Monday, November 25, 2024
Homeតារាខ្មែរពិធីការិនីសុន ច័ន្ទធីតា ក្រោយបែកបាក់ស្នេហ៍ មិនចាប់អារម្មណ៍បុរសណាផ្សេង

ពិធីការិនីសុន ច័ន្ទធីតា ក្រោយបែកបាក់ស្នេហ៍ មិនចាប់អារម្មណ៍បុរសណាផ្សេង

អតីតបេក្ខភាពកម្មវិធីប្រលងចម្រៀងហង្សមាស Cambodian Idol រដូវកាលទី១ កញ្ញាសុន ច័ន្ទធីតា ថ្វីត្បិតតែបរាជ័យក្នុងការលើកពានប្រលងចម្រៀងលំដាប់ថ្នាក់ពិភពលោកនេះមែន តែស្រីក្មេងរូបនេះអាចជ្រកកោនក្រោមដំបូលប៉ុស្ដិ៍ទូរទស្សន៍ហង្សមាស ដោយមិនបាច់ប្រឹងឡើយ តាមរយៈការក្លាយខ្លួនទៅជាពិធីការិនីក្នុងកម្មវិធី ”ឋានសួគ៌ក្រោមមេឃ” ដែលដែលចាក់ផ្សាយនៅព្រឹកនិងល្ងាចថ្ងៃសៅរ៍។ ការដែលហង្សមាស បានបង្វិលឲ្យកញ្ញាច័ន្ទធីតា ពីការចង់ក្លាយទៅជាអ្នកចម្រៀងមកជាពិធីការិនីបែបនេះ គឺដោយសារតែកញ្ញាធីតា ពូកែនិយាយជាងច្រៀង ហើយមានវោហាស័ព្ទគួរឲ្យចង់ស្ដាប់ នៅពេលដែលនាងចូលប្រលងចម្រៀង Cambodian Idol ដែលឈានបានត្រឹមវគ្គ Theater Round ប៉ុណ្ណោះ ក៍ត្រូវខ្ទាតចេញពីកម្មវិធី។

ក្នុងជំនួបតាមទូរស័ព្ទកាលពីរសៀលថ្ងៃទី២៩ ខែឧសភា ពិធីការិនីដែលចង់ធ្វើអ្នកចម្រៀងនៅហង្សមាស តែបែរជាក្លាយទៅជាពិធីការិនីប៉ុស្ដិ៍ហង្សមាស ទៅវិញនោះ បានឲ្យដឹងថា នាងពេញចិត្តក្នុងការដែលក្លាយទៅជាពិធីការិនីរបស់ប៉ុស្ដិ៍ហង្សមាស នៅពេលនេះ តែអាជីពចម្រៀងនិងការសម្ដែង គឺនាងមិនបោះបង់ឡើយ។

ស្រីស្រស់តូចតន់រូបនេះថ្លែងថា ”ខ្ញុំធ្វើពិធីការិនីនៅហង្សមាស ជិត២ឆ្នាំហើយ ខ្ញុំពេញចិត្តកម្មវិធីដែលហង្សមាស ឲ្យធ្វើ ដូចជា ”ឋានសួគ៌ក្រោមមេឃ” នោះជាកម្មវិធីល្អមួយ ហើយនៅពេលខាងមុខនេះ ហង្សមាស ក៍មានកម្មវិធីឲ្យខ្ញុំធ្វើបន្ថែមទៀតដែរ។ ហង្សមាស គាត់មិនមែនបិទច្រករឿងការចង់ចូលច្រៀងនៅផលិតកម្មនោះទេ គាត់ថាថ្ងៃក្រោយ បើខ្ញុំចង់ច្រៀង ចាំគិតទៀត តែឥឡូវខ្ញុំមិនទាន់បាននិយាយជាថ្មីជាមួយគាត់ទេ”។

ស្របពេលដែលហង្សមាស កំពុងតែមមាញឹកជាមួយតារាចម្រៀងរបស់ខ្លួន ឡើងគរជើងគ្នា ហើយមិនទាន់កោះហៅកញ្ញាសុន ចន្ទ័ធីតា ទៅថតសំឡេងដាក់ថាសចម្រៀងនោះ ស្រាប់តែពេលនេះ ស្រីក្មេងច័ន្ទធីតា ងាកមកធ្វើបទចម្រៀង Original Songs ដោយខ្លួនឯង យកទៅច្រៀងនៅប៉ុស្ដិ៍អាស៊ីអាគ្នេយ៍ កាលពីថ្ងៃទី២៨ ខែឧសភា គឺបទ ”មនុស្សក្រៅផ្លូវការ” ដែលមានទស្សនិកជនជាច្រើនទៅទស្សនាផ្ទាល់ បានចាប់អារម្មណ៍ទឹកដមសំឡេងកញ្ញាច័ន្ទធីតា ថា មិនចាញ់អ្នកចម្រៀងអាជីពដែលច្រៀងរាប់ឆ្នាំនោះឡើយ។

កញ្ញាសុន ច័ន្ទធីតា និងព្រាប សុវត្ថិ

​ពិធីការិនីហង្សមាសរូបនេះ បន្ថែមថា ”ខ្ញុំបានចេញបទ Original Songs ២បទសិន ហើយត្រៀមចេញបទថ្មីៗមួយចំនួនទៀត នាពេលខាងមុខនេះ។ បទ ”មនុស្សក្រៅផ្លូវការ” នេះនិពន្ធដោយកញ្ញាម៉ី សុគន្ធា ហើយមុនដំបូងខ្ញុំច្រៀងមិនសូវល្អទេ តែពេលនេះមានភាពរលូនច្រើនជាងមុន។ សម្រាប់អាជីពសិល្បៈ ខ្ញុំអាចសម្ដែងច្រៀងធ្វើពិធីការិនីក៍បានដែរ និយាយទៅ ស្រលាញ់គ្រប់ផ្នែកទាំងអស់ ហើយនៅពេលនេះ ខ្ញុំនឹងធ្វើបទចម្រៀង Original Songs ឲ្យបានច្រើនបន្ថែមទៀត ដើម្បីឲ្យគេស្គាល់ចាប់អារម្មណ៍យើងសិន មុននឹងឈានទៅច្រៀងនៅផលិតកម្មណាមួយ នាពេលខាងមុខ តែអាជីពពិធីការិនីខ្ញុំនៅតែស្រលាញ់អីចឹង”។

ឱក សុគន្ធកញ្ញា និងកញ្ញាសុន ច័ន្ទធីតា 

សុន ច័ន្ទធីតា មានស្រុកកំណើតនៅក្រុងតាខ្មៅ ខេត្តកណ្ដាល ដោយធ្លាប់ជាអ្នករៀនរាំរបាំបុរាណ ពីលោកសាស្រ្ដាចារ្យឆេង ផុន ផងដែរ។ នៅមុនពេលចូលប្រលង Cambodian Idol កញ្ញាច័ន្ទធីតា ក៍ធ្លាប់ជាគ្រូបង្រៀនភាសាអង់គ្លេស នៅសាលាសុវណ្ណភូមិ ក្រុងតាខ្មៅ ហើយថ្មីៗនេះ នាងទើបបញ្ចប់ការសិក្សាបរិញ្ញាប័ត្រនៅសាលាធនធនមនុស្ស ផ្នែកអក្សរសាស្រ្ដភាសាអង់គ្លេស ទៀតផង។

អ្វីដែលគួរឲ្យចម្លែកនោះ កញ្ញាច័ន្ទធីតា ដែលបានទទួលថតរឿងឲ្យប៉ុស្ដិ៍លេខ៥ ដល់ទៅ២រឿង បែរជាអាកខានមិនបានថតរឿងទាំងនោះទៅវិញ គឺរឿង ”ច័ន្ទវង្វេងមេឃ” និងរឿង ”ចម្ការម្លប់ស្នេហ៍”។

Step និងកញ្ញាសុន ច័ន្ទធីតា

តារាចម្រៀងក្លាយទៅជាពិធីការិនីរូបនេះ ប្រាប់ថា ”កាលខ្ញុំត្រៀមថតរឿង ”ច័ន្ទវង្វេងមេឃ” នោះហៀបតែនឹងថតទៅហើយ ម៉ាក់ខ្ញុំគាត់ថា មិនបាច់ថតទេ ព្រោះច្រៀងផង ធ្វើពីធីការិនីផង ថតកុនទៀត រត់ម៉េចរួចទៅ? ខ្ញុំក៍បានសុំប៉ុស្ដិ៍លេខ៥ មិនថតវិញ គេក៍មិនថាអីដែរ។ ចំណែករឿង ”ចម្ការម្លប់ស្នេហ៍” នោះខ្ញុំទទួលលុយកក់ទៅហើយ តែដល់ពេលខ្ញុំពិនិត្យរឿងទៅ គាត់ឲ្យខ្ញុំលេងមិនដូចអ្វីដែលគាត់និយាយមុន អីចឹងខ្ញុំក៍សុំគាត់មិនថតទៀត ហើយគាត់ក៍យល់ពីចំណុចនោះដែរ គឺអត់មានបញ្ហាអីទេ។ ខ្ញុំស្រលាញ់ការសម្ដែងភាពយន្ដ ដូចអាជីពពិធីការិនីដែរ ហើយខាងប៉ុស្ដិ៍ហង្សមាស គេមិនហាមឃាត់ខ្ញុំទេ កុំឲ្យតែយើងទៅធ្វើពិធីការិនីនៅប៉ុស្ដិ៍ផ្សេង ទើបខុស”។

កញ្ញាសុន ច័ន្ទធីតា និងនី រតនា

សុន ច័ន្ទធីតា អាយុ២២ឆ្នាំ កម្ពស់១,៥៧ម៉ែត្រ ទម្ងន់៤៤គ.ក្រ ធ្លាប់ច្រៀងពេលយប់នៅហាង ”B&P“, ”ភូមិយើង” និងពេលនេះកំពុងច្រៀងនៅហាង V-Friend បឹងត្របែក ជារៀងរាល់រាត្រី ពីម៉ោង៦ដល់១១យប់។

តាមព័ត៌មានថា តាមរយៈទឹកដមសំឡេងផ្អែមរបស់អ្នកចម្រៀងវ័យក្មេងនេះ មានប្រុសៗអ្នកមានទ្រព្យមិនតិចរូបទេ ដែលលង់ទាំងទឹកដមសំឡេង និងរូបឆោមស្រីក្មេងរូបនេះ រហូតដល់តាមស្នេហ៍ស្រីស្អាតច័ន្ទធីតា ស្អិតទៀតផង។

កញ្ញាសុន ច័ន្ទធីតា និងងួន ចាន់ដេវីត

តារាដែលចង់ធ្វើជាអ្នកចម្រៀង តែបែរជាហង្សមាស រុញឲ្យធ្វើពិធីកររូបនេះ និយាយដោយប្រុងប្រយ័ត្នថា ”ពេលហ្នឹងខ្ញុំអត់មានសង្សារអីទេ តែពីមុនធ្លាប់មានដែរ តែបែកបាក់គ្នាអស់ទៅហើយ។ កាលខ្ញុំនៅច្រៀងហាង ”ភូមិយើង” ខាងក្រោយពេទ្យរុស្សី នោះមានពូម្នាក់តាមស្រលាញ់ដែរ តែពេលខ្ញុំឈប់ច្រៀងនៅទៅនោះ មកច្រៀងនៅហាង V-Friend ហ្នឹងមានអ្នកស្រលាញ់ចេះតែមាន ហើយតែខ្ញុំមិនចាប់អារម្មណ៍ ព្រោះខ្ញុំអត់ចង់ឲ្យមានរញ៉េរញ៉ៃអីទេ។ ថៅកែរហាងខ្ញុំគាត់ក៍ស្រួលដែរ គាត់មិនដែលបង្ខំយើងឲ្យទៅផឹកជាមួយភ្ញៀវទេ គឺនៅលើខ្លួនយើង។ ខ្ញុំគិតថា អាជីពសិល្បៈ គឺបានតែពេលយើងនៅក្មេងទេ ពេលយើងចាស់ទៅ ប្រជែងមិនឈ្នះក្មេងទេ អីចឹងថ្ងៃក្រោយខ្ញុំចង់រកស៊ីអ្វីមួយក្រៅពីសិល្បៈ”៕

RELATED ARTICLES