Saturday, November 30, 2024
Homeបរិយាយមិត្តក្លែងក្លាយ សាហាវជាងសត្រូវចេញមុខ

មិត្តក្លែងក្លាយ សាហាវជាងសត្រូវចេញមុខ

សុភាសិតសាកល១ឃ្លាថា “មិត្តក្លែងក្លាយ សាហាវជាងសត្រូវចេញមុខ” (False friends are worse than open ennemies) មានខ្លឹមសារជ្រាលជ្រៅណាស់ សម្រាប់ដាស់ស្មារតីអ្នកនយោបាយ គ្រប់និន្នាការឱ្យមានការប្រុងប្រយ័ត្ន ចំពោះ “មិត្តក្លែងក្លាយ” ដែលនៅធ្វើការក្បែរខ្លួន។ ខណៈដែលបក្សកាន់អំណាច និងបក្សប្រឆាំង សុទ្ធតែមានអ្នកគាំទ្ររាប់លាននាក់ ដូចគ្នានោះ ចៀសមិនផុតពីការបង្កប់ខ្លួនរបស់មិត្តក្លែងក្លាយក្នុងជួរបក្ស ដែលនឹងនាំគ្រោះថ្នាក់ដល់យុទ្ធសាស្ត្រនយោបាយ ប៉ុន្តែ ចំពោះ “សត្រូវចេញមុខ” ស្រួលគេចទេ ដែល “នគរធំ” សូមលើកមកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

ទោះបីជាលោក សម រង្ស៊ី អតីតមេបក្សប្រឆាំង រស់នៅនិរទេសឯក្រៅប្រទេសយ៉ាងណា ក៏អ្នកតាមដាននយោបាយមើលឃើញថា “បក្សកាន់អំណាច ប្រឹងទប់សកម្មភាពឃោសនារបស់គាត់ជាងអ្វីៗទាំងអស់”។ ឱ្យតែអតីតមេបក្សប្រឆាំងនេះ ចេញបទសម្ភាសន៍ តាមកាសែត វិទ្យុ ឬសំណេរតាមទំព័រហ្វេសប៊ុក ក៏មានការឆ្លើយតបភ្លាមៗ ឬប្រតិកម្មរហ័សពីមន្ត្រីបក្សកាន់អំណាច ដូចករណីលោក សម រង្ស៊ី ប្រកាសថា នឹង “កាន់តំណែងជានាយករដ្ឋមន្ត្រី ពេលបក្សប្រឆាំងឈ្នះឆ្នោត ឆ្នាំ២០១៨ តែកាន់១អាណត្តិទេ” ភ្លាមៗនោះ ក៏មានការឆ្លើយតបពីមន្ត្រីបក្សកាន់អំណាចថា “បក្សប្រឆាំង នឹងជួបវិបត្តិដណ្តើមបេក្ខភាព នាយករដ្ឋមន្ត្រី រវាងលោកសម រង្ស៊ី និងលោកកឹម សុខា”

បើយកករណីឆ្លងឆ្លើយគ្នានេះ មកពិចារណាឱ្យល្អិតល្អន់ យើងអាចកត់សម្គាល់បានថា លោកសម រង្ស៊ី ជា “សត្រូវចេញមុខ” របស់បក្សកាន់អំណាច ស្រួលទប់ទល់ទេ ប៉ុន្តែអ្វីដែលបក្សកាន់អំណាចត្រូវប្រុងប្រយ័ត្នបំផុត គឺ “មិត្តក្លែងក្លាយ” ដែលចុះចូលធ្វើការជាមួយគ្នា។ ចំពោះសត្រូវចេញមុខនោះ អត់ពិបាកទេ ព្រោះពេលលោក សម រង្ស៊ី ចេញទៅណាមួយជំហានក៏ត្រូវបណ្តាញផ្សព្វផ្សាយឱ្យដឹងជាសាធារណៈ សូម្បីគាត់ដើរចូលបន្ទប់ផ្សាយសំឡេង VOA ឬអាស៊ីសេរី ក៏គ្មានការលាក់លៀមអ្វីដែរ ដែលសូម្បីតាៗស្តាប់វិទ្យុនៅស្រុកស្រែ ក៏បានឮសំឡេងលោក សម រង្ស៊ី។ គាត់ស៊កគន្លឹះពីរឿងចង់ធ្វើនាយករដ្ឋមន្ត្រី នោះ គ្មានអ្វីប្លែកទេ គឺមុនបង្រួបបង្រួមគណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស ក្លាយជាគណបក្សសង្គ្រោះជាតិ មានការព្រមព្រៀងគ្នារួចទៅហើយ ដោយគេរៀបសេណារីយោទុកជាមុនឱ្យលោកសម រង្ស៊ី ធ្វើនាយករដ្ឋមន្ត្រី ឯលោកកឹម សុខា ធ្វើប្រធានរដ្ឋសភា ប៉ុន្តែ នឹងអាចដណ្តើមតំណែងនេះបាន លុះត្រាតែគណបក្សសង្គ្រោះជាតិឈ្នះឆ្នោត។ ឥឡូវលោកសម រង្ស៊ី ផ្លោងសំឡេងថា នឹងធ្វើនាយករដ្ឋមន្ត្រី ពេលឈ្នះឆ្នោតនោះ គ្មានអ្វីប្លែកទេ ហើយបើគាត់ចេញមុខថាច្បាស់ៗយ៉ាងនេះ ស្រួលទប់ទល់ទេ សម្រាប់បក្សកាន់អំណាច ដែលការទប់ទល់នោះគ្មានអ្វីក្រៅពី “ប្រយ័ត្នមិត្តក្លែងក្លាយធ្វើឱ្យបាត់បង់ការគាំទ្រពីម្ចាស់ឆ្នោត”។ ធម្មតាមិត្តក្លែងក្លាយ ពិបាកចាប់កំហុសណាស់ ព្រោះគេចេះអែបអប លុតក្រាបចាក់បណ្តោយ “ចិត្តជាទេវទត្ត មាត់ជាទេវតា” បង្កប់ខ្លួនក្នុងបក្សកាន់អំណាច ចាប់ភ័ស្តុតាងមិនបាន ប្រហាក់ប្រហែលនឹងរឿង “នគរកាយ” ដែលយើងសូមលើកមកបង្ហាញដោយត្រួសៗដូចខាងក្រោម ៖

ក្នុងរឿង “នគរកាយ” និពន្ធដោយឧត្តមប្រីជា ចាប ពិន ជាវណ្ណកម្មពុទ្ធនិយមប្រៀបធៀប “គតិធម៌ និងគតិលោក” បានតំណាលពីព្រះមហាក្សត្រ១អង្គ ព្រះនាម “ព្រះបាទចិត្តរាជ” សោយរាជ្យនៅ “នគរកាយ”។ ព្រះរាជាអង្គនេះ មានព្រះអគ្គមហេសីព្រះនាម “អវិជ្ជាទេវី” ជាទីគាប់ព្រះទ័យជាងស្នំទាំងពួង ព្រះបិតាទ្រង់ព្រះនាម “មោហរាជ” ព្រះមាតាទ្រង់ព្រះនាម “លោភទេវី”។ នគរកាយនោះ មានកងទ័ព និងសេនាខ្លាំងពូកែ១៩នាក់ ដែលស្តេចទុកព្រះទ័យតែងតាំងជា “ឧត្តមទីប្រឹក្សា” ញ៉ាំងព្រះនគរឱ្យមានសុខសន្តិភាពសម្បូររុងរឿង។ នៅមិនឆ្ងាយពីនគរកាយនោះ មានព្រះមហាក្សត្រ១អង្គទៀត ព្រះនាម “ព្រះបាទមច្ចុរាជ” មានមហិទ្ធិប្ញទ្ធិខ្លាំងពូកែណាស់ តែមានសន្តានចិត្តអាក្រក់ តែងត្រាច់ទៅគ្របសង្កត់សព្វសត្វក្នុងត្រៃភព តាំងពីមនុស្សលោកដល់ព្រហ្មលោក ឱ្យឋិតនៅក្នុងកណ្តាប់ព្រះហស្តព្រះអង្គ។ ព្រះបាទមច្ចុរាជ មាន “ចតុរង្គសេនា ៤កងពលធំ និងមានមេទ័ព៤នាក់ គឺ ១-នាយជាតិ ២-នាយជរា ៣-នាយព្យាធិ ៤-នាយមរណៈ សម្រាប់បញ្ជូនទៅជ្រៀតចូលនគរនានា ឱ្យទ្រុឌទ្រោមកម្លាំង។ កិត្តិសព្ទព្រះបាទចិត្តរាជ ក៏ល្បីរន្ទឺដល់ព្រះបាទមច្ចុរាជ ទើបស្តេចកំណាចនេះ ចាត់បញ្ជូនមេទ័ពឱ្យជ្រៀតចូលជាបន្តបន្ទាប់ ដោយមុនដំបូង បានបញ្ជូន “នាយជាតិ” ឱ្យចូលទៅធ្វើមិត្តស្និទ្ធស្នាលនឹងនាហ្មឺនសព្វមុខមន្ត្រី នៃព្រះបាទចិត្តរាជ រហូតមានការជឿទុកចិត្ត។ បន្ទាប់មកក៏បញ្ជូន “នាយជរា” ជ្រៀតចូលទៅធ្វើឱ្យនគរកាយ គ្រាំគ្រាមួយថ្ងៃបន្តិចៗជាលំដាប់។ លើកទី៣ បានបញ្ជា “នាយព្យាធិ” ចូលទៅបង្កភាពវឹកវរចលាចល កើតជំងឺអំបល់ពេញនគរកាយ ហើយជាចុងក្រោយ បានបញ្ជូន “នាយមរណៈ” ជាមេទ័ពខ្លាំងពូកែជាងគេ ទៅឡោមព័ទ្ធចាប់ “ព្រះបាទចិត្តរាជ” បាន ក៏នាំចេញចាក “នគរកាយ” 

ការលើកយកវណ្ណកម្មពុទ្ធនិយមមកបង្ហាញនេះ គឺក្នុងន័យប្រៀបធៀបរវាង “មិត្តក្លែងក្លាយ និងសត្រូវចេញមុខ” នេះឯង ពោលគឺតួអង្គមេទ័ព “ជាតិជរា ព្យាធិមរណៈ” នោះ វានៅតែក្បែរៗព្រះបាទចិត្តរាជហ្នឹងឯង បើស្តេចភ្លាត់ស្នៀត នឹងត្រូវមេទ័ពទាំង៤ ជាពិសេស នាយមរណៈ ឆក់យកដួងអាត្ម័នមិនខាន។

យ៉ាងណាមិញ គណបក្សកាន់អំណាច (CPP) មិនគួរបារម្ភពីលោកសម រង្ស៊ី ពេកទេ ព្រោះគាត់ជា “សត្រូវចេញមុខ” ដែលសព្វថ្ងៃគេដឹងថា គាត់ជា “អ្នកស៊ុតបាល់បញ្ចូលទីពីចម្ងាយ” មិនខុសពីអតីតស្តេចបាល់ទាត់ម៉ារ៉ាដូណា ឬខ្លាកន្តឿ ដែលស៊ុតបាល់ពីចម្ងាយចូលសំណាញ់ ល្បីពេញពិភពលោកនោះទេ។ អ្វីដែល CPP ត្រូវប្រុងប្រយ័ត្ន គឺ “មិត្តក្លែងក្លាយ” ហើយក៏មិនដឹងជាអ្នកណាដែរ គ្រាន់តែដឹងថា មិនអត់ទេ បើយករឿង “នគរកាយ” មកប្រៀបធៀប ព្រោះសូម្បីបទបញ្ជាសម្ងាត់របស់មេបក្សកាន់អំណាច ដាក់ឱ្យមេបញ្ជាការកងកម្លាំងប្រដាប់អាវុធ ត្រៀមចាប់ខ្លួនលោកសម រង្ស៊ី ពេលចូលមកកម្ពុជាវិញ ក៏ត្រូវបានលោកសម រង្ស៊ី ទទួលដឹង ហើយយកមកទម្លាយចេញជាសាធារណៈតាមទំព័រហ្វេសប៊ុករបស់លោក ដែលចំណុចនេះ គឺអាចមកពីមានមិត្តក្លែងក្លាយបង្កប់ក្នុងនោះ។

ចំណែកបក្សប្រឆាំង (CNRP) ក៏មាន “សត្រូវចេញមុខ និងមិត្តក្លែងក្លាយ” ដូចគ្នា ខណៈដែលកិច្ចការអ្វីជាអាថ៌កំបាំង បានធ្លាយចេញ សូម្បីការឆ្លើយឆ្លងទូរស័ព្ទ ឬសកម្មភាពអ្វីរបស់មេបក្សប្រឆាំង បានបែកធ្លាយចេញទៅក្រៅអស់ ដែលស្តែងឱ្យឃើញថា មកពីមាន “មិត្តក្លែងក្លាយ” នៅធ្វើការជាមួយគ្នា ទើបការសម្ងាត់ត្រូវបែកធ្លាយ។

ធម្មតា “សត្រូវចេញមុខ” គឺសំដៅដល់ “គូប្រជែងនយោបាយ” ដែលផ្លោងសម្តីដាក់គ្នាទៅវិញទៅមក គ្មានឈាម១ តំណក់ស្រក់ដល់ដីទេ ប៉ុន្តែ “មិត្តក្លែងក្លាយសាហាវណាស់” ជួនកាលអាចធ្វើឱ្យមាន “ឈាមដាបធរណី” ក៏សឹងមាន។ ករណីអ្នកនយោបាយជាន់ខ្ពស់ យក “មិត្តក្លែងក្លាយ” មកនៅជាមួយ គឺមកពីជឿតាមសាច់ញាតិពេក មិនខុសពី “ព្រះបាទចិត្តរាជ” ដែលយល់ព្រមទទួលនាយជាតិ នាយជរា នាយព្យាធិ នាយមរណៈ មកនៅជាមួយ ព្រោះតែព្រះអង្គជឿស្តាប់អគ្គមហេសីសំណព្វព្រះទ័យ គឺ “ព្រះនាងអវិជ្ជាទេវី” និងធ្វើតាមព្រះបិតាមាតា “មោហរាជ និងលោភទេវី”។ ចំពោះ “សត្រូវចេញមុខ” ងាយទប់ទល់ទេ ដូចពលទាហានក្នុងបន្ទាយមួយ ពេលឮសូរពួកព្រៃបាញ់កាំភ្លើងត្បាល់៨២មិល្លីម៉ែត្រ ផ្តក់ដាក់ទីតាំងរបស់ខ្លួន ក៏នាំគ្នារត់ចូលលេណដ្ឋានទាន់ពេលវេលា បានរួចជីវិត ប៉ុន្តែ បើ “មិត្តក្លែងក្លាយ”“ខ្មាំងបង្កប់” លួចបោកគ្រាប់បែក តើរត់ទៅណារួច?

សរុបទៅ “មិត្តក្លែងក្លាយ សាហាវជាងសត្រូវចេញមុខ” មានន័យយ៉ាងនេះឯង ដែលជាសុភាសិតសាកលសម្រាប់អ្នកនយោបាយយកទៅអនុវត្ត ឬដាស់ស្មារតីព្រឹក-ល្ងាចទាំងបក្សកាន់អំណាច និងបក្សប្រឆាំង ក៏ដូចជាបក្សនយោបាយផ្សេងៗទៀត ដើម្បីបង្ការភ្លាត់ស្នៀត ធ្លាយការសម្ងាត់…៕

ដោយ អាចារ្យថាំ

RELATED ARTICLES