួរឲ្យជឿ ហើយអ្នកនាងក៏សូមអំពាវនាវឲ្យតុលាការសម្រាលទោសដល់កូនប្រុស ដែលប្រឈមជាប់គុកមួយជីវិត ពាក់ព័ន្ធនឹងឃាតកម្មសម្លាប់ម្ដាយចុង ដែលជាប្រពន្ធក្រោយរបស់នាយហុងដា ផងដែរ។
អ្នកនាងរ៉េន សុធារី ហៅឃ្មឹប បានថ្លែងឲ្យដឹងថា ក្រោយបែកពីនាយហុងដា មានពាក្យចចាមអារ៉ាមជាច្រើនថា អ្នកនាងផិតប្ដីទៅយកប្ដីឧកញ៉ា និងដើរចែកធៀបការជាមួយបុរសអាមេរិក ជាដើមនោះ គឺមិនពិតទេ ពោលក្រោយពេលចែកផ្លូវជាមួយហុងដា អ្នកនាងបានទៅសម្ងំរស់នៅជាមួយនាយជី វ៉ាន់ស៊ុយ ដែលជាឪពុកបង្កើតនៅស្រុកកំណើតនៅឯខេត្តបន្ទាយមានជ័យ ដែលជាតំបន់ដាច់ស្រយ៉ាលមួយ នៅជើងភ្នំធំ។ អ្នកនាងថ្លែងថា ”ដោយសារតែខ្ញុំឈឺចិត្តពេក ក្រោយពេលបែកបាក់គ្រួសារ ខ្ញុំក៏ចោលសិល្បៈទៅរស់នៅស្រុកកំណើតជាមួយឪពុកហើយមូលហេតុដែលខ្ញុំបែកពីគាត់ (ហុងដា) ដោយសារតែគាត់មានស្រីញីច្រើន និងញៀនល្បែង និយាយមិនស្ដាប់ គឺពុំមែនដូចពាក្យចចាមអារ៉ាមបង្កាច់បង្ខូចនាងនោះទេ”។
អ្នកនាងឃ្មឹប បន្តថា ក្រោយបែកពីហុងដា រយៈពេល៤ឆ្នាំ ទើបនាងសម្រេចចិត្តយកប្ដីថ្មី ដែលជាពលករនៅប្រទេសថៃ ហើយក្រោយមានប្ដីថ្មីរយៈពេលមួយឆ្នាំ ខណៈដែលនាងមានផ្ទៃពោះកូនស្រី៣ខែ នៅក្នុងពោះនាង ក៏បានបែកពីប្ដីថ្មីនោះទៀត ហើយក៏រស់នៅជាស្ត្រីមេម៉ាយមកដល់បច្ចុប្បន្ន។ អ្នកនាងថា ពេលទៅរស់នៅជើងភ្នំនោះ គ្រួសារអ្នកនាងក្រីក្រណាស់ គឺអ្នកនាងធ្វើជាកម្មករស៊ីឈ្នួលដកស្ទូង បោចស្មៅឲ្យគេ និងចាប់ក្ដាមរាវលៀសដើម្បីហូប។ អ្នកនាងឃ្មឹប បន្ថែមថា ”កន្លងមក ខ្ញុំក៏ធ្លាប់បានមកច្រៀងនៅភោជនីយដ្ឋានមួយ នៅភ្នំពេញ បានមួយរយៈខ្លីដែរ ប៉ុន្តែក្រោយពេលឪពុកខ្ញុំចែកឋានទៅ ខ្ញុំក៏វិលទៅរស់នៅឯស្រុកកំណើត រកស៊ីឈ្លួលគេវិញដើម្បីបន្តជីវិតរស់ ហើយដោយសារតែជីវភាពក្រីក្រពេក ខ្ញុំក៏សម្រេចចិត្តយកកូនមកផ្ញើជាមួយគាត់ (នាយហុងដា)”។
អតីតតារាកំប្លែងល្បីឈ្មោះរូបនេះ បានថ្លែងបន្តទាំងទឹកភ្នែកថា អ្នកនាងពិតជារន្ធត់ចិត្តខ្លាំងណាស់នៅពេលដឹងថា កូនប្រុសច្បងមានរឿងសម្លាប់ប្រពន្ធចុងរបស់នាយហុងដា ដោយសារតែឥទ្ធិពលគ្រឿងញៀន និងត្រូវប៉ូលីសចាប់ ហើយប្រឈមជាប់ពន្ធនាគារមួយជីវិត។ អ្នកនាងឃ្មឹប ថ្លែងទាំងទឹកភ្នែកហូរសស្រាក់ថា ”ខ្ញុំទុកចិត្តគាត់ (ហុងដា) ប៉ុន្តែទីបំផុត កូនប្រុសខ្ញុំក៏ធ្លាក់ខ្លួនជាអ្នកញៀនថ្នាំ រហូតមានរឿងឃាតកម្មកើតឡើង ហើយអំឡុងពេលនេះ ខ្ញុំមានតែលើកម្រាមដៃដប់សុំឲ្យតុលាការសម្រាលទោសដល់កូនខ្ញុំខ្លះតែប៉ុណ្ណោះ គឺដោយសារតែកូនខ្ញុំនៅក្មេងនឹងដោយសារតែឥទ្ធិពលគ្រឿងញៀនអូសទាញ”។
យ៉ាងណាពាក់ព័ន្ធនឹងការចោទឡើងរបស់អ្នកនាងឃ្មឹប ដែលថាអ្នកនាងសុខចិត្តបែកពីនាយហុងដា ដោយសារតែនាយហុងដា ញៀននឹងល្បែងស្រីញីនោះ មិនទាន់ឃើញនាយហុងដា ចេញមុខប្រតិកម្មនៅឡើយទេ ហើយយើងនឹងរងចាំការបំភ្លឺពីនាយហុងដា៕