Wednesday, May 22, 2024
Homeតារាខ្មែរជីជី ស្ទាក់ស្ទើរមិនទាន់ចង់រៀបការ

ជីជី ស្ទាក់ស្ទើរមិនទាន់ចង់រៀបការ

សម្ព័ន្ធស្នេហ៍រវាងពិធីការិនីរូបស្រស់ ពេជ្រ សូលីដា ហៅជីជី ជាមួយលោកជា បានសាយភាយជាង២ឆ្នាំមកហើយ ខណៈដែលពួកគេឧស្សាហ៍បែកធ្លាយរូបភាពកៀកកើយស្និទ្ធស្នាលជាបន្តបន្ទាប់។ ទន្ទឹមនោះ អ្នកសិល្បៈជាច្រើនដឹងថា នាងបានតស៊ូជម្នះឧបសគ្គជាច្រើន ទម្រាំអាចរក្សាចំណងស្នេហ៍ជាមួយលោកជា រហូតមកទល់ពេលនេះ។

យ៉ាងណា ដំណាក់កាលនេះ លោកជា កំពុងតែភ័យព្រួយខ្លាចម្ចាស់ស្នេហ៍ស្រីស្រស់តូចតន់ជីជី របូតពីទ្រូង ស្របពេលមានបុរសទ្រព្យស្តុកមួយចំនួន កំពុងតាមស្នេហ៍នាងដែរ។

យោងតាមព័ត៌មានដែលទម្លាយចេញពីចង្កោមអ្នកសិល្បៈថា បើទោះបីដឹងថា ជីជី កំពុងចងសម្ព័ន្ធស្នេហ៍ជាមួយលោកជា ដែលជាមន្ត្រីប៉ូលិសក្តី ក៏បុរសទ្រព្យស្តុកមួយចំនួន នៅតែតាមចែចង់បោះនុយធំស្ទូចស្នេហ៍នាង ក្នុងនោះមានទាំងលោកផ្កាយ២ ដែលបម្រើការនៅក្រសួងមហាផ្ទៃម្នាក់ផង កំពុងតាមថ្ពក់ស្នេហ៍នាងស្អិតជាងគេ។

ប្រភពនោះថា លោកផ្កាយ២ មិនខ្វល់ថា ជីជី មានសង្សារ ឬយ៉ាងណាទេ សំខាន់លោកស្រលាញ់ពេញចិត្តស្រីស្រស់តូចតន់រូបនេះ ហើយបើជីជី ព្រមស្នេហ៍ នាងនឹងបានរស់នៅលើគំនរទ្រព្យ និងមានរថយន្តទំនើបជិះហ៊ឺហា។

ប្រភពជាតារាសម្តែងរូបនោះ អះអាងថា ពុំមែនមានតែលោកផ្កាយ២ម្នាក់ទេ ដែលកំពុងតាមក្រវែលចង់ថ្នមស្នេហ៍ជីជី ក្នុងនោះ មានលោកឧកញ៉ាម្នាក់ផង ក៏តាមជះទឹកលុយឆក់បេះដូងនាងដែរ ដែលធ្វើឱ្យសង្សាររបស់នាងដេកភ័យ ព្រួយចិត្ត ខ្លាចជីជី ប្រែប្រួលចិត្តជ្រើសទ្រព្យចោលស្នេហ៍។

ប្រភពខាងលើ បន្ថែមថា ក្នុងដំណាក់កាលនេះ បើជីជី ចោលស្នេហ៍សង្សារក្មេង ជ្រើសស្នេហ៍ឧកញ៉ា ឬលោកផ្កាយ២នោះ នាងចង់បានលុយ ឡាន វីឡា នឹងបានភ្លាម ហើយក៏មិនចាំបាច់ខ្វល់ចិត្តរឿងរកទ្រព្យទៀតដែរ ព្រោះល្បីថា ទាំងលោកឧកញ៉ា និងលោកផ្កាយ២សុទ្ធតែមានដៃទូលាយដូចគ្នា។ ហេតុនេះហើយ ទើបមួយរយៈចុងក្រោយនេះ សង្សាររបស់នាងតែងតាមឃ្វាលនាងស្ទើរគ្រប់ជំហាន និងធ្លាប់ទៅតាមនាងដល់ CTN ទៀតផង ព្រោះខ្លាចរបូតជីជី ពីប្រអប់ទ្រូង។

ប្រភពស្និទ្ធជាមួយជីជី និយាយថា សង្សាររបស់ជីជី កំពុងរំអុកសុំនាងរៀបការឆាប់ៗ ដើម្បីបន្សាបពាក្យលេចឮចចាមអារ៉ាម។ ជាពិសេស មិនចង់ឱ្យប្រុសផ្សេងតាមក្រវែលជីជី ទៀត។ ប៉ុន្តែមិនទាន់ដឹងថា ជីជី សម្រេចចិត្តចូលរោងការឆាប់ៗ ឬយ៉ាងណានោះទេ ខណៈដែលទាក់ទងសុំយោបល់ពីនាងមិនបានសម្រេចនោះទេ កាលពីថ្មីៗនេះ។

សូមបញ្ជាក់ថា សង្សាររបស់ជីជី ត្រូវបានគេដឹងថា ជាកូនអ្នកជំនួញសម្បូរទ្រព្យគួរសមដែរ ដែលកន្លងមកល្បីថា ធ្លាប់ទិញវីឡា ផ្គាប់ចិត្តនាង តម្លៃជិត២០ម៉ឺនដុល្លារ។ មិនត្រឹមតែប៉ុណ្ណោះ ចាប់តាំងពីពិសោធស្នេហ៍ រាល់ការចំណាយរបស់ជីជី ត្រូវបានម្ចាស់ស្នេហ៍ជាអ្នករ៉ាប់រងទាំងស្រុង។ ជាពិសេសនោះ នាងចូលចិត្តប្រើរបស់ម៉ាកល្បីៗថ្លៃៗ មិនចាញ់តារាល្បីឈ្មោះសម្បូរទ្រព្យមួយចំនួនទេ។ ប៉ុន្តែយ៉ាងណា បើប្រៀបធៀបទ្រព្យសម្បត្តិរវាងសង្សារជីជី ជាមួយលោកឧកញ៉ា និងលោកផ្កាយ២ គឺខុសគ្នាឆ្ងាយណាស់ គឺអាចឱ្យជីជី ហ៊ឺហា ចាយវាយមួយជីវិតក៏មិនអស់ដែរ។

តាមប្រភពថា សង្សាររបស់ជីជី ចង់ចូលរោងការឆាប់ៗ ប៉ុន្តែ ជីជី ហាក់នៅស្ទាក់ស្ទើរ ដោយចង់ពិសោធស្នេហ៍បន្តទៀត ខណៈដែលអាជីពសិល្បៈកំពុងតែស្ទុះឡើង ទាំងពិធីការិនីនៅ CTN និងសម្តែង ក្នុងតំណែង តួឯកជាបន្តបន្ទាប់៕

RELATED ARTICLES