ពេលជិតប្រឡង សិស្សជាច្រើនរវល់ និងគ្មានពេលសម្រាប់ខ្លួនឯង និងសុខភាពទេ។ មានវិធីមួយចំនួន ដើម្បីជួយកាត់បន្ថយស្ត្រេស រក្សាសុខភាព តែជួយឱ្យការប្រឡងបានពិន្ទុខ្ពស់។
-លំហាត់ប្រាណ ៖
អ្នកប្រហែលជាគិតថា វាមិនជាអាទិភាពទេ នៅអំឡុងពេលប្រឡង ប៉ុនែ្តការប្រើពេលខ្លះសម្រាប់សកម្មភាព លំហាត់ប្រាណ ជាពិសេស នៅខាងក្រៅផ្ទះ ពិតជាអាចជួយបង្កើនស្មារតីចងចាំរបស់អ្នក និងសុខភាព ពេលកំពុងស្ត្រេសនេះបាន។
លំហាត់ប្រាណ ជួយបញ្ចោញអ័រម៉ូន ធ្វើឱ្យស្រស់ស្រាយ ដែលញ៉ាំងអារម្មណ៍ឱ្យប្រសើរឡើង និងជួយកាត់បន្ថយស្ត្រេស។ ការសិក្សាក៏បង្ហាញដែរថា លំហាត់ប្រាណអាចជួយបង្កើត សមាធិ និងភាពរវៀសរវៃ។ ដូច្នេះ សូមកុំព្រួយបារម្ភខ្លាចខុសឆ្គង ដោយសារការសម្រាក ដើម្បីហាត់ប្រាណបន្តិចបន្តួច ដូចជាដើរស្រូបយកខ្យល់អាកាសខាងក្រៅ។
-ទទួលទានអាហារត្រឹមត្រូវ ៖
អង្គការនៅអង់គ្លេស ណែនាំឱ្យទទួលទានរបបអាហារដែលមានតុល្យភាព នៅអំឡុងពេលប្រឡង ដើម្បីរក្សាសុខភាព និងខួរក្បាលរបស់អ្នកឱ្យមានថាមពល និងការចងចាំល្អ។
បរិភោគអាហារសម្បូរជាតិដែក ដូចជា ផ្ទី ដើម្បីផ្តល់ឱ្យរាងកាយនូវថាមពលធម្មជាតិ និងអាហារសម្បូរកាបូអ៊ីដ្រាតដូចជា ដំឡូងជ្វា ដើម្បីជួយរក្សាកម្លាំងក្នុងពេលរំឭកមេរៀន និងការប្រឡង។ បរិភោគផ្លែឈើឱ្យបានច្រើន ជាពិសេស ផ្លែបឺររី ដើម្បីរក្សាសមាធិ និងអាហារសម្បូរខ្លាញ់អូមេហ្គា-៣ ដូចជា ត្រីសាលម៉ុន ដើម្បីរក្សាមុខងារខួរក្បាល ឱ្យដំណើរការល្អបំផុតក្នុងពេលប្រឡង។
-មានជាតិទឹកគ្រប់គ្រាន់ ៖
ភេសជ្ជៈប៉ូវកម្លាំងមើលទៅដូចជាចាំបាច់ ដើម្បីបង្កើនកម្លាំង ប៉ុន្តែ ជាតិស្ករ និងជាតិកាហ្វេអ៊ីន អាចធ្វើឱ្យចុះខ្សោយទាំងសុខភាព និងសមាធិ។ កំហិតកាហ្វេ និងតែ ហើយបែរមកផឹកទឹកឱ្យច្រើន។ ការសិក្សារកឃើញថា សិស្សដែលផឹកទឹកច្រើនមានពិន្ទុប្រឡងខ្ពស់។
-សម្រាកឱ្យទៀងទាត់ ៖
កុំចេះតែខំរំឭកមេរៀនដោយគិតថា អ្នកនឹងចេះចាំបានកាន់តែច្រើននោះ។ ជាក់ស្តែង ការសម្រាកបន្តិចនឹងជួយឱ្យដំណើរការខួរក្បាលរបស់អ្នក រៀបចំ និងចងចាំនូវអ្វីដែលទើបតែទន្ទេញ។
ត្រូវសម្រាកម្តងរៀងរាល់ ៤៥-៦០នាទី ហើយព្យាយាមធ្វើអារម្មណ៍ឱ្យស្រស់ស្រាយ ដូចជា អានសៀវភៅ ឬក្រោកដើរមួយស្របក់។ ការសម្រាកនឹងជួយឱ្យអ្នកចងចាំឡើងវិញ និងស្រស់ស្រាយ។
-ដេកឱ្យបានគ្រប់គ្រាន់ ៖
អ្នកប្រហែលជាគិតថា នឹងចេះបានកាន់តែច្រើន ដោយបន្តរៀនពេញមួយយប់មិនដេក។ ប៉ុន្តែ ការសិក្សាបង្ហាញថា ដេកបានគ្រប់គ្រាន់នឹងជួយបង្កើនការអនុវត្តន៍របស់អ្នក តាមរយៈបង្កើនការចងចាំ។ ដូច្នេះ បិទសៀវភៅ ហើយសម្រាក និងដេកឱ្យបាន៧ម៉ោងក្នុងមួយយប់ នឹងជួយឱ្យអារម្មណ៍ធូរស្បើយ ស្រស់ស្រាយ បង្កើនការចងចាំ។
-រក្សាស្មារតីយកចិត្តទុកដាក់
ត្រូវប្រុងប្រយ័ត្នខ្ពស់ គ្រប់សកម្មភាពវាអាចជួយបង្កើនសមាធិរបស់អ្នកពេលរំព្ញកមេរៀន។ អារម្មណ៍ស្មិងស្មាធនិងស្ងប់ អាចកាត់បន្ថយស្ត្រេស អំឡុងពេលកំពុងប្រឡងបាន៕