Saturday, November 30, 2024
Homeព័ត៌មានជាតិរាជរដ្ឋាភិបាល ត្រៀម៣០ពាន់លាន ឧបត្ថម្ភមន្ត្រីរាជការបុណ្យភ្ជុំ

រាជរដ្ឋាភិបាល ត្រៀម៣០ពាន់លាន ឧបត្ថម្ភមន្ត្រីរាជការបុណ្យភ្ជុំ

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេច ត្រៀមថវិកាជាតិ ចំនួន៣០ពាន់លានរៀល សម្រាប់ឧបត្ថម្ភមន្ត្រីរាជការនៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ឆ្នាំ២០១៧នេះ។

គណៈរដ្ឋមន្ត្រី កាលពីថ្ងៃសុក្រ ទី១៦ ខែមិថុនា ឆ្នាំ២០១៧ បានបើកកិច្ចប្រជុំពេញអង្គ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចហ៊ុន  សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សាលើរបៀបវារៈ ចំនួន៣ រួមមាន ៖

  • សេចក្តីព្រាងគោលនយោបាយជាតិ ស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឆ្នាំ២០១៧-២០២៥។
  • សេចក្តីព្រាងអនុក្រឹត្យ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅគណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ និង
  • បញ្ហាផ្សេងៗ ៖ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្ត្រី ដើម្បីសុំសច្ចាប័នពីស្ថាប័ននីតិប្បញ្ញត្តិ លើ “កិច្ចព្រមព្រៀងស្តីពីការទទួលស្គាល់សុពលភាព នៃប្រកាសនីយបត្រតក្កកម្មអឺរ៉ុប រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងអង្គភាពប្រកាស នីយបត្រតក្កកម្មអឺរ៉ុប។
សម្តេច ហ៊ុន​ សែន នាយករដ្ឋមន្ត្រីកម្ពុជា ដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី

យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី បានបញ្ជាក់ថា ក្រៅពីអង្គប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី បានអនុម័តបញ្ជូន “កិច្ចព្រមព្រៀងស្តីពីការទទួលស្គាល់សុពលភាពនៃប្រកាសនីយ- បត្រតក្កកម្មអឺរ៉ុប រវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គភាពប្រកាសនីយបត្រតក្កកម្មអឺរ៉ុប ទៅសុំសច្ចាប័នពី ស្ថាប័ននីតិប្បញ្ញត្តិនោះ សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានណែនាំដល់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រៀមរៀបចំថវិកាឧបត្ថម្ភរបស់រាជរដ្ឋាភិបាល ដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្នុងម្នាក់ ចំនួន៥០០០០រៀល (ប្រាំម៉ឹនរៀល) នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ នាពេលខាងមុខនេះ។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោកខៀវ កាញារីទ្ធ ដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក៏បានបញ្ជាក់នៅក្នុងទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃនោះដែរថា នៅក្នុងពិធីបុណ្យភ្ជុំបិណ្ឌខាងមុខ មន្ត្រីរាជការ នឹងទទួលបានប្រាក់ឧបត្ថម្ភស្មើនឹងទឹកប្រាក់ឧបត្ថម្ភពេលចូលឆ្នាំដែរ (ចំណាយសរុបប្រហែល ៣០ ០០០លានរៀល)  ដែលជាការសម្រេចក្នុងគណៈរដ្ឋមន្ត្រី នាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧។

ជាមួយគ្នានោះដែរ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក៏បានបញ្ជាក់ថា សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេច យកថ្ងៃអាទិត្យ ទី១៤ ខែមករា ឆ្នាំ២០១៨ ជាថ្ងៃបោះឆ្នោតអសកល ជ្រើសរើសសមាជិកព្រឹទ្ធសភា អាណត្តិទី៤។

ដោយឡែក ទាក់ទងនឹងសេចក្តីព្រាង គោលនយោបាយជាតិ ស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឆ្នាំ២០១៧-២០២៥ និងសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់គណៈកម្មាធិការត្រួតពិនិត្យ ផលិតផលថ្នាំជក់ សេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់ដូចខាងក្រោម ៖

១-សេចក្តីព្រាងគោលនយោបាយជាតិ ស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឆ្នាំ២០១៧-២០២៥ ៖

រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃនិងប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងផ្តោតការយកចិត្តទុកដាក់ខ្លាំងលើគ្រប់វិស័យ ជាពិសេស ការអភិវឌ្ឍវិស័យការងារ ការពង្រឹងភាពសុខដុមរមនានៃទំនាក់ទំនងវិជ្ជាជីវៈ ព្រមទាំងជំរុញការអប់រំបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ ឱ្យឆ្លើយតបនឹងតម្រូវការទីផ្សារការងារ ដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្រ ការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព ដូចដែលបានលេចឡើងក្នុងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៣។

ជាក់ស្តែង នាពេលថ្មីៗនេះ រាជរដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបាយធំៗមួយចំនួន ក្នុងនោះ រួមមានគោលនយោបាយអភិវឌ្ឍវិស័យ ឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ និងគោលនយោបាយជាតិ ស្តីពីមុខរបរនិងការងារ ឆ្នាំ២០១-២០២៥ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍវិស័យឧស្សាហកម្ម និងបង្កើតការងារសមរម្យ ព្រមទាំងធានាគុណភាព ផលិតភាព ខ្ពស់របស់កម្លាំងពលកម្មដែលត្រូវប្រកួតប្រជែង ប្រសើរជាងមុន ជាមួយបណ្តាប្រទេសក្នុងតំបន់។ ដើម្បីរួមចំណែកក្នុងការសម្រេចគោលដៅរបស់គោលនយោបាយជាតិធំៗ ដែលដាក់ចេញខាង លើ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំសេចក្តីព្រាង “គោលនយោបាយជាតិ ស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ “ឆ្នាំ២០១៧-២០២៥” ដោយកំណត់ចក្ខុវិស័យគោលបំណងគោលដៅ និងយុទ្ធសាស្ត្រ ឱ្យបានច្បាស់លាស់ក្នុងការអភិវឌ្ឍធនធានមនុស្ស ប្រកបដោយគុណភាពខ្ពស់ សមត្ថភាព និងជំនាញ ឆ្លើយតបទៅនឹងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច នាពេលបច្ចុប្បន្ន និងអនាគត។

គោលបំណងធំៗទាំង៤ របស់គោលនយោបាយជាតិនេះ រួមមាន ៖

  • ពង្រឹងគុណភាពអប់រំ បណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ឱ្យស្របតាមតម្រូវការទីផ្សារការងារក្នុងនិងក្រៅប្រទេស
  • បង្កើនលទ្ធភាពទទួលបានការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ប្រកបដោយ សមធម៌ សម្រាប់បង្កើតការងារ
  • លើកទឹកចិត្តភាពជាដៃគូ និងឯកជន និងកៀរគរធនធាន ពីភាគីពាក់ព័ន្ធឱ្យចូលរួមក្នុងការអភិវឌ្ឍ និង ធានានិរន្តរភាពនៃប្រព័ន្ធបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ
  • លើកកម្ពស់អភិបាលកិច្ចក្នុងប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។

២-សេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់គណៈកម្មាធិការត្រួត- ពិនិត្យផលិតផលថ្នាំជក់ ៖

ច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ ត្រូវបានប្រកាសឱ្យប្រើប្រាស់ដោយព្រះរាជក្រម លេខ នស/រ កម/០៥១៥/០០៤ ចុះថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៥។

កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០០១ គណៈកម្មការអន្តរក្រសួង ដើម្បីអប់រំនិងកាត់បន្ថយការប្រើប្រាស់ថ្នាំជក់ ត្រូវបានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បង្កើតឡើងតាមរយៈ សេចក្តីសម្រេច លេខ៣៥សស ដែលមានសមាសភាព៨ក្រសួង បន្ទាប់មក នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១០ បានចេញសេចក្តីសម្រេចបន្ថែម សមាសភាព៣ក្រសួងទៀត។ ដោយអនុលោម តាមមាត្រា៧ នៃច្បាប់ស្តីពីការត្រួតពិនិត្យ ផលិតផលថ្នាំជក់ ហៅកាត់ថា គ.ត.ផ.ថ ដែលអាចរៀបចំឡើងដោយក្រសួងសុខាភិបាល មានបន្ថែមក្រសួងយុត្តិធម៌ ក្រសួងទេសចរណ៍ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងគណៈអភិបាល រាជធានី-ខេត្ត ទាំង២៥ផងដែរ ដើម្បីជំរុញឱ្យការងារត្រួតពិនិត្យថ្នាំជក់ កាន់តែមានប្រសិទ្ធភាពបន្ថែមទៀត

សេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់គណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ មាន៦ជំពួក និង១៤ មាត្រា…៕

កុលបុត្រ

RELATED ARTICLES