ប្រសិនហាត់ប្រាណយូរហើយ នៅតែមិនស្រកទម្ងន់ វាអាចមកពីទម្លាប់នៃការហាត់ប្រាណរបស់អ្នក។ គួរ សាកល្បងពិនិត្យមើលម្តងទៀត តើអ្នកហាត់ដូចម្តេច ៖
ក្នុងចន្លោះពេលហាត់ប្រាណគួរផឹកទឹកបន្តិច តែឱ្យបានច្រើនដង ដើម្បីបង្កើនប្រសិទ្ធភាពប្រព័ន្ធដុតបំផ្លាញថាមពល។ បើមិនផឹកទឹកទេ នឹងមានអារម្មណ៍ថា ឆាប់ហត់ ហាត់មិនបានប៉ុន្មានផង ស្រាប់តែទៅលែងរួច។
- សូណា មិនមែនជាវិធីសម្រកទម្ងន់ល្អឡើយ ព្រោះអ្វីដែលបានបាត់បង់ទៅ គឺគ្រាន់តែជាជាតិទឹក លើស្បែកប៉ុណ្ណោះ មិនមែនខ្លាញ់ឡើយ ហើយថែមទាំងធ្វើឱ្យស្បែកឆាប់ខូចជ្រីវជ្រួញទៀតផង។
- ខ្លាញ់នឹងត្រូវបំផ្លាញយ៉ាងរហ័ស បើអ្នកហាត់ប្រាណបានត្រឹមត្រូវ។ ហេតុនេះ ទើបកន្លែងហាត់ប្រាណជាច្រើន បានដាក់កញ្ចក់ឆ្ពុះ ដើម្បីឱ្យអ្នកហាត់ មើលចលនារបស់ខ្លួនឯងថា បានហាត់ត្រឹមត្រូវដែរទេ?
- ធ្លាប់ឆ្ងល់ទេថា មិត្តភក្តិហាត់បានតែមួយខែ ក៏ដឹងថា ស្រកទម្ងន់។ រីឯខ្លួនវិញហាត់ ៣-៤ ខែទៅហើយ នៅតែដដែល តែត្រូវដឹងថា សាច់ដុំរបស់មនុស្សម្នាក់ៗខុសគ្នា អ្នកខ្លះត្រូវការពេលយូរណាស់ សម្រាប់ហាត់ឱ្យតឹង។ ហេតុនេះ គួរប្តូរមកហាត់ជារបៀប បើរត់ត្រូវកំណត់ថា រត់ប៉ុន្មានជុំហើយសឹម ធ្វើឱ្យគ្រប់កំណត់។
- ការហាត់ប្រាណក្រោយបាយល្ងាចមួយម៉ោងកន្លះ ធ្វើឱ្យអ្នកមានកម្លាំងហាត់ប្រាណបែបខ្លាំងៗ។
- អុកស៊ីហ្សែន ដែលបានស្រូបចូលក្នុងឈាម សំខាន់ខ្លាំងណាស់ពេលហាត់ប្រាណ។ នៅពេលហាត់ ត្រូវដកដង្ហើមឱ្យបានស្មើ ដើម្បីនាំអុកស៊ីហ្សែនទៅជំរុញប្រព័ន្ធដុតបំផ្លាញថាមពលឱ្យធ្វើការបានយ៉ាង មានប្រសិទ្ធភាពឆាប់ស្រកទម្ងន់។
ម៉្យាងទៀត មុនពេលទៅហាត់ប្រាណ មិនត្រូវ ផឹកគ្រឿងស្រវឹងជាដាច់ខាត ព្រោះសម្ពាធឈាមអាចនឹងឡើងខ្ពស់ រហូតបណ្តាលឱ្យបែកសរសៃរឈាម អាចគាំងបេះដូង ឫដាច់សរសៃរឈាមខួរក្បាលបាន ៕