ប្រជាពលរដ្ឋដែលរស់នៅស្រុកសម្បូណ៌ និងស្រុកសណ្តាន់ ខេត្តកំពង់ធំ បានខ្សឹបឱ្យឮតាម “នគរធំ” ថា ផ្លូវចាក់កៅស៊ូ១ខ្សែ ដែលបែកចេញពីផ្លូវលេខ៦២ ឆ្ពោះទៅកាន់ស្រុកប្រាសាទសម្បូណ៌ និងស្រុកសណ្តាន់ កំពុងទទួលរងការ ខូចខាតស្ទើរខ្ទេចខ្ទីអស់ទៅហើយ តែមិនឃើញមានមន្ត្រីជំនាញពាក់ព័ន្ធណា អើពើចុះពិនិត្យ និងធ្វើការជួសជុលសោះឡើយ ដោយចេះតែអង្គុយចោទដាក់គ្នាទៅវិញទៅមក ធ្វើឱ្យប្រជាពលរដ្ឋឈឺក្បាលវិលមុខ និងវេទនាយ៉ាងខ្លាំង ក្នុងការធ្វើដំណើរឆ្លងកាត់ផ្លូវមួយខ្សែនេះ។
ប្រជាពលរដ្ឋបានខ្សឹបឱ្យឮថា ផ្លូវដែលកំពុងទទួលរងការខូចខាត១ខ្សែនេះ មានប្រវែង ៦២គីឡូម៉ែត្រ លាតសន្ធឹងពីផ្លូវជាតិលេខ៦២ ចេញពីខេត្តកំពង់ធំ ទៅខេត្តព្រះវិហារ ដោយឆ្លងកាត់ស្រុកកំពង់ស្វាយ ស្រុកប្រាសាទសម្បូណ៌ រហូតដល់ស្រុកសណ្តាន់។ ផ្លូវនេះត្រូវបានចាក់កៅស៊ូរលោងស្រិល ជាច្រើនឆ្នាំមកហើយ តែពេលនេះ កំពុងរងការខូចខាតស្ទើរទាំងស្រុង ព្រោះតែខាងមន្ត្រីជំនាញ មិនយកចិត្តទុកដាក់ ចុះជួសជុលប៉ះប៉ូវជង្ហុក តាំងពីពេលនៅតូចៗនោះទេ លុះទុកដល់ពេលនេះ ជង្ហុករីកកាន់តែធំ នាំឱ្យខូចផ្លូវសឹងតែទាំងស្រុងទៅហើយ។
ប្រជាពលរដ្ឋបានខ្សឹបថា តាំងពីផ្លូវនេះ ខូចខាតតិចតួច រហូតដល់ធ្ងន់ដូចសព្វថ្ងៃនេះ មិនឃើញមានមន្ទីរ ឬអង្គភាពជំនាញណាមួយ ចុះមកពិនិត្យនិងធ្វើការជួសជុលសោះ ហើយបើទុកឱ្យនៅបែបនេះទៀត ផ្លូវមួយខ្សែនេះ ច្បាស់ ជារលាយអស់មិនខានឡើយ។ នៅពេលប្រជាពលរដ្ឋសួរខាងមន្ត្រីជំនាញ ស្រាប់តែពួកគាត់បាន ឆ្លើយដាក់គ្នា យកតែរួចខ្លួនរៀងៗខ្លួន មិនដឹងថា តើគួររាយការណ៍ទៅប្រាប់ស្ថាប័នណា ដើម្បីឱ្យមានការចុះមកពិនិត្យ និងជួសជុលផ្លូវនេះទេ ឬមួយទាល់តែរាយការណ៍ផ្ទាល់ ទៅនាយករដ្ឋមន្ត្រី?
ប្រជាពលរដ្ឋ បានខ្សឹបប្រាប់ទៀតថា កន្លងមក ខាងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត បានបដិសេធថា ផ្លូវមួយខ្សែនេះ មិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់មន្ទីរសាធារណការទេ តែស្ថិតក្រោមការថែទាំរបស់មន្ទីរអភិវឌ្ឍន៍ ជនបទឯណោះទេ។ ប៉ុន្តែខាងមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បែរជាឆ្លើយថា ផ្លូវនេះកសាង ឡើងដោយក្រសួងអភិវឌ្ឍន៍ជនបទ ហើយក៏ស្ថិតក្រោមការថែទាំរបស់ក្រសួងដែរ។ នៅពេលស្តាប់ឮបែបនេះ ធ្វើឱ្យពលរដ្ឋនឹកឆ្ងល់ខ្លាំងណាស់ ព្រោះមិនដឹងថា ស្ថាប័នណាជាអ្នកទទួលខុសត្រូវឱ្យពិតប្រាកដទេ ព្រោះមន្ត្រីជំនាញចេះតែចោទដាក់គ្នា ប៉ុន្តែប្រសិនបើសមិទ្ធផលលេចចេញជារូបរាងថ្មីវិញ (ផ្លូវនេះជួសជុលស្ថាបនារួច) ច្បាស់ជាមានអ្នកចេញមុខមកអួតអាងថា ជាស្នាដៃ ជាសំណូមពរយ៉ាងទទូច ឬជាការ ជ្រោមជ្រែងយ៉ាងសស្រាក់សស្រាំ ពីស្ថាប័នខ្លួន មិនខាន។
ប្រជាពលរដ្ឋ បានខ្សឹបឱ្យឮទៀតថា កន្លងមក កាលពីអំឡុងមុនពិធីបុណ្យចូលឆ្នាំខ្មែរឆ្នាំ២០១៧ ដោយមើលឃើញពីការលំបាកក្នុងការធ្វើដំណោះរបស់ប្រជាពលរដ្ឋ លោកសុខ លូ អភិបាលខេត្តកំពង់ធំ បានបញ្ជាឱ្យមន្ទីរអភិវឌ្ឍន៍ ជនបទ លុបជង្ហុកខ្លះៗ ដើម្បីឱ្យប្រជាពលរដ្ឋ ធ្វើដំណើរទៅលេងសប្បាយ នៅក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ នៅប្រាសាទសម្បូរព្រៃគុកបានងាយស្រួល និងឃើញមានការយកកម្ទេចថ្មទៅ ចាក់លុប បានមួយរយៈពេលខ្លីតែប៉ុណ្ណោះ ជង្ហុក ទាំងនោះ ក៏វិលមករកសភាពដើមវិញដដែល។ ហេតុនេះ ប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរឆ្លងកាត់ផ្លូវមួយខ្សែនេះ ជារៀងរាល់ថ្ងៃ សូមខ្សឹប ឱ្យឮដល់ថ្នាក់ដឹកនាំ ឬស្ថាប័នពាក់ព័ន្ធ មេត្តាជួយពន្លឿន ជំរុញឱ្យមានការជួសជុលស្ថាបនា ផ្លូវមួយខ្សែនេះផង ដើម្បីដោះស្រាយនូវទុក្ខលំបាករបស់ប្រជាពលរដ្ឋ មិនគួរអង្គុយតែឆ្លើយដាក់គ្នា យកតែរួចខ្លួនបែបនេះទេ។
ទោះជាយ៉ាងណា ជុំវិញការខ្សឹបខាងលើនេះ “នគរធំ” មិនអាចទាក់ទងសុំការបំភ្លឺពីខាងមន្ត្រី និងស្ថាប័នជំនាញពាក់ព័ន្ធបានទេ កាលពីម្សិលមិញ។ យ៉ាងណា យើងរង់ចាំទទួលការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ៕
ខៀវ ទុំ