សម្តី ឬសំណេររបស់ថ្នាក់ដឹកនាំប្រទេស ឬអ្នកដឹកនាំបក្ស ឱ្យតែថ្លែងឬសរសេរចេញផ្សព្វផ្សាយជាសាធារណៈ ក៏ត្រូវ អ្នកតាមដាននយោបាយជាតិនិងអន្តរជាតិ យកទៅវិភាគ មិនខុសពី “គ្រូដាក់លំហាត់ឱ្យសិស្សធ្វើ”។ ករណីសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ចេញបញ្ជាឱ្យដកបម្រាមវិលចូលប្រទេសរបស់លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ក៏ត្រូវបានបណ្ឌិតបញ្ញវន្ត យកទៅវិភាគតាមទស្សនៈរៀងៗខ្លួន ខ្លះយល់យ៉ាងនេះ ខ្លះយល់យ៉ាងនោះ ឡើងរង្គើប្រព័ន្ធផ្សព្វផ្សាយ។ អ្វីដែលស្មានមិនដល់ គឺមានបុរសចំណាស់ម្នាក់ ជាមន្ត្រីចូលនិវត្តន៍បានលើកឡើងថា ករណីដកបម្រាមនេះ ស្រដៀងនឹងរឿង “ព្រះរាមចូលកោដ្ឋ បញ្ឆោតនាងសិតា” ធ្វើឱ្យមានការចាប់អារម្មណ៍ពីអ្នកស្តាប់ ទើប “នគរធំ” សូមលើករឿង “ព្រះរាម និងនាងសិតា” មកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។
កាលពីពេលថ្មីៗនេះ លោកសម រង្ស៊ី អតីតប្រធានបក្សប្រឆាំង បានអះអាងដោយការប្តេជ្ញាចិត្តថា លោកនឹងវិលចូលប្រទេសវិញភ្លាម ដោយមិនខ្លាចគុកច្រវាក់ បើសិនជារដ្ឋាភិបាលដកបម្រាមឱ្យលោកចូលប្រទេសវិញនោះ។ ជាប្រតិកម្មតបវិញ សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានចេញបញ្ជាឱ្យដកបម្រាមនេះចេញវិញ ដើម្បីបើកផ្លូវឱ្យលោកសម រង្ស៊ី វិលចូល ប្រទេសកម្ពុជាវិញតាមបំណង។ ដឹងអី ! ស្រាប់តែលោកសម រង្ស៊ី បានប្រកាសប្តូរចិត្តវិញថា មិនទាន់ចូលស្រុកវិញទេ រង់ចាំ ដោះស្រាយបញ្ហាមួយចំនួនចំពោះមុខឱ្យរួចរាល់សិន ដោយដាក់លក្ខខណ្ឌផ្សេងៗ មុនវិលចូលសង្វៀន ធ្វើឱ្យប្រមុខរាជរដ្ឋាភិបាល ប្រតិកម្មធ្ងន់ៗតបវិញថា “បញ្ហាប្រឈមសម្រាប់សម រង្ស៊ី គឺគុក”។
ការឆ្លើយឆ្លងគ្នាដោយប្រយោលរវាងឥស្សរជនទាំងពីររូបនេះ ត្រូវបានតាមន្ត្រីចូលនិវត្តន៍ម្នាក់ និយាយប្រាប់តាៗឯទៀត ជុំវិញតុកាហ្វេថា ស្រដៀងនឹងរឿង “ព្រះរាមចូលកោដ្ឋ បញ្ឆោតនាងសិតា” ដោយគាត់ប្រៀបធៀបសម្តេចនាយករដ្ឋមន្ត្រី ជាតួអង្គព្រះរាម ចំណែកលោកសម រង្ស៊ី ជាតួអង្គព្រះនាងសិតា។ ដើម្បីជួយជំរុញទស្សនៈរបស់គាត់ ឱ្យបានទូលំទូលាយ ទើប “នគរធំ” សូមសង្ខេបរឿង “ព្រះរាមចូលកោដ្ឋ បញ្ឆោតនាងសិតា” ដោយត្រួសៗដូចខាងក្រោម ៖
នៅក្នុងរឿង “រាមកេរ្តិ៍” បានតំណាលពីព្រះរាម តួអង្គវិស្ណុអវតារ បាននាំព្រះនាងសិតា ជាមហេសី និងព្រះលក្សណ៌្ម ជា ប្អូន ទៅគង់ក្នុងព្រៃ ដោយសារវិបត្តិរាជបល្ល័ង្ក។ ដោយសារសម្រស់នាងសិតា ស្អាតដូចស្រីសួគ៌ ទើបយក្សក្រុងរាពណ៌ ចាប់ ព្រះនាងទៅបង្ខាំងទុកនៅកោះលង្កា ហើយតាំងពីពេលនោះមក “សង្គ្រាមរវាងកងទ័ពព្រះរាម និងកងទ័ពយក្ស” ក៏ផ្ទុះឡើង។ បន្ទាប់ពីសម្លាប់យក្សក្រុងរាពណ៌បាន ព្រះនាងសិតា ក៏បានទៅរួមរស់ជាមួយព្រះស្វាមីដូចដើមវិញ ប៉ុន្តែ ជាអកុសល ថ្ងៃមួយមានយក្ខិនីដែលប្រែកាឡាជាភីលៀង បានបញ្ចូលចិត្តព្រះនាងសិតា ឱ្យគូររូបក្រុងរាពណ៌ លើក្តារឆ្នួន។ លុះព្រះរាមចូលដល់ក្រឡាព្រះបន្ទំ ចេះតែក្តៅក្រហល់ក្រហាយ លុះទតទៅក្រោមគ្រែ ក៏ឃើញរូបគំនូរចង្រៃនោះ ធ្វើឱ្យភ្លើងប្រចណ្ឌផ្ទុះឡើង។ ព្រះរាមខ្ញាល់នឹងអគ្គមហេសីថា មានចិត្តមិនស្មោះត្រង់ នៅអាល័យយក្ស ក៏ត្រាស់បង្គាប់ព្រះលក្សណ៌្ម ឱ្យចាប់ព្រះនាងទៅសម្លាប់។ ហេតុតែបុណ្យបារមីព្រះនាងខ្ពស់ មិនអាចធ្វើគុតបាន ទើបព្រះលក្សណ៌្ម បានស្រាយចំណងដោះលែងបងថ្លៃអភ័ព្វនោះ ទៅគង់ក្នុងព្រៃជាមួយឥសី វជ្ជម្រឹត រួចសម្លាប់ប្រើស១ក្បាល យកថ្លើមទៅថ្វាយព្រះរាម កុហកថា ជាថ្លើម នាងសិតា។ …ក្រោយមក ដោយសារបានជួបបុត្រ គឺរាមលក្សណ៌្ម និងជបលក្សណ៌្ម ដឹងថាអគ្គមហេសីមិនទាន់សុគត ធ្វើឱ្យព្រះរាម ស្តាយកំហុស ក៏តាមអង្វរព្រះនាងសិតា ឱ្យមករួមរស់ជាមួយគ្នាវិញ ប៉ុន្តែ ព្រះនាងប្រកែកដាច់អហង្ការ។ ដោយទាល់តម្រិះ ព្រះរាមបានប្រើហនុមាន ជាសេនាដៃស្តាំ ឱ្យកោរសក់ទៅទួញយំកុហកព្រះនាងសិតា ថា ព្រះរាមសោយទិវង្គតទៅហើយ។ ដំណឹងនោះធ្វើឱ្យព្រះនាងតក់ស្លុតខ្លាំងណាស់ ក៏យាងទៅព្រះនគរក្រុងអយុធ្យា និងចូលទៅឱបព្រះកោដ្ឋ ទ្រង់ព្រះកន្សែង សោកស្តាយព្រះស្វាមី ដោយពុំដឹងថា “ព្រះរាមចូលកោដ្ឋ បញ្ឆោតនាងសិតា” នោះទេ។ ភ្លាមនោះ ព្រះរាមបានចេញ ពីកោដ្ឋ ទៅឱបមហេសីដោយក្តីនឹករលឹក ប៉ុន្តែ ព្រះនាងសិតា មិនព្រមរួមរស់ជាមួយទេ ដោយចោទព្រះរាមថា ជាមនុស្សគ្មានការពិចារណា។ លុះព្រះរាម ដេញចាប់ ព្រះធរណីក៏បើកស្រូបយកនាងសិតា ទៅដល់ឋានភុជង្គនាគ និងបានស្តេចនាគទទួលចិញ្ចឹម ទុកព្រះនាងជាមាតា…។
រឿង “រាមកេរ្តិ៍” បានបញ្ចប់ត្រឹមខ្សែ៨០ គឺត្រឹមព្រាត់គ្នានេះឯង ដែលអ្នកស្រាវជ្រាវអក្សរសាស្ត្រថា មានបាត់ជាច្រើនខ្សែ តែក៏មិនខុសពីរឿង “រាមាយណៈ” របស់ឥណ្ឌា នោះឡើយ គឺបញ្ចប់ត្រឹមព្រះរាម អស់កំណើតជាមនុស្ស ឬ “បញ្ចប់អវតារ” ក៏យាងទៅកាន់រូបដើមវិញ គឺតួអង្គព្រះវិស្ណុ ឬព្រះនារាយណ៍ ជាព្រះអាទិទេពថែរក្សាលោកនេះឯង។
ដូច្នេះករណីមន្ត្រីចូលនិវត្តន៍ម្នាក់ថា រឿង “ព្រះរាមចូលកោដ្ឋ បញ្ឆោតនាងសិតា” ស្រដៀងនឹងរឿងឥស្សរជនទាំងពីររូប នោះ បើពិនិត្យទៅយើងឃើញចំណុចដូចគ្នា ត្រង់ព្រះរាម ខ្ញាល់នឹងមហេសី ក៏ត្រាស់បង្គាប់ព្រះលក្សណ្ម៍ ឱ្យយកទៅធ្វើគុត តែបែរជាដោះលែងវិញ ដែលប្រហាក់ប្រហែលនឹងលោកសម រង្ស៊ី ជាប់បណ្តឹងជាច្រើនករណី តែមិនជាប់ពន្ធនាគារអ្វីទេ បែរជាគាត់មានឱកាសភៀសខ្លួនទៅនៅក្រៅប្រទេស មិនខុសពីនាងសិតា ទៅគង់ក្នុងព្រៃជាមួយតាឥសី។ ចំណុចដូចមួយទៀត នៅត្រង់សម្តេចហ៊ុន សែន ដកបម្រាម បើកផ្លូវឱ្យលោកសម រង្ស៊ី ចូលស្រុក ប៉ុន្តែ បើហ៊ានចូលនឹងត្រូវ “ចាប់ដាក់គុក” ទើបនាងសិតា មិនហ៊ានចូល ក៏គេចទៅដល់ឋានភុជង្គនាគ។
ទោះជាខុសត្រូវគ្នាបន្តិចបន្តួច ក៏ចំណុចសំខាន់នៅត្រង់សម្តេចហ៊ុន សែន បានបើកផ្លូវឱ្យលោកសម រង្ស៊ី ចូលហើយ បានទាំងចេញបញ្ជាឱ្យសមត្ថកិច្ចគ្រប់គោលដៅ ការពារសុវត្ថិភាពអតីតមេបក្សប្រឆាំង មិនខុសពី “ព្រះរាម ប្រើហនុមាន ឱ្យតាមអង្វរនាងសិតា” តែនាងសិតា ខ្លាចព្រះស្វាមីចាប់ ក៏ក្រាញននៀលរហូតដល់ព្រាត់គ្នាជារៀងរហូត។
បើអ៊ីចឹងនោះ រវាងសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន (ព្រះរាម) និងលោកសម រង្ស៊ី (នាងសិតា) គ្មានផ្លូវជួបគ្នាល្អូកល្អិន ដូចកាលហូបបាយសាមគ្គីទៅចូលរួម “អង្គរសង្ក្រាន្ត” កាលពីប៉ុន្មានឆ្នាំមុននោះទេ អាចនឹងចែកផ្លូវគ្នាដើររហូត។ ព្រះរាម និងព្រះនាងសិតា មានប្ញទ្ធិបារមីប្រហាក់ប្រហែលគ្នា គឺព្រះរាម មានអាវុធមហាប្រល័យ ឬសរជ័យ៤ គឺសរ១បាញ់ចេញជាទឹកសមុទ្រ សរ១បាញ់ចេញជាខ្យល់ព្យុះ សរ១បាញ់ចេញជាភ្លើង ជាពិសេស សរខ្លាំងបំផុត ឈ្មោះ “សរព្រហ្មាស” អាចបាញ់រំលាយឋានសួគ៌បាន បើប្រៀបធៀបក៏មិនខុសពី “យុទ្ធសាស្ត្រចតុកោណ” របស់សម្តេចហ៊ុន សែន។ ដោយឡែក ព្រះនាងសិតា មានបារមីមិនធម្មតាទេ សូម្បីយក្សក្រុងរាពណ៌ ចាប់រំលោភក៏មិនបានដែរ ដោយមានភ្លើងការពារព្រះកាយ ចូលជិតមិនបាន។ ព្រះនាងសិតា មាន “ចិញ្ចៀនព្រះទម្រង់” អាចគប់ ឬវាយបំបាក់រនាំងដែករាប់រយជាន់បាន ជាពិសេស មានរូបសម្បត្តិដ៏អស្ចារ្យ សូម្បីយក្សក្រុងរាពណ៌ ដែលមានមុខ១០ ភ្នែក២០ ក៏មើលលម្អព្រះនាងមិនសព្វដែរ ដូចឃ្លាឃ្លោង ថា “ហៃមេដ៏មានទ្រង់ រូបល្អបញ្ចង់ដ៏បវរ ទោះទេពទាំងនិករ អប្សរកញ្ញាដ៏សួគ៌ស្រី។ ពុំអាចនឹងត្រៀបត្រាប់ រូបមេដ៏មហេសី អញស្មាននាងឧមាភគវតី ប្តីខេខឹងបំបរបង់។ យល់អញមហាភ័ព្វ មហាបុណ្យបានយល់អង្គ ធ្វើម្តេចភុលភ្នែកដ៏ភ្លឺយង់មួយ សែនទ្រង់នឹងមើលគ្រាន់…”។ បើប្រៀបនឹងលោកសម រង្ស៊ី ឃើញថា មេបក្សប្រឆាំងនេះរូបរាងសង្ហាណាស់ ទោះគាត់ចេញទៅនៅប្រទេសណាក៏មិនចេះដាច់បាយ មានគេស្រលាញ់ចូលចិត្ត។ ទោះយ៉ាងណា បើមន្ត្រីចូលនិវត្តន៍នោះ ប្រៀបធៀបសម្តេច នាយករដ្ឋមន្ត្រីហ៊ុន សែន និងលោកសម រង្ស៊ី ថាស្រដៀង “ព្រះរាមចូលកោដ្ឋ បញ្ឆោតនាងសិតា” នោះ អាចនឹងព្រាត់គ្នា រហូត ពោលគឺឆាកនយោបាយឥស្សរជនទាំងពីរនេះ គ្មានផ្លូវផ្សះផ្សា រួបរួមគ្នាបានឡើយ។
សរុបទៅ “ព្រះរាមចូលកោដ្ឋ បញ្ឆោតនាងសិតា” គ្រាន់តែជាការបកស្រាយទស្សនៈមន្ត្រីចូលនិវត្តន៍ម្នាក់ប៉ុណ្ណោះ តែយើងក៏មានជំនឿថា បើព្រះរាម ត្រូវព្រាត់ពីនាងសិតា ជារៀងរហូតនោះ រវាងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកសម រង្ស៊ី អតីតមេបក្សប្រឆាំងក៏នឹងចែកផ្លូវគ្នាគ្មានពេលផ្សះផ្សាបានឡើយ ហើយបើសិនជាលោកសម រង្ស៊ី អាចចូលប្រកួតក្នុងការបោះឆ្នោត ឆ្នាំ២០១៨ ខាងមុខនេះបាន ជម្លោះនយោបាយ នឹងកាន់តែធ្ងន់ទៅៗ ដូចព្រះរាម ចេញពីកោដ្ឋ ដេញចាប់នាងសិតា…៕
ដោយ អាចារ្យថាំ