ខេត្តកណ្តាលៈ ផ្តើមចេញពីទំនាស់ពាក្យសំដីដ៏រ៉ាំរ៉ៃបានធ្វើឲ្យបុរសម្នាក់ផ្ទុះកំហឹងទាញដុំថ្មគុបសំដៅ ទៅលើធុងទឹកកក បណ្តាលឲ្យផ្លាតទៅត្រូវក្បាលកូនប្រុសគូរទំនាស់អាយុ១១ខែរងរបួស បែកក្បាលយ៉ាងធ្ងន់ ធ្ងរ កាលពីវេលាម៉ោង១៧ និង៤៥នាទី ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិពោធិ៍រាម្មា(ក) ឃុំព្រែកស្តី ស្រុកកោះធំ ។
ក្រោយពីមានហេតុការណ៍កើតឡើងជនសង្ស័យត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលព្រែកស្តីចាប់ខ្លួនបញ្ចូនទៅ កាន់អធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីចាត់ការតាមច្បាប់។ ចំណែកឯក្មេង ប្រុសរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ប្រទេសវៀត ណាម ។
មន្ត្រីនគរបាលស្រុកកោះធំបានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានចាប់ខ្លួននោះឈ្មោះ ផល សុខទី ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិពោធិ៍រាម្មា(ក) ឃុំព្រែកស្ដី ស្រុកកោះធំ ។ចំណែកឯក្មេងប្រុសរង គ្រោះឈ្មោះ ស៊ីណា តុងហេង អាយុ១១ ខែ មានទីលំនៅភូមិពោធិ៍រាម្មា(ក) ឃុំព្រែកស្ដី ស្រុកកោះធំ ។
ប្រភពដដែលបានបន្តថា អស់រយៈ ពេលជាច្រើនខែមកហើយ ជនសង្ស័យបានកើតមានជម្លោះពាក្យសំដីគ្នាជាមួយម្តាយក្មេងប្រុសរងគ្រោះ ។ ជម្លោះពាក្យ សំដីនេះកើតមានស្ទើររាល់ថ្ងៃរហូតក្លាយ ជាជម្លោះពាក្យពាក្យសំដីដ៏រ៉ាំរ៉ៃ ។ លុះមក ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧ ជម្លោះនេះបានកើតឡើងទៀត ធ្វើឲ្យជនសង្ស័យអត់ទ្រាំមិនបានក៏ទាញដុំថ្មគុបសំដៅទៅលើធុងទឹឹកកកស្ត្រីជាគូរទំនាស់ ខណៈនោះដុំថ្មបានផ្លាតទៅត្រូវក្មេងប្រុសរងគ្រោះដែលកំពុងដេកនៅលើដៃស្ត្រីជាម្តាយ បណ្តាលឲ្យរងរបួសបែកក្បាលតែម្តង៕
សិលា