Tuesday, May 21, 2024
Homeតារាខ្មែរពេជ្រ សូលីកា ឡើងគីឡូ

ពេជ្រ សូលីកា ឡើងគីឡូ

ពេជ្រ សូលីកា ដែលធ្លាប់តែមានរាងស្វែលស្អាតនោះ បែរជាពេលនេះឡើងកាម៉ាប់ៗ បែកសាច់ ចម្លែកមើលសឹងតែមិនស្គាល់ឡើយ តែទម្រង់មុខនាងនៅតែស្រស់ស្អាតដដែល។ តាមរយៈការលេចមុខនៅផ្សារកុងតឺន័រ កាលពីពេលថ្មីៗនេះ ពេជ្រ សូលីកា នៅតែត្រូវបានគេចាប់អារម្មណ៍ និងស្គាល់នាងដដែល បើទោះជានាងលែងអើពើច្រៀងរាំជិត៤ឆ្នាំទៅហើយ ក្តី។ តែគេចាប់អារម្មណ៍ថា សូលីកា ដែលពីមុនធ្លាប់តែមានអង្គរក្សតាមហែហមឆ្វេងស្តាំនោះ ពេលនេះតាំងពីចែកផ្លូវជាមួយលោកធំ ផ្កាយ២នោះមក សូលីកា មិនបានបង្ហាញឥទ្ធិពលបែបនេះទៀតឡើយ។ ទោះជាយ៉ាងណា មិនមានន័យថា សូលីកា ធ្លាក់ខ្លួនឡើយ គឺគ្រាន់តែនាងមិនសូវមានអំណាចដូចកាលពីល្បីថា មានលោកធំផ្កាយ២នៅក្រោយខ្នងប៉ុណ្ណោះ។

ពេជ្រ សូលីកា ដែលមុននេះពេលកំពុងឡើងកូដខ្លាំង ពេលច្រៀងនៅផលិតកម្ម M នោះ ស្រាប់តែជាប់អន្ទាក់ស្នេហ៍លោកធំផ្កាយ២ ក្លាយជាម្ចាស់វីឡាស្កឹមស្កៃតម្លៃជាង១លានដុល្លារ ក្បែរវិទ្យាល័យឥន្ទ្រទេវី ហើយតារាតូចតន់រូបនេះ ជិះរថយន្តទំនើប Lexus LS460 តម្លៃ១១ម៉ឺនដុល្លារ ពេលទៅច្រៀងដល់ឆាកតន្ត្រីណា តែងមានអង្គរក្សផ្ទាល់ខ្លួនការពារជុំវិញឆាក ដែលធ្វើឱ្យតារាជាច្រើនស្ញប់ស្ញែង។ ប៉ុន្តែមិនយូរប៉ុន្មាន ក្តីសុបិនរបស់នាងបានរលាយអស់ ព្រោះតែលោកធំនោះ បានដកហូតទ្រព្យពីនាងគ្មានសល់អ្វីឡើយ ពេលដែលប្រេះឆាស្នេហ៍កណ្តាលផ្លូវ។

យ៉ាងណា ដូចពាក្យថា ស្រីស្អាតមិនខ្វះប្រុសចាំត្រងស្នេហ៍នោះ មិនខុសមែន ព្រោះគ្រាន់តែចែកផ្លូវជាមួយលោកធំផ្កាយ២នោះភ្លាម សូលីកា មានមន្ត្រីធំៗកាន់តែច្រើនប្រជែងគ្នាស្នេហ៍ តែសូលីកា បានទទួលយកកូនអ្នកធំម្នាក់ មកស្អំរបួសបេះដូងនៅពេលនេះ។

ប្រភពបានឱ្យដឹងថា កូនលោកធំនោះស្រលាញ់សូលីកា ខ្លាំងណាស់ រហូតបានផ្តល់ថវិកាឱ្យនាងបើកហាងបាយធំមួយ ដែលពេលនេះកំពុងតែដំណើរការ ទើបមិត្តភក្តិសូលីកា បានចំអន់អតីតតារារូបនេះថា ឥឡូវលែងចង់ល្បីជាតារាចម្រៀងទៀតហើយ តាំងពីឡើងជាថៅកែហាងលក់បាយមក។

ពេជ្រ សូលីកា ធ្លាប់ជាអតីតតារាចម្រៀងផលិតកម្មហង្សមាស Rock និង M តែចុងក្រោយ អ្នកចម្រៀងរូបស្រស់នេះ បានបាត់បង់ទ្រនំទាំងអស់ព្រមគ្នា ដោយសារតែពេលភ្ជាប់ស្នេហ៍ជាមួយលោកផ្កាយ២នោះ សូលីកា លែងអើពើនឹងការរាំច្រៀងទៀតហើយ ព្រោះនាងមានភាពហ៊ឺហាដូចជំទាវតូចអីចឹង គឺលុយ ឡាន វីឡា ស្ថិតក្នុងកណ្តាប់ដៃនាងទាំងអស់។ ប៉ុន្តែនៅពេលដែលសូលីកា ត្រូវលោកធំនោះ រឹបអូសទ្រព្យវិញនោះ នាងត្រូវបានតារាដែលជិតស្និទ្ធពេបជ្រាយ នាំឱ្យតារារូបនេះមិនហ៊ានវិលត្រឡប់រកអាជីពចាស់វិញឡើយ ព្រោះបើទោះជានាងនៅតែស្រលាញ់អាជីពចម្រៀង ហើយក្នុងនោះគេជឿថា ផលិតកម្មសាន់ដេ និងថោន រង់ចាំស្វាគមន៍នាងជានិច្ចក្តី។

ប្រភពបានឱ្យដឹងថា សូលីកា ចង់ចូលច្រៀងវិញ មុនពេលដែលនាងបើកហាងលក់បាយនេះ តែត្រូវគូស្នេហ៍ថ្មីនាងមិនអនុញ្ញាតជាដាច់ខាត។

ពេជ្រ សូលីកា ជាតារាសម្តែងដែលវិវឌ្ឍខ្លួន មកជាតារាចម្រៀងគួរឱ្យចាប់អារម្មណ៍ ដោយសារតែនាងមានរូបសម្រស់ស្រស់ស្អាតផូរផង់គួរឱ្យបេតី។

បើទោះជាសូលីកា មានគូស្នេហ៍ថ្មីជាកូនអ្នកធំមែន តែអ្នកខ្លះមិនខ្លាចឥទ្ធិពលនាងដូចមុនទៀតឡើយ ព្រោះតែគេស្គាល់នាងថា គ្រាន់តែជាថៅកែហាងលក់បាយដ៏សាមញ្ញាម្នាក់ប៉ុណ្ណោះ ដែលមិនឃើញមានដាក់កងអង្គរក្សឆ្វេងស្តាំដូចមុនទៀតឡើយ។ អ្នកសិល្បៈជាច្រើនដែលជិតដិតនឹងសូលីកា បានថ្លែងថា ប្រសិនបើស្រីក្មេងរូបនេះ ត្រូវបានកូនលោកធំនោះប្តូរចិត្តឱ្យនាងបានរាំច្រៀងដោយសេរីដូចមុននោះ ក៏សូលីកា ពិបាកនឹងស្តារមុខមាត់ដែរ ព្រោះតែពេលនេះរាងរៅពីមុន ដែលនាងធ្លាប់តែជាតារាដែលមានរាងស្វែលស្អាតតូចច្រឡឹងនោះ គឺបាត់អស់ទៅហើយ ពេលនេះគីឡូឡើងក្រឺតៗ មើលសឹងតែមិនស្គាល់ថាជាសូលីកា ដូចមុននោះទៅហើយ។ តែអ្នកខ្លះទៀតបានលើកឡើងថា ការដែលសូលីកា ឡើងកាម៉ាប់ៗបែបនេះអាចបណ្តាលមកពីនាងសប្បាយចិត្ត ពេលក្លាយជាថៅកែហាង និងមានសង្សារថ្មីស្រលាញ់ថ្នាក់ថ្នម…៕

RELATED ARTICLES