ដោយសារការយល់ថា “អាចម៍ត្រចៀក Ear Wax” គឺជាវត្ថុកខ្វក់ ធ្វើឱ្យមនុស្ស ភាគច្រើននិយមត្បារត្រចៀក ដើម្បីយកវត្ថុកខ្វក់នោះចេញ។ នេះជាកត្តាសំខាន់ ដែល ធ្វើឱ្យកើតជំងឺក្នុងត្រចៀកដូចជា រលាកក្រដាសត្រចៀក អំបៅអំបែក ស្ទះរន្ធត្រចៀក ឬអាចធ្ងន់ធ្ងរបំផ្លាញដល់ប្រព័ន្ធស្តាប់សំឡេង ដូចជា ត្រចៀកធ្ងន់ ឬថ្លង់តែម្តងក៏មាន ដែលតាមពិតទៅ អាចម៍ត្រចៀក ក៏មានប្រយោជន៍ចំពោះរាងកាយខ្លះដែរ។
១-អាចម៍ត្រចៀកកើតពីអ្វី ?
កើតពីការរួមផ្តុំគ្នានៃសារធាតុ ដែលបញ្ចោញពីក្រពេញត្រចៀក និងក្រពេញខ្លាញ់ ឋិតនៅក្នុងត្រចៀកផ្នែកក្រៅ ដើម្បីផ្តល់សំណើមដល់រន្ធត្រចៀក ការពារការឆ្លងរោគ និងសត្វល្អិត មិនឱ្យចូលទៅក្នុងត្រចៀក។ លក្ខណៈ និងបរិមាណអាចម៍ត្រចៀកម្នាក់ៗ មិនដូចគ្នាទេ។
តាមធម្មតា អាចម៍ត្រចៀកនឹងត្រូវបានរុញច្រានឱ្យចេញមកក្រៅ មួយថ្ងៃបន្តិចៗ ដោយការរំកិលខ្លួន ចេញក្រៅរបស់កោសិកា ដែលគ្របដណ្តប់ត្រចៀកផ្នែកក្រៅ ទើបមិនចាំបាច់ត្រូវប្រើវិធីត្បារ ឬឆ្កឹះ ឬលាងសម្អាតត្រចៀកនោះទេ។ អាចម៍ត្រចៀក មានធាតុផ្សំ ៣យ៉ាង ធ្វើឱ្យមានពណ៌ផ្សេងគ្នា ដូចជា លឿងទុំ ត្នោត ឬខ្មៅ គឺ ៖
-ផ្នែកកោសិកាស្បែក ក្នុងរន្ធត្រចៀកដែលសឹករេចរឹលហើយ ធ្វើឱ្យអាចម៍ត្រចៀកមានធាតុផ្សំសំខាន់ជាប្រូតេអ៊ីនស្អិត ខេរ៉ាទីន (Keratin) ផ្នែក នេះអាចជក់ទឹកបាន។
-ផ្នែកខ្លាញ់ពីក្រពេញខ្លាញ់ក្នុងរន្ធត្រចៀកផ្នែក នេះ នឹងមិនជក់ទឹកទេ។
-ផ្នែកក្រមួន (Wax) ពីក្រពេញញើសដែលមាន តួនាទីពិសេសក្នុងការផលិតអាចម៍ត្រចៀកផ្នែកនេះ មិនជ្រាបទឹក។
ក្រៅពីនេះ គេបែងចែកអាចម៍ត្រចៀកជា ២ប្រភេទគឺ អាចម៍ត្រចៀកស្ងួត (Dry) និងអាចម៍ត្រចៀកសើម (Wet ) ដោយតំណពូជ អាចម៍ត្រចៀកសើម មានលក្ខណៈខ្លាំង (Dominant) ចំណែកតំណពូជអាចម៍ត្រចៀកស្ងួត ជាលក្ខណៈខ្សោយ (Recessive)។ ដូច្នេះ ពិភពលោកនេះបែងចែកជា ២ផ្នែក តាមលក្ខណៈរបស់អាចម៍ ត្រចៀកគឺ ជនជាតិអាស៊ី និងឥណ្ឌាក្រហម នៅអាមេរិក ជាពួកដែលមានអាចម៍ត្រចៀកសើម។ ចំណែកពួកអឺរ៉ុប និងពួកអាហ្វ្រិក ជាពិសេសពួកស្បែកខ្មៅនៅអាមេរិក មានអាចម៍ត្រចៀកស្ងួត។
២-ត្បារត្រចៀកញឹកញាប់ ធ្វើឱ្យមានគ្រោះថ្នាក់អ្វីខ្លះ ?
នៅប្រទេសអាមេរិក មានប្រជាជនប្រមាណ ៣០៥ លាននាក់ ដែលមានបញ្ហាស្ទះរន្ធត្រចៀក រហូតដល់ទ្រាំមិនបាន ត្រូវទៅរកគ្រូពេទ្យមួយឆ្នាំ ១២លាននាក់ គិតជាភាគរយស្មើនឹង ៤% ក្នុងមួយឆ្នាំ។ ការស្ទះរន្ធត្រចៀក មូលហេតុភាគច្រើនបណ្តាលមកពីការត្បារត្រចៀក ដោយប្រើសំឡីត្បារ ( Cotton Bud ) ញឹកញាប់ ព្រោះមនុស្សភាគច្រើន ស៊ាំនឹងការសម្អាតរន្ធត្រចៀក ដោយប្រើ សំឡីត្បារ និងតែងតែគិតថា ជាការសម្អាតរន្ធត្រចៀក ដោយវិធីត្រឹមត្រូវ។
តាមពិតអាចម៍ត្រចៀកដែលជាប់មកជាមួយនឹងសំឡីត្បារនោះ គ្រាន់តែជាផ្នែកតូចមួយប៉ុណ្ណោះ។ ប៉ុន្តែនៅមានអាចម៍ត្រចៀកចំនួនច្រើនទៀត ត្រូវសំឡី នោះរុញចូលទៅក្នុងថែមទៀត ដែលតាមធម្មជាតិអាចម៍ច្រចៀក ប្រឹងបញ្ចោញមកក្រៅ។ ទង្វើបែបនេះ យូរៗទៅអាចម៍ត្រចៀក មានភាពរឹង និងស្ទះនៅខាងក្នុង។
ចំពោះអាការរបស់អ្នកដែលស្ទះរន្ធត្រចៀក គឺរមាស់ឈឺធ្ងន់ក្បាល និងឮសំឡេងហ៊ឹង ក្នុងត្រចៀកអាចមានអាការក្អក។ ការស្ទះរន្ធត្រចៀកនាំឱ្យប្រឈមការឆ្លងមេរោគ ឬអាចធ្ងន់ធ្ងរ ដល់ថ្នាក់កើតអំបៅអំបែក និងប៉ះពាល់ដល់ការទទួលសំឡេងរបស់ត្រចៀក។
ក្រៅពីនេះ អ្នកដែលប្រើឧបករណ៍ការពារសំឡេងខ្លាំង អ្នកដែលមានរន្ធត្រចៀកកោងខុសប្រក្រតី អ្នកមានវ័យចំណាស់ អ្នកដែលមានភាពខុសប្រក្រតីផ្លូវចិត្ត និងអ្នកដែលមានបញ្ហាខួរឆ្អឹងខ្នង ងាយនឹងស្ទះរន្ធត្រចៀកជាងមនុស្សធម្មតា។
៣-វិធីព្យាបាល ៖
ការព្យាបាលស្ទះរន្ធត្រចៀក គ្រូពេទ្យប្រើថ្នាំរំលាយអាចម៍ត្រចៀក (Ceruminolytic Agents) ដើម្បីជួយឱ្យអាចម៍ត្រចៀកទន់ជាងមុន និងងាយស្រួលកម្ចាត់។
ចំពោះករណីដែលពុំមានបញ្ហាធ្លុះក្រដាសត្រចៀក ឬរលាកឆ្លងមេរោគពីមុនមក ដូចជា ពុំមានជំងឺរលាកត្រចៀកផ្នែកកណ្តាល រហូតដល់ធ្លុះក្រដាសត្រចៀក ខ្ទុះហូរចេញមកតាមរន្ធត្រចៀក៘ ការប្រើប្រេងអូលីវ ក៏អាចជួយបានដែរ ដោយការបន្តក់ ២-៣ តំណក់ចូលត្រចៀកមុនគេង អាចម៍ត្រចៀក នឹងទន់ជាងមុន ក្នុងរយៈពេល ១សប្តាហ៍។
វិធីបន្តក់គឺ គួរគេងផ្អៀងឱ្យត្រចៀកដែលស្ទះនៅខាងលើ បន្តក់ប្រេងអូលីវ ២-៣ តំណក់ រួចនៅគេងផ្អៀងបែបនោះយ៉ាងហោច ៥នាទី មុននឹងប្តូរឥរិយាបថ ឬអាចរំលាយសូដ្យូមប៊ីការបូណាត (Sodium Bicarbonate) ឬមេម្សៅដែលប្រើធ្វើនំប៉័ង (Baking Soda) ៥% (ម្សៅឡើង ៥ក្រាម ឬស្មើនឹង ១ស្លាបព្រាកាហ្វេ លាយទឹកស្អាត ១០០ មិល្លីលីត្រ )។ វិធីបន្តក់ដូចគ្នា ប៉ុន្តែត្រូវបន្តក់មួយថ្ងៃ ៣ដង រយៈពេល ២សប្តាហ៍ នឹងអាចធ្វើឱ្យអាចម៍ត្រចៀកទន់បាន។
បើចង់ការពារមិនឱ្យស្ទះរន្ធត្រចៀក អ្នកមិនគួរប្រើឈើរុំសំឡី ឬ សំឡីត្បារត្រចៀកទេ។ បើចាំបាច់ ក៏មិនគួរត្បារត្រចៀកញឹកញាប់ដែរ គួរប្រយ័ត្នកុំឱ្យទឹកចូលត្រចៀក ព្រោះភ្នាសក្នុងត្រចៀកមានសភាពស្តើង បើត្រូវទឹក អាចនាំឱ្យមានអាការរមាស់រន្ធត្រចៀក។ ជាពិសេសអ្នក ដែលធ្លាប់មានប្រវត្តិព្យាបាលស្ទះរន្ធត្រចៀក ងាយនឹងកើត អាល់លែរហ្ស៊ី និងរមាស់រន្ធត្រចៀក។ ព្រោះនៅពេលទឹកចូលត្រចៀក អាច ទ្រាំមិនបានប្រើសំឡីត្បារ និងមិនអាចឈប់ប្រើបាន រហូតក្លាយ ជាទម្លាប់ញៀនត្បារត្រចៀកដែលត្រូវធ្វើជាប្រចាំ។
“ស្ទះរន្ធត្រចៀក” អាចធ្ងន់ធ្ងរប្រសិនបើមានវិធីសម្អាត មិនត្រឹមត្រូវ ព្រោះធម្មជាតិរបស់ត្រចៀក រមែងមានវិធីកម្ចាត់ដោយខ្លួនឯង៕