អាហារបង្កើនសេចក្តីសុខ និងបំប៉នសុខភាពកុមារ អាហារសម្រាប់កូនតូចៗដែលឪពុកម្តាយមិនគួរធ្វេសប្រហែស ក្រៅពីផ្តល់ទាំងប្រយោជន៍ឆ្ងាញ់ ត្រូវមាត់កូនហើយ នៅធ្វើឱ្យពួកគេមានអារម្មណ៍ល្អ មានសេចក្តីសុខ ពេលបានទទួលទានផងដែរ ដែលអាហារទាំងនោះមានដូចជា…
-ផ្លែប៉ោម ៖
ជាផ្លែឈើជួយឱ្យសុខភាពល្អ ទទួលទានបានគ្រប់ភេទគ្រប់វ័យ មានវីតាមីន C ខ្ពស់ មានកាកសរសៃ ជួយប្រព័ន្ធបន្ទោរបង់ឱ្យធ្វើការធម្មតា អាចទទួលទាន រួមជាមួយយ៉ាអួ ដែលជាអាហារខ្លាញ់ទាប ជួយឱ្យស្រស់ស្រាយ។
-នំពុម្ពធញ្ញជាតិ ៖
កុមារភាគច្រើនចូលចិត្តនំពុម្ព តែប្រសិនលាយធញ្ញជាតិ ចូលទៅ ឬប៊័រសណ្តែក នឹងធ្វើឱ្យនំពុម្ពមានគុណប្រយោជន៍ច្រើនឡើងទ្វេដង ព្រោះវីតាមីន B6, B12 និងវីតាមីន A ថែមទាំងមានធាតុដែកខ្ពស់ ជាអាហារសម្រន់ទទួលទានបានគ្រប់រដូរវកាល។
-នំស្រួយអង្ករអាវ័ន ៖
ជាអាហារសម្រន់ខ្លាញ់ទាប រសជាតិល្អ មានធាតុផ្សំនៃទឹកដោះគោ ដែលមានប្រយោជន៍សម្រាប់កុមារៗ។ អ្នកម្តាយ អាចបន្ថែមទំពាំងបាយជូរក្រៀម ក្រែនបឺររី ផ្លែអែបព្រឺខត (Apricot) ឬសណ្តែកបាយ ដើម្បីបង្កើនគុណប្រយោជន៍ផ្នែកអាហារបន្ថែមទៀតបាន។
-ឈីសខ្លាញ់ទាប ៖
ឈីសរួមបផ្សំទៅដោយប្រូតេអ៊ីនក្នុងទឹកដោះគោ ដែលជាអាហារសម្រាប់កុមារៗ ជួយផ្តល់ថាមពលខ្ពស់ មានរសជាតិដែលកុមារចូលចិត្ត។ ពេលទទួលទានរួមជាមួយផ្លែឈើ ធ្វើឱ្យកុមារញ៉ាំបានច្រើន ដោយមិនពិបាក និង សប្បាយរីករាយដោយការកាត់ឈីសឱ្យចេញជាទម្រង់ផ្សេងៗដែរ។
-ទឹកផ្លែឈើក្រឡុក ៖
សម្បូរសារធាតុអាហារ ដែលមានប្រយោជន៍សម្រាប់កុមារៗ ទាំងមានរសជាតិផ្អែមឈ្ងុយ ដែលមនុស្សគ្រប់គ្នាចូលចិត្ត។ ឯធាតុផ្សំភាគច្រើន គឺទឹកផ្លែឈើ១០០% និងយ៉ាអួ។ ដោយគ្រាន់តែជ្រើសផ្លែឈើស្រស់ក្លាស្សេត្រជាក់ ២-៣ ប្រភេទ កិនរួមបញ្ចូលគ្នា នឹងបានជាទឹកផ្លែឈើត្រូវចិត្តពួកគេ។
-យ៉ាអួ ៖
ដោតឈើក្នុងយ៉ាអួ ហើយយកទៅក្លាស្សេឱ្យត្រជាក់រហូតកកក្លាយជាការ៉េម ក៏ជាអាហារសម្រន់មួយដែរ ដែលកុមារៗចូលចិត្ត ហើយសម្បូរដោយកាល់ស្យូម វីតាមីន គុណប្រយោជន៍ផ្នែកអាហារខ្ពស់ ថែមទាំងខ្លាញ់ទាប។
-ស្ត្រវបឺររី ៖
ជាផ្លែឈើត្រកូលបឺររីដែលផ្តល់ទាំងភាពស្រស់ស្រាយ និងផ្អែមលាយជូរ។ ពេលក្លាស្សេត្រជាក់ ហាន់ជាចំណិតស្តើងៗ ធ្វើឱ្យក្លាយជាអាហារសម្រន់សម្រាប់កុមារដែលផ្តល់ប្រយោជន៍ច្រើនមានទាំងវីតាមីន C ជួយបង្ការផ្តាសាយបាន។
-សាច់ប៉ាតេខ្លាញ់ទាប ៖
មានរសជាតិដូចគ្នានឹងសាច់ប៉ាតេធម្មតា តែជួយទ្រទ្រង់សុខភាពជាប្រភពប្រូតេអីុន និងយកមកធ្វើជាអាហារបានច្រើនប្រភេទ។
-មីឬប៉ាស្តា ៖
ជាប្រភពការបូអ៊ីដ្រាតដែលក្មេងៗចូលចិត្ត។ យកមកចម្អិនអាហារបានច្រើនប្រភេទ ទាំងស្ងោរ ធ្វើស៊ុប ស្រុស និងឆា ដោយចម្អិនផ្សំជាមួយបន្លែ និងសាច់សត្វ ដើម្បីបង្កើនគុណប្រយោជន៍ផ្នែកអាហារ។
-ស៊ុត ៖
ជាប្រភពប្រូតេអ៊ីន អាចប្តូរពីអាហារចម្បងមកជាអាហារសម្រន់ ឬទទួលទានជាអាហារព្រឹក ក៏មានប្រយោជន៍ចំពោះរាងកាយដែរ ៕