Monday, November 25, 2024
Homeតារាខ្មែរអ៊ីវ៉ា រងការរិះគន់ បានល្បីចង់ ”ភ្លេចកំណើត” ក្រោយពេលនាងកំពុងពិចារណាចេញពីសាន់ដេ

អ៊ីវ៉ា រងការរិះគន់ បានល្បីចង់ ”ភ្លេចកំណើត” ក្រោយពេលនាងកំពុងពិចារណាចេញពីសាន់ដេ

ថ្មីៗនេះ មានបណ្ដាញសារព័ត៌មានមួយចំនួន បានលើកឡើងថា តារាចម្រៀងឃីន ស្រីនាថ ហៅអ៊ីវ៉ា របស់ផលិតកម្មសាន់ដេ មានការអាក់អន់ចិត្តជាមួយផលិតកម្ម ដោយថែមទាំងចង់ដើរចេញទាំងនៅជាប់ចំណងកុងត្រាទៀតផង។

ប្រភពបានឲ្យដឹងថា អ៊ីវ៉ា និយាយប្រាប់អ្នកកាសែតថា ផលិតកម្មសាន់ដេ មិនលើកស្ទួយនាងឡើយ គឺលើកតែតារាផ្សេងៗរបស់សាន់ដេ ដែលឲ្យបទចម្រៀងល្បីៗចេញជាបន្ដបន្ទាប់ ចំណែកនាងមិនសូវមានបទល្អៗច្រៀងដូចគេទេ ហេតុនេះហើយបានជាពេលនេះនាងកំពុងពិចារណាថា គួរនៅផលិតកម្មសាន់ដេ តទៅទៀត ឬយ៉ាងណា ប្រសិនបើខាងផលិតកម្មមើលមិនសូវឃើញសមត្ថភាពនាងបែបនេះ? ប៉ុន្ដែអ្វីៗខុសស្រឡះពីការអះអាងរបស់អ៊ីវ៉ា ទាំងស្រុង ព្រោះបើតាមជំនួយការផលិតកម្មសាន់ដេ ម្នាក់បានបង្ហើបប្រាប់អ្នកយកព័ត៌មានយើងថា ខាងផលិតកម្មសាន់ដេ មានការផ្ដល់បទចម្រៀងឲ្យទៅតារាចម្រៀងទាំងអស់ ដូចៗគ្នាទេ មិនមានការលើកតែតារាណាម្នាក់ ផ្អឹបតារាណាម្នាក់ឡើយ តែផ្ទុយទៅវិញ អ៊ីវ៉ា ទេដែលមិនគោរពខាងផលិតកម្ម អ្នកដឹកនាំសម្ដែង និងក្រុមការងារទេ ហើយជាញឹកជាញាប់ តែងតែមិនព្រមច្រៀងបទចម្រៀងដែលខាងផលិតកម្មដាក់ឲ្យទៀតផង ហើយដល់ពេលបទនោះ តារាផ្សេងច្រៀងទៅល្បីបែរជាមកទម្លាក់កំហុសថា ខាងផលិតកម្មមិនលើកស្ទួយទៅវិញ។

ជំនួយការផលិតកម្មសាន់ដេ រូបនោះ អះអាងថា ”ខ្ញុំមិនកាន់ជើងតារាណាម្នាក់ទេ នៅសាន់ដេ គឺស្រលាញ់ស្មើៗគ្នា តែរឿងអ៊ីវ៉ា ថាខាងផលិតកម្មមិនលើកស្ទួយគាត់នោះ គឺខុសហើយ ព្រោះតាមខ្ញុំដឹង ផលិតកម្មខិតខំខ្លាំងណាស់ក្នុងការធ្វើបទចម្រៀងឲ្យគាត់ច្រៀង រកតែបទល្អៗទៀតផង។ ជាក់ស្ដែងបទវ៉ុលចូលឆ្នាំខ្មែរ ថ្មីៗនេះ ខាងផលិតកម្មបានដាក់បទចម្រៀងឲ្យអ៊ីវ៉ា ច្រៀង ព្រោះគិតថា បទនោះល្អនឹងល្បី នឹងផ្ទុះ តែពេលដាក់ទៅ អ៊ីវ៉ា មិនច្រៀងបទនោះទេ បែរជាទៅច្រៀងបទនាងសរសេរប៉ារ៉ូលដោយខ្លួនឯង ច្រៀងខ្លួនឯងឲ្យទៅវិញ ហើយដល់ពេលបទដែលគាត់មិនច្រៀង ហើយខាងផលិតកម្មបង្វិលទៅឲ្យតារាផ្សេងរបស់សាន់ដេ ច្រៀងល្បីនោះ គាត់បែរជាថា គេមិនលើកគាត់ លើកតែតារាផ្សេងទៅវិញ។ ខ្ញុំសួរថា គាត់និយាយអីចឹងត្រឹមត្រូវដែរឬទេ ខាងផលិតកម្ម គឺរង់ចាំតែខុសរហូតហើយ?”។

តាមព័ត៌មានថា ក្រៅពីមិនព្រមច្រៀងបទចម្រៀងដែលខ្លួនមិនពេញចិត្ត បើទោះជាខាងផលិតកម្មតម្រូវនោះ អ៊ីវ៉ា ក៍ច្រើនតែធ្វើឲ្យអ្នកដឹកនាំសម្ដែងឈឺក្បាលមិនតិចដែរ ព្រោះនាងមិនសូវគោរពពេលវេលាឲ្យបានទៀងទាត់ ដែលសកម្មភាពបែបនេះ គឺកើតមាននារយៈពេលចុងក្រោយ សូម្បីតែអ្នកដឹកនាំកម្មវិធីប្រគំតន្ដ្រីធំៗ ក៍រអ៊ូថា អ៊ីវ៉ា ទៅមិនដែលទាន់ពេលវេលាដែរ នេះជាហេតុធ្វើឲ្យក្រុមការងារផលិតកម្មសាន់ដេ និងអ្នកដឹកនាំកម្មវិធីប្រគំតន្ដ្រីជាច្រើនខកចិត្ត ដោយសារអ៊ីវ៉ា ពេលនេះចរិតខុសប្លែកពីមុនខ្លាំង មិនគោរពពេលវេលា មិនឲ្យតម្លៃអ្នកនៅជុំវិញខ្លួន និងធ្វើអ្វីតាមចិត្តខ្លួនឯងចង់ធ្វើ។

ប្រភពបានឲ្យដឹងថា អ៊ីវ៉ា ពេលនេះមានផលិតកម្ម២ កំពុងតាមចែចូវនាង ហេតុនេះហើយបានជានាងចង់ដាក់សម្ពាធទៅលើផលិតកម្មសាន់ដេ ឲ្យផ្ដល់បទចម្រៀងឲ្យច្រើនដល់រូបនាង ទៅតាមអ្វីដែលនាងចង់បាន បើមិនដូច្នេះទេ នាងនឹងពិចារណាដើរចេញពីផលិតកម្មសាន់ដេ ស្វែងរកទ្រនំថ្មីក្នុងពេលឆាប់ៗនេះជាមិនខាន។

លោកឡាយ សុខចំរើន អ្នកគ្រប់គ្រងផលិតកម្មសាន់ដេ បាននិយាយខ្លីថា ពេលនេះតារាចម្រៀងអ៊ីវ៉ា គឺនៅតែជាអ្នកចម្រៀងរបស់ផលិតកម្មសាន់ដេ ដដែលទេ ព្រោះគាត់នៅមានកុងត្រាជាមួយសាន់ដេ នៅឡើយ។ ចំពោះរឿងរ៉ាវដែលលេចឭផ្សេងៗ គឺលោកសុំមិនធ្វើអត្ថាធិប្បាយឡើយ…។

មជ្ឈដ្ឋានមហាជនបានលើកឡើងថា តារាចម្រៀងអ៊ីវ៉ា ដែលជ្រកកោននៅផលិតកម្មសាន់ដេ ជាង៨ឆ្នាំនេះ គឺនាងមានឈ្មោះល្បីល្បាញពេញផ្ទៃប្រទេស ដោយសារតែផលិតកម្មដ៍ធំក្នុងស្រុក១នេះ ជាអ្នកបណ្ដុះបណ្ដាល លើកស្ទួយនាងទាំងស្រុងតែម្ដង ហើយបើថាសាន់ដេ មិនលើកនោះ គឺនាងគេចមិនផុតឡើយពីរងការរិះគន់ថា ពេលនាងបានល្បីចង់ ”ភ្លេចកំណើត” នោះជាមិនខានទេ ព្រោះបទចម្រៀងទាំងអស់ដែលអ៊ីវ៉ា មានតែលើថាស CD សាន់ដេ តែមួយគត់ រហូតមកដល់ពេលនេះ គឺសុទ្ធតែល្បីសឹងតែគ្រប់បទទាំងអស់ រហូតធ្វើឲ្យនាងអ៊ីវ៉ា យកបទទាំងនោះទៅច្រៀង ប្រមូលបានលុយជាច្រើនម៉ឺនដុល្លារ ក្នុង១ឆ្នាំៗទៀតផង។

ដោយឡែកតារាចម្រៀងទាំងអស់របស់សាន់ដេ នៅពេលនេះ ត្រូវបានលោកជំនួយការរូបនោះថា គឺតារាដែលគោរពពេលវលា ចំណែកអ្នកមិនគោរពពេលវេលា គឺនៅតែមិនគោរពអីចឹង។ ចំណែកអ៊ីវ៉ា ខាងផលិតកម្មមានផលវិបាកខ្លាំងដែរនៅពេលនេះ ព្រោះបទចម្រៀងថ្មីៗទាំងអស់របស់តារាសាន់ដេ ត្រូវបង្ហោះលើ Page សាន់ដេ ដើម្បី Promote បទថ្មីៗ តែអ៊ីវ៉ា វិញគ្មានបទថ្មីបង្ហោះ ព្រោះតែនាងមិនទៅថតបទចម្រៀងឲ្យតាមការទម្លាក់បទពីខាងក្រុមហ៊ុន។ អីចឹងហេតុអីបានជាអ៊ីវ៉ា ទម្លាក់កំហុសមកក្រុមហ៊ុនថា មិនលើកស្ទួយគាត់អីចឹង ព្រោះគាត់មិនទាំងបានធ្វើការថតបទចម្រៀងទៅតាមតម្រូវការទីផ្សាររបស់ក្រុមហ៊ុនផង?។

ចំណែកអ្នកសិល្បៈរៀមច្បងជាច្រើននាក់ បាននិយាយដោយមិនបង្ហាញឈ្មោះថា ពេលនេះមិនមែនមានតែអ៊ីវ៉ា ម្នាក់ទេ គឺតារាជាច្រើនដែលកើតជំងឺតួឯក ពេលល្បី គឺកាឡុកខាងផលិតកម្មវិលក្បុង ដែលខុសកាលពីមិនទាន់ល្បី ខំអង្វរលន់តួថៅកែរផលិតកម្ម ដល់ពេលគេយកទៅឡង់សេបានល្បីហើយ បែរជាថា គេមិនលើកស្ទួយនោះ ជារឿងដែលយកគុណទៅសង ទោសតែម្ដង។ តារារៀមច្បងទាំងនោះ សំណូមពរសូមឲ្យតារាល្បីៗទាំងនោះ ផឹកទឹកកុំភ្លេចប្រភពដើម ហើយបើសិនជាពួកគេអាងល្បីទៅ មិនគោរពខាងផលិតកម្ម និងក្រុមការងារនោះ ច្បាស់ជាមិនយូរទេ កេរ្ដិ៍ឈ្មោះពួកគេនឹងប្រឈមការធ្លាក់ចុះវិញជាមិនខាន ព្រោះតារាដែលល្បី គឺកើតចេញពីផលិតកម្ម អ្នកនិពន្ធ និងដឹកនាំល្អៗ ជួយជ្រោមជ្រែង ទើបមហាជនទទួលស្គាល់ និងគាំទ្រពួកគេ៕

RELATED ARTICLES