Monday, November 25, 2024
Homeតារាខ្មែររាជនីក្រមា មាន សូនីតា ចូលរួមសកម្មប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៅកម្ពុជា

រាជនីក្រមា មាន សូនីតា ចូលរួមសកម្មប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៅកម្ពុជា

ក្រៅពីអាជីពសម្ដែង ជាអ្នកច្នៃម៉ូដសម្លៀកបំពាក់ពីក្រមា និងបានបង្កើត ”សហគមន៍តំបាញស្រលាញ់” នៅឯខេត្តបន្ទាយមានជ័យ កញ្ញាមាន សូនីតា ក៏មានតួនាទីជាអគ្គរាជទូតសុឆន្ទៈនៃគម្រោងប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជា របស់ទីភ្នាក់ងារ USAID ផងដែរ ដែលនាងចូលរួមយ៉ាងសកម្មប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជា ជាង២ឆ្នាំមកហើយ។

នៅក្នុងបទសម្ភាសន៍បន្តផ្ទាល់មួយ នៅស្ថានទូតអាមេរិក ប្រចាំនៅកម្ពុជា នារសៀលថ្ងៃទី១៨ ខែឧសភា នេះកញ្ញាមាន សូនីតា បានថ្លែងឲ្យដឹងថា នាងពិតជាសប្បាយចិត្តយ៉ាងក្រែងលែង ដែលត្រូវបានជ្រើសតាំងជាអគ្គរាជទូតសុឆន្ទៈរបស់អង្គការ USAID ក្នុងគម្រោងប្រយុទ្ធប្រឆាំងនិងការជួញដូរមនុស្សនៅកម្ពុជា ចាប់តាំងពីឆ្នាំ២០១៥ មក ពោលគឺការងារមួយនេះជាក្ដីស្រមៃរបស់នាងតាំងតែពីតូច។

សូនីតា បញ្ជាក់ថា បញ្ហាជូញដូរមនុស្សនៅកម្ពុជា ជារឿងសំខាន់ ព្រោះវាបានកើតឡើងជាច្រើនករណីសម្រាប់ប្រជាពលរដ្ឋខ្មែរនាពេលកន្លងមក ខណៈដែលប្រជាជនកម្ពុជាមានការចំណាកស្រុកពីប្រទេសមួយទៅប្រទេសមួយជាច្រើន នាពេលចុងក្រោយនេះ ហើយក្នុងនាមកញ្ញាជាតារាសិល្បៈ និងជាយុវវ័យ ត្រូវតែចូលរួមបង្ហាញ និងបញ្ជ្រាបព័ត៌មានទាំងនេះឲ្យបានច្រើនទៅឲ្យប្រជាជនបានយល់ដឹងកាន់តែច្បាស់បញ្ហានេះ។

មាន សូនីតា បញ្ជាក់ថា មនុស្សគ្រប់រូប គឺអាចទទួលរងគ្រោះនូវអំពើជួញដូរមនុស្សដូចគ្នា ពីព្រោះថាមិនសំដៅលើបុគ្គលណាមួយនោះទេ គឺអ្នកដែលអត់ដឹងព័ត៌មានពីការជួញដូរ នឹងប្រឈមដូចគ្នា ហើយចាប់តាំងពីនាងបានចូលរួមជាមួយគម្រោងប្រយុទ្ធប្រឆាំងការជួញដូរមនុស្សមក នាងនឹងយុវជនស្ម័គ្រចិត្តមួយចំនួនបានចូលរួមផ្ដល់ព័ត៌មានជាច្រើនពីបញ្ហាជួញដូរមនុស្សដល់ប្រជាពលរដ្ឋខ្មែរ។

រាជនីក្រមារូបនេះ បានឲ្យដឹងដែរថា ប្រសិនបើបងប្អូនប្រជាពលរដ្ឋដែលបានដឹងថា បុគ្គលណាម្នាក់កំពុងរងអំពើជួញដូរមនុស្សបងប្អូនត្រូវទាក់ទងទៅសហគមន៍អាថដុក តាមរយៈទូរស័ព្ទលេខ០២៣ ២១៨ ៦៥៨​ អង្គការវិស្វកម្មយុត្តិធម៌អន្តរជាតិ IJM ០៧៨​ ៩១២៩១២ និងអង្គការជំនួយផ្លូវច្បាប់ដល់កុមារនិងស្ដ្រី LSCW ០៧៧ ៤៥៥​៥១៦ ពោលគឺនៅពេលដែលពួកគាត់ជួបនូវបញ្ហាជួញដូរមនុស្ស អាចទាក់ទងតាមលេខទូរស័ព្ទទាំងនេះបាន ហើយជាពិសេសនោះចំពោះប្រជាពលរដ្ឋខ្មែរដែលធ្វើការចំណាកស្រុកនៅតាមបណ្ដាប្រទេសនានា ដែលទទួលរងអំពើជួញដូរមនុស្សត្រូវទាក់ទងទៅតាមស្ថានទូតខ្មែរ ដែលប្រចាំនៅប្រទសនោះផ្ទាល់ដើម្បីទទួលបានការជួយសង្គ្រោះ។

ពិតជាគួរឲ្យសរសើរដែលក្រៅពីមមាញឹកជាមួយអាជីពសិល្បៈ កញ្ញាមាន សូនីតា បានចូលរួមយ៉ាងសកម្មប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ជាមួយអង្គការ USAID ក្នុងតួនាទីជាអគ្គរាជទូតសុឆន្ទៈ ហើយនាងបញ្ជាក់ពីគោលជំហរថា នាងនឹងបន្តចូលរួមបន្ដទៀតដើម្បីបញ្ជ្រាបព័ត៌មានពាក់ព័ន្ធនឹងការជួញដូរមនុស្សឲ្យកាន់តែសាយភាយទូលាយជាងនេះ៕

RELATED ARTICLES