Monday, November 25, 2024
Homeតារាខ្មែរងួន ចាន់ដេវីត ឆ្លើយតបការវាយប្រហារអាចារ្យធំ

ងួន ចាន់ដេវីត ឆ្លើយតបការវាយប្រហារអាចារ្យធំ

ថ្មីៗនេះ មានការផ្អើលពេញបណ្ដាញសង្គម ដោយសារតែលោកអាចារ្យធំ បានចេញមុខវាយប្រហាធ្ងន់ៗ ទៅលើតារាច្រៀងម្ចាស់បទ ”រាំញីកែងជើង” លោកងួន ចាន់ដេវីត ហៅ G-Devith ដោយប្រើប្រាស់ពាក្យពេចន៍ប្រមាថដ៍ធ្ងន់ធ្ងរបំផុត​មិនធ្លាប់មានពីមុនឡើយ​ដែលធ្វើឲ្យមហាជនជាច្រើនបានស្រឡាំងកាំងគ្រប់គ្នា​ហើយមានចម្ងល់ថា​តើពួកគេទាំង២មានទំនាស់អីជាមួយគ្នាទៅ?​លោកអាចារ្យធំ​បានហៅដេវីត ថាតារាបែកស្លុយ នាំក្មេងខ្មែរឆ្កួតតាមវប្បធម៌កូរ៉េ សូម្បីតែឈ្មោះខ្លួនក៍ដាក់ឲ្យស្រដៀង G- Dragon​ ដែលជាតារាចម្រៀងរបស់កូរ៉េ ដែរ។

លោកអាចារ្យធំ បានហៅ G-Devith ថាអាពាល ប្រឹងកាប់ក្បាល លាបសក់តាមស្ទាយកូរ៉េ  នាំកូនខ្មែរ វង្វេងវប្បធម៌ សូម្បីតែរូបសាក់ ក៍វាសាក់តែខ្មោច ម៉ែឪកូរ៉េ…។

ងួន ចាន់ដេវីត ដែលកំពុងរងអន្លូងពីលោកអាចារ្យធំ នោះមិនមានប្រតិកម្មតបតចំពោះការ Live វីដេអូ រិះគន់ខ្លួនពេញទំហឹង ពីសំណាក់លោកអាចារ្យធំនោះឡើយ។ ប៉ុន្ដែតារាចម្រៀងផលិតកម្មរស្មីហង្សមាស រូបនេះបានថ្លែងតាមទូរស័ព្ទប្រាប់ ”អង្គរធំ” តាមទូរស័ព្ទកាលពីរសៀលថ្ងៃទី២៤ ខែឧសភា នេះ ថាអ្វីៗគឺលោកសូមឲ្យមហាជនជាអ្នកវាយតម្លៃទៅលើអត្តរិតរបស់លោកអាចារ្យធំនោះ ទៅចុះ គឺលោកសូមមិនតតបឡើយ គ្រាន់តែលោកច្បាស់ក្នុងចិត្ត ១០០% ថាបទចម្រៀងទាំងអស់ដែលលោកបាននិពន្ធបទភ្លេងនិងទំនុកច្រៀងនោះ គឺសុទ្ធតែជាស្នាដៃលោកសុទ្ធសាធ មិនបានទៅលួចចម្លងពីប្រទេសណាទេ។

G-Devith អះអាងថា ”ខ្ញុំហ៊ានស្បថឲ្យរន្ទះបាញ់ស្លាប់បង បើខ្ញុំមានទៅលួចបទភ្លេងរបស់អ្នកណាប្រទេសណា មកកាឡៃនោះ គឺបទទាំងអស់ដែលខ្ញុំបានធ្វើសុទ្ធតែជា Original Songs ទាំងអស់។ បើតាមខ្ញុំដឹង គឺតាំងពីពេលដែលខ្ញុំល្បីបទ Original Songs ហ្នឹងមក គឺការធ្វើបទ Original Songs យើងក៍ចាប់ផ្ដើមកក្រើកវិញនៅពេលហ្នឹងដែរ។ ខ្ញុំគ្រាន់តែសួរទៅវិញថា បើសិនជាខ្ញុំលួចបទប្រទេសជិតខាង មកធ្វើបំផ្លាញខ្មែរមែ នតើមហាជនគាត់ឲ្យតម្លៃខ្ញុំរហូតដល់ពេលនេះឬអត់? ខ្ញុំមិនចង់តតបជាមួយលោកអាចារ្យធំ ទេ គឺខ្ញុំចង់ឲ្យមហាជនទាំងអស់គ្នាវាយតម្លៃទៅចុះ ថាបើគាត់ជាអាចារ្យ ម៉េចបានសុខៗមកជេរខ្ញុំ ដែលមិនដែលមានរឿងអីជាមួយគាត់អីចឹង? តើនៅសាសនាណាដែលអាចារ្យគេឲ្យជេរគេអីចឹង? សម្រាប់ខ្ញុំជាអ្នកកាន់សាសនាព្រះពុទ្ធម្នាក់ ខ្ញុំគិតថា ការមិនតបតបការរំងាប់ដោយការមិនចងពៀរ ជាអំពើល្អ ដូចនេះខ្ញុំមិនបានខឹងអាចារ្យធំ ទេ ឲ្យមហាជនមើលឃើញពីសកម្មភាពរបស់គាត់ទៅចុះ គាត់ជេរខ្ញុំ តែគាត់ឃោសនាលក់មួក លក់អាវអីណា ខ្ញុំមិនយល់ទេថា គាត់ធ្វើអីចឹងដើម្បីអី?”។

តាមព័ត៌មានលើបណ្ដាញសង្គម បានឲ្យដឹងថា លោកអាចារ្យធំ ប្រតិកម្មចំពោះបទចម្រៀងចូលឆ្នាំខ្មែររបស់ងួន ចាន់ដេវីត នៅឆ្នាំនេះ ដែលជាបទបែកស្លុយ មិនមែនជាបទប្រពៃណីខ្មែរ ទើបលោកអាចារ្យធំ ដែលចាក់សាក់រូបល្ខោនខោល នៅជាប់ស្មារូបនេះ បានព្រលះ G-Devith ថា បំផ្លាញខ្មែរតែម្ដង។

ងួន ចាន់ដេវីត បន្ថែមថា ”ខ្ញុំជាអ្នកចម្រៀងសម័យ គឺត្រូវតែមានបទសម័យអីចឹង ហើយតែបទទាំងនោះ ខ្ញុំគិតថាមិនបានប៉ះពាល់អីដល់ប្រពៃណីខ្មែរទេ។ ចំពោះរឿងដែលអាចារ្យធំ វាយប្រហាខ្ញុំនេះ ខ្ញុំក៍មិនគិតថា ខ្ញុំត្រូវគាត់ខុស ឬគាត់ខុស ខ្ញុំត្រូវដែរ គឺទុកឲ្យមហាជនជាអ្នកវាយតម្លៃទៅចុះ ហើយបើគាត់ខុស ខ្ញុំអធ្យាស្រ័យឲ្យគាត់ បើខ្ញុំខុស សូមអធ្យាស្រ័យឲ្យខ្ញុំផង”។

ទោះជាយ៉ាងណា អ្នកលេង Facebook មួយចំនួន បានលើកឡើងថា ក្រោយពេលដែល G-Devith​ទទួលការវាយប្រហាពីសំណាក់លោកអាចារ្យធំ មួយប្រាវធំនោះមក ស្រាប់តែគេឃើញតារាចម្រៀងរូបនេះងាកទៅធ្វើទានផ្ដល់អំណោយដល់គ្រួសារមួយ ឲ្យបានលុយលស់ប្លង់ដីមកវិញ ទើបអ្នកខ្លះដែលកាន់ជើងលោកអាចារ្យធំ បានចំអកឲ្យដេវីត ថា ចង់បង្វែរដានដើម្បីកុំឲ្យគេចាប់អារម្មណ៍រឿងលោកអាចារ្យធំ កំពុងតែជេរលោក។

G-Devith បន្ដថា ”ចំណុចនេះខ្ញុំហួសចិត្តដែរ ព្រោះអ្នកខ្លះគាត់អត់ដឹងទេថា ខ្ញុំធ្លាប់ចូលរួមសប្បុរសធម៌ជាច្រើនលើកមកហើយ មិនមែនតែលើកនេះទេ។ ថ្មីៗនេះ ខ្ញុំបានជួយគ្រួសារមួយដែលគាត់អត់លុយលស់ប្លង់ដីមកវិញ ខ្ញុំឲ្យលុយគាត់ជិត១ពាន់ដុល្លារ បែរជាគេថា ខ្ញុំចង់បង្វែរដានរឿងគេជេរទៅវិញ។ ខ្ញុំមិនខ្វល់ទេ តែរឿងខ្ញុំជួយគេអ្នកអត់នោះ គឺមានតាំងពីខ្ញុំចេញពីស្រុកកំណើតម្ល៉េះ”។

ឆ្លើយតបសំណួរថា ងួន ចាន់ដេវីត មានគម្រោងប្ដឹងលោកអាចារ្យធំ ឬអត់? បើគាត់នៅតែបន្ដជេរដេវីត ទៀតនោះ តារាហង្សមាសរូបនេះបញ្ជាក់ថា ”បើតាមច្បាប់ ខ្ញុំអាចប្ដឹងគាត់បាន។ តែខ្ញុំមិនដែលគិតថា ចង់ប្ដឹងទេ ហើយខ្ញុំក៍មិនខឹងគាត់ជេរខ្ញុំដែរ។ ថ្ងៃក្រោយ បើច្រៀងទៅគេលែងគាំទ្រ ដោយសារតែគាត់ជេរខ្ញុំនោះ ខ្ញុំធ្វើបទភ្លេងវិញ ក៍រស់បានដែរ។ ខ្ញុំបានប្រាប់យាយ ឪពុកម្ដាយ ប្អូនខ្ញុំ និងFan ខ្ញុំ មួយចំនួន ហើយថាកុំតតបជាមួយគាត់ឲ្យសោះ ទុកឲ្យគាត់ជេរទៀតចុះ ឲ្យប្រជាជនវាយតម្លៃគាត់ចុះ តើគាត់ជាអាចារ្យមកជេរគេ មិនដែលរឿងអីជាមួយគាត់ហ្នឹង ម៉េចទៅវិញ? ពីមុនមក ខ្ញុំមិនដែលមានបញ្ហាទំនាស់អីជាមួយគាត់ទេ និយាយទៅ មិនស្គាល់គាត់ផង ស្រាប់តែស្ងាត់ៗគាត់មកជេរខ្ញុំតែម្ដង។ ទោះជាគាត់ជេរខ្ញុំដល់ម៉ែឪក្ដី តែខ្ញុំមិនបាក់ទឹកចិត្តទេ ខ្ញុំនៅតែធ្វើបទជា Original Songs តទៅទៀត ហើយបើថា ខ្ញុំលួចបទពីគេ ខ្ញុំហ៊ានស្បថឲ្យរន្ទះបាញ់ ឬអាចទៅសួរគ្រូភ្លេងចាស់ៗ នៅហង្សមាស ក៍បានដែរ ថាតើបទខ្ញុំទាំងអស់ខ្ញុំធ្វើខ្លួនឯងមែន ឬលួចពីគេ?”៕

RELATED ARTICLES