ការផាត់មុខ សម្រាប់ពេលថ្ងៃ មិនចាំបាច់ដាក់ពណ៌ឱ្យដិតច្បាស់ ឬផាត់ម្សៅក្រាស់ពេកទេ។ គួរតែង ឬផាត់មុខយ៉ាងណាឱ្យស្តើងស្រាល ប៉ុន្តែស្អាតផូរផង់ ដែលអាចធ្វើបាន តាមរយៈតិចនិកផាត់មុខ ដូចខាងក្រោមនេះ…
កុំញៀនគ្រឿងសម្អាងពេក ៖ បើធ្លាប់ផាត់ម្សៅក្រាស់ៗ រហូតដល់ស៊ាំទៅហើយ ដោយគិតថា បែបនោះទើបស្អាត មានន័យថាញៀននឹងការផាត់គ្រឿងសម្អាងក្រាស់ៗ ញៀនផាត់មុខបែបនោះ រហូតដល់មិនហ៊ានផាត់មុខស្តើងជាងនេះ។
១-ត្រៀមស្បែកពេលព្រឹកដោយទឹកក្តៅឧណ្ហៗ រួចលាបក្រែមបំប៉ន ៖
បើអ្នកភ្ញាក់មកលុបមុខ ហើយផាត់គ្រឿងសម្អាងលើមុខតែម្តង នោះជាកំហុសហើយ។ ស្បែកមុខត្រូវការភាពស្រស់ស្រាយ មិនងោកងុយ ទោះបីជាយារជ្រួញខ្លះៗទៅតាមវ័យក្តី។ បន្ទាប់ពីសម្អាតរាងកាយនិងស្បែកមុខដោយទឹកក្តៅឧណ្ហៗហើយ គួរដាស់ស្បែក ដោយទឹកថូនើរ និងផលិតផលថែស្បែក ដែលផ្តល់សំណើមដល់ស្បែកជាមុនសិន សឹមផាត់ម្សៅទ្រនាប់ និងម្សៅព្រីមឺ (Primer)។
២-ជ្រើសម្សៅបិទបាំងស្នាម ៖
ព្រោះបើចង់បិទបាំងស្នាមមុនក្តី ក៏មិនគួររំខាន ស្បែកឱ្យរលាកដែរ។ ដូច្នេះ ត្រូវជ្រើសរើសឱ្យបានច្បាស់ថា ម្សៅបិទបាំងស្នាមបែបណាល្អ ដោយមិនរំខានស្បែកនិងមុន។
៣-ប្រើអេប៉ុងចំពោះម្សៅទ្រនាប់ (Foundation) ៖
ដើម្បីឱ្យស្បែកស្អាតផូរផង់ ព្រោះអេប៉ុងជួយឱ្យម្សៅជាប់នឹងស្បែកបានស្តើង និងរាបស្មើល្អ ស៊ីនឹងស្បែក មើលទៅ ដូចធម្មជាតិ មុននឹងយកម្សៅហុយមកផ្តិតៗពីលើ (មិនផាត់អូសលើស្បែក)។ បើគិតថា ម្សៅស្តើងពេក មើលអត់ឃើញ ហើយផាត់ម្សៅទ្រនាប់ម្តងទៀតនោះ នឹងធ្វើឱ្យស្បែកមុខសសំព្រុស ខុសពីធម្មជាតិមិនខាន។
៤-ផាត់ថ្ពាល់ពណ៌ស្រាលៗ ៖
ទោះជាចង់ផាត់មុខបែបព្រលែត (Nude) ដោយមិនឱ្យមានពណ៌លេចធ្លោ ក៏ត្រូវប្រើម្សៅផាត់ថ្ពាល់ពណ៌ស្រាល មកផាត់លើស្បែកឱ្យសព្វស្បែកមុខដែរ ដោយប្រើជក់ធំ មានគុណភាព។ បើរលោង ស្បែកស្ងួត គួរប្រើម្សៅផាត់ថ្ពាល់ប្រភេទក្រែម (Cream) លាបឱ្យរលីង កុំឱ្យម្សៅកកជាដុំ ឯពណ៌ កុំឱ្យចាស់ពេក។ កុំភ្លេចផាត់ថ្ពាល់ឱ្យស៊ីនឹងទម្រង់មុខផង ទើបមើលទៅស្អាត គួរឱ្យគយគន់។
៥-គូសត្រេភ្នែកឱ្យស្តើងបំផុត ៖
មិនចាំបាច់គូសឱ្យក្រាស់ ឬមានកន្ទុយភ្នែកវែងពេកទេ។ ចំណែករឹមភ្នែកខាងក្រោមមិនបាច់ក៏បាន។ ប៉ុន្តែអាចគូសពណ៌ខ្មៅ ឬពណ៌ត្នោតចាស់ ជាខ្សែស្តើង នៅស្នាមផ្នត់ថង់ក្រោមភ្នែក ដោយប្រើជក់ផាត់ឱ្យស៊ីគ្នា ដើម្បីឱ្យមើលទៅមានស្រមោលភ្នែក។
៦-ប្រើម្សៅផាត់ភ្នែកពណ៌ស្រាល ៖
ដូចជា ពណ៌ស្ករ ឬជាពណ៌ផ្កាឈូក។
៧-បបូរមាត់លាបពណ៌រឹមក្នុង ៖
ចាប់ផ្តើមដោយលាបក្រែមបំប៉នស្បែកបបូរមាត់ជាមុនសិន។ បន្ទាប់មកលាបម្សៅទ្រនាប់លើស្បែកបបូរមាត់ឱ្យសព្វ ផាត់ឱ្យស្តើង ដើម្បីលុបពណ៌ ដើមរបស់បបូរមាត់ រួចលាបក្រែមពណ៌ក្រហមនៅបរិវេណបបូរមាត់រឹមក្នុង រួចយក ម្រាមដៃលាបទៅមកៗឱ្យស៊ីគ្នា សឹមបន្ថែមពណ៌រលោងពីលើ ជាការស្រេច។
៨-គូសចិញ្ចើមពណ៌ដូចសក់ ៖
ដើម្បីឱ្យមើលទៅដូចធម្មជាតិបំផុត អាចប្រើជក់តូច ជ្រលក់ម្សៅផាត់ភ្នែកពណ៌ត្នោត មកផាត់គូសតាមជួររោម ចិញ្ចើមឱ្យពេញចិញ្ចើម រួចយកខ្មៅដៃគូសចិញ្ចើមពណ៌ចាស់បន្តិចគូសពីលើ។ បើចិញ្ចើមពណ៌ចាស់ពេក អាចប្រើម្សៅហុយប្រភេទគ្មានពណ៌ ផាត់ពីលើតិចៗ ដើម្បីលុបពណ៌មកវិញ។
៩-ពត់រោមភ្នែក និងផាត់ម៉ាស្ការ៉ា ៖
មិនបាច់ពាក់រោមភ្នែក សិប្បនិម្មិតនោះទេ សម្រាប់ការផាត់មុខបែបធម្មជាតិ គ្រាន់តែពត់រោមភ្នែក និងផាត់ម៉ាស្ការ៉ា ជាការគ្រប់គ្រាន់ហើយ ព្រោះផ្ទៃមុខ ពុំមានពណ៌អ្វីខ្លាំងឡើយ ទើបធ្វើឱ្យភ្នែកស្អាតពេញលេញ គួរឱ្យគយគន់បែបធម្មជាតិ ៕