អតីតប្រពន្ធទី១ នាយហុងដា អ្នកនាងឃ្មឹប បានប្រកាសនៅរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧ នេះថា អ្នកនាងនឹងត្រឡប់វិលមកចូលសិល្បៈជាថ្មីវិញ ដោយមិនវិលត្រឡប់ទៅស្រុកកំណើតនៅភូមិជើងភ្នំ ឯខេត្តបន្ទាយមានជ័យ ឡើយ។
អ្នកនាងរ៉េន សុធារី ហៅឃ្មឹប ប្រាប់ថា ”ខ្ញុំសូមទោសនាយហុងដា ដែលមុនហ្នឹង ខ្ញុំនិយាយថា គាត់លេងល្បែង មានស្រីក្រៅញីខាងក្រៅ ឥឡូវហ្នឹងខ្ញុំមិននិយាយទៀតទេ។ ខ្ញុំចង់ចាប់ដៃជាមួយនាយហុងដា ប្រឡូកសិល្បៈកំប្លែងនិងច្រៀងឡើងវិញ ហើយយើងរាប់អានគ្នាធម្មតាវិញ។ ការដែលខ្ញុំសម្រេចចិត្តចូលសិល្បៈវិញនេះ គឺដោយសារតែខ្ញុំអាណិតកូនដែលជាប់ឃុំឃាំង ខ្ញុំសម្រេចចិត្តរស់នៅជាមួយប្អូនស្រីខ្ញុំក្នុងផ្ទះជួល នៅភ្នំពេញ មិនត្រឡប់ទៅខេត្តទេ”។
អ្នកនាងចន ច័ន្ទលក្ខិណា ប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម បាននាំអ្នកនាងឃ្មឹប ទៅពិសាអាហារជាមួយអ្នកសិល្បៈមួយចំនួន នៅភោជនីយដ្ឋានបាយ័នបឹងស្នោរ ដោយមានបណ្ដាអ្នកសារព័ត៌មានមួយចំនួន ចូលរួមក្នុងសន្និសីទសារព័ត៌មានមួយផង ហើយអ្នកនាងឃ្មឹប ទទួលបានការឧបត្ថម្ភជាទឹកប្រាក់ជិត៤០០ដុល្លារ ក្នុងនោះមានដូចជាអ្នកនាងចន ច័ន្ទលក្ខិណា ចំនួន១២០ដុល្លារ , នាងហង្ស ម៉ារីនី ៦៥៤.០០០រៀល និងថៅកែហាងបាយ័ន បឹងស្នោរ ៥០ម៉ឺនរៀលផងដែរ។
អ្នកនាងចន ច័ន្ទលក្ខិណា បានថ្លែងថា ”ខ្ញុំចង់ឲ្យរ៉េន សុធារី ហៅឃ្មឹប ចាប់ដៃជាមួយបងហុងដា សហកាគ្នាធ្វើការសិល្បៈឡើងវិញ ហើយខ្ញុំមិនកាន់ជើង ខាងណាខុសខាងណាត្រូវទេ។ ខ្ញុំក៍ដូចជាសមាគម នឹងខិតខំប្រឹងប្រែងរកការងារសិល្បៈឲ្យគាត់ធ្វើវិញ ហើយខ្ញុំជឿថា ខាងទូរទស្សន៍មួយចំនួនប្រាកដជាចាប់អារម្មណ៍គាត់”។
អ្នកនាងរ៉េន សុធារី បានតាំងចិត្តថា ”ខ្ញុំនឹងមិនប្រព្រឹត្តអ្វីដែលសង្គមមិនទទួលស្គាល់នោះទេ ខ្ញុំសន្យាថា នឹងមិនលេងល្បែងប្រើប្រាស់គ្រឿងញៀនទេ ខ្ញុំចង់ចាប់ផ្ដើមសារជាថ្មី ខ្ញុំនឹងវិលមកលេងសិល្បៈបម្រើអារម្មណ៍បងប្អូនវិញ”។
អ្នកនាងឃ្មឹប បានជម្លៀសខ្លួនទៅសម្ងំរស់នៅខេត្តបន្ទាយមានជ័យ ដោយស៊ីឈ្នួលគេយ៉ាងលំបាកតោកយ៉ាក ក្រោយបែកបាក់ប្ដី នាយហុងដា ឪពុកស្លាប់ចោល ធ្វើឲ្យតារាកំប្លែងរូបនេះបានកើតជំងឺបាក់ទឹកចិត្ត លែងចង់នៅក្នុងចង្កោមអ្នកសិល្បៈទៀតហើយ។ អ្នកនាងឃ្មឹប បានវិលចូលមកភ្នំពេញ វិញ ក្រោយពេលដែលកូនប្រុសអ្នកនាងដែលជាដំណក់ឈាមជាមួយលោកអឿន សុខា នាយហុងដា គឺលោកអឿន សុខខេន បានសម្លាប់ប្រពន្ធថ្មីនាយហុងដា ឈ្មោះស៊ឹម ចន្ធី ហៅស្រីអូន កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៧ ហើយពេលនេះកូននាងឃ្មឹប កំពុងប្រឈមជាប់គុកអស់មួយជីវិត ពីបទឃាតកម្មទុកជាមុន។
អ្នកនាងឃ្មឹប និយាយទាំងទឹកភ្នែកថា ”ខ្ញុំបានប្រាប់កូនខ្ញុំថា កុំគិតច្រើនកូន គិតតែថែខ្លួនឯងណាកូន! ចាំម៉ែមកមើលកូនណា៎។ខ្ញុំ សម្រេចចិត្តចូលសិល្បៈវិញនេះ គឺព្រោះតែកូនខ្ញុំដែរ ព្រោះបើខ្ញុំទៅខេត្តវិញ ខ្ញុំមិនបានមកមើលមុខកូនខ្ញុំទេ។ ការដែលកូនខ្ញុំក្លាយជាឃាតករនេះ ព្រោះតែគេនៅក្មេងប្រើប្រាស់គ្រឿងញៀន អាយុទើបតែ១៥ឆ្នាំទេ”៕