Monday, May 6, 2024
Homeសម្រស់ស្បែកខ្លាញ់ ផាត់មុខបែបណាកុំឱ្យរងើម?

ស្បែកខ្លាញ់ ផាត់មុខបែបណាកុំឱ្យរងើម?

ពេលថ្ងៃ ស្ត្រីស្បែកខ្លាញ់ តែងតែឃើញមុខខ្លាញ់រងើម ត្រូវផ្តិតជាតិខ្លាញ់ជាញឹកញាប់ ធ្វើឱ្យការតែងមុខ ផាត់មុខ មិនសូវជាប់បានយូរ ហើយថែមទាំងមើលទៅមុខស្រអាប់ដោយសារតែភាពរងើមនោះ។ ក្នុងការផាត់មុខ ស្ត្រីអាចមានកំហុសខ្លះៗដោយមិនដឹងខ្លួន។ ហេតុនេះតិចនិកខាងក្រោម អាចជួយឱ្យការផាត់មុខប្រសើរឡើងបានដូចជា ៖
១-ប្រើផលិតផលថែស្បែក (Skin Care) តិចតួច ៖ ជាជំហានដំបូង ផលិតលផលថែស្បែក ត្រូវតែជាប្រភេទដែលឆាប់ជ្រាបចូលក្នុងស្បែក ដូចជា Lotion or Milk។ បើប្រើប្រភេទសាច់ក្រែម (Cream) ជាប្រភេទសាច់ក្រាស់ គួរតែដូរចេញជាបន្ទាន់។
២-បាញ់ទឹករ៉ែ លើស្បែកសិន មុននឹងផាត់មុខ ៖ ដើម្បីសម្រួលតុល្យភាពសំណើមលើស្បែក និងជួយបន្ថយជាតិខ្លាញ់នៃស្បែក។
៣-ចៀសវាងប្រើក្រែមការពារកម្តៅថ្ងៃប្រភេទក្រែម ៖ គួរប្រើក្រែមការពារកម្តៅថ្ងៃប្រភេទទឹក ប្រភេទស៉្ប្រៃយ៍ ឬប្រភេទចេល ជាការល្អ។


៤-ម្សៅព្រីម័របែបចេល កុំឱ្យខ្វះ ៖ ម្សៅព្រីម័រ (Primer) គួរប្រើតិចតួច បើប្រើប្រភេទក្រែម (Cream) គួរដូរចេញ។ សាកល្បងប្រើប្រភេទចេល ប្រភេទស៊ីលីកូន ល្អសម្រាប់អ្នកស្បែកខ្លាញ់ រួចរង់ចាំ៥នាទី។
៥-ម្សៅទ្រនាប់ប្រភេទគ្មានជាតិខ្លាញ់ (Oil Free) ៖ ប៉ុន្តែបើស្បែកល្អស្រាប់ហើយ មិនបាច់ទេ។ តែបើមិនសូវជឿជាក់លើស្បែកមុខរបស់ខ្លួន អាចមានស្នាមមុន ជាំមុខ ស្នាមជ្រីវជ្រួញ បើចាំបាច់ខ្លាំង សឹមប្រើម្សៅទ្រនាប់ ដោយគួរជ្រើសរើសប្រភេទសាច់ស្តើង ឬប្រភេទគ្មានជាតិខ្លាញ់។ ប្រើតិចតួច លាបតែ៥ចំណុចលើមុខ រួចសឹមផាត់ឱ្យសព្វ។
៦-ម្សៅហុយប្រភេទស្រាល (Oil Free) ៖ អ្វីៗជាប្រភេទស្រាលទាំងអស់ សូម្បីម្សៅហុយ ដែលប្រើជាចុងក្រោយ ក៏គួរតែជាប្រភេទស្រាលដែរ។
៧-ម្សៅផាត់ថ្ពាល់ប្រភេទម្សៅហុយ ៖ កុំប្រើប្រភេទក្រែម (Cream) ឱ្យសោះ គួរប្រើប្រភេទម្សៅហុយល្អជាង ផាត់ឱ្យសមល្មម ជាការស្រេច។
៨-លាបក្រែមពណ៌ភ្លឺផ្លេក ៖ សាច់ម្សៅពណ៌ស្រអាប់អាប់ពេញមុខទៅ ហើយចំពោះបបូរមាត់ អាចប្រើពណ៌ភ្លឺផ្លេកបាន ព្រោះបើប្រើក្រែមលាបបបូរ មាត់ពណ៌អាប់ទៀត នឹងធ្វើឱ្យឆាប់ឃើញភាពរងើមលើផ្ទៃមុខ។ បើបបូរមាត់ រលោង ភ្លឺផ្លេក នឹងទាក់ទាញចំណាប់អារម្មណ៍ចេញពីជាតិខ្លាញ់ ឱ្យមកផ្តោត ចំណាប់អារម្មណ៍លើបបូរមាត់វិញ។
៩-បញ្ចប់ដោយស៉្ប្រៃយ៍ទឹករ៉ែ ៖ សំខាន់ណាស់សម្រាប់ការផាត់មុខ តែងមុខពេលចុងក្រោយ។ ស៉្ប្រៃយ៍ទឹករ៉ែ ក៏អាចបាញ់បន្ថែមនៅពេលថ្ងៃផងដែរ ព្រោះអាចធ្វើឱ្យស្បែកមុខមិនសូវមានជាតិខ្លាញ់ ហើយក៏ធ្វើឱ្យគ្រឿងសម្អាង ជាប់បានយូរផងដែរ៕

RELATED ARTICLES