សុភាសិតខ្មែរថា “ធ្ងន់នូវថ្ម ក្រនូវក្តី” បានជ្រួតជ្រាបជាទូទៅក្នុងមជ្ឈដ្ឋានប្រជាពលរដ្ឋខ្មែរ ឱ្យខ្លាចរឿងក្តីក្តាំ ប្តឹងផ្តល់ ដែលគ្មានចំណេញអ្វីក្រៅពីមើលមុខគ្នាមិនត្រង់ និងបង់ខាតទ្រព្យសម្បត្តិ។ ការប្តឹងផ្តល់ឡើងតុលាការ នាំឱ្យកូនក្តីទាំងសងខាងបង់ខាតដូចគ្នា ចំណែកការប្តឹងផ្តល់រវាងបក្សកាន់អំណាច និងបក្សប្រឆាំង ទៅ គ.ជ.ប សុំឱ្យរាប់សន្លឹកឆ្នោតឡើងវិញនោះ ក៏ឃើញថា “ចាញ់ឈ្នះម្តងម្នាក់” ឬ “ខាតបង់ទាំងសងខាង” ដែល “នគរធំ” មើលឃើញចន្លោះប្រហោងមិនសូវបានផល ក៏លើករឿងក្តីក្តាំ មកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។
គ្រាន់តែការបោះឆ្នោតជ្រើសក្រុមប្រឹក្សាឃុំ-សង្កាត់ បានបញ្ចប់ដោយចេញលទ្ធផលបណ្តោះអាសន្នថា សំឡេងឆ្នោត មានភាពប្រកៀកប្រកិត ចាញ់ឈ្នះគ្នាជាង៦%មក ស្រាប់តែមានពាក្យបណ្តឹងចេញពីបក្សកាន់អំណាច និងបក្សប្រឆាំងសុំឱ្យរាប់សន្លឹកឆ្នោតឡើងវិញ នៅឃុំ-សង្កាត់មួយចំនួន ដែលភាគីទាំងពីរមើលឃើញពីភាពមិនប្រក្រតី ក៏កើតទុក្ខមិនសុខចិត្ត ចង់ឃើញតម្លាភាព និងយុត្តិធម៌។ ពាក្យបណ្តឹងទាំងនោះ បានដោះស្រាយជាបណ្តើរៗ នៅទីស្នាក់ការរៀបចំការបោះឆ្នោតខេត្ត (PEC) ដូចជាករណីឃុំព្រៃផ្តៅ ខេត្តតាកែវ មានការប្តឹងផ្តល់ពីគណបក្សសង្គ្រោះជាតិ លុះមានការរាប់សន្លឹកឆ្នោតឡើងវិញ លទ្ធផលក៏ប្រែប្រួល បែរជាបក្សកាន់អំណាចចាញ់វិញ។ ចំណែកការរាប់សន្លឹកឆ្នោតឡើងវិញ នៅខេត្តបាត់ដំបង ក៏បក្ស ប្រឆាំងឈ្នះវិញដូចគ្នា ដែលលទ្ធផលដំបូងចេញពីឃុំថា បក្សកាន់អំណាចនាំមុខ។ ថ្មីៗនេះទៀត គ.ជ.ប បានរៀបចំការរាប់សន្លឹកឆ្នោតឡើងវិញ នៅឃុំដូង ខេត្តស្វាយរៀង តាមការប្តឹងផ្តល់របស់បក្សកាន់អំណាច លទ្ធផលបង្ហាញថា បក្សប្រឆាំង ដែលឈ្នះ ក្លាយទៅជាចាញ់វិញ។ អីុចឹងនៅសល់ពាក្យបណ្តឹងរាប់សិបករណីទៀតនោះ បើសិនជាមានការរាប់សន្លឹកឆ្នោតឡើងវិញ គឺចៀសមិនផុតពី “ចាញ់ឈ្នះម្តងម្នាក់” ចៀសមិនរួចទេ ដែលសកម្មភាពរបស់ គ.ជ.ប ឬអាជ្ញាកណ្តាល ត្រូវអ្នកតាមដានមើលឃើញថា “គ្រាន់តែជាការសម្របសម្រួលផ្សះផ្សា” ប៉ុណ្ណោះ ពុំមែនជាការកាត់ក្តីដូចតុលាការនោះទេ។
នៅក្នុងតៀមកាហ្វេមួយកន្លែង ក្បែរផ្សារស្ទឹងមានជ័យថ្មី មានបុរសសក់ល្បាយអាចម៍ខ្លា បួនប្រាំនាក់ ជជែកគ្នាពីរឿងរកស៊ីតាមសម្មាអាជីវោ លុះពួកគាត់ស្រវឹងទឹកតែ ក៏ចេញរឿងនយោបាយ និងករណី គ.ជ.ប រាប់សន្លឹកឆ្នោតឡើងវិញ។ តាម្នាក់និយាយថា “គ.ជ.ប មិនធ្វើដូចតុលាការទេ ព្រោះតុលាការសំអាងលើភ័ស្តុតាងគ្រប់គ្រាន់ សម្រាប់ដាក់បន្ទុក តែ គ.ជ.ប គ្រាន់តែផ្សះផ្សាឱ្យឈ្នះម្តងម្នាក់ហ្នឹង”។ បុរសម្នាក់ទៀតបានចាក់បណ្តោយថា “ល្បងឯងនិយាយត្រូវ ! គ.ជ.ប ចង់ឱ្យខាងណាឈ្នះក៏បានដែរ ដោយមានលេសសន្លឹកឆ្នោតមិនបានការ ឬបានការ មិនពិបាកអារកាត់ទេ ក៏ឱ្យឈ្នះគ្នាពីរបីសំឡេង អីុចឹងទៅ ទោះជារាប់សន្លឹកឆ្នោតឡើងវិញ ១០០ឃុំទៀត ក៏នៅតែឈ្នះចាញ់ម្តងម្នាក់ហ្នឹង!”។ អ្នកព្រោកប្រាជ្ញទាំងនោះ យើងមិនអាចស្គាល់និន្នាការបានទេ ព្រោះពួកគាត់និយាយស្របគ្នាថា “គ.ជ.ប គ្រាន់តែផ្សះផ្សាឱ្យឈ្នះម្តងម្នាក់” ដែល “នគរធំ” ក៏មានទស្សនៈបែបនេះដែរ ហើយក៏សូមលើករឿងព្រេងខ្មែរ មកធ្វើទឡ្ហីករណ៍ឱ្យងាយយល់ ៖
នៅក្នុងរឿង “ភេពីររកស៊ីចូលគ្នា” វណ្ណកម្ម “គតិលោក” របស់អ្នកឧកញ៉ាសុត្តន្តប្រីជាឥន្ទ បានតំណាលពីសត្វភេ២ក្បាល រស់នៅក្នុងបឹងជាមួយគ្នា។ សម័យថ្ងៃមួយ ភេទាំងពីរនោះ ពួតកម្លាំងគ្នាចាប់បានត្រីរ៉ស់១ក្បាល ក៏ដណ្តើមគ្នា ដោយភេមួយ និយាយថា “យើងមុជខាងទឹកជ្រៅ នឿយលំបាកណាស់ ដូច្នេះយើងត្រូវបានចំណែកខាងក្បាលត្រី”។ ភេមួយទៀត តវ៉ាថា “ត្រីនេះបើកុំតែបានយើងស្ទាក់នៅកន្លែងទឹករាក់ ក៏ចាប់មិនបានដែរ ដូច្នេះចំណែកខាងក្បាល ត្រូវបានយើង”។ សត្វទាំងពីរជជែកគ្នាមិនដាច់ស្រេច ក៏ពាំត្រីម្ខាងម្នាក់ទៅប្តឹងចចក តែល្បងចចកនោះមានគំនិតខូច ក៏ឱ្យកាត់ត្រីជា៣ចំណែក គឺខាងក្បាល ត្រូវ បានទៅភេរកស៊ីទឹកជ្រៅ ខាងកន្ទុយ ត្រូវបានទៅភេរកស៊ីទឹករាក់ និងកណ្តាលខ្លួនត្រូវបានចៅក្រម។ ភេទាំងពីរ មិនសុខចិត្ត ក៏ឡើងទៅប្តឹងដល់ខ្លាត្រី ជាចៅក្រមធំបំផុត ទើបខ្លាត្រីបន្ទោសថា ចៅក្រមចចកនោះ កាត់ក្តីមិនត្រឹមត្រូវទេ មានតែខ្លួន ទើបអាចរកយុត្តិធម៌ឃើញ។ បន្ទាប់មក ខ្លាត្រីក៏យកជញ្ជីងត្រាជូ មកដាក់ពីមុខភេទាំងពីរ រួចកាត់ត្រីជាពីរចំណែក ដាក់ថ្លឹង លើអ៊ុយម្ខាងមួយ រួចមើលទ្រនិចចង្អុលទម្ងន់ប៉ុង។ ពេលឃើញខាងក្បាលធ្ងន់ជាង ចៅក្រមនោះក៏លើកមកច្រឹបខាំស៊ីបន្តិចទៅ រួចដាក់ថ្លឹងវិញ ស្រាប់តែខាងកន្ទុយត្រីធ្ងន់ជាង ក៏លើកមកច្រឹបខាំស៊ីបន្តិចទៅ រួចដាក់ថ្លឹងវិញ។ ថ្លឹងចុះថ្លឹងឡើង ច្រឹបចុះ ច្រឹបឡើង អស់សាច់រលីង នៅសល់តែឆ្អឹង ទើបទម្ងន់ប៉ុងស្មើគ្នា ចៅក្រមកំហូចនោះក៏បង្គាប់កូនក្តីឱ្យយកចំណែកស្មើគ្នានោះទៅ បណ្តាលឱ្យភេទាំងពីរ មួម៉ៅក្តៅក្រហាយ បោលចោលឆ្អឹង ទៅកាន់លំនៅរៀងខ្លួន បាក់ស្បាតខ្លាចរឿងក្តីក្តាំ ដែលឃ្លាបញ្ចប់រឿងនោះ លោកតាមហាកវីឥន្ទ បានសរសេរជាឃ្លាឃ្លោងថា “ភេអើយភេពីរ ខេះខឹងមមីរ បែកក្តីសាមគ្គា ព្រោះលោភលាភឯង មិនបែងចែកគ្នា ទៅប្តឹងដល់វា ចចកឱ្យចែក។ ធម្មជាតិចចក ជាសត្វលៃលក វាយយកចំណែកកណ្តាល សាច់ច្រើនចម្រើនអ្នកចែក ចុងដើមបំបែក បានភេទ្វេហា។ ក្រោយភេចោទខឹង ពាំត្រីទៅប្តឹងខ្លាត្រីទៀតណា ខ្លាតាំងត្រាជូ ថ្លឹងផ្គូភ្នែកត្រា ទម្រាំស្មើគ្នា នៅសល់តែឆ្អឹង…”។
ការលើកឧទាហរណ៍អក្សរសិល្ប៍ខាងលើនេះ ចង់បង្ហាញថា “ធ្ងន់នូវថ្ម ក្រនូវក្តី” នេះឯង ព្រោះរឿងកាត់ក្តីថ្លឹងចុះថ្លឹង ឡើងបានត្រឹមសល់តែឆ្អឹងចែកគ្នា។ បើយករឿង “ភេពីររកស៊ីចូលគ្នា” ខាងលើនេះ មកប្រៀបធៀបនឹងស្ថានការណ៍បច្ចុប្បន្ន ឃើញថា ស្រដៀងគ្នាមែនទែន ខណៈដែលបក្សកាន់អំណាច និងបក្សប្រឆាំង “ចាប់បានការគាំទ្រពីប្រជាពលរដ្ឋទូទាំងប្រទេស” ដែលប្រៀបបាននឹងភេពីរ “ចាប់បានត្រីរ៉ស់”។ លុះកើតទុក្ខមិនសុខចិត្តនឹងការលើសខ្វះគ្នាបន្តិចបន្តួចតាមឃុំមួយចំនួន ភាគីទាំងពីរក៏ប្តឹងទៅគណៈកម្មការរៀបចំការបោះឆ្នោតខេត្ត ដែលការកាត់ក្តីបឋមនោះ ត្រូវគេមើលឃើញថា ដូច “ចៅក្រម ចចក”។ លុះភាគីទាំងពីរតវ៉ាដល់ គ.ជ.ប លទ្ធផលក៏មានការប្រែប្រួល ដូច “ចៅក្រមខ្លាត្រី”។ បានជាថាដូច នៅត្រង់ ម្តងបក្សនេះឈ្នះ ម្តងបក្សនោះចាញ់ ជញ្ជីងប៉ុងប៉ាក់ប៉ើករហូត ដូច្នេះបើ គ.ជ.ប បន្តបើកសន្លឹកឆ្នោតឡើងវិញ តាមពាក្យបណ្តឹង រាប់សិបករណីទៀតនោះ លទ្ធផលនឹងប្រែប្រួលប៉ាក់ប៉ើកដូចជញ្ជីងប៉ុងខ្លាត្រី។
ដូចយើងលើកឡើងរួចមកហើយថា សម្រាប់តុលាការ លុះត្រាតែមានភ័ស្តុតាងគ្រប់គ្រាន់ ទើបអាចដាក់បន្ទុកបាន ប៉ុន្តែ គ.ជ.ប អាចស្រុះស្រួលគ្នាយក “សន្លឹកឆ្នោតបានការ ទៅជាមិនបានការ ជួនកាលទៀតសន្លឹកឆ្នោតមិនបានការ ទៅជាបានការវិញ” បើអ៊ីចឹងនោះ អ្នកប្តឹងទាំងពីរ មិនខុសពី “ភេពីររកស៊ីចូលគ្នា” នោះឡើយ ចាំតែខាតហ្នឹង។ យើងមិនអាចបន្ទោស គ.ជ.ប បានឡើយ ព្រោះស្ថាប័ននេះមិនមែនជាតុលាការទេ គ្រាន់តែជាអ្នកសម្របសម្រួលផ្សះផ្សាប៉ុណ្ណោះ មិនអាចកាន់ជើងបក្សណាបានឡើយ ចាំបាច់ត្រូវតែ “ឱ្យឈ្នះម្តងម្នាក់ កុំឱ្យច្រណែនគ្នា”។ ប៉ុន្តែទោះជាយ៉ាងណា ការលើកយកប្រធានបទខាងលើ មកបរិយាយនេះ គ្រាន់តែជាការប្រៀបធៀប ដើម្បីឱ្យអ្នកនយោបាយពិចារណាទៅលើបញ្ហាក្តីក្តាំប្តឹងផ្តល់គ្នា ដែលលទ្ធផលចុងក្រោយ បានត្រឹមខាតបង់ទាំងសងខាង ដូចយ៉ាងសុភាសិត “ធ្ងន់នូវថ្ម ក្រនូវក្តី” នោះឯង។
សុភាសិតសាកល១ឃ្លាថា “មហិច្ឆតាធ្វើឱ្យមនុស្សមានការប្រឹងប្រែង” (Ambition makes people diligent) មាន ន័យថា ហេតុតែចង់ឈ្នះគ្នាពេក ធ្វើឱ្យបក្សកាន់អំណាច និងបក្សប្រឆាំង ប្រឹងតវ៉ាយកឈ្នះសំឡេងពីរបីសន្លឹកតាមឃុំហ្នឹង ដើម្បីបានកៅអីមេឃុំ ទោះជាត្រូវចំណាយសាំងម៉ូតូធ្វើដំណើរនឿយហត់យ៉ាងណា ក៏អ្នកប្តឹងប្រឹងតស៊ូឡើងទៅតវ៉ាដល់ភ្នំពេញ។ CPP ធ្លាប់កាន់កាប់កៅអីមេឃុំហ្នឹង មិនចង់ឱ្យរបូតទេ ចំណែក CNRP មិនដែលអង្គុយកៅអីហ្នឹង ក៏ចង់បានដូចគ្នា។ ចង់ចុះចង់ឡើង ប្តឹងទៅ គ.ជ.ប បានត្រឹម “ឈ្នះម្តងម្នាក់” ប៉ះជញ្ជីងខ្លាត្រីប៉ាក់ប៉ើក កុំតូចចិត្តតូចថ្លើមអី ព្រោះសារជាតិអ្នកប្តឹង បានត្រឹមតែក្រហ្នឹងឯង។
សរុបទៅ “ធ្ងន់នូវថ្ម ក្រនូវក្តី” មានន័យយ៉ាងនេះឯង ពោលគឺបើជារឿងក្តីក្តាំឡើងតុលាការ ធ្វើឱ្យកូនក្តីទាំងសងខាងអស់សោហ៊ុយ ជួនកាលលក់ដីស្រែយកលុយរត់ការ ធ្លាក់ខ្លួនក្រ។ ចំណែកការប្តឹងផ្តល់រឿងសន្លឹកឆ្នោត បានត្រឹមតែក្រម៉្យាង ធ្ងន់ជាងក្រទ្រព្យទៅទៀត គឺ “មើលមុខគ្នាមិនត្រង់ មួម៉ៅក្តៅក្រហាយ លួចជេរប្រទេចគ្នា”។ ដូច្នេះលទ្ធផលបឋមក្រៅផ្លូវការថា បក្សកាន់អំណាច ទទួលបាន១១៥៩ ឯបក្សប្រឆាំងបាន៤៨៧ កៅអីមេឃុំ-ចៅសង្កាត់នោះ ល្មមទទួលយកទាំងអស់គ្នាទៅ ទោះជារាប់សន្លឹកឆ្នោតតទៅទៀត ក៏លទ្ធផលវិលចុះវិលឡើងនៅតែប៉ុណ្ណឹង៕
ដោយ អាចារ្យថាំ