Sunday, November 24, 2024
Homeនយោបាយរដ្ឋមន្ត្រីការងារ ប្រាប់បក្សប្រឆាំង កុំយកប្រាក់ឈ្នួលកម្មករ បង្កបញ្ហាថ្ងៃបោះឆ្នោត

រដ្ឋមន្ត្រីការងារ ប្រាប់បក្សប្រឆាំង កុំយកប្រាក់ឈ្នួលកម្មករ បង្កបញ្ហាថ្ងៃបោះឆ្នោត

ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោកអ៊ិត សំហេង បានលើកឡើងថា បន្ទាប់ពីបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ បានបញ្ចប់ហើយ ជិតដល់ពេលបោះឆ្នោតថ្នាក់ជាតិ ឆ្នាំ២០១៨ ហើយ ដូច្នេះសូមកុំយកប្រធានបទប្រាក់ឈ្នួលទៅញុះញង់កម្មករ និយោជិត បង្កបញ្ហាច្របូកច្របល់ អសន្តិសុខសង្គម ដូចបោះឆ្នោតឆ្នាំ២០១៣ កន្លងទៅ។

ថ្លែងនៅក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី “គោលនយោបាយប្រាក់ឈ្នួល” នៅសណ្ឋាគារ ហ៊ីម៉ាវ៉ារី កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៧ ដែលមានការចូលរួមពីភាគីរាជរដ្ឋាភិបាល ភាគីសមាគមនិយោជក ភាគីសហជីពកម្មករ និងអង្គការអន្តរជាតិខាងការងារ (ILO) លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា ការដែលរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលនយោបាយជាតិ ក៏ដូចជាគោលនយោបាយប្រាក់ឈ្នួលនេះ គឺសុទ្ធតែដើម្បីបង្កើនជីវភាព និងផលប្រយោជន៍របស់កម្មករ និយោជិត មិនមែនដើម្បី គាបសង្កត់កម្មករ ដូចការលើកឡើងរបស់ជនមួយចំនួននោះទេ។ ដូច្នេះលោកសង្ឃឹមថា ជិតដល់ឆ្នាំបោះឆ្នោតកុំយកប្រធានបទប្រាក់ឈ្នួលនេះ  ក្លាយទៅជាបញ្ហាដែលបង្កើតឱ្យមានការច្របូកច្របល់មិនចាំបាច់ ព្រោះរឿងនេះ គឺសំដៅទៅលើបញ្ហាការដោះស្រាយជីវភាពនិងផលប្រយោជន៍របស់កម្មករជាជាងយកទៅធ្វើនយោបាយ ។

គួរបញ្ជាក់ដែរថា យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៧ បានបញ្ជាក់ថា យោងតាមស្មារតីឯកភាពជាឯកច្ឆន្ទ របស់ត្រីភាគីក្នុងកិច្ចប្រជុំគណៈកម្មការប្រឹក្សាការងារលើកទី៧ ទី៨ និងលើកទី៩ នៃអាណត្តិ ទី៨ កាលពីឆ្នាំ២០១៤ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមជូនសាជាថ្មីម្តងទៀតដល់សាធារណជន កម្មករ និយោជិត អង្គការវិជ្ជាជីវៈ អង្គការជាតិ និងអន្តរជាតិ អំពីនីតិវិធី និងកាលបរិច្ឆេទក្នុងការកំណត់ប្រាក់ឈ្នួលអប្បបរមាផ្នែក វាយនភណ្ឌកាត់ដេរ និងផលិតផលស្បែកជើង សម្រាប់ឆ្នាំ២០១៨ ត្រូវអនុវត្តដូចខាងក្រោម ៖

១-ពិភាក្សាប្រាក់ឈ្នួលអប្បបរមាសម្រាប់ ឆ្នាំ២០១៨ ត្រូវអនុវត្តតាមប្រតិទិនដូចតទៅ ៖

  • កំណត់យកខែកក្កដា ឆ្នាំ២០១៧ ជាការចាប់ផ្តើមពិភាក្សាប្រាក់ឈ្នួលអប្បបរមាជា លក្ខណៈផ្ទៃក្នុងរបស់ភាគីនីមួយៗ
  • កំណត់យកខែសីហា ឆ្នាំ២០១៧ ជាការចាប់ផ្តើមពិភាក្សាប្រាក់ឈ្នួលអប្បបរមាជាលក្ខណៈទ្វេភាគី
  • កំណត់យកខែកញ្ញា ឆ្នាំ២០១៧ ជាការចាប់ផ្តើមពិភាក្សាប្រាក់ឈ្នួលអប្បបរមាជាលក្ខណៈត្រីភាគី
  • កំណត់យកដើមខែតុលា ឆ្នាំ២០១៧ ជាការបើកកិច្ចប្រជុំគណៈកម្មការប្រឹក្សាការងារ ដើម្បីសម្រេចប្រាក់ឈ្នួលអប្បបរមា ផ្នែកវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើង សម្រាប់ឆ្នាំ២០១៨
  • កំណត់យកថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨ ជាកាលបរិច្ឆេទចូលជាធរមាន សម្រាប់ការអនុវត្ត គោលនយោបាយប្រាក់ឈ្នួលអប្បបរមា។

២-គ្រប់ភាគីទាំងអស់ ត្រូវប្រើលក្ខណៈវិនិច្ឆ័យបែបសង្គម (ស្ថានភាពគ្រួសារ អត្រា អតិផរណា និងការចំណាយក្នុងការរស់នៅ និងលក្ខណៈវិនិច្ឆ័យបែបសេដ្ឋកិច្ច (ផលិតភាព ភាពប្រកួតប្រជែងរបស់ប្រទេសស្ថានភាពទីផ្សារ ការងារ និងកម្រិតចំណេញរបស់វិស័យ ក៏ដូចជា បន្ទាត់ភាពក្រីក្រ សម្រាប់ធ្វើជាមូលដ្ឋាន ក្នុងការពិភាក្សាប្រាក់ឈ្នួលអប្បបរមានៅកម្ពុជា។

៣-ក្រសួងសូមរំលឹកដល់ភាគីពាក់ព័ន្ធ សូមផ្តោតលើទិន្នន័យ និងការស្រាវជ្រាវបែបវិទ្យាសាស្ត្រ ដោយយោងលើបម្រែបម្រួលនៃលក្ខណៈ វិនិច្ឆ័យទាំង៧ ដែលបានព្រមព្រៀង កាលពីឆ្នាំ២០១៤ ដើម្បីធ្វើជាមូលដ្ឋានក្នុងការសម្របសម្រួលផ្ទៃក្នុង និងប្រកាន់គោលជំហររួមមួយ។

៤-គណៈកម្មការប្រឹក្សាការងារ នឹងបង្កើតឱ្យមានក្រុមការងារបច្ចេកទេសត្រីភាគី ដែលមានសមាជិកស្មើៗគ្នាមកពីភាគីកម្មករនយោជិត ភាគីនិយោជក និងភាគីរដ្ឋាភិបាល ដោយភាគីនីមួយៗត្រូវពិភាក្សាឱ្យមានការឯកភាព ផ្ទៃក្នុងជាមុន និងត្រូវផ្តល់សិទ្ធិពេញលេញដល់តំណាងរបស់ខ្លួនដែលមកចូលរួមប្រជុំពិភាក្សា ប្រាក់ឈ្នួលអប្បបរមាក្នុងការលើកសំណើជូន គណៈកម្មការប្រឹក្សាការងារពិភាក្សាបន្ត។ គណៈកម្មការប្រឹក្សាការងារនឹងពិនិត្យសម្រេចលើ សំណើដែលបានលើកឡើងដោយក្រុមការងារបច្ចេកទេសទេសត្រីភាគីនេះ ដើម្បីស្នើសុំគោលការណ៍ពីរាជរដ្ឋាភិបាល ។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានកំណត់គោលនយោបាយដំឡើងប្រាក់ឈ្នួល ជាងរៀងរាល់ឆ្នាំ ដល់កម្មករនិយោជិត ក្នុងវិស័យវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើង។ កាលពីឆ្នាំមុននេះ បន្ទាប់ពីមានការពិភាក្សារបស់ក្រុមការងារត្រីភាគី រួមមានភាគីក្រសួងការងារ ភាគីនិយោជក និងភាគីសហជីពនោះ រាជរដ្ឋាភិបាល បានសម្រេចដំឡើងប្រាក់ឈ្នួលអប្បបរមា ដល់កម្មកររោងចក្រកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង រហូតដល់ចំនួន ១៥៣ដុល្លារ សម្រាប់ឆ្នាំ២០១៧។ ប្រាក់ឈ្នួលអប្បបរមានេះ បានកើនឡើងប្រមាណ១៣ដុល្លារ បើធៀបនឹងប្រាក់ឈ្នួល អប្បបរមានៅឆ្នាំ២០១៦។

ដោយឡែក សម្រាប់ដំណើរការបោះឆ្នោត ជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នាពេលខាងមុខនេះ គណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោត (គ.ជ.ប) នឹងរៀបចំការចុះឈ្មោះ បោះឆ្នោតឆ្នាំ២០១៧ ចាប់ពីថ្ងៃទី១ខែកញ្ញា ដល់ ថ្ងៃទី៩ខែវិច្ឆិកា។ ដូច្នេះគ.ជ.ប អំពាវនាវដល់ ពលរដ្ឋដែលពុំទាន់មានឈ្មោះក្នុងបញ្ជីបោះឆ្នោត ឆ្នាំ២០១៦ កន្លងមកនេះ ត្រៀមខ្លួនចុះឈ្មោះ ក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០១៧ ដែល គ.ជ.ប នឹង ចាប់ផ្តើមដំណើរការងារតាមកាលបរិច្ឆេទកំណត់នោះ៕

កុលបុត្រ

RELATED ARTICLES