ភ្នំពេញ ៖ ប្រធានសមាគមជ័យលាភីបញ្ញាជនកម្ពុជា លោករស់ សារ៉ុម បានប្រកាសថា លោកបានមោឃភាពលិខិតសុំចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ នោះហើយ។
លោករស់ សារ៉ុម បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៧ ថា ការដែលលោកលុបចោលការស្នើសុំចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា មិនមែនដោយសារលោកមើលឃើញពីភាពខ្លាំងរបស់គណបក្ស ប្រឆាំងទេ តែដោយសារគណបក្សកាន់អំណាចមិនឆ្លើយតបនឹងការស្នើរបស់លោកនេះ។
លោករស់ សារ៉ុម បានមានប្រសាសន៍ថា “ទាក់ទងនឹងចំណុចនេះ ខ្ញុំសូមជម្រាបជូនបន្តិចថា ការស្នើសុំចូលជាសមាជិកនេះ វាជាសិទ្ធិបុគ្គលរបស់ខ្ញុំ ដែលខ្ញុំចង់ចូលររួមជាសមាជិករបស់គណបក្សប្រជាជនកម្ពុជា ក៏ប៉ុន្តែអ្វីដែល យើងខ្ញុំសម្រេចចិត្តនៅក្នុងការមោឃភាពចូលជាសមាជិកនេះចោលហ្នឹង មូលហេតុតចម្បង មានតែមួយទេ ដោយសារតែលិខិតនេះ យើងខ្ញុំបានដាក់ជួនតាំងពីថ្ងៃ១២ មករា ឆ្នាំ២០១៧ មកម៉្លេះ ក៏ប៉ុន្តែបើនិយាយពីបែបបទរដ្ឋបាល គឺខាងគណបក្សប្រជាជនកម្ពុជា មិនមានការឆ្លើយតប។ អ៊ីចឹងសម្រាប់ខ្ញុំដែលជាបុគ្គលមួយ ដែលយើងខ្ញុំចង់ដឹងថា ការចូលជាសមាជិករបស់ CPP នេះវាយ៉ាងម៉េច ពីព្រោះកន្លងទៅ មានប្រជាជនខ្មែរយើងតែងតែមានការយល់ច្រឡំ គ្រាន់តែឃើញរូបថតមួយសន្លឹកពីរសន្លឹកថា យើងខ្ញុំនេះជាសមាជិករបស់គណបក្សប្រជាជនកម្ពុជា។ ក៏ប៉ុន្តែជាក់ស្តែង គឺខ្ញុំមិនមែនជាសមាជិករបស់គណបក្សប្រជាជនកម្ពុជាទេ។ អ៊ីចឹងយើងខ្ញុំស្នើសុំទៅគណបក្សប្រជាជនកម្ពុជា ដើម្បីពេញសិទ្ធិធម្មតាសាមញ្ញោទ ក៏ប៉ុន្តែគ្រាន់តែយើងចូលជាសមាជិកសាមញ្ញ ក៏វាពិបាកណាស់ទៅហើយ។ អ៊ីចឹងវាអត់មានអីចម្លែកទេ ប៉ុន្តែ អាហ្នឹងជាសិទ្ធិរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការទទួលឬមិនទទួល ក៏ប៉ុន្តែអ្វីដែលយើងខ្ញុំចង់បាននេះ វាមានរួចទៅហើយ តាមរយៈសន្លឹកឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ហ្នឹង។ អ្វីដែលយើងចង់ឃើញ គឺគណបក្សកាន់អំណាច និងគណបក្សប្រឆាំង វាប្រកៀកប្រកិតគ្នាអ៊ីចឹង បានប្រទេសជាតិយើងវារីកចម្រើន ហើយការផ្លាស់ប្តូរប្រទេសហ្នឹង ក៏វាអត់មានបញ្ហាអីដែរ វាមិនអាចមានសង្គ្រាម ឬមួយក៏ពេលដែលដូរហើយ វាអាចមានអំពើប្រល័យពូជសាសន៍ដូចសម័យលន់ នល់ ដួលរលំទៅ វាមិនអាចអ៊ីចឹង ទេ។ គឺមានន័យថា ការផ្លាស់ប្តូរដែលប្រជាពលរដ្ឋចង់បាន គឺតាមរយៈសន្លឹកឆ្នោត។ អ៊ីចឹង ពាក់ព័ន្ធយើងខ្ញុំមោឃភាព យើងខ្ញុំថា មិនចាំបាច់ទេ ដោយសារទី១ គណបក្សប្រជាជនកម្ពុជា យើងមើលឃើញថា ដោយសារតែការធ្វេសប្រហែសហ្នឹងហើយ បានជាមេឃុំ-ចៅសង្កាត់ និងក្រុមប្រឹក្សាឃុំ-សង្កាត់ទូទាំងប្រទេសហ្នឹង វាអស់ជិតពាក់កណ្តាល ដោយសារតែការធ្វេសប្រហែសហ្នឹងឯង។ អ៊ីចឹងហើយគ្រាន់តែសេវាសាធារណៈ ផ្តល់ឱ្យប្រជាជន វាមានភាពយឺតយ៉ាវ មិនបានបង្កលក្ខណៈងាយស្រួលមួយដល់ប្រជាជននៅមូលដ្ឋាន អ៊ីចឹងប្រជាជនអត់បោះឆ្នោតឱ្យ។ អ៊ីចឹងខ្ញុំវិញ ក៏ដូចគ្នាអ៊ីចឹងដែរ ក្នុងនាមលិខិត រដ្ឋបាលមួយ ក្នុងរយៈពេលជិតកន្លះឆ្នាំ គ្មានការឆ្លើយតបមិនដឹងខាងគេគិតយ៉ាងម៉េចទេ ប៉ុន្តែខាងខ្ញុំវិញយល់ថា វាចាំបាច់ជាសមាជិកគណបក្សប្រជាជនកម្ពុជាទេ ព្រោះជាសមាជិកធម្មតា ចង់ទៅវិញថ្ងៃក៏បានដែរ”។
លោករស់ សារ៉ុម មានប្រសាសន៍បន្តថា “ចំពោះថាអាចមកពីមើលឃើញភាពខ្លាំងរបស់គណបក្សប្រឆាំង មិនមែននៅលើចំណុចហ្នឹងទេ យើងខ្ញុំសុំបញ្ជាក់ថា នេះជាសិទ្ធិបុគ្គលរបស់ខ្ញុំ អាហ្នឹងមួយ។ ទី២ គណបក្សប្រជាជនកម្ពុជា ក៏គេមានសិទ្ធិដែរ ក្នុងការឆ្លើយតប ឬមិនឆ្លើយតប ក៏ប៉ុន្តែខ្ញុំចង់បញ្ជាក់ខ្លួនខ្ញុំជូនទៅមហាជនថា ខ្ញុំអត់មានជាសមាជិកគណបក្សប្រជាជនកម្ពុជាទេ ខ្ញុំអត់មានពាក់ព័ន្ធអីជាមួយនឹងគណបក្សប្រជាជនកម្ពុជាទេ ខ្ញុំចង់ប្រាប់ អ៊ីចឹង ពីព្រោះនៅពេលដែលខ្ញុំប្តឹងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតអ្នកនេះយល់ថា ខ្ញុំជាសមាជិករបស់គណបក្សប្រជាជនកម្ពុជា អ្នកនោះយល់អ៊ីចេះយល់អ៊ីចុះ។ អ៊ីចឹងខ្ញុំដាក់ចូលជាសមាជិក ដើម្បីឱ្យគាត់យល់ថា ខ្ញុំមិនទាន់បានចូលជាសមាជិកគណបក្សប្រជាជនកម្ពុជាទេ ប៉ុន្តែអាហ្នឹងជារឿងអកុសលមួយ នៅពេលដែលចូលជាមួយសមាជិកគណបក្ស ប្រជាជនកម្ពុជា ស្នើសុំត្រឹមត្រូវ បែរជាគ្មានការឆ្លើយតប អាហ្នឹងជាសិទ្ធិរបស់គណបក្សប្រជាជនកម្ពុជា។ អ៊ីចឹងខ្ញុំសុំចលនាខ្លួនខ្ញុំវិញថា ខ្ញុំមិនមែនជាសមាជិករបស់គណបក្សប្រជាជនកម្ពុជា តែប៉ុណ្ណឹងឯង”។
លោករស់ សារ៉ុម មានប្រសាសន៍បន្តទៀតថា “ចំពោះយើង បញ្ហាថា CPP ទ្រោម CPP ឈ្នះមែន ក៏ប៉ុន្តែវាឈ្នះដក វាមិនមែនឈ្នះបូកទេ។ អាហ្នឹងមួយ ទីពីរ ទោះបីជាគណបក្សប្រឆាំងមិនទទួលបានការគ្រប់គ្រងព្រឹទ្ធសភា យ៉ាងណាក៏ដោយ ក៏ប៉ុន្តែគ្រឹះរបស់គណបក្សប្រឆាំង បានមាំរួចទៅហើយ។ វាមិនទាន់ដល់ចំណុចមួយដែលលើសលប់ ក៏ប៉ុន្តែដល់ចំណុចមួយ ដែលហៅថា អាចឈរជើងបាន គ្រាន់តែកែសម្រួល ត្រួតពិនិត្យ ពង្រឹងផ្ទៃក្នុងបន្តទៀត ប៉ុណ្ណឹងទៅបានហើយ។ អាហ្នឹងមួយ ទី២ យើងធ្វើអ៊ីចេះវិញ ពេលដែលក្រុមប្រឹក្សាឃុំ-សង្កាត់ ឈ្នះបានប៉ុណ្ណឹង យើងខ្ញុំបានគិតរួចហើយ គឺខាងសមាជិកព្រឹទ្ធសភា ដែលយើងប៉ាន់មើលទៅ បើនិយាយពីក្របខ័ណ្ឌគណបក្សនយោបាយ សមាជិកព្រឹទ្ធសភា វាខ្ទង់ចន្លោះពី២៥ទៅ ២៦ ទល់ជាមួយ ៣០។ អាហ្នឹងជារឿងមួយ ក៏ប៉ុន្តែ សម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ រាជធានី-ខេត្ត នេះ វាស្ទើរតែពាក់កណ្តាលម្នាក់ទៅហើយ ក៏ជាឱកាសមួយដែលគណបក្សប្រឆាំងអាចនៅក្នុងការបម្រើប្រជាពលរដ្ឋ ដើម្បីឱ្យប្រជាពលរដ្ឋមើលថា តើគណបក្សប្រឆាំង ពិតជាមានសមត្ថភាពគ្រប់គ្រាន់ ហើយអាចមានជម្រើសពិសេសជាងគណបក្សកាន់អំណាចដែរឬអត់? អ៊ីចឹងបើប្រៀបធៀបរវាងតុល្យភាពគណបក្ស ប្រឆាំង និងគណបក្សកាន់អំណាច យើងឃើញថា មកដល់ពេលនេះ ចរន្តនៃការផ្លាស់ប្តូរ គឺអាចឆ្ពោះទៅរកការផ្លាស់ប្តូរមួយដោយសន្តិវិធី តាមរយៈសន្លឹកឆ្នោត រឿងសង្គ្រាម រឿងស្អីៗ ខ្ញុំជឿថា វាមិនអាចកើតឡើងទេ ពីព្រោះខ្ញុំលើកយកព្រឹត្តិការណ៍អន្តរជាតិចុះ នៅប្រទេស ហ្គាំប៊ី នៅពេលដែលចាញ់ឆ្នោតគណបក្សប្រឆាំង ហើយទាមទារឱ្យមានរដ្ឋប្រហារសន្លឹកឆ្នោត ប៉ុន្តែសួរថា ប្រទេសផ្តាច់ការហ្នឹងអាចធ្វើទៅឬទេ? ដោយសារវាមានសហភាពអាហ្វ្រិក ដោយសារវាមាន UN អន្តរជាតិគេលូកដៃ ព្រោះប្រជាពលរដ្ឋបានបញ្ចោញឆន្ទៈរួចហើយ។ អ៊ីចឹងអ្នកដែលមានមហិច្ឆតាមួយចង់បង្កសង្គ្រាម ឬមួយស្អីៗដូច៩៣ឯណាទៀត ចង់បង្កើតតំបន់ធ្វើអបគមន៍ស្អីៗហ្នឹង ប្រហែលជាទៅមិនរួចទេ ពីព្រោះពេលនេះ វាមិនមែនជាសង្គ្រាមប្រដាប់អាវុធទេ តែវាជាសង្គ្រាមសន្លឹកឆ្នោត។ អ៊ីចឹង វាផ្លូវមួយឆ្ពោះទៅរកដែលហៅថា ប្រជាពលរដ្ឋអាចប្រើសិទ្ធិខ្លួនឯងបាន ហើយប្រជារាស្ត្រខ្មែរអាចយល់ថា សន្លឹកឆ្នោតដែលគាត់មានមួយសន្លឹក ដើម្បីបោះហ្នឹង គឺវាពិតជាមានសារសំខាន់។ អ៊ីចឹងតុល្យភាពកម្លាំងគ្រប់កន្លែងទាំង អស់ វាគ្រាន់តែចាញ់ប្រៀបរឿងរដ្ឋាភិបាលទេ ប៉ុន្តែបើនិយាយពីការផ្លាស់ប្តូរ ខ្ញុំជឿជាក់ថា ប្រជាជនឆ្នាំ២០១៨ហ្នឹង អាចបញ្ចោញឆន្ទៈរបស់ខ្លួនហើយ ទោះបីដូរបានឬដូរមិនបានយ៉ាង ម៉េច ក៏ប៉ុន្តែវាបានបញ្ចោញឆន្ទៈ ដល់ពេលដែល ប្រជាជនបញ្ជោញឆន្ទៈខ្លួនឯង វាមិនមែនអ្នកនយោបាយចេះតែក្រឡុកប្រជាជនខ្លួនឯងស្រេចតែនឹងចិត្តអ៊ីចឹងទេ”។
ទោះបីយ៉ាងណា ពាក់ព័ន្ធនឹងការមោឃភាព លិខិតស្នើសុំចូលជាសមាជិក និងការលើកឡើង របស់លោករស់ សារ៉ុម ខាងលើនេះ មិនទាន់ អាចទាក់ទងសុំមតិយោបល់ការឆ្លើ់យតបពីអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានទេ កាលពីម្សិលមិញ៕
កុលបុត្រ