គ្រាន់តែ គ.ជ.ប ប្រកាសលទ្ធផលការបោះឆ្នោតជ្រើសក្រុមប្រឹក្សា ឃុំ-សង្កាត់ ជាផ្លូវការភ្លាម គណបក្សនីមួយៗ ដែលទទួលបានអាសនៈមេឃុំ ចៅសង្កាត់ ជំទប់ សម្តែងកិច្ចស្វាគមន៍អបអរសាទរដូចគ្នា។ សូម្បីនៅតាមហាងកាហ្វេ តូបកាត់សក់ ចំណតម៉ូតូកង់បី ក៏មានអ្នកនិយាយលេងសើចពាក់ព័ន្ធដល់លទ្ធផលឆ្នោតនេះដែរ ដែលពីមុន គេប្រើពាក្យ “ឈ្នះភ្លូកទឹកភ្លូកដី, ឈ្នះ ត្រចះត្រចង់, ឈ្នះដាច់” ជាដើម ឯម្ខាងទៀត “ចាញ់ស្ពឹកមុខ, ចាញ់សល់តែគូខោ, ចាញ់បោសគូទ” ជាដើម។ ឥឡូវស្រាប់តែ លេចចេញពាក្យ “ឈ្នះដក ចាញ់បូក” ទៅវិញ ដែល “នគរធំ” ក្តាប់សភាពការណ៍បាន ក៏លើកយកមកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។
យោងតាមការប្រកាសលទ្ធផលបោះឆ្នោតជាផ្លូវការ បង្ហាញថា គណបក្សប្រជាជនកម្ពុជា នាំមុខគេ ទទួលបានសំឡេងឆ្នោតសរុប ៥០,៧៦% ដោយទទួលបានកៅអី មេឃុំ-ចៅសង្កាត់ ចំនួន១១៥៦ ជំទប់ទី១ ចំនួន១១៣៩ និងជំទប់ទី២ ចំនួន ៥១០។ ចំណែកគណបក្សសង្គ្រោះជាតិ ទទួលបានសំឡេងឆ្នោតសរុប ៤៣,៨៣% ទទួលបានកៅអីមេឃុំ-ចៅសង្កាត់ ចំនួន ៤៨៩ ជំទប់ទី១ ចំនួន៥០៣ ជំទប់ទី២ ចំនួន១០៨៧។ នៅសល់ប៉ុន្មានទៀត ធ្លាក់ទៅលើគណបក្សរួបរួមជាតិ របស់លោក ញឹក ប៊ុនឆៃ ដែលដណ្តើមបានកៅអីមេឃុំ១ នៅខេត្តបន្ទាយមានជ័យ រីឯគណបក្សខ្លះទៀត ទទួលបានតែកៅអីជំទប់ទី១ និងទី២។ អ្វីដែលប្រជាពលរដ្ឋចាប់អារម្មណ៍ គឺកៅអីមេឃុំ-ចៅសង្កាត់របស់បក្សធំៗទាំងពីរ ដែលមានភាពប្រកៀកប្រកិត បើគិតតាមសំឡេងឆ្នោតបក្សកាន់អំណាច ឈ្នះបក្សប្រឆាំង ជាង៦% ប៉ុណ្ណោះ ប៉ុន្តែត្រូវរបូតកៅអី មេឃុំ-ចៅសង្កាត់ អស់ ៤៤៩ ព្រោះអាណត្តិមុនបក្សប្រឆាំង មានតែ៤០កៅអី ក៏បូកបានរហូតដល់៤៨៩ បានន័យថា “CPP ឈ្នះដក CNRP ចាញ់បូក”។
ករណី “ឈ្នះដក ចាញ់បូក” នេះ មកពីយើងចូលទៅផឹកកាហ្វេ ក៏ឮតាៗញៀនកាហ្វេ១ក្រុម ជជែកគ្នាហូរហែត្រប៉ែលត ជុំវិញប៉ាន់តែ បន្ទាប់ពីក្រេបកាហ្វេខ្មៅក្តៅហុយៗអស់ម្នាក់១ពែង។ តាម្នាក់នោះ គាំទ្របក្សកាន់អំណាច និយាយថា “បក្សទេវតា នៅតែឈ្នះភ្លូកទឹកភ្លូកដីដដែលហ្នឹង ទោះជាបក្សប្រឆាំងដេញតាមយ៉ាងណា ក៏តាមមិនទាន់ដែរ”។ តាម្នាក់ទៀត ជាគ្នីគ្នាគាត់បានចាក់បណ្តោយថា “ជាជ័យជម្នះដ៏ត្រចះត្រចង់ ឈានទៅឈ្នះការបោះឆ្នោតឆ្នាំ២០១៨ទៀត ចាំតែមើលទៅ!”។ ភ្លាមនោះ ស្រាប់តែតាគាំទ្របក្សប្រឆាំងជំទាស់ថា “ឈ្នះភ្លូកទឹកភ្លូកដីស្អី? ឈ្នះដកហ្នឹង តាំងពីកាន់កាប់កៅអីមេឃុំ-ចៅសង្កាត់ស្ទើរទាំងអស់ ឥឡូវគេដកអស់ជិត៥០០កៅអីទៅហើយហ្នឹង!”។ តាម្នាក់ទៀត បន្ទរតាមគ្នីគ្នាគាត់ថា “បក្សប្រឆាំងចាញ់មែន តែចាញ់បូក ចាញ់ចាក់គ្រឹះ ច្បាស់ជាដណ្តើមជ័យជម្នះឆ្នាំ២០១៨ មិនខាន!”។ ពួកគាត់ជជែកគ្នាយូរៗទៅ ធ្វើឱ្យម្ចាស់តៀមកាហ្វេធុញទ្រាន់ លែងថែមទឹកតែឱ្យ ក៏នាំគ្នាដើរចេញបាត់អស់ទៅ តែក៏បន្សល់ពាក្យ “ឈ្នះដក ចាញ់បូក” សម្រាប់អ្នកបានឮយកទៅពិចារណាដែរ។
សូមរំព្ញកថា រឿង “ឈ្នះដក ចាញ់បូក” នេះ កាលពីជំនាន់លន់ នល់ ក៏អ៊ីចឹងដែរ ខណៈដែលអាចារ្យថាំ នៅជាយុវជន បានឆ្លងកាត់ស្ថានការណ៍នយោបាយ ក៏ដូចជាការបោះឆ្នោតជ្រើសតាំងប្រធានាធិបតី នៃសាធារណរដ្ឋខ្មែរ។ ក្រោយរដ្ឋប្រហារទម្លាក់សម្តេចឪ ព្រះបរមរតនកោដ្ឋ នាថ្ងៃ១៨ ខែមីនា ឆ្នាំ១៩៧០ លោកឧត្តមសេនីយ៍ឯក (ផ្កាយ៣) លន់ នល់ បានកាន់កាប់រដ្ឋាភិបាល ក្នុងឋានៈជានាយករដ្ឋមន្ត្រី ដោយមានលោកចេង ហេង ជាប្រមុខរដ្ឋ្ឋ។ មុនដំបូងរបបថ្មីនេះ មានការគាំទ្រ ភ្លូកទឹកភ្លូកដី រហូតដល់មានអ្នកស្មគ្រ័ចិត្តចូលបម្រើកងទ័ព ជាពិសេស យុវជន ដែលមានសញ្ញាបត្រឌីប្លូម បានឋានន្តរស័ក្តិពលបាលត្រី (ដោយ១ជាន់), សញ្ញាបត្របាក់អង (ពាចចី) ពាក់ស័ក្តិព្រិន្ទបាលទោ, សញ្ញាបត្របាក់ឌុប (ពាចចីី) បានពាក់ស័ក្តិ១ ឬអនុសេនីយ៍ត្រី, គ្រូបង្រៀនបឋមសិក្សា បើផ្ទេរចូលយោធា បានពាក់ស័ក្តិ១, សាស្ត្រាចារ្យអនុវិទ្យាល័យ បានពាក់ស័ក្តិ២, ថៅកែៗខ្លះបានពាក់ស័ក្តិ៣, អ្នកតស៊ូក្នុងចលនាឥស្សរៈ បានពាក់ស័ក្តិ៤ ទៅស័ក្តិ៤កន្លះ, វេជ្ជបណ្ឌិត បានពាក់ស័ក្តិ៥៘ ឋានន្តរស័ក្តិជំនាន់នោះ នៅមានតម្លៃប្រាក់ខែក៏ចាយគ្រប់គ្រាន់ និងមានអ្នកចាកចោលក្របខ័ណ្ឌគ្រូបង្រៀន ឬមន្ត្រីស៊ីវិល សុំផ្ទេរចូលយោធារាប់មិនអស់ ដើម្បីបានស័ក្តិពាក់សម្ញែងគេឯង។ សូម្បីលោកលន់ នល់ ក៏ត្រូវឡើងឋានន្តរស័ក្តិ ផ្លោះថ្នាក់ដល់សេនាប្រមុខ (ផ្កាយ៧) ដែលកាលនោះ គ្មានស្តេចបំពាក់ស័ក្តិឱ្យគាត់ទេ ប៉ុន្តែ បានលោកអ៊ិន តាំ ក្នុងនាម ប្រធានរដ្ឋសភា ជាតំណាងឱ្យប្រជាពលរដ្ឋខ្មែរ ទូទាំងប្រទេស បំពាក់ឱ្យដោយលោកអ៊ិន តាំ ស្លៀកសំពត់ចងក្បិន។ លុះដល់លោកអ៊ិន តាំ ផ្ទេរចូលយោធា ក៏ត្រូវបានលោកសេនាប្រមុខលន់ នល់ ក្នុងឯកសណ្ឋានយោធាបំពាក់ឱ្យវិញ បានពាក់ផ្កាយ១។
រហូតដល់ឆ្នាំ១៩៧២ ទើបមានការបោះឆ្នោតជ្រើសប្រធានាធិបតីនៃសាធារណរដ្ឋខ្មែរ ដែលលទ្ធផលផ្លូវការបង្ហាញថា លោកលន់ នល់ អាយុ៥៩ឆ្នាំ ទទួលបានសំឡេងឆ្នោត៥៥% លោកអ៊ិន តាំ អាយុ៥០ឆ្នាំ ទទួលបាន២៤% លោកកែវ អន អាយុ៤១ឆ្នាំ ទទួលបាន២១%។ ជ័យជម្នះរបស់លោកលន់ នល់ ធ្វើឱ្យលោកអ៊ិន តាំ កើតទុក្ខមិនសុខចិត្ត ក៏សុំលាឈប់ពី ឆាកនយោបាយរួចនាំបរិវារចុះទៅធ្វើស្រែនៅខេត្តបាត់ដំបង។ លោកលន់នល់ ក៏មានឈ្មោះថា “ឈ្នះដក” ព្រោះពីមុនគាត់ មានប្រជាប្រិយភាពខ្លាំងណាស់ ក្នុងចំណោមអ្នកសាធារណរដ្ឋនិយម ប៉ុន្តែ ដោយសារនយោបាយគាត់ខ្សោយ ធ្វើឱ្យអ្នកគាំទ្រជិតពាក់កណ្តាល បោះឆ្នោតឱ្យលោកអ៊ិន តាំ និងលោកកែវ អន។ បានន័យថា លោកអ៊ិន តាំ “ចាញ់បូក” ក៏ដូចជាលោកកែវ អន ដែលជាព្រឹទ្ធបុរសមហាវិទ្យាល័យច្បាប់ ក៏ “ចាញ់បូក” ដូចគ្នា។
ដឹងអី ! រឿង “ឈ្នះដក ចាញ់បូក” សម័យលន់ នល់ ត្រូវតាៗញៀនកាហ្វេ ដែលធ្លាប់ឆ្លងកាត់របបសង្គម យកមកប្រៀបធៀបនឹងលទ្ធផលនៃការបោះឆ្នោតជ្រើសក្រុមប្រឹក្សា-ឃុំសង្កាត់ អាណត្តិទី៤ នោះទៅវិញ។ ដូច្នេះបើបក្សកាន់អំណាច ដែលឈ្នះឆ្នោត យកពាក្យ “ឈ្នះភ្លូកទឹកភ្លូកដី ឬឈ្នះត្រចះត្រចង់” មកប្រើនោះ ទំនងជាមិនសូវសម ចំណែកបក្សប្រឆាំង ដែល “ចាញ់បូក” នោះ បើនិយាយថា “ចាញ់បោកគូទ ឬចាញ់ធ្លាក់បបូរមាត់ស្ពែះដូចស៊ីជ្រក់ស្ពៃ” នោះ ក៏មិនសមដែរ។
តើត្រូវធ្វើយ៉ាងណា កុំឱ្យមានពាក្យ “ឈ្នះដកចាញ់បូក” តទៅទៀត? ចំណុចនេះ យើងធ្លាប់ឃើញរបបលន់ នល់ បានដំឡើងបុណ្យស័ក្តិឱ្យនាយទាហានយ៉ាងគគ្រឹកគគ្រេង ដើម្បីចងចិត្តនាយទាហានទាំងនោះមិនឱ្យបែកឆ្វេងទៅចុះចូលជាមួយ កងទ័ពរំដោះជាតិ (ពួកព្រៃ)។ ជាលទ្ធផល ពួកនាយទាហានបានតស៊ូការពាររបបសាធារណរដ្ឋខ្មែរ រហូតដល់ដង្ហើមចុងក្រោយ គឺសុខចិត្តក្រាញននៀល រហូតដល់ខ្មែរក្រហមប្រមូលយកទៅសម្លាប់ចោល។ ដូច្នេះគណបក្សប្រជាជនកម្ពុជា ចាំបាច់ត្រូវតែ យកចិត្តនាយទាហាន នាយប៉ូលិស ឱ្យដល់កម្រិត មានការដំឡើងបុណ្យស័ក្តិ តួនាទី ជាពិសេស ចុះជួយដោះទុក្ខធុរៈប្រជារាស្ត្រ ក្រីក្រ ដោយមិនប្រកាន់និន្នាការនយោបាយ។ រីឯគណបក្សសង្គ្រោះជាតិ បើមានមោទនភាពខ្លាំងពេក ឬប្រឹងតែអួតពីជ័យជម្នះ ឬ “ចាញ់បូក” នោះ អាចនឹងភ្លាត់ស្នៀតរបូតដៃធ្លាក់វិញ បើសិនជា “គ្មានធ្វើអ្វីសោះ ចាំតែថា”។
សរុបទៅ “ឈ្នះដក ចាញ់បូក” គ្រាន់តែជាការដកស្រង់ពាក្យសម្តីតាៗញៀនកាហ្វេ មកបរិយាយលម្អិតតែប៉ុណ្ណោះ ប៉ុន្តែ ទោះជា “ឈ្នះដក” ក៏បក្សកាន់អំណាច នៅតែឈ្នះដដែល ហើយបទពិសោធន៍នេះ គេអាចផ្លាស់ប្តូរយុទ្ធសាស្ត្រឱ្យទៅជា “ឈ្នះត្រចះត្រចង់ ឬឈ្នះភ្លូកទឹកភ្លូកដី” ដូចដើមវិញ។ ចំណែកបក្សប្រឆាំង ដែល “ចាញ់បូក” ក៏នៅតែចាញ់ដដែល ចាំបាច់ត្រូវតែប្រុងប្រយ័ត្នឱ្យដល់កម្រិត កុំអួតអាងបែបមោទនភាពខ្លាំងពេក ក្រែងលោឆ្នាំ២០១៨ នៅតែចាញ់បូកដដែល…៕
ដោយ អាចារ្យថាំ