នាងហែម ស៊ីវ៉ាន់ធុច អាយុ៣៨ឆ្នាំ រស់នៅភូមិឈើទាល ឃុំឈូក ស្រុកឈូក ខេត្តកំពត បានរៀបរាប់ថា នាងជាកូនទី៣ ក្នុងចំណោមបងប្អូន៨នាក់ ម្តាយស្លាប់ នៅតែឪពុកចាស់ជរា ឈ្មោះសៀល ហាញ់ អាយុ៧៧ឆ្នាំ។ កាលនៅកុមារី នាងបានរៀនសូត្រដល់ថ្នាក់ទី៧ ក៏ឈប់ទៅ ដោយងាកមកចាប់កិច្ចការស្រែចម្ការម្តង តែក៏មិនខ្ជិលច្រអូសដែរ តែងឆ្លៀតទៅរៀនភាសាអង់គ្លេស ពីគ្រូក្នុងភូមិ រហូតចេះអាចសន្ទនាគ្នាបានខ្លះៗ។ នាងតាំងចិត្តថា រូបកាយនាងមិនសូវស្អាតដូចគេ បើបានប្តីជាជនបរទេស ទើបមិនព្រួយពីប្តីធ្វើបាប ទើបនាងស៊ូនៅក្រមុំសៅកែ ទោះជាមានប្រុសខ្មែរណាទាក់ទងក៏នាងប្រកែកជានិច្ច។ ក្រោយមក ពេលនាងចេញដើរកម្សាន្តជាមួយមិត្តភក្តិ ក៏បានជួបបុរសចំណាស់ម្នាក់ ឈ្មោះប៉េ ប៊ីត (ភាយ ពិត) ជាជនជាតិអូស្ត្រាលី ដែលកាលនោះ គាត់មានអាយុ៦០ឆ្នាំ។ ដោយសារនាងចេះភាសាអង់គ្លេសខ្លះៗ ក៏សាកសួរគាត់ ក៏ដឹងថា តាស្បែកស មាឌធំដំបងនេះ ធ្លាប់មានប្រពន្ធនិងកូន៤នាក់ សុទ្ធតែស្រីៗ តែបានលែងលះគ្នាទៅហើយ។ តានេះ មានមុខរបរជាជាងលាបផ្ទះ លុះធ្លាក់ខ្លួនពោះម៉ាយក៏ចំណាយពេលដើរលេងក្រៅស្រុក និងបានមកដល់កម្ពុជា នៅឆ្នាំ២០១៤ មានគម្រោងទៅទស្សនាប្រាសាទអង្គរវត្ត និងរមណីយដ្ឋានសំខាន់ៗ នៅស្រុកខ្មែរ ហើយជាចៃដន្យ គាត់បានជួបនាងនៅភ្នំពេញ។

នាងហែម ស៊ីវ៉ាន់ធុច បន្តទៀតថា កាលនោះ នាងមានអាយុ៣៥ឆ្នាំទៅហើយ មិនធ្លាប់មានស្នេហាអ្វីទេ ស្រាប់តែត្រូវមិត្តភក្តិដែលចេះភាសាអង់គ្លេស អូសទាញតាអូស្ត្រាលី ឱ្យយកប្រពន្ធខ្មែរម្តងទៅ បើគាត់លែងលះប្រពន្ធអូស្ត្រាលីនោះទៅហើយ និងអួតប្រាប់គាត់ថា រូបនាងនៅក្រមុំបរិសុទ្ធដូចសំពត់ក្នុងផ្នត់។ ពេលគេផ្គូផ្គងនោះ តែប៊ីត ចេះតែមើលមុខនាងភ្លឹះៗ ដោយមាននិស្ស័យស្នេហ៍ ឯរូបនាងក៏ចាប់អារម្មណ៍នឹងគាត់ដែរ រួចក៏ស្រុះស្រួលគ្នា ហៅគាត់ទៅស្រុកកំណើតឱ្យស្គាល់ផ្ទះរបស់នាង។ ចាស់ទុំក៏ស្វាគមន៍បុរសស្បែកសនេះដែរ ដោយពន្យល់គាត់ឱ្យដឹងពីទំនៀមទម្លាប់ខ្មែរ ត្រូវមានថ្លៃបណ្ណាការ ចូលខ្លួនរៀបការ ទើបយកគ្នាជាប្តីប្រពន្ធបាន។

នាងហែម ស៊ីវ៉ាន់ធុច បន្តទៀតថា តាអូស្ត្រាលី ក៏វិលទៅស្រុកវិញ យកលុយមកជូនថ្លៃបណ្ណាការ និងរៀបការតាមប្រពៃណីខ្មែរ ដោយសារគាត់ស្រលាញ់នាងខ្លាំងពេក ដកខ្លួនមិនរួច។ រាត្រីផ្សំដំណេកចូលមកដល់ នាងភ័យណាស់ ព្រោះប្តីតាមាឌធំដំបង ឯរូបនាងនៅក្រមុំព្រហ្មចារី ទាបជាងគាត់ត្រឹមស្មា មិនដឹងវេទនាយ៉ាងណាទេ តែមានឯណា! តាអូស្ត្រាលី ដឹងថា នាងនៅក្រមុំ គាត់ចេះថ្នមស្រួលណាស់ មិនបង្ខំទេ និងធ្វើឱ្យនាងបាត់ភ័យអស់រលីង។ នាងសារភាពថា ប្តីអូស្ត្រាលីនេះនៅខ្លាំងណាស់ ដោយមិនប្រើក្បាច់ដូនតាដដែលៗនោះទេ គាត់តែងប្តូរក្បាច់ បង្ហាត់បង្រៀននាងឱ្យចេះ ធ្វើឱ្យនាងមានផ្ទៃពោះម្តងដែរ តែជាអកុសល កូននោះរលូតបាត់ ហើយក៏មិនដែលមានទៀតដែរ។ នាងនិងប្តីនេះរួមរស់ជាមួយគ្នាជិត៣ឆ្នាំហើយ ដោយគាត់ចេះខ្មែរមួយម៉ាត់ៗ អាចហូបបាយតាមនាង ប៉ុន្តែដាច់នំប៉័ងយូរពេកក៏មិនបានដែរ។ ម្ហូបអាហារអ្វីដែលប្តីមិនស្គាល់ គាត់មិនហូបទេ ហើយពេលដកស្ទូង គាត់ចុះស្រែជួយជញ្ជូនកណ្តាប់ តែមិនចេះស្ទូងទេ។

នាងជាប្រពន្ធបន្តទៀតថា ផ្ទះដែលនាងរស់នៅ សព្វថ្ងៃនេះ ជាលុយប្តីសង់ឱ្យ ដោយយូរៗម្តង ប្តីតែងទៅលេងកូននៅប្រទេសកំណើត តែរូបនាងមិនដែលទៅទេ។ តាប្តីទៅបាត់យ៉ាងយូរ១០ថ្ងៃ ក៏វិលមកវិញប្លឺម ដោយមិនអាចនៅបែកប្រពន្ធបានយូរឡើយ គាត់ចេះសម្របខ្លួនជាខ្មែរ គួរសរសើរ។ នាងប្រកបរបរធ្វើស្រែ ចិញ្ចឹមជ្រូក មាន់ទា ដោយលែងវាឱ្យដើរដោយសេរី ដែលជួនកាលតាប្តីយកបាយទៅឱ្យជ្រូកស៊ី គាត់មិនចេះហៅជ្រូកថា អ៊ុចៗ ដូចខ្មែរទេ ក៏យកត្រឡោកគោះស្នូកជ្រូក ឮប៉ូកៗ ជ្រូកក៏បោលមកស៊ីបាយយ៉ាងស្រួល។
ដោយឡែក លោកប៉េ ប៊ីត អាយុ៦៣ឆ្នាំ ជាប្តី បានប្រាប់អ្នកយកព័ត៌មានយើងជាភាសាអង់គ្លេស យ៉ាងខ្លីមានសេចក្តីជាភាសាខ្មែរថា គាត់ធ្លាប់មានប្រពន្ធអូស្ត្រាលី រញ៉ាំរញ៉ូវណាស់ លុះមកប៉ះប្រពន្ធខ្មែរ នៅក្មេងជាងគាត់ដូចឪពុក និងកូនបែបនេះ គាត់ជាប់ស្នេហ៍ទៅណាចោលនាងមិនរួចទេ ច្បាស់ជាផ្ញើឆ្អឹងជាមួយប្រពន្ធនេះហើយ។

នាងពុធ គន្ធា អាយុ៣៥ឆ្នាំ, លោកយាយ ដួង លាប អាយុ៧៥ឆ្នាំ លោកតិល សាវឿន អាយុ ៣០ឆ្នាំ លោកហែម សារ៉ាត់ អាយុ៤៩ឆ្នាំ ជាសាច់ញាតិខាងប្រពន្ធ បានឱ្យដឹងស្របគ្នាថា តាអូស្ត្រាលី នេះ ស្រលាញ់ប្រពន្ធក្មេងខ្លាំងណាស់ បើគាត់ត្រូវទៅលេងកូនចៅនៅអូស្ត្រាលី ក៏ទៅមិនបានប៉ុន្មានថ្ងៃ ក៏មកដល់វិញប្លឺម បានទាំងលុយកាក់ឱ្យប្រពន្ធ។ ឥឡូវតាស្បែកសនេះ ប្រកាសថា គាត់សុខចិត្តស្លាប់រស់លើទឹកដីខ្មែរហើយ ឱ្យតែបាននៅក្បែរប្រពន្ធក្មេងនេះ ហើយគាត់ខំរៀនភាសាខ្មែរណាស់ ដែលពេលនេះ គាត់និយាយបានខ្លះៗហើយ។

គួរបញ្ជាក់ថា បុរសចំណាស់ជនជាតិស្បែកស តែងមើលឃើញនារីអាស៊ី ឬអាហ្វ្រិក គាប់ភ្នែកគាត់ណាស់ ជាក់ស្តែងជនជាតិអឺរ៉ុប មកលេងស្រុកខ្មែរ ឃើញតែបណ្តើរនារីខ្មែរ សម្បុរខ្មៅ។ ដូច្នេះឃើញថា តាប៉េ ប៊ីត ពិតជាស្រលាញ់ប្រពន្ធក្រមុំសៅកែនេះ ងប់ងុលដកថយមិនរួចទេ ទោះបីជាធាតុអាកាសស្រុកខ្មែរក្តៅ បរិភោគក្តាមខ្យង អំបិលប្រហុក ផ្អកម៉ាំ ក៏គាត់អាចសម្របខ្លួនតាមប្រពន្ធបានដែរ។ ទោះយ៉ាងណា លុះត្រាតែប្រពន្ធប្រសប់ថ្នមផងដែរ ទើបប្តីងាកទៅណាមិនរួច ប៉ុន្តែតាមពិនិត្យស្ថានភាពគ្រួសារនេះឃើញថា នាងប្រពន្ធក៏ស្រលាញ់ប្តីមិនល្មមទេ ដោយបង្ហើបថា ប្តីតែងបង្ហាត់បង្រៀននាង ឱ្យចេះក្បាច់ប្លែកៗ ពិតជាមិនធម្មតាទេ៕