Tuesday, February 25, 2025
Homeព័ត៌មានជាតិថែទាំខ្លួន ដើម្បីប្រព័ន្ធការពាររាងកាយរឹងមាំ

ថែទាំខ្លួន ដើម្បីប្រព័ន្ធការពាររាងកាយរឹងមាំ

អាកាសធាតុប្រែប្រួល បូករួមអារម្មណ៍តានតឹងពីការងារកាន់តែយ៉ាប់។ ដូច្នេះ គួរជំរុញប្រព័ន្ធការពារឱ្យរឹងមាំដោយ ៖

-គេងឱ្យគ្រប់គ្រាន់ ៖ ព្រោះមានលទ្ធផលស្រាវជ្រាវបង្ហាញថា អ្នកដែលគេងលក់មិនគ្រប់គ្រាន់ជាប់ៗគ្នា៣ថ្ងៃ រាងកាយនឹងទន់ខ្សោយ មានឱកាសងាយឆ្លងមេរោគ បាក់តេរី និងវីរុសបាន ខណៈដែលអ្នកគេងលក់ប្រមាណ ៧-៨ម៉ោង មានអាយុវែងជាង។ មូលហេតុ ដោយសារការគេងលក់ពេលយប់ អាចជួយជំរុញឱ្យប្រព័ន្ធការពាររឹងមាំ។ សម្រាប់អ្នកដែលគេងក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ កុំបណ្តោយឱ្យសីតុណ្ហភាពក្នុងបន្ទប់ស្ងួតពេក ព្រោះអាចមានផលប៉ះពាល់មិនល្អចំពោះច្រមុះ និងជាលិកាក្នុងប្រព័ន្ធផ្លូវដង្ហើមបាន។

-ត្រាំជើងក្នុងទឹកក្តៅឧណ្ហៗ ៖ វិធីនេះ អាចជួយការពារការឈឺថ្កាត់បាន ព្រោះជាការដាស់ប្រព័ន្ធការពាររាងកាយ ដោយត្រាំចាប់ពីកជើង ចុះទៅក្នុងទឹក សីតុណ្ហភាព ៣៥-៤០អង្សារសេ ប្រមាណ១០នាទី។ បន្ទាប់មក ជូតជើងឱ្យស្ងួត រួចរុំដោយក្រណាត់ស្អាត ទុកឱ្យសីតុណ្ហភាពត្រជាក់សឹមលាបឡេបំប៉នស្បែក។

-គិតវិជ្ជមាន ៖ ភាគច្រើនអ្នកដែលមានសេចក្តីសុខ រមែងមិនសូវឈឺប៉ុន្មានទេ ព្រោះការគិតតែផ្លូវល្អ អាចជួយជំរុញខួរក្បាលផ្នែកខាងឆ្វេងឱ្យធ្វើការ ដែលខួរក្បាលផ្នែកឆ្វេងនេះ អាចជួយបង្កើតសារធាតុប្រឆាំងរ៉ាឌីកាល់សេរីបាន។

-អង្គុយសមាធិ ៖ ការធ្វើសមាធិប្រមាណ ៣០នាទី ជួយឱ្យការធ្វើការរបស់ខួរក្បាល និងប្រព័ន្ធការពាររាងកាយរឹងមាំ។

-ដើរ ៖ ការដើរលេងរាល់ថ្ងៃ ក្នុងកន្លែងដែលមានខ្យល់អាកាសបរិសុទ្ធ អាចជួយធ្វើឱ្យសរសៃឈាមយឺតយារ ទើបរាងកាយសម្រួលជាមួយសីតុណ្ហភាព ដែលប្រែប្រួលបានល្អ។

-ទទួលទានទឹកស្អាតយ៉ាងតិច៨កែវ ៖ ដើម្បីបង្កើនសំណើមដល់ជាលិកាស្បែកក្នុងបំពង់ផ្លូវដង្ហើមផ្នែកលើ និងជួយការពារ ព្រមទាំងស្ទាក់ចាប់ល្អងធូលី ឬមេរោគដែលចូលរាងកាយ។

-ហាត់ប្រាណជាប្រចាំ ៖ ក្រៅពីជួយឱ្យសាច់ដុំរឹងមាំហើយ នៅជួយបញ្ចោញកាកសំណល់តាមរយៈ ញើស និងបង្កើនបរិមាណការធ្វើរំហូររបស់ឈាម ធ្វើឱ្យកោសិកាផ្សេងៗ ក្នុងប្រព័ន្ធការពាររាងកាយ និងគ្រាប់ឈាមស ធ្វើដំណើរទៅបំផ្លាញមេរោគផ្សេងៗបានកាន់តែរហ័ស។

-ទទួលទានអាហារដែលល្អចំពោះសុខភាព ដើម្បីឱ្យរាងកាយមានប្រព័ន្ធការពាររឹងមាំ ៖

  • សណ្តែកប្រភេទផ្សេងៗ
  • យ៉ាអួ និងទឹកដោះគោជូរ ប្រភេទប្រូបាយអូទីក។ គួរទទួលទានយ៉ាអួមួយថ្ងៃ ២០០ក្រ អាចជួយជំរុញប្រព័ន្ធការពាររាងកាយឱ្យធ្វើការបានល្អ។
  • វីតាមីន C មានក្នុងផ្លែឈើដូចជា ត្របែក ស្វាយ ល្ហុង និងត្រសក់ស្រូវ។ ចំណែកក្នុងបន្លែមានដូចជា ខាត់ណា ស្ពៃក្តោប ផ្កាខាត់ណា និងម្ទេស។
  • វីតាមីន A ដែលមានក្នុងស៊ុត ទឹកដោះគោ ថ្លើម និងគ្រឿងក្នុងសត្វ ឬបន្លែដូចជា ជីររណារ ស្លឹកបាស ល្ពៅ និងដំឡូងបារាំង។
  • វីតាមីន E ៖ មានក្នុងសាច់សត្វ ស៊ុត ទឹកដោះគោ ប៊រ័ សាលាដ សណ្តែក ស្ពៃ ការ៉ុត ប៉េងប៉ោះ ប្រេងរុក្ខជាតិ ប្រេងល្ង។

  • ធាតុស័ង្កសី ៖ ជាសារធាតុអាហារសំខាន់ ក្នុងការផលិតកោសិកាគ្រាប់ឈាមស។ មានក្នុងសាច់សត្វ ថ្លើម អាហារសមុទ្រ ជាពិសេសគ្រំអយស្ទ័រ។
  • បេតាខារ៉ូទីន ៖ មានច្រើនក្នុងបន្លែពណ៌បៃតង និងផ្លែឈើដែលមានពណ៌លឿង ឬពណ៌ទឹកក្រូចដូចជា ត្រកួន ល្ពៅ ល្ហុង ស្វាយទុំ ប៉េងប៉ោះ។
  • វីតាមីន B ៖ មានក្នុងបន្លែពណ៌បៃតង ទឹកដោះគោ សាច់សត្វ សណ្តែក ថ្លើម ស៊ុត និងអង្ករសំរូប។
  • ខ្ទឹមស ៖ ជួយប្រឆាំងមេរោគ បាក់តេរី វីរុស និងមេរោគផ្សិត។
  • យិនស៊ិនកូរ៉េ ៖ សម្រួលសុខភាពរាងកាយ ឱ្យមានតុល្យភាព។
  • រំដេង ៖ ជួយទប់ស្កាត់វីរុសដែលធ្វើឱ្យកើតជំងឺផ្តាសាយ។
  • ស៊ុបមាន់ ៖ បង្កើនបរិមាណកោសិកាឈាមស បានយ៉ាងល្អ។
  • ផ្សិត ៖ បង្កើនប្រសិទ្ធភាព និងការផលិតកោសិកាគ្រាប់ឈាមស។
  • ត្រី និងសត្វដែលមានស្នូកដូចជាខ្យងឬក្តាម ៖ ជួយបង្កើនកោសិកាប្រព័ន្ធការពារដែលជួយកម្ចាត់វីរុសផ្តាសាយ៕

RELATED ARTICLES