អាការសៀតពោះ ទល់លាមក រាករូស អាហារមិនរំលាយ ក្រហាយចុងដង្ហើម ដែលធ្លាប់កើតឡើងញឹកញាប់នេះ បណ្តាលមកឥរិយាបទចំនួនពីខ្លួនឯងផ្ទាល់តែម្តង ដែលបង្កបញ្ហាឱ្យប្រព័ន្ធរំលាយអាហារបង្កជាជំងឺ។
ពិសាកាកសរសៃអាហារតិច ៖
កាកសរសៃអាហារ ជួយឱ្យស្រួលបន្ទោបង់ និងជួយដល់បាក់តេរីប្រភេទល្អក្នុងពោះវៀន។ ជាទូទៅ រាងកាយគួរបានទទួលកាកសរសៃអាហារប្រមាណ ២០-៣០ក្រាម ក្នុងមួយថ្ងៃ។ ប៉ុន្តែ អ្នកដែលមានបញ្ហាទល់លាមក បើពិសាអាហារដែលមានកាកសរសៃច្រើន និងពិសាទឹកតិច នឹងកាន់តែធ្វើឱ្យទល់លាមកកាន់តែខ្លាំង។ ដូច្នេះ គួរពិសាទឹកឱ្យបានច្រើនផង។ ចំណែកអ្នកដែលពោះវៀនប្រែប្រួល បើពិសាអាហារដែលមានកាកសរសៃច្រើន អាចធ្វើឱ្យរាករូស ញឹកញាប់ទៅវិញក៏មាន។ ដូច្នេះ ត្រូវឧស្សាហ៍សង្កេតខ្លួនឯង និងពិសាអាហារដែលមានកាកសរសៃផង ប៉ុន្តែក្នុងបរិមាណដែលសមល្មម។
ពិសាបាយរួចគេងភ្លាម ៖
ធ្វើឱ្យកើតមានអាការអាស៊ីដហូរច្រាល់បានដោយងាយ ដូច្នេះគួរពិសាអាហារមុនពេលចូលគេង ៣ម៉ោង។ បើត្រូវធ្វើការវេនយប់ត្រឡប់មកផ្ទះយប់ជ្រៅ គួរពិសាអាហារឱ្យហើយមុននឹងធ្វើដំណើរត្រឡប់មកផ្ទះ ទើបជួយឱ្យគេងលក់ស្រួលជាងមុន។
ពិសាច្រើនហើយលឿន ៖
ធ្វើឱ្យអាហារនៅក្នុងក្រពះច្រើនពេក ងាយនឹងកើតបញ្ហាអាស៊ីដហូរច្រាល់។ ចំណែកអ្នកដែលក្រពះមិនសូវល្អ ងាយនឹងមានប្រតិកម្មពេលមានអ្វីមកជំរុញ។ បើពិសាច្រើន នឹងមានអារម្មណ៍ពិបាកក្នុងខ្លួន។ បើក្រពះធ្វើការយឺត នឹងរឹតតែយ៉ាប់ទៅទៀត។
ពិសាគ្រឿងស្រវឹង ៖
ទាំងគ្រឿងស្រវឹង និងពពួកទឹកក្រូចហ្គាស់ សុទ្ធតែជំរុញឱ្យក្រពះបញ្ចោញជាតិអាស៊ីដកាន់តែច្រើន បង្កើនបញ្ហាអាស៊ីដហូរច្រាល់ឡើង។ រីឯកាហ្វេ ក៏ធ្វើឱ្យសាច់ដុំបិទក្រពះរលាខ្លួន បណ្តាលឱ្យជាតិអាស៊ីដហូរច្រាលឡើងបានងាយដែរ ថែមទាំងជំរុញឱ្យនោមញឹកញាប់ផង នាំឱ្យរាងកាយខ្វះជាតិទឹក ត្រូវច្របាច់យកជាតិទឹកពីពោះវៀន បណ្តាលឱ្យលាមករឹង ពិបាកបន្ទោបង់។
ទប់លាមក ៖
គួរចូលបន្ទប់ទឹកភ្លាមៗ នៅពេលមានអារម្មណ៍ឈឺបន្ទោបង់។ បើមិនដូច្នេះទេ លាមកអាចនឹងស្ងួតហើយឡើងរឹងជាងមុន ដោយសារត្រូវពោះវៀនច្របាច់ យកជាតិទឹកចេញបង្កឱ្យទៅជាទល់លាមកមិនខាន។ ការសិក្សាបានឱ្យដឹងថា បើមានលាមកនៅសេសសល់ នៅបរិវេណទ្វារធំច្រើន នឹងបណ្តាលឱ្យប្រព័ន្ធរំលាយអាហារ ធ្វើការខុសប្រក្រតី ពោះវៀននឹងមិនច្របាច់ខ្លួនមិនកន្ត្រាក់ ទើបធ្វើឱ្យកាន់តែទល់លាមក។
លាងពោះវៀន ៖
បញ្ហាដែលជួបប្រទះគឺ ការប្រើសារធាតុលាងក្នុងពោះវៀន មិនសមស្រប ដូចជា ប្រើទឹកក្តៅខ្លាំងពេក ធ្វើឱ្យភ្នាសពោះវៀន មានរបួសរ៉ាំរ៉ៃ បណ្តាលឱ្យពោះវៀនស្អិតស្ទះ។ អ្នកខ្លះប្រើសារធាតុលាងច្រើនពេក រហូតដល់ពោះវៀនស៊ាំ និងមិនមានអារម្មណ៍ឈឺបន្ទោបង់ ទោះបីឈប់លាងពោះវៀនក្តី ព្រោះលាមកដែលរាងកាយបង្កើតបានក្នុងមួយថ្ងៃ មានបរិមាណតិចពេក មិនគ្រប់គ្រាន់នឹងជំរុញ ឱ្យពោះវៀនកន្ត្រាក់ខ្លួន នាំឱ្យមានបញ្ហាទល់លាមក និងត្រូវប្រើពេលយូរ ក្នុងការកែខៃ ឱ្យពោះវៀនត្រឡប់មកប្រក្រតី ឬជិតដូចដើមវិញ។
គេងយប់ជ្រៅ ៖
ក្នុងពេលគេងលក់ ប្រព័ន្ធផ្លូវរំលាយអាហារនឹងមានការរៀបចំ របៀប និងបោសសម្អាតជាតិកាកសំណល់ ដែលមានក្នុងមួយថ្ងៃកន្លងមក។ ដូច្នេះ បើអ្នកគេងយប់ជ្រៅ នឹងធ្វើឱ្យប្រព័ន្ធផ្សេងៗទាំងនេះ ធ្វើការមិនបានល្អ អាចបណ្តាលឱ្យអ្នកមានអារម្មណ៍មិនស្រួលក្នុងពោះ នៅថ្ងៃបន្ទាប់។
ការណែនាំ ៖
គួរពិនិត្យមើលការពិសាអាហារ ការបន្ទោបង់ និងការគេងសម្រាកឱ្យបានគ្រប់គ្រាន់។ ម៉្យាងទៀត អ្វីដែលមានផលល្អចំពោះគ្រប់ប្រព័ន្ធក្នុងរាងកាយ រួមទាំងប្រព័ន្ធរំលាយអាហារផងនោះគឺ ការហាត់ប្រាណ។ ដូច្នេះ គួរហាត់ប្រាណឱ្យ បានជាប់ជាប្រចាំ ដើម្បីគុណភាពជីវិតដ៏ប្រសើររបស់អ្នក៕