Saturday, November 30, 2024
Homeបរិយាយសេចក្តីវិនាស ជិតមកដល់ត្រូវពង្រឹងសន្តិភាព

សេចក្តីវិនាស ជិតមកដល់ត្រូវពង្រឹងសន្តិភាព

គម្ពីរ “ស្រីហិតោបទេស” និពន្ធដោយបុរាណាចារ្យឥណ្ឌា ឈ្មោះ “នារាយណបណ្ឌិត” និងបានបកប្រែពីភាសាសំស្ក្រឹត ដោយព្រះភិក្ខុវីរិយបណ្ឌិតោ ប៉ាង ខាត់ ត្រង់កថាខណ្ឌ២៥ ភាគទី៤ ស្តីពី “សន្តិភាព” បានសរសេរថា “កាលបើសេចក្តីវិនាស ចូលមកជិតដល់ហើយ សូម្បីអនារិយជន យើងក៏គួរធ្វើសន្តិភាពដែរ ព្រោះថា បើវៀរមិនអាស្រ័យអនារិយជននោះ ហើយ យើងមិនអាចរស់តទៅទៀតបានឡើយ”។ មរតកសាសន៍នេះ មានខ្លឹមសារអប់រំជ្រាលជ្រៅណាស់ សម្រាប់អ្នកនយោបាយ គ្រប់និន្នាការយកទៅអនុវត្ត ដែល “នគរធំ” សូមលើកមកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

ពាក្យថា “អនារិយជន” ឬ “អនារ្យជន” មានន័យថា មនុស្សមិនថ្លៃថ្នូរ ជនដែលមិនមែនអរិយៈ ដែលមិនចម្រើន ដែល មិនចុះរបៀបឆ្គងខ្ជីខ្ជាមិនប្រសើរ។ រីឯពាក្យថា “សន្តិភាព” មានន័យថា ភាពស្ងប់សេចក្តីសាន្តត្រាណ ភាពរាបទាប ដំណើរ ជានឹងគ្នានេះ បើតាមសេចក្តីពន្យល់ក្នុងវចនានុក្រមខ្មែរ។ ចំពោះកថាខណ្ឌ “ស្រីហិតោបទេស” ថា “កាលបើសេចក្តីវិនាស ចូលជិតមកដល់ហើយ សូម្បីអនារិយជនយើងក៏គួរធ្វើសន្តិភាពដែរ” មានន័យថា អ្នកដឹកនាំប្រទេស អ្នកដឹកនាំបក្ស កាលបើ មើលឃើញពីការធ្លាក់ចុះប្រជាប្រិយភាព ចាំបាច់ត្រូវតែធ្វើសន្តិភាព ឬធ្វើឱ្យអនារិយជនបានសេចក្តីស្ងប់ រាបទាបដោយសន្តិវិធី ប្រសើរជាងការបង្ក្រាប ឬព្យាបាទដោយវិធានការក្តៅ។

កាលពីពេលថ្មីៗនេះ សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានសរសេរក្នុងទំព័រហ្វេសប៊ុក របស់សម្តេចថា “កសាងសន្តិភាព គឺលំបាកខ្លាំងណាស់ ប៉ុន្តែ បំផ្លាញសន្តិភាព គឺងាយតែមួយប៉ប្រិចភ្នែកប៉ុណ្ណោះ… អ្វីដែល យើងទាំងអស់គ្នាឃើញច្បាស់នឹងភ្នែក គឺកម្ពុជា សន្តិភាពកំពុងរីកចម្រើនបោះជំហានទៅមុខ ដែលប្រជាពលរដ្ឋទូទាំងប្រទេស មានមោទនភាពចំពោះគំរូវីរភាពដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន” សំណេរនេះ និយាយតែពី “សន្តិភាព” អត់រំព្ញកពី “សង្គ្រាម” ដូចមុនទៀតទេ ដែលមានលក្ខណៈស្របនឹងកថាខណ្ឌ “ស្រីហិតោបទេស” ដែលបង្ហាញពីសន្តិភាព។

ចុះហេតុអ្វីក៏មានការពន្យល់ថា “កាលបើសេចក្តីវិនាសចូលមកជិតដល់ហើយ សូម្បីអនារិយជន យើងក៏គួរធ្វើសន្តិភាព ដែរ” ចំណុចនេះ “នគរធំ” សូមលើកហេតុផលខ្លះៗ គឺកន្លងមក បក្សកាន់អំណាច បានធ្វើនយោបាយ “អភិវឌ្ឍន៍ជនបទ” ដោយ ចង់ប្រែក្លាយដីព្រៃឱ្យទៅជាចម្ការកៅស៊ូ ដូងប្រេង ឬដំណាំកសិ-ឧស្សាហកម្ម ក៏ដូចជាវារីអគ្គិសនី។ ដើម្បីឱ្យផែនការនេះ ឆាប់ រហ័ស រដ្ឋាភិបាលបានធ្វើសម្បទានដីព្រៃរាប់ម៉ឺនហិកតារ ទៅក្រុមហ៊ុនឯកជន ធ្វើការឈូសឆាយតាមការកំណត់ ប៉ុន្តែ ក៏មាន ក្រុមហ៊ុនមួយចំនួនធ្វើឱ្យប៉ះពាល់ដល់ដីធ្លីជនជាតិភាគតិច ដែលពួកគាត់រស់នៅលើដីកេរដូនតាតាំងពីបរមបុរាណមក។ ដោយ- ឡែកប្រជាពលរដ្ឋមួយចំនួនក៏បានទៅតាំងលំនៅលើដីរដ្ឋ ដូចជាតំបន់បឹងកក់ បុរីកីឡា ថ្មគោល ជាដើម លុះរដ្ឋវិនិយោគឱ្យ ឯកជន ដោយតម្រូវឱ្យឯកជនដោះស្រាយសំណងជូនពួកគាត់ឱ្យបានសមស្របនោះ បែរជាឯកជនមិនគោរពកិច្ចសន្យា។ ព្រោះតែហេតុនេះហើយទើបបានជាបងប្អូនជនជាតិភាគតិច ដែលបាត់បង់ដីធ្លី ឬផ្នូរកប់សពជីដូនជីតា កើតទុក្ខមិនសុខចិត្ត នាំគ្នាតវ៉ា ក៏ដូចជាអ្នកបាត់បង់ដីធ្លី នៅបឹងកក់ បុរីកីឡា មួយចំនួនតវ៉ាមិនចេះចប់ រហូតជាប់គុកច្រវាក់ជាហូរហែ។

លុះមានការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៥ ឃើញថា បក្សកាន់អំណាច បាត់បង់អាសនៈ អស់២២ ធ្លាក់ ទៅបក្សប្រឆាំង ហើយនៅពេលបោះឆ្នោតជ្រើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤នេះ លទ្ធផលបណ្តោះអាសន្ន បង្ហាញ ថា បក្សកាន់អំណាចរបូតអាសនៈមេឃុំ-ចៅសង្កាត់ ជិត៥០០ទៀត ដែលបក្សប្រឆាំងដណ្តើមបាន។ ដូច្នេះទោះបីជាបក្ស កាន់អំណាច “បង្ហាញភាពនឹងន” មិនភ្ញាក់ផ្អើលនឹងការស្រុតចុះប្រជាប្រិយភាពនេះ ក៏ “មានក្តីបារម្ភជានិច្ច” បន្ទាប់ពីមើលឃើញ កម្លាំងបក្សប្រឆាំងមិនធម្មតា។

ហេតុនេះ ប្រឈមមុខនឹងក្តីបារម្ភក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០១៨ ខាងមុខ ជភភ គួរតែ “សូម្បីអនា- រិយជន យើងក៏គួរធ្វើសន្តិភាពដែរ” គឺមានន័យថា បងប្អូនជនជាតិភាគតិច ដែលមិនសូវមានការសិក្សាជ្រៅជ្រះដូចអ្នកក្រុង មិនទាន់ស៊ីវិល័យដូចគេ គួរតែបក្សកាន់អំណាច ព្យាយាមយកចិត្តថ្លើមពួកគាត់ឱ្យដល់កម្រិត តាមរយៈការប្រគល់ដីធ្លី ដែល ក្រុមហ៊ុនរំលោភ យកជូនទៅពួកគាត់វិញ ឬក៏មានសំណងសមស្រប មិនប្រើវិធីក្តៅដូចមុន។ រីឯសកម្មជនដីធ្លីបឹងកក់ បុរីកីឡា ថ្មគោល អមលាំង ក៏ដូចអ្នកតវ៉ាគ្រប់ទីកន្លែងនោះ គួរពង្រឹងភាពសុខស្ងប់ជូនពួកគាត់ផង។ ការប្រើកម្លាំងសន្តិសុខកាន់ដំបង ឆក់ទៅបង្ក្រាបនោះ បានត្រឹមធ្វើឱ្យសំឡេងឆ្នោតបក្សប្រឆាំងកើនឡើង នៅមណ្ឌលរាជធានីភ្នំពេញ ជាបេះដូងប្រទេស តែ បើចេះដោះស្រាយទំនាស់ដូចលោកជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងដែនដី និងនគរូបនីយកម្ម ដែលឈានដល់ប៉ាវនំបញ្ចុកដល់ ប្រជាពលរដ្ឋរស់នៅអគារប៊ុលឌីង នោះ ជារឿងល្អបំផុត។ ការធ្វើសន្តិភាពជាមួយ “អនារិយជន” សំខាន់ជាងធ្វើជាមួយ “អរិយជន” ឬ “មនុស្សជាន់ខ្ពស់” ទៅទៀត ដូចឧទាហរណ៍អក្សរសិល្ប៍ខាងក្រោម ៖

នៅក្នុងរឿង “ព្រះមហិស្សរាធិបតី និងស្តេចស្រមោចខ្មៅ” ដកស្រង់ពីវណ្ណកម្ម “គតិលោក” របស់អ្នកឧកញ៉ាសុត្តន្ត ប្រីជា ឥន្ទ បានតំណាលពីព្រះមហាក្សត្រ១អង្គទ្រង់ព្រះនាម “ព្រះបាទមហិស្សរាធិបតី” មានមហិទ្ធិប្ញទ្ធិខ្លាំងពូកែណាស់ ដោយ មានស្តេច១០១នគរ នាំសួយសារអាករមកថ្វាយ មានទាំងស្តេចគ្រុឌ នាគ យក្ស និងស្តេចសត្វធំៗ សុំចងស្ពានមានមេត្រី។ ថ្ងៃមួយ មានស្តេចស្រមោចខ្មៅមួយ បានមកសុំចងសម្ព័ន្ធមិត្តជាមួយព្រះមហាក្សត្រ តែព្រះអង្គមិនអនុញ្ញាតទេ ដោយយល់ថា “ស្រមោចជាសត្វថោកទាប តូចតាចមិនត្រូវសេពគប់ទេ” គឺស្តេចចងមេត្រីតែនឹងសត្វធំៗ មានរាជសីហ៍ជាដើម។ ពេលនោះ មហាមន្ត្រីម្នាក់ មានប្រាជ្ញា ក៏ទូលស្តេចថា “ធម្មតាជាងឈើ ឬជាងទងសឹងមានគ្រឿងដែកតូចធំសម្រាប់ធ្វើការ បើការឯណា ធំ ប្រើញញួរ ឬពន្លាកធំ បើការឯណាតូច ក៏ប្រើញញួរ ឬពន្លាកតូច”។ ស្តេចទ្រង់ព្រះសណ្តាប់ពាក្យមហាមន្ត្រីបែបនេះ ក៏យល់ ព្រមទទួលស្តេចស្រមោចខ្មៅនោះ ជាមិត្តតទៅ។ ថ្ងៃមួយ ព្រះមហាក្សត្រផ្ទំលក់ ស្រាប់តែមានសត្វក្លឹស១ក្បាល ចូលទៅក្នុង រន្ធព្រះកាណ៌ (ត្រចៀក) ព្រះអង្គទោះជារកស្រីស្នំ ឬគ្រូពេទ្យជួយដាក់ថ្នាំ ឬខ្វារយ៉ាងណាក៏សត្វក្លឹសនោះ ត្បុលជ្រៅទៅៗ យកមិនចេញ។ ស្តេចបានឱ្យហៅមហាមិត្ត ដូចជា ស្តេចគ្រុឌ ស្តេចនាគ ស្តេចយក្សជាដើមមកជួយ តែគ្មានអ្នកណាជួយបានទេ ទើបមហាមន្ត្រីនឹកឃើញដល់ស្តេចស្រមោចខ្មៅ ក៏ទូលស្តេច ទើបស្តេចត្រាស់បង្គាប់ឱ្យហៅស្តេចស្រមោចនោះមក។ ថ្លែងពីស្តេច ស្រមោចខ្មៅ បានដឹងពីអាការប្រឈួននេះ ក៏ប្រើសេនាស្រមោច២ក្បាល ឱ្យវារចូលទៅក្នុងព្រះកាណ៌ស្តេច ខាំអូសទាញសត្វ ក្លឹសនោះចេញមក បានបង្ហាញដល់ប្រជុំជនដែលជាអ្នកខ្លាំង ធ្វើឱ្យស្តេចបាត់ឈឺចុកចាប់ ក៏ត្រាស់សរសើរស្តេចស្រមោចខ្មៅនោះ ជាអនេក និងភ្ញាក់ព្រះស្មារតីថា “ពេលសេចក្តីវិនាសចូលមកដល់ មានតែអនារិយជនទើបអាចជួយព្រះអង្គបាន”។ យ៉ាង ណាមិញ នៅពេលដែលការគាំទ្រចេះតែចុះថយបែបនេះ បក្សកាន់អំណាចគួរពង្រឹងសន្តិភាព ឬធ្វើទន់ភ្លន់ជាមួយអ្នកតវ៉ា រឿងដីធ្លី កុំទុកឱ្យនៅរកាំរកូសតទៅទៀត ព្រោះអ្នកក្រម្នាក់ ជាម្ចាស់សន្លឹកឆ្នោត១សន្លឹក។ ផ្ទុយទៅវិញ បើធ្វើល្អតែ ជាមួយ រាជសីហ៍ តោ ខ្លា ដែលជាសត្វមានអំណាចនោះ មិនអាចជួយយកសត្វក្លឹស ចេញពីព្រះកាណ៌ស្តេចបានទេ ធ្វើឱ្យសត្វចង្រៃ នោះ ត្បុលរុលជ្រៅទៅៗ មិនខុសពីសំឡេងឆ្នោតបក្សកាន់អំណាច ដែលពិបាកស្តារនៅរាជធានី ខណៈដែលអ្នកបោះឆ្នោត ភាគច្រើនជាថៅកែៗ និងអ្នកមានបណ្តាស័ក្តិ។

សរុបទៅ “បើមើលឃើញសេចក្តីវិនាស ត្រូវពង្រឹងសន្តិភាពជាមួយអនារិយជន” ចាត់ទុកជាយុទ្ធសាស្ត្រថ្មី ដែលបក្ស កាន់អំណាច គួរយកមកអនុវត្ត ដើម្បីយកឈ្នះបក្សប្រឆាំង ក្នុងការបោះឆ្នោតឆ្នាំ២០១៨ ខាងមុខនេះ។ ជាទូទៅ ពាក្យពេចន៍ ដែលបុរាណាចារ្យចងក្រងទុកមិនអត់ប្រយោជន៍ទេ ដូច្នេះកថាខណ្ឌ “ស្រីហិតោបទេស” ខាងលើនេះ បើបក្សកាន់អំណាច អនុវត្ត បានល្អ ទើបធានាថា នឹងឈ្នះបក្សប្រឆាំង ប៉ុន្តែ បើនៅតែមានអ្នកតវ៉ារឿងដីធ្លីមិនចេះចប់នោះ សន្លឹកឆ្នោត អាចនឹងរបូត ទៅបក្សប្រឆាំង ធ្ងន់ជាងនេះទៀតក៏ថាបាន៕

ដោយ អាចារ្យថាំ

RELATED ARTICLES