Monday, November 25, 2024
Homeតារាខ្មែរឌុច លីដា មិនទាន់ចង់រៀបការ

ឌុច លីដា មិនទាន់ចង់រៀបការ

បន្ទាប់ពីទាញបានការគាំទ្រ តាមរយៈឈុតសម្តែងសិចស៊ី ស្នេហាស្រើបស្រាល រូបឆោមល្អស្រស់របស់កញ្ញាឌុច លីដា ក៏បានអង្រួនដួងចិត្តបុរសៗចម្រុះឋានៈជាច្រើនឱ្យឈ្លក់វង្វេង ប្រាថ្នាចង់នែបនិត្យផងដែរ។ សូម្បីតែនារីភេទដូចគ្នា ក៏ចង់ថ្នាក់ថ្នមប្រលោមស្នេហ៍នាងដែរ ពោលគឺមួយរយៈចុងក្រោយនេះ កញ្ញាឌុច លីដា បានប៉ះនឹងព្យុះព័ត៌មានស្នេហាមិនដាច់សូរ ខណៈដែលកំពុងល្បីថា នាងកំពុងភ្ជាប់ស្នេហ៍ជាមួយកូនអ្នកមានម្នាក់។

ក្នុងជំនួបផ្ទាល់ជាមួយកញ្ញាឌុច លីដា កាលពីថ្មីៗនេះ នាងបានទទួលស្គាល់ថា មួយរយៈចុងក្រោយនេះ ព័ត៌មានចចាមអារ៉ាមជាច្រើន ពិតជាធ្វើឱ្យនាងក្រពុលមុខមែន។

លីដា ថ្លែងថា “ពេលខ្លះខ្ញុំមានអារម្មណ៍តូចចិត្តខ្លះដែរ ព្រោះត្រូវគេនិយាយបង្កាច់បង្ខូចជាបន្តបន្ទាប់ ទាំងខ្លួនឯងអត់ដឹង។ ប៉ុន្តែខ្ញុំនៅតែពង្រឹងជំហរ ដោយគិតថា ក្នុងនាមជាអ្នកសិល្បៈ ជាមនុស្សរបស់មហាជន គេចមិនរួចពីពាក្យចចាមអារ៉ាម បង្កាច់បង្ខូចនោះទេ។ សូម្បីតែបុគ្គលសាមញ្ញធម្មតា ក៏នៅតែត្រូវគេនិយាយអាក្រក់ពីខ្លួនដែរ។ ដូច្នេះអ្វីដែលសំខាន់ មានតែខ្លួនយើងទេ ទើបដឹងពីខ្លួនឯងច្បាស់”។

យ៉ាងណាក៏ដោយ លីដា បញ្ជាក់ថា នាងគ្មានបំណងចាកចេញពីអាជីពសិល្បៈ ដើម្បីគេចចេញពីព្យុះពាក្យចចាមអារ៉ាមនោះទេ គឺនាងនៅតែពង្រឹងជំហរបោះជំហានទៅមុខទៀត។

លីដា បានបង្ហើបឱ្យដឹងថា ចាប់តាំងពីបោះជំហានចូលប្រឡូកសិល្បៈ ពិតជាមានបុរសជាច្រើនតាមចោមស្នេហ៍នាងមែន ប៉ុន្តែភាពជាក់ស្តែង​​ នាងមិនទាន់សម្រេចចិត្តជ្រើសរើសបុរសណាម្នាក់ជាដៃគូជីវិតនៅឡើយទេ។

លីដា បញ្ជាក់ថា “អំឡុងពេលនេះ ខ្ញុំកំពុងតែមមាញឹកខ្លាំងក្នុងអាជីពសិល្បៈ គឺចង់ពង្រឹងការគាំទ្របន្ថែមទៀតសិន។ ដូច្នេះខ្ញុំអត់ទាន់ចង់គិតបង្កើតគ្រួសារ ចូលរោងការ ដើម្បីបន្សាបដំណឹងស្នេហានោះទេ”។

តារាសិចស៊ីកំពុងឡើងកូដខ្លាំង កញ្ញាឌុច លីដា ទើបឆក់បានតំណែងជាតួឯកខ្សែភាពយន្តភាគរឿង “ទូកបាត់ច្រវា” ដែលកំពុងថត និងគ្រោងដាក់បញ្ចាំងនៅស្ថានីយទូរទស្សន៍ PNN ហើយត្រូវបានគេដឹងថា នាងទទួលបានតម្លៃខ្ពស់ជាង៥០០០ដុល្លារ ជាមួយការកុងត្រាថតក្នុងរយៈពេលខ្លី។

លីដា បានឱ្យដឹងថា ពេលនេះនាងកំពុងសម្រុកថត៤រឿងព្រមគ្ន ទាងាំរឿងដុំនិងភាគ ដូចជារឿង “ខ្នោះបេះដូង”, “ម្ចាស់ចម្ការ”, “រៃមាស” និងរឿង “ទូកបាត់ច្រវា”។

លីដា បន្ថែមថា ក្រៅពីថតភាពយន្ត នាងក៏មមាញឹកថតឈុតខារ៉ាអូខេឱ្យផលិតកម្មល្បីៗមួយចំនួន និងថតស្ពតពាណិជ្ជកម្មឱ្យក្រុមហ៊ុនធំៗជាហូរហែផងដែរ។

យ៉ាងណាក៏ដោយ លីដា អះអាងថា ប្រភពចំណូលពីអាជីពសិល្បៈរបស់នាង​នៅមានកម្រិតនៅឡើយ បើធៀបទៅនឹងតារាល្បីៗ​ប្រហាក់ប្រហែលនាង នៅបណ្តាប្រទេសជិតខាង។ ប៉ុន្តែយ៉ាងណាក៏ដោយ ការឈានមកដល់ចំណុចនេះ ក៏ធ្វើឱ្យនាង​ពេញចិត្តផងដែរ ហើយនឹងព្យាយាមប្រឹងប្រែងបន្តទៀត។

សូមបញ្ជាក់ថា មុននេះបន្តិច កញ្ញាឌុច លីដា បានរងការរិះគន់នាងជាខ្លាំង ពាក់ព័ន្ធនឹងការថតឈុតស្នេហាស្រើបស្រាល​ ឱបថើបគួរឱ្យព្រឺព្រួចជាមួយតួឯកប្រុស លោកអែតវីន នៅក្នុងភាពយន្តខ្នាតធំរឿង “ទឹកចិត្តម្តាយសម័យថ្មី”។ ប៉ុន្តែ លីដា លើកឡើងថា វាគ្រាន់តែជាការសម្តែងតែប៉ុណ្ណោះ ដែលក្រុម​ផលិតករតម្រូវឱ្យ ហើយនាងយល់ថា មិនធ្វើឱ្យប៉ះពាល់ដល់ប្រពៃណីខ្មែរ ដូចការចោទឡើងនោះទេ។

លីដា បញ្ជាក់ថា ខណៈដែលនាងកាន់តែលេចធ្លោ នាងក៏កាន់តែប្រឈមការរិះគន់ ចៀសមិនផុត តែនាងមិនរាថយទេ ហើយបើក្រុមផលិតករនៅតែតម្រូវឱ្យនាងថតឈុតបែបនោះ (ស្នេហាស្រើបស្រាល) ទៀត នាងនៅតែទទួល ប៉ុន្តែត្រូវស្ថិតក្នុងលក្ខខណ្ឌ ដែលផ្នត់គំនិតប្រជាជនខ្មែរ អាចទទួលយកបានប៉ុណ្ណោះ៕

RELATED ARTICLES