ភ្នំពេញ ៖ បន្ទាប់ពីលោកសម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ បានប្រកាសជាចំហថា នៅពេលគណបក្សសង្គ្រោះជាតិ (បក្សប្រឆាំង) ឈ្នះឆ្នោតឆ្នាំ២០១៨ លោកនឹងកាន់តំណែងជានាយករដ្ឋមន្ត្រីនោះ មានមជ្ឈដ្ឋាន តាមដាននយោបាយមួយចំនួនបានលើកឡើងថា លោកសម រង្ស៊ី គ្មានតួនាទីអ្វីក្នុងគណបក្សសង្គ្រោះជាតិទៀតទេ ដូច្នេះបេក្ខភាពនាយករដ្ឋមន្ត្រីរបស់គណបក្សសង្គ្រោះជាតិប្រាកដជាលោកកឹម សុខា។
ទោះជាយ៉ាងណា លោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ និងថ្នាក់ដឹកនាំគណបក្សប្រឆាំងនេះ មិនទាន់បញ្ជាក់ពីបេក្ខភាពនាយករដ្ឋមន្ត្រីនៅឡើយ ខណៈដែលគណបក្សប្រជាជនកម្ពុជា (បក្សកាន់អំណាច) បានបញ្ជាក់ច្បាស់លាស់ហើយថា បេក្ខភាពនាយករដ្ឋមន្ត្រី គឺសម្តេចហ៊ុន សែន។ ប៉ុន្តែតាមប្រភពមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ បានឱ្យដឹងថា សម្រាប់បេក្ខភាពនាយករដ្ឋមន្ត្រីគណបក្សនឹងប្រកាសនៅក្នុងសមាជបក្សនៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៨ មុនការបោះឆ្នោត។
បើទោះបីការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៨ នៅប្រហែលរយៈពេល១ឆ្នាំទៀត ទើបចូលមកដល់ក៏ដោយ ក៏មជ្ឈដ្ឋានជាច្រើន ទាំងអ្នកគាំទ្រ និងអ្នកតាមដានសង្គម កំពុងធ្វើការចាប់អារម្មណ៍ទៅនឹងបេក្ខភាពនាយករដ្ឋមន្ត្រី របស់គណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងដ៏ធំនៅកម្ពុជា ដោយមជ្ឈដ្ឋាននោះ បានធ្វើការប្រៀបធៀបបេក្ខភាពលោកកឹម សុខា ប្រធានគណបក្សនាពេលបច្ចុប្បន្ន និងលោកសម រង្ស៊ី អតីតប្រធានគណបក្ស។ ក្នុងនោះ អ្នកខ្លះបានឱ្យតម្លៃទៅលើលោកកឹម សុខា ស័ក្តិសមនឹងឈរជាបេក្ខភាពនាយករដ្ឋមន្ត្រី ព្រោះលោកជាប្រធាន គណបក្ស ដែលមានការទទួលស្គាល់ដោយសមាជរបស់គណបក្ស ហើយក្រសួងមហាផ្ទៃ ក៏មានការទទួលស្គាល់។ លើសពីនេះ ក្នុងការចុះតាមមូលដ្ឋាន លោកកឹម សុខា ក៏ទទួលបានការគាំទ្រច្រើន និងមានការកោតសរសើរថា ដឹកនាំបក្សបានល្អ ប្រកបដោយប្រជាធិបតេយ្យ។ ចំណែកអ្នកខ្លះទៀត បានឱ្យតម្លៃទៅលើលោកសម រង្ស៊ី ថា ស័ក្តិសមជាបេក្ខភាពនាយករដ្ឋមន្ត្រីរបស់គណបក្សសង្គ្រោះជាតិ ព្រោះបើទោះបីលោក សម រង្ស៊ី បានលាលែងតំណែងប្រធាន និងសមាជិកភាពគណបក្សសង្គ្រោះជាតិក៏ដោយ ក៏លោក សម រង្ស៊ី នៅតែជានិមិត្តរូបនៃការផ្លាស់ប្តូរនៅ ស្ថិតក្នុងការចងចាំរបស់ប្រជារាស្ត្រខ្មែរ និងផ្តល់ការគាំទ្រសម្រាប់ជីវិតនយោបាយរបស់លោក ជាពិសេសលោកមានសមត្ថភាព និងលក្ខណសម្បត្តិគ្រប់គ្រាន់ ក្នុងការធ្វើជានាយករដ្ឋមន្ត្រី ដឹកនាំប្រទេសបើសិនគណបក្សប្រឆាំងឈ្នះឆ្នោត។
គួរបញ្ជាក់ថា ការលើកឡើងវែកញែក វិភាគពីបេក្ខភាពនាយករដ្ឋមន្ត្រីរបស់គណបក្សប្រឆាំងពីសំណាក់មជ្ឈដ្ឋានមួយចំនួនខាងលើនេះ កើតមានឡើងបន្ទាប់ពីលោកសម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ បានថ្លែង អះអាងពីក្រៅប្រទេសមកថា រូបលោកជាបេក្ខភាពនាយករដ្ឋមន្ត្រីតែម្នាក់គត់ សម្រាប់ការបោះឆ្នោតថ្នាក់ជាតិ ឆ្នាំ២០១៨ របស់គណបក្ស ប្រឆាំង។
ទោះបីយ៉ាងណាមុននេះ លោកកឹម សុខា ធ្លាប់បានបញ្ជាក់នៅក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានថា នៅពេលដែលគណបក្សសង្គ្រោះជាតិ ធ្វើសមាជ នឹងធ្វើការសម្រេចថា អ្នកណាជាបេក្ខភាពនាយករដ្ឋមន្ត្រី ប៉ុន្តែឥឡូវនេះ មិនទាន់មានការកំណត់បេក្ខភាពនាយករដ្ឋមន្ត្រីនៅឡើយ។
ជាមួយគ្នានោះដែរ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ បញ្ជាក់ថា នៅពេលនេះ សម្រាប់បេក្ខភាពនាយករដ្ឋមន្ត្រីរបស់គណបក្សសង្គ្រោះជាតិ មិនទាន់មានទេ ប៉ុន្តែគណបក្សប្រឆាំងនេះ នឹងសម្រេចប្រកាសបេក្ខភាពនាយករដ្ឋមន្ត្រីនេះ នៅក្នុងសមាជបក្សនៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៨ មុនការបោះឆ្នោតថ្នាក់ជាតិ។
សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សសង្គ្រោះជាតិ និងជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ លោកជាម ច័ន្ទនី បានបញ្ជាក់ថា មកទល់ពេលនេះ ទាំងគណៈកម្មាធិការអចិន្ត្រៃយ៍ និងគណៈកម្មាធិការនាយករបស់គណបក្ស មិនទាន់គិតគូរប្រជុំពិភាក្សា ពីការដាក់បេក្ខភាព នាយករដ្ឋមន្ត្រីរបស់គណបក្ស សម្រាប់ការបោះឆ្នោតថ្នាក់ជាតិនោះទេ។
លោកជាម ច័ន្ទនី បានមានប្រសាសន៍ថា “បាទ ! ខ្ញុំសូមជម្រាបថា មកទល់ពេលនេះ យើងអត់ទាន់បានគិតពីបញ្ហានេះទេ នៅក្នុងអចិន្ត្រៃយ៍របស់យើង ក៏អត់បានគិត ថ្នាក់ដឹកនាំជាន់ខ្ពស់ប៉ុន្មានរូប ក៏អត់បានគិតដែរ។ អ្វីដែលយើងចាប់អារម្មណ៍ អ្វីដែលយើងគិតជាបន្ទាន់ហ្នឹង គឺយើងហ្វឹកហ៊្វឺន ហ្វឹកហាត់លោកមេឃុំ-ចៅសង្កាត់ថ្មី របស់យើង ជិតប្រាំរយនាក់ហ្នឹង ឱ្យគាត់ស្គាល់ពីរបៀបរបប ខណៈពេលដែលគាត់ចាប់ផ្តើមធ្វើការងារនៅក្នុងឃុំ-សង្កាត់។ អាហ្នឹងដែលជាការកង្វល់របស់គណបក្ស ឯចំណែកបេក្ខជននាយករដ្ឋមន្ត្រី នាពេលខាងមុខនេះ យើងអត់ទាន់គិតផង បញ្ហាសមាជយើងគ្រាន់តែប្រាប់មហាជនថា យើងសមាជនៅខែ៤ ដើមឆ្នាំក្រោយ តែរបៀបវារៈនៃអង្គសមាជរបស់យើងហ្នឹង អត់ទាន់រៀបចំទេ។ សមាជរបស់យើង ហៅថា សមាជសាមញ្ញ មិនមែនវិសាមញ្ញទេ សាមញ្ញរបស់យើង ជាពិសេសយើងត្រៀមគោលនយោបាយរបស់យើង ដើម្បីចូលរួមការបោះឆ្នោតឆ្នាំ២០១៨។ ដូច្នេះ ខ្ញុំសូមបញ្ជាក់ជូនគណបក្សសង្គ្រោះជាតិ ការដែលមានការប្រៀបធៀបបេក្ខជននាយករដ្ឋមន្ត្រី រវាងឯកឧត្តមកឹម សុខា និងឯកឧត្តមសម រង្ស៊ី គឺថា យើងអត់បានគិតទេ សូមជម្រាបជូនបងប្អូនទាំងអស់ឱ្យបានជ្រាប ក្នុងឋានៈខ្ញុំជាសមាជិកអចិន្ត្រៃយ៍ ខ្ញុំសូមជម្រាបជូនអ៊ីចឹង អ្វីដែលយើងគិត គឺយើងខ្វល់ គឺហ្វឹកហ្វឺនបងប្អូនដែលជាមេឃុំ ដែលជាចៅសង្កាត់ មុនលោកត្រៀមខ្លួនដើម្បីចូលរួមដឹកនាំការងារឃុំ-សង្កាត់ នៅពេលខាងមុខនេះ ឱ្យបានជោគជ័យ ដែលជាគ្រឹះនៃជំហានឈានទៅរកការជោគជ័យនៅឆ្នាំ២០១៨ ខាងមុខ”។
ដោយឡែក អ្នកវិភាគ លោកសាស្ត្រាចារ្យនយោបាយ លោកសូរ ចន្ថា បានបញ្ជាក់ថា សម្រាប់គណបក្សប្រឆាំង តាមការមើលឃើញរបស់លោក បុគ្គលណាមួយក៏អាចក្លាយជាបេក្ខភាព នាយករដ្ឋមន្ត្រីបានដែរ ប៉ុន្តែសំខាន់ អាស្រ័យ ទៅលើសមាជរបស់គណបក្ស ក្នុងការជ្រើសរើសលោកកឹម សុខា ឬលោកសម រង្ស៊ី ជាបេក្ខភាពនាយករដ្ឋមន្ត្រី។ ប៉ុន្តែកាលពីមុនបោះឆ្នោតឆ្នាំ២០១៣ លោកកឹម សុខា និងលោកសម រង្ស៊ី បានសន្យាគ្នាហើយ គឺបើគណបក្សសង្គ្រោះជាតិឈ្នះឆ្នោត លោកកឹម សុខា នឹងទៅកាន់អំណាចនីតិប្បញ្ញត្តិ ឯលោកសម រង្ស៊ី កាន់អំណាចនីតិប្រតិបត្តិ។
លោកសូរ ចន្ថា បានមានប្រសាសន៍ថា “បើមើលជាទូទៅ ហើយទាក់ទងទៅនឹងអ្វីដែលជាការកំណត់ពីមុនមក យើងឃើញថា មានការសន្យាគ្នារវាងលោកកឹម សុខា និងលោកសម រង្ស៊ី គឺការបែងចែកអំណាចគ្នា នៅពេលដែល មានការឈ្នះឆ្នោតនោះ។ មានន័យថា លោក កឹម សុខា ទៅកាន់អំណាចនីតិប្បញ្ញត្តិ ហើយលោកសម រង្ស៊ី ទៅកាន់អំណាចនីតីប្បញ្ញត្តិនោះ។ អ៊ីចឹងខ្ញុំគិតថា លោកទាំង២ សុទ្ធតែអាចស័ក្តិសមតំណែងជាបេក្ខភាពនាយករដ្ឋមន្ត្រីដូចគ្នា។ ប៉ុន្តែដើម្បីកុំឱ្យមានបញ្ហា វាអាស្រ័យទៅលើការជជែកគ្នា នៅផ្ទៃក្នុងរបស់គណបក្ស មានសមាជិកគណៈកម្មាធិការនាយក មានគណៈអចិន្ត្រៃយ៍ បានទៅសមាជ ដើម្បីសម្រេចនោះ។ ខ្ញុំគិតថា វាគួរតែជាការរៀបចំ ក៏ប៉ុន្តែនៅក្នុងខណៈសម រង្ស៊ី លោកកំពុងតែនៅក្រៅស្រុក ហើយមានជាប់បណ្តឹងច្រើនផង ហើយម៉្យាងទៀត យើង ឃើញថា លោកសម រង្ស៊ី ក៏មិនមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោតដែរ បើសិនលោកសម រង្ស៊ី ចង់ឈរឈ្មោះជាបេក្ខជន គួរតែត្រឡប់មកវិញ ដើម្បីមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ហើយដើម្បីឈរឈ្មោះបាន”។
លោកសូរ ចន្ថា បានមានប្រសាសន៍បន្តថា “ខ្ញុំគិតថា បើយោងតាមច្បាប់ ដើម្បីមានឈ្មោះជាបេក្ខជនបាន ទាល់តែបេក្ខជននោះ មិនមែនជាអ្នកជាប់ទោស ឬមានការចោទប្រកាន់អីផ្សេងៗ ពីសំណាក់តុលាការ។ អ៊ីចឹង ខ្ញុំគិតថា លទ្ធភាពសម្រាប់លោកសម រង្ស៊ី ហាក់ដូចជាមានបញ្ហាច្រើន។ ប៉ុន្តែទោះជាយ៉ាងណា ខ្ញុំចង់ឃើញបេក្ខភាពនាយករដ្ឋមន្ត្រីដែលដាក់ចេញមកមានសក្តានុពល ហើយជាអ្នកដែលស្រលាញ់ជាតិ និងការពារផលប្រយោជន៍ជាតិ សម្រាប់ប្រជាពលរដ្ឋខ្មែរទូទៅ ក្នុងគោលដៅដើម្បីធ្វើឱ្យមានការរីកចម្រើនពិតប្រាកដ។ សរុបទៅ ខ្ញុំមើលទៅ ទាំងលោកកឹម សុខា ទាំងលោក សម រង្ស៊ី សុទ្ធតែអ្នកដែលមានសមត្ថភាព មានចំណេះដឹង ហើយមានបទពិសោធន៍ផ្នែកនយោបាយ។ អ៊ីចឹងខ្ញុំគិតថា លោកទាំង២ មានលក្ខណៈស័ក្តិសមដូចគ្នាទេ ហើយអាចនឹងទទួលតំណែង នេះបាន សម្រាប់ឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្ត្រី នៅពេលខាងមុខនោះ ហើយក៏មានការសិក្សាស្រាវជ្រាវ និងការស្ទង់មតិដែរថា លោកទាំង២ មានប្រជាប្រិយភាពប្រហាក់ប្រហែលគ្នាដែរ”៕
កុលបុត្រ