Saturday, November 30, 2024
Homeព័ត៌មានជាតិទឹករុក្ខជាតិជួយសម្រួលពោះវៀន

ទឹករុក្ខជាតិជួយសម្រួលពោះវៀន

បញ្ហាពាក់ព័ន្ធនឹងពោះវៀនមានច្រើនដូចជា ហើមពោះ អាហារមិនរំលាយ ទល់លាមក មិនស្រួលពោះ។ ប៉ុន្តែអាចបំបាត់អាការទាំងនេះបាន ដោយពិសាទឹកភេសជ្ជៈរុក្ខជាតិឱសថ ដើម្បីសម្រួលពោះវៀន។

-ទឹកអុបឆឺយ ៖

រោយម្សៅអុបឆឺយម៉ដ្ឋ ក្នុងទឹកក្តៅឧណ្ហៗ ឬដាក់ទាំងដុំចូលទៅតែម្តង រួចថែមទឹកឃ្មុំ ដើម្បីបង្កើនរសជាតិក៏បាននឹងបានទឹកភេសជ្ជៈរុក្ខជាតិឱសថ ដែលអាចជួយសម្រួលដល់ប្រព័ន្ធបញ្ចោញចោល បន្ថយអាការពោះវៀនធ្វើទុក្ខ សូម្បីតែអាការឆ្លងមេរោគក្នុងពោះវៀន ដែលធ្វើឱ្យរាករូស ក៏រម្ងាប់បានដែរ។

-ទឹកខ្ញី ៖

ហាន់មើមខ្ញីចាស់ជាបន្ទះៗ ដាក់ចូលទៅក្នុងទឹកក្តៅ ទុក ៥នាទី រួចពិសាក្រោយពេលបាយ នឹងជួយសម្រួលដល់ ប្រព័ន្ធរំលាយអាហារឱ្យធ្វើការបានល្អ បន្ថយអាការហើមពោះ ចង្អោររកកលចង់ក្អួត ឬបើពិសាមុនពេលគេង ភ្ញាក់ឡើងពេលព្រឹក ប្រព័ន្ធបញ្ចោញចោលនឹងធ្វើការបានល្អ ហើយប្រព័ន្ធការពាររាងកាយក៏ធ្វើការបានល្អដែរ ជួយមិនឱ្យងាយឆ្លងមេរោគ។

-ទឹកជីរអង្កាម ៖

ដាក់ស្លឹកជីរអង្កាម ៥-៦ សន្លឹក ទៅក្នុងទឹកក្តៅឧណ្ហៗឬទឹកតែប្រើស្លាបព្រាសង្កត់ ល្មមលិចឱ្យជាតិប្រេងជីរអង្កាមចេញមក រួចពិសាឱ្យអស់ នឹងជួយបន្ថយអាការអាហារមិនរំលាយ បន្ថយខ្យល់ក្នុងក្រពះ។ បើមានបញ្ហាពាក់ព័ន្ធនឹងប្រព័ន្ធទឹកប្រមាត់ ជីរអង្កាមក៏អាចជួយកែបញ្ហាបានដែរ។

-ទឹកក្រូចឆ្មារ ៖

ជួយដល់ការបញ្ចោញចោលពេលព្រឹក ភ្ញាក់ដឹងខ្លួន មិនបាច់ដុសធ្មេញ ប្រញាប់ពិសាទឹកក្តៅឧណ្ហៗ លាយទឹកក្រូចឆ្មារពាក់កណ្តាលផ្លែសិន មិនយូរប៉ុន្មានពោះវៀននឹងកន្ត្រាក់មិនខាន។ ថែមទាំង ជួយដល់ថ្លើម និងប្រឆាំងមេរោគវីរុសផង ពិសេសផ្តាសាយ ក៏អាចការពារបានដែរ។

-ទឹកឃ្មុំ ៖

រក្សាបាននូវប្រសិទ្ធភាពល្អ លុះត្រាតែកុំឆុងទឹកឃ្មុំក្នុងទឹកក្តៅខ្លាំង។ បើមិនដូច្នេះទេ ជាតិថ្នាំនឹងរំលាយទៅអស់។ យកល្អត្រូវលាយជាមួយនឹងទឹកធម្មតា ពិសាហើយប្រព័ន្ធរំលាយអាហារនឹងបានរឹងមាំ ថែមទាំងបំប៉នស្បែកឱ្យស្អាតភ្លឺថ្លាទៀតផង នេះជាចំណុចពិសេសរបស់ទឹកឃ្មុំ។

-ទឹកខ្មេះផ្លែប៉ោម (Apple Cider) ៖

ក្នុងទឹកខ្មេះផ្លែប៉ោម មានសារធាតុអាហារច្រើន ល្អចំពោះពោះវៀន។ គ្រាន់តែដាក់ចូលទៅក្នុងទឹកក្តៅឧណ្ហៗ ២ស្លាបព្រាបាយ ពិសារាល់ថ្ងៃ នឹងជួយឱ្យពោះវៀនស្អាត ជំរុញប្រព័ន្ធរំលាយអាហារ សម្រួលតុល្យភាពនៅក្នុងពោះវៀន និងជួយលាងជាតិពុលក្នុងចរន្តឈាម ទៀតផង។ ប៉ុន្តែ អ្នកដែលកើតជំងឺក្រពះ គួរចៀសវាង ទឹកខ្មេះផ្លែប៉ោម បើមិនដូច្នេះទេ ពោះវៀននឹងមានជាតិអាស៊ីដច្រើនពេក នាំឱ្យអាការកាន់តែយ៉ាប់យ៉ឺនថែមទៀត។

-ទឹកត្រសក់ ៖

លក្ខណៈពិសេសរបស់ត្រសក់ គឺមានគុណសម្បត្តិក្នុងការលាងសារធាតុពុលក្នុងពោះវៀន និងជំរុញដំណើរការរបស់ប្រព័ន្ធបញ្ចោញចោល បើមិនចូលចិត្តពិសាត្រសក់ស្រស់ អាចចិតជាបន្ទះៗ ដាក់ចូលទៅក្នុងទឹកក្តៅឧណ្ហៗ រួចពិសារាល់ថ្ងៃ នឹងធ្វើឱ្យពោះវៀនធូរស្រាលមិនខាន៕

RELATED ARTICLES