ខេត្តកណ្តាល ៖ ទណ្ឌិតចំនួន២រូប ដែល កំពុងជាប់ឃុំនៅក្នុងពន្ធនាគារខេត្តកណ្តាល បាន ឈ្លោះប្រកែកគ្នា រហូតឈានដល់អំពើហិង្សា វាយតប់គ្នា បណ្តាលឱ្យភាគីម្ខាងរងរបួសធ្ងន់ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលា ម៉ោង៩និង១០នាទីព្រឹក ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចបរិវេណពន្ធនាគារខេត្ត កណ្តាល ត្រង់ចំណុចកន្លែងលក់អីវ៉ាន់ជ្រុងខាង លិច ជាប់អគារA ស្ថិតក្នុងភូមិក្រពើហា សង្កាត់ ព្រែកប្ញស្សី ក្រុងតាខ្មៅ។
ទណ្ឌិតដែលទទួលរងរបួសធ្ងន់នោះ មាន ឈ្មោះម៉ិច ឡុង ភេទប្រុស អាយុ៣៣ឆ្នាំ មាន លំនៅក្នុងភូមិកូនជ្រៃ ឃុំព្រែកអំបិល ស្រុកស្អាង បច្ចុប្បន្នជាប់ឃុំក្នុងពន្ធនាគារខេត្តកណ្តាល ពី បទមនុស្សឃាត។ ចំណែកទណ្ឌិតជាជនបង្កហេតុ មានឈ្មោះសេង លី ភេទប្រុស អាយុ ២៦ឆ្នាំ មានលំនៅក្នុងភូមិសំរោង ឃុំក្រាំងយ៉ូវ ស្រុកស្អាង បច្ចុប្បន្នជាប់ឃុំក្នុងពន្ធនាគារពីបទ លួច។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹង ថា នៅមុនពេលកើតហេតុ មន្ត្រីអនុរក្សពន្ធនាគារ បានបញ្ចោញទណ្ឌិតឈ្មោះសេង លី (ជនបង្កហេតុ) និងទណ្ឌិតមួយចំនួនទៀត ឱ្យចេញទៅ ក្រៅដើម្បីងូតទឹក។ លុះពេលជនបង្កហេតុដើរ មកដល់ចំណុចកើតហេតុខាងលើ ក៏ស្ទុះទៅវាយ ទាត់ធាក់ទៅលើទណ្ឌិតឈ្មោះម៉ិច ឡុង បណ្តាលឱ្យបោកផ្ទប់ទៅនឹងជញ្ជាំង រងរបួសធ្ងន់ សន្លប់ បាត់ស្មារតី។
ប្រភពដដែលបន្តថា ក្រោយពេលជនបង្ក– ហេតុវាយទាត់ធាក់ទៅលើភាគីរងគ្រោះអស់ចិត្ត ទើបគេឃើញមន្ត្រីអនុរក្សពន្ធនាគារ ចេញមុខ ឃាត់ និងបញ្ជូនទណ្ឌិតដែលជាជនដៃដល់ ចូល ទៅក្នុងអគារឃុំខ្លួនវិញ។ ចំណែកទណ្ឌិតដែល ជាជនរងគ្រោះ ត្រូវបានដឹកបញ្ជូនទៅកាន់ មន្ទីរពេទ្យរុស្ស៊ី ដើម្បីព្យាបាលរបួស។
ករណីខាងលើនេះ ត្រូវបានសមត្ថកិច្ច ក្រុងតាខ្មៅ ដែលចុះធ្វើរបាយការណ៍ផ្ទាល់ដល់ ក្នុងពន្ធនាគារខេត្តកណ្តាល អះអាងថា អំពើ– ហិង្សានេះ ផ្ទុះឡើងដោយសារតែការធ្វេស ប្រហែសពីមន្ត្រីអនុរក្សពន្ធនាគារ ដែលមិនយក ចិត្តទុកដាក់មើលទណ្ឌិតឱ្យបានជាប់លាប់ដិតដល់៕
ដោយ ៖ សិលា