ប្រជាពលរដ្ឋរស់នៅខេត្តបាត់ដំបង បានខ្សឹបឱ្យឮតាម “នគរធំ” ថា មន្ត្រីនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិដូង កំពុងបន្តធ្វើព្យុះភ្លៀង សង្កត់ក ជំរិតទារលុយពីប្រជាពលរដ្ឋខ្មែរ ដែលឆ្លងដែនចេញទៅប្រទេសថៃ តាមទំនើងចិត្ត ដើម្បីកើបលុយ ដាក់ហោប៉ៅផ្ទាល់ខ្លួន ហេតុដូច្នេះហើយ ទើបពួកគាត់ហៅច្រកទ្វារអន្តរជាតិ ដូងនោះថា ច្រកលុយ។
ប្រជាពលរដ្ឋខេត្តបាត់ដំបង បានខ្សឹបឱ្យឮថា ច្រកទ្វារអន្តរជាតិដូង គឺស្ថិតក្រោមការគ្រប់គ្រងកាន់កាប់លោក សៅ ប៊ុនណារិទ្ធ ដែលកំពុងបង្កការលំបាកដល់ប្រជាពលរដ្ឋអាជីវករ ក៏ដូចជាពលករដែលឆ្លងដែនចេញទៅធ្វើការងាររកស៊ី នៅក្នុងទឹកដីថៃ ដោយលោកសៅ ប៊ុនណារិទ្ធ កំពុងគាបសង្កត់ពលរដ្ឋ ដើម្បីរកលុយមកដាក់ហោប៉ៅផ្ទាល់ខ្លួន និងបក្ខពួកមួយចំនួនតូច តាមរយៈការធ្វើប័ណ្ណព្រំដែន ក្នុងតម្លៃ៧៣០០០រៀល លើសពីការកំណត់ក្នុងអនុក្រឹត្យ។ មួយវិញទៀត មន្ត្រីអន្តោប្រវេសន៍ច្រកដូង បានដាក់លក់សំបុត្រ ចូលផ្សារថៃ ១សន្លឹក តម្លៃ១០០០រៀល ដោយដាក់លក់គ្មានម៉ោងកំណត់ (ចាប់ពីព្រឹកទល់យប់) លក់ទាំងក្បាលប័ណ្ណ និងកន្ទុយប័ណ្ណ ពេលចូលបោះត្រាមួយហើយ បណ្ណ័នោះប្រមូលទុកបោះត្រាម្តងទៀត សម្រាប់លក់ឱ្យពលករមកពីថៃ ត្រឡប់ចូលទឹកដីខ្មែរវិញក្នុងតម្លៃ១សន្លឹក ដែលមានបោះត្រាមូលនិងជ្រុង ១០០បាត ទៅ២០០បាត ដោយប្រើរូបភាពឱ្យកម្មករអូសរទេះ ឬអ្នកចាប់ម៉ូយតាក់ស៊ីជាអ្នកលក់។
ប្រជាពលរដ្ឋខេត្តបាត់ដំបង បានខ្សឹបបន្តថា ក្រុមមន្ត្រីអន្តោប្រវេសន៍ច្រកដូង ក៏បានបើកដៃឱ្យពលករខ្មែរចំណាកស្រុក ចេញទៅរកការងារ ធ្វើនៅក្នុងប្រទេសថៃ ដោយមានការស៊ុមគ្រលុំគ្នាជាមួយក្រុមមេខ្យល់ ដែលនាំពលករទៅថៃ ដោយខុសច្បាប់ផងដែរ។ ជាងនេះទៀត លោក សៅ ប៊ុនរិទ្ធ មេប៉ុស្តិ៍ច្រកទ្វារអន្តរជាតិដូង ខេត្ត បាត់ដំបង ក៏បានប្រើប្រាស់កម្លាំងក្រោមការគ្រប់គ្រងរបស់ខ្លួន លួចបើកច្រករបៀងមួយទៀត ដែលគេដាក់ឈ្មោះថា ច្រកស្វាយចេក (ដើមចាន់គីរី) ស្ថិតនៅខាងលិចច្រកដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ដែលមានមនុស្សចេញចូលនៅពេលកណ្តាលយប់ និងទៀបភ្លឺ ជាប់ជាប្រចាំ។
ប្រជាពលរដ្ឋ បានខ្សឹបបន្តទៀតថា ក្រុមមន្ត្រីច្រកទ្វារដូង កំពុងតែប្រមូលប្រាក់ពីពលករចំណាកស្រុក ដែលវិល ត្រឡប់មកពីធ្វើការនៅប្រទេសថៃ ក្នុងនោះពលករទៅដោយខុសច្បាប់ តាមរយៈមេខ្យល់ នៅពេលត្រឡប់មកវិញ ម្នាក់ៗត្រូវបង់លុយចាប់ពី៣០០០បាត ទៅ៤០០០បាត។ ក្រៅពីនេះ ពលករណាដែលមានសត្វមាន់ ឬឆ្កែ យកមកជាមួយនោះ ត្រូវបង់លុយឱ្យសមត្ថកិច្ច ចំនួន២០០បាត ក្នុង១ក្បាល ចំពោះធុងបាស ១គូ ៨០០បាត ទូរទស្សន៍១គ្រឿង ៤០០បាត ទូរទឹកកក១គ្រឿង៥០០បាត ប្រសិនបើមិនបង់ លុយតាមការកំណត់នោះទេ គឺមិនអាចវិលចូលស្រុកកំណើតបានទាន់ពេលវេលានោះទេ និងត្រូវប្រឈមនឹងការគំរាមចាប់ខ្លួនឬដកហូតរបស់ ជាប់ខ្លួនទុកជាដើម។
ប្រជាពលរដ្ឋខាងលើបានខ្សឹបឱ្យឮបន្ថែមថា ទាក់ទងទៅនឹងការយកថ្លៃធ្វើប័ណ្ណឆ្លងព្រំដែនក្នុងតម្លៃខ្ពស់ហួសកំណត់នេះ ពួកគាត់ធ្លាប់ សួរទៅកាន់មន្ត្រីច្រកទ្វារអន្តរជាតិដូងដែរ តែត្រូវបានមន្ត្រីទាំងនោះឆ្លើយថា បើចង់ដឹងច្បាស់ សូមអញ្ជើញទៅសួររាជរដ្ឋាភិបាលទៅ ! ដូច្នេះ ពួកគាត់ សុំខ្សឹបឱ្យឮដល់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ពិសេសអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ជួយឆ្លើយតបនូវចម្ងល់របស់ព្រជាពលរដ្ឋខាងលើនេះផង ព្រមទាំងមេត្តាពិនិត្យសកម្មភាពការងាររបស់សមត្ថកិច្ចឈរជើងនៅច្រកទ្វារអន្តរជាតិដូងនេះឡើងវិញផង កុំឱ្យគិតតែពីសង្កត់កប្រជាពលរដ្ឋប្រមូលលុយពេក។
ទោះជាយ៉ាងណា ជុំវិញការខ្សឹបខាងលើនេះ “នគរធំ” មិនដឹងថា មានការពិតកម្រិតណានោះទេ មិនអាចទាក់ទងសុំការបំភ្លឺពីលោកសៅ ប៊ុនណារិទ្ធ មេប៉ុស្តិ៍ច្រកទ្វារអន្តរជាតិដូង និងមន្ត្រី ពាក់ព័ន្ធបានទេ កាលពីម្សិលមិញ។ យ៉ាងណា យើងរង់ចាំទទួលការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕
ខៀវ ទុំ