សុខភាពល្អឬមិនល្អ ក្រៅពីអាហារហើយ របៀបរស់នៅប្រចាំថ្ងៃ គឺជាកត្តាកំណត់។ ប្រសិនចង់រឹងមាំ មិនងាយឈឺថ្កាត់ ធ្វើអ្វីក៏រហ័សរហួនពេញមួយថ្ងៃ គួរសាកល្បងអនុវត្តវិធីខាងក្រោម ៖
-មិនបង្អត់អាហារពេលព្រឹក
ក្រោយពីខ្វះជាតិស្ករពេញមួយយប់ រាងកាយត្រូវការសារធាតុអាហារ និងជាតិស្ករពីអាហារពេលព្រឹក។ ប្រសិនបង្អត់ អាហារពេលព្រឹកទៀត ខួរក្បាលនឹងស្ពឹក បណ្តាលឱ្យការចងចាំចុះខ្សោយ ប្រព័ន្ធដុតរំលាយអាហារក៏ធ្វើការយឺតយ៉ាវដែរ។
-ទទួលទានផ្លែឈើច្រើនជាងនំ
បន្លែផ្លែឈើ ជាប្រភពរួមនៃវីតាមីន និងសារធាតុប្រឆាំង រ៉ាឌីកាល់សេរី ខណៈដែលនំផ្អែមស្ទើរតែគ្មានប្រយោជន៍អ្វី ក្រៅពីមានជាតិស្ករ និងខ្លាញ់ ដែលទៅប្រមូលផ្តុំក្នុងរាងកាយ ច្រើននាំឱ្យសុខភាពកាន់តែទន់ខ្សោយ ទាំងជំងឺឈឺក្បាល ជំងឺធាត់ ទឹកនោមផ្អែម នឹងវាយលុក ចូលរាងកាយមិនខាន។
-ផ្អាកអាហារកញ្ចប់
អាហារកញ្ចប់គ្រប់ប្រភេទ ជាចំណុចរួមនៃប៊ីចេង សារធាតុការពារខូច ស្ករ ម្សៅខាត់ស ដែលសុទ្ធតែអាចបំផ្លាញសុខភាពបានទាំងអស់។ អាចសង្កេតបានថា អ្នកដែលទទួលទានអាហារកញ្ចប់ជាប្រចាំ មិនសូវមានកម្លាំង ងាយផ្តាសាយ ស្បែកខ្មៅស្រអាប់មិនភ្លឺថ្លា ហើយអ្នកខ្លះទៀត ឈឺក្បាលមួយចំហៀង ដោយមិនដឹងមូលហេតុទៀតផង។
-ផ្អាកអាហារពេលយប់
នេះជាមូលហេតុអាស៊ីដហូរច្រាល់ ព្រោះក្រោយពីទទួលទានអាហារពេលយប់ហើយ ក៏ចូលគេងភ្លាម ខណៈដែលអាស៊ីដក្នុងក្រពះនៅធ្វើការ។ ការគេងផ្ងារ នឹងធ្វើឱ្យអាស៊ីដក្នុងក្រពះ ធ្លាក់មកដល់ ចុងដង្ហើម ជាមូលហេតុនៃអាការក្រហាយក្តៅកណ្តាលទ្រូង ដែលអាចជាមូលហេតុនៃមហារីកបំពង់អាហារ។ លើសពីនេះ នៅធ្វើឱ្យធាត់ទៀតផង ព្រោះមានខ្លាញ់ប្រមូលផ្តុំច្រើន។ ប្រសិនឃ្លានកណ្តាលអធ្រាត្រមុនចូលគេង គួរពិសាទឹកដោះគោ រសជាតិសាបក្តៅឧណ្ហៗមួយ កែវនោះ នឹងគេងលក់ស្រួល មិនឃ្លានទៀតឡើយ៕
-ហាត់ប្រាណជាប្រចាំ
អ្វីដែលទទួលបានក្រោយហាត់ប្រាណ គឺខ្លាញ់ថយចុះ បេះដូងលោតខ្លាំង ប្រព័ន្ធដុតរំលាយធ្វើការបានល្អ សារធាតុពុលផ្សេងៗក្នុងរាងកាយ នឹងត្រូវ បណ្តេញចេញមកជាមួយញើស ជាវិធីថែទាំសុខភាពដែលល្អបំផុត។
-ប៉ះកម្តៅថ្ងៃខ្លះ
ស្ត្រីជាច្រើនខ្លាចថា ប៉ះកម្តៅថ្ងៃហើយស្បែកខូច ប៉ុន្តែការពិតក្នុងកម្តៅ នាវេលាល្ងាចថ្ងៃស្រទន់ៗ នាពេលព្រឹកនិងពេលល្ងាច មានវីតាមីន D។ ប្រសិនចេញមកដើរលេងក្រោមកម្តៅថ្ងៃរាល់ថ្ងៃ ប្រព័ន្ធប្រសាទនឹងរឹងមាំ ថែមទាំង ជួយឱ្យអារម្មណ៍ល្អ មិនងាយកើតជំងឺធ្លាក់ទឹកចិត្តទៀតផង។
-ប្រើសរសៃអំបោះខាត់ធ្មេញ
តាមការស្រាវជ្រាវបង្ហាញថា ការប្រើសរសៃអំបោះខាត់ធ្មេញជាប្រចាំ នឹងជួយបន្ថយឱកាសកើតជំងឺបេះដូង និងជំងឺពោះវៀន។ ចំណែក អ្នកមិនប្រើឱកាសដែលមានមេរោគបាក់តេរី នឹងធ្លាក់ចូលផ្លូវអាហារអាចកើតឡើងបានគ្រប់ពេលវេលា ដែលធ្វើឱ្យកើតមានអាការពុលអាហារច្រើនជាងអ្នកដទៃ។
-ពិសាទឹកមួយថ្ងៃ៨កែវ
ទឹកមានតួនាទីជញ្ជូនសារធាតុអាហារទៅសព្វរាងកាយ លាងជម្រះកាកសំណល់តាមរយៈញើសនិងទឹកនោម។ ត្រូវដឹងថា ក្នុងរាងកាយមានទឹកជាសារធាតុផ្សំរហូតដល់ ៧០% បើខ្វះទឹករាងកាយនឹងខ្វះតុល្យភាព។ ប្រសិន ពិសាទឹកតិចក្នុងរយៈពេលយូរ ក្រៅពីស្បែកខ្មៅស្រអាប់ហើយ ថែមទាំងខួរក្បាល ថ្លើម ផាល ប្រព័ន្ធលំហូរឈាម និង ប្រព័ន្ធដុតរំលាយ នឹងធ្វើការយ៉ាងច្របូកច្របល់ទៀតផង។
-ដកដង្ហើមវែងៗ
មានការស្រាវជ្រាវរកឃើញថា ប្រសិនបិទភ្នែកហើយដកដង្ហើមចេញចូលវែងៗជាប់គ្នារយៈពេល ១៥នាទី សម្ពាធឈាមនឹងថយចុះ បេះដូងនឹងលោតប្រក្រតី ភាពតានតឹងក្នុងខួរក្បាលនឹងថយចុះតាមនោះដែរ។
-ពិសាតែក្តៅជាប្រចាំ
អាហារដែលទទួលទានរាល់ថ្ងៃ តែងមានកូលេស្តេរ៉ូលខ្ពស់។ ប៉ុន្តែ តាមការ ស្រាវជ្រាវរកឃើញថា អ្នកដែលពិសាតែបៃតងក្តៅជាប្រចាំ នឹងថយចុះកូលេស្តេរ៉ូល ក្នុងឈាមបានដល់ ១១%។ ចំណែកខ្លាញ់ទ្រីគ្លីសឺរ៉ាយដ៍នឹងថយចុះ ២៩% ប្រសិនពិសាតែខ្មៅមិនដាក់ស្កររាល់ថ្ងៃជាប់ៗគ្នាបាន ៣ខែ៕