ខេត្តកំពង់ឆ្នាំង ៖ ជនប្រដាប់អាវុធ២នាក់បានចូលឆ្មក់បាញ់ប្រហារនៅក្នុងទីស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើក្តុលទាំងយប់បណ្តាលអោយមន្ត្រីមេព្រៃម្នាក់បានស្លាប់ និង៣នាក់ទៀតមានប៉េអឹម យោធា និងប្រជាពលរដ្ឋ បានរងរបួសនិងធ្ងន់ស្រាល ហេតុការណ៏បាញ់ប្រហារនេះបានកើតឡើងកាលពីវេលាម៉ោង៧និង១៥នាទីយប់ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិក្តុល ឃុំក្តុលសែនជ័យ ស្រុកទឹកផុសនៅក្នុងករណីមាន។
សមត្ថកិច្ចបានអោយដឹងថា៖ ជងរងគ្រោះទាំង៤នាក់នៅក្នុងករណីនេះមាន ១-ឈ្មោះសឹង ហាត បានស្លាប់ដោយបាញ់ត្រូវចំទ្រូងនិងចំពោះច្រើនគ្រាប់ ជាមន្ត្រីសង្កាត់រដ្ឋបាល ព្រៃឈើក្តុល រស់នៅភូមិទ័ពស្រូវ ឃុំបន្ទាយព្រាល ស្រុករលាប្អៀរ ២-ឈ្មោះ អ៊ុក ណាន់ របួសបាក់ជើង ជាមេបញ្ជាការរងកងរាជអាវុធហត្ថស្រុកទឹកផុស ៣-ឈ្មោះ លូ គឹមលន់ របួសធ្ងន់ធ្លាយពោះ ជាមន្ត្រីយោធានៅភ្នំពេញមកស្នាក់នៅធ្វើចំការនៅក្នុងភូមិក្តុល និង៤ឈ្មោះ ម៉ៅ សារ៉ាត់ របួស ជាប្រជាពលរដ្ឋនៅក្នុងភូមិក្តុល។
ប្រភពព៌ត័មានជាបឋមពីប្រជាពលរដ្ឋមានផ្ទះទល់មុខកន្លែងកើតហេតុ ដែលបានឃើញហេតុការណ៍នេះបានអោយដឹងថា៖ នៅក្នុងករណីនេះមានជនប្រដាប់អាវុធ២នាក់ក្នុងនោះម្នាក់ស្លៀកខោអាវប៉ារ៉ា កាន់អាវុធអាកា២ដើម បានលបឆ្មក់ចូលបាញ់ប្រហារគៀកខ្លួនសមត្ថកិច្ចជាច្រើនគ្រាប់ នៅក្នុងទីស្នាក់ការមេព្រៃនោះតែម្តង ដែលជនរងគ្រោះទាំង៣នាក់កំពុងអង្គុយ លេងជុំគ្នាមុខទីស្នាក់ការ រួចមកជនល្មើសបានចេញមកក្រៅដើរបាញ់តាមផ្លូវបន្ត បន្ទាប់ទៀត ត្រូវចំប្រជាពលរដ្ឋឈ្មោះ ម៉ៅ សារ៉ាត់ ដែលដើរចេញពីស្ថានីយលក់ ប្រេងសាំងដែលមានភ្លើងភ្លឺៗ និងត្រូវចំរថយន្ត១គ្រឿងរបស់ប្រជាពលរដ្ឋផងដែរ រួចហើយជនល្មើសបានដើរគេចខ្លួនតាមផ្លូវទៅទិសខាងកើតបាត់ស្រមោល។
នៅក្នុងហេតុការណ៍ខាងលើនេះ សមត្ថកិច្ចមូលដ្ឋានមិនទាន់បានដាក់ការសន្និដ្ឋានថា ជាការបាញ់ប្រហារក្នុងរឿងអ្វីនៅឡើយទេ ដោយសមត្ថកិច្ចកំពុងតែធ្វើការស៊ើបអង្កេតនិងស្រាវជ្រាវ នៅកន្លែងកើតហេតុជុំវិញរឿងនេះ។
ដោយឡែកមជ្ឈដ្ឋានប្រជាជននៅទីនោះ បានដាក់សង្ស័យថាជារឿងគុំនុំ ព្រោះនៅទីស្នាក់ការនោះគឺជាកុងត្រូលមួយដែលសមត្ថកិច្ចចម្រុះរបស់ស្រុកទឹកផុស នៅប្រចាំការឈរជើងដោយជារៀងរាល់ថ្ងៃមានគោយន្តពីរាប់សិបទៅរាប់រយគ្រឿង ដឹកអុសដឹកឈើគ្រប់ប្រភេទឆ្លងកាត់ត្រូវតែចូលបង់លុយរាប់ម៉ឺន ឬរាប់សែនរៀល អោយសមត្ថកិច្ចដែលឈរជើងនៅទីនោះទើបអាចដឹកឈើឆ្លងកាត់បាន ដែលករណីនេះអាចជារឿងគុំនំរបស់អ្នករកស៊ីដឹកឈើល្មើសច្បាប់៕ សុក្រិត