តារាចម្រៀងល្បីរបស់ផលិតកម្មសាន់ដេ លោកឆាយ វីរៈយុទ្ធ ហៅឆាយ ចាន់ឆោម ដែលធ្លាប់មានព័ត៌មានថា មានប្រពន្ធនិងកូន២នាក់នោះ ទីបំផុតអ្នកចម្រៀងដែលមាឌតូចសំឡេងធំរូបនេះ បានជម្រះពាក្យចចាមអារ៉ាមផ្សេងៗ ដែលបោកបក់លើខ្លួន តាមរយៈការចូលរោងការត្រឹមត្រូវតាមប្រពៃណីខ្មែរ ជាមួយកូនក្រមុំអ្នកជំនួញល្បីឈ្មោះប្រចាំខេត្តកំពង់ចាម ដែលជាថៅកែម៉ាស៊ីនកិនស្រូវល្បីឈ្មោះ លោកហាក់ សែ ។
ភរិយារបស់ឆាយ វីរៈយុទ្ធ ដែលធ្លាប់សរសេរបទចម្រៀងឲ្យអ្នកចម្រៀងរូបនេះច្រៀង តាមរយៈបទ ”នឹកសង្សារចាស់” គឺអ្នកនាងសែ ចាន់ឌី ត្រូវបានអ្នកនាងខាត់ សុឃីម ដែលជាពិធីការិនីផងនិងជាម្ចាស់សម្អាងការតុបតែងខ្លួនឲ្យកូនកំលោះក្រមុំនោះផងបានបង្គាប់ឲ្យលោកវីរៈយុទ្ធ ថើបថ្ពាល់កូនសេដ្ឋីប្រចាំខេត្តកំពង់ចាម រូបនេះ ដល់ទៅ៣០ខ្សឺតឯណោះ គឺថ្ពាល់១០ខ្សឺត ថ្ងាស១០ខ្សឺត និងលេងថើបស្ទីលអឺរ៉ុប (បឺតមាត់) ១០ដងផងដែរ។
អ្នកនាងសែ ចាន់ឌី និយាយនៅលើឆាកបង្ហាញពីភក្ដីភាពរវាងស្នេហានាងជាមួយលោកឆាយ វីរៈយុទ្ធ នោះថា ”ខ្ញុំស្រលាញ់បង ខ្ញុំរំភើបដែលពួកយើងមានថ្ងៃនេះជាមួយគ្នា។ ប្ដីខ្ញុំមិនសូវចេះនិយាយច្រើនទេ គឺគាត់មិនចូលចិត្តសន្យាទេ តែគាត់ធ្វើឲ្យខ្ញុំឃើញថា គាត់ស្រលាញ់យើងតែម្ដង”។ ដោយឡែក លោកឆាយ ចាន់ឆោម បានឲ្យដឹងដែរថា ”ពួកយើងបានស្រលាញ់គ្នា៧ឆ្នាំមកហើយ។ យើងបានស្វែងយល់ចិត្តគ្នាច្រើនណាស់ ថ្វីត្បិតតែមានឧបសគ្គខ្លះក្ដី តែនៅថ្ងៃខាងមុខ ពួកយើងនឹងជម្នះ ហើយសង្ឃឹមថា យើងនឹងចាប់ដៃគ្នាបានរហូត។ បងនឹកឃើញកាលដែលបងបានស្រលាញ់អូនដំបូង គឺពួកយើងបានណាត់គ្នាទៅញាំអីនៅហាងមួយ ក្បែរមាត់ទន្លេ ពិភាក្សាពីការសសេរបទចម្រៀង ព្រោះអូនបានប្រាប់បងថា អូនចេះនិងធ្លាប់សរសេរបទចម្រៀង។ អូនសរសេរបទចម្រៀងឲ្យបងច្រៀង ហើយពួកយើងក៍ចាប់ផ្ដើមទាក់ទងគ្នា រហូតមកទាំងតាមទូស័ព្ទ និងតាម Chat facebok”។
មង្គលការឆាយ វីរៈយុទ្ធ មានភ្ញៀវ១៨០តុ ដែលរៀបចំនៅជប់លៀងធំ នៅភូមិតាសែន ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ភាគច្រើនភ្ញៀវខាងកូនស្រី គឺសុទ្ធសឹងជាអ្នកជំនួញ។ ដោយឡែកខាងលោកវីរៈយុទ្ធ មានតារាតែតារាសិល្បៈដែលជិតដិតប៉ុណ្ណោះ ដែលទៅចូលរួម មានដូចជា លោកខាន់ ជេមស៍, ដួង វីរៈសិទ្ធ, មាស សាលី, ជួប សុភ័ក្ត្រ, គង់ វិសាល, សាន ផានិត, អ៊ីណូ, នាយកុយ, ចាបចៀន ជាដើម ស្របពេលដែលលោកព្រាប សុវត្ថិ ទៅតែចងដៃហើយត្រឡប់មកភ្នំពេញ វិញភ្លាម។ ចំណែកតារាស្រីវិញ គេឃើញមានកញ្ញាសុខ ពិសី, វ៉ាន់ដា, អ៊ីវ៉ា, សុខ ស្រីនាង ជាដើម។
ក្រុមអ្នកសិល្បៈជាច្រើនបាននិយាយថា ចាប់ពីពេលនេះតទៅ ឆាយ វីរៈយុទ្ធ មិនមែនជាឆាយ វីរៈយុទ្ធ ពីមុនទៀតឡើយ ព្រោះរូបគេនឹងក្លាយទៅជាតារាសិល្បៈម្នាក់ដែលមានទ្រព្យរាប់លានដុល្លារ ក្នុងកណ្ដាប់ដៃ ដោយមិនបាច់ច្រៀងទៀត ក៍រស់នៅលើគំនរទ្រព្យយ៉ាងស្ដុកស្ដម្ភ ដែលតារាដទៃទៀតពិបាកនឹងប្រៀបផ្ទឹមដែរ ព្រោះតែឪពុកម្ដាយក្មេកលោកឆោម មានដីរាប់ហិកតានៅទីរួមខេត្តកំពង់ចាម ដែលអ្នកជំនួញធំៗនៅខេត្តកំពង់ចាម រូបណាក៍ស្គាល់គាត់ដែរ។ ជាក់ស្ដែងនៅថ្ងៃរៀបការនោះ គឺមិនបានរៀបចំនៅហាងណានៅទីរួមខេត្តកំពង់ចាម នោះឡើយ គឺគ្រួសារខាងស្រីបានធ្វើពិធីទទួលភ្ញៀវ និងជប់លៀងនោះ នៅលើដី២ហិកតា ដែលជារបស់ឪពុកម្ដាយក្មេកលោកឆោម តែម្ដង ដែលធ្វើឲ្យតារាៗមួយចំនួនទៅចូលរួមនោះ លាន់មាត់ថា ចាប់ពីពេលនេះតទៅ លោកឆោម ក្លាយជាកូនប្រសាសេដ្ឋីកំពង់ចាម ហើយ។
ឆាយ វីរៈយុទ្ធ ប្រាប់ថា ភរិយាលោកមិនទាន់មានគម្រោងយកកូនឆាប់ៗទេ ស្របពេលដែលអ្នកនាងសែ ចាន់ឌី ក៏បានប្រាប់ថា នាងនៅតែឲ្យប្ដីបន្ដប្រឡូកសិល្បៈតទៅទៀត ឲ្យតែនៅគាំទ្រពីមហាជន បើទោះជាក្រុមគ្រួសារនាង គឺសុទ្ធតែជាអ្នកជំនួញក្ដី៕