បន្ទាប់ពីដណ្ដើមបានភាពលេចធ្លោនៅក្នុងសួនសិល្បៈតារាភាពយន្តរូបស្រស់កញ្ញាពីង រ៉ូហ្សា ល្បីមានបុរសៗអ្នកមានជាច្រើនតាមក្រវែលថ្ពក់ស្នេហ៍ខណៈដែលនាង បានបង្ហើបឲ្យដឹងថានាងធ្លាប់ ច្រានចោលសំណើរស្នេហ៍បុរសៗទ្រព្យស្ដុកជាបន្តបន្ទាប់។
កញ្ញាពីង រ៉ូហ្សា ត្រូវបានគេស្គាល់តាមរយៈការសម្ដែងនៅភាពយន្តមួយចំនួនដូចជារឿង”ណារ៉ូនិងសូម៉ាលី” “ម្ចាស់ចម្ការ””ទឹកភ្នែកព្រោះសម្រស់”និងភាពយន្តជាច្រើនទៀតរួមទាំងរឿងអប់រំមួយចំនួនផងហើយ ក៏មានវត្តមានជាញឹកញាប់នៅក្នុងក្រុមបង្ហាញម៉ូដរបស់ក្រុមកញ្ញាឌួង ហ្ស៊ូរីដា ផងដែរខណៈដែលអំឡុង ពេលនេះនាងកំពុងសម្រុកថតភាពយន្ត៥រឿង ព្រមគ្នាទាំងរឿងដុំនិងរឿងភាគដែលគេមើលឃើញ ថាអាជីពសិល្បៈ របស់នាងកំពុងតែស្ទុះឡើងកូដលេចធ្លោគួរឲ្យកត់សម្គាល់។ប៉ុន្តែទន្ទឹមនឹងនោះ ក៏ល្បីមានបុរសៗសម្បូរទ្រព្យ ជាច្រើនតាមថ្ពក់ស្នេហ៍នាងផងដែរ។
រ៉ូហ្សា បានបង្ហើបឲ្យដឹងថា ក្រោយពេលនាងមានឈ្មោះនៅលើទំព័រសិល្បៈពិតជាមានបុរសៗអ្នកមានមួយចំនួន តាមចែចង់នាងមែនប៉ុន្តែនាងមិនអើពើទេដោយហេតុថា នាងកំពុងតែវីវក់ជាមួយការងារសិល្បៈ។ម្យ៉ាងនាងគិតថា បុរសៗទាំងនោះហាក់គ្មានបំណងពិតប្រាកដជាមួយនាង។នាងថារឿងដៃគូស្នេហានាងមិនអាចសម្រេចចិត្ត ដោយប្រថុយប្រថានបានទេគឺត្រូវតែម៉ត់ចត់នឹងច្បាស់លាស់។ត្បិតអីនាងខ្លាចប៉ះបុរសដែលមានប្រពន្ធកូនរួចហើយ។ណាមួយការជ្រើសរើសដៃគូស្នេហានាង មិនសំឡឹងឃើញទ្រព្យជាធំនោះទេ។ពោលគឺនាងចង់បានស្នេហាមួយនិងមួយ ហើយច្បាស់លាស់ ពិតប្រកដតាមគន្លងប្រពៃណីដូចស្ដ្រីទូទៅដែរ។
រ៉ូហ្សា អះអាងថា ក្រោយពេលនាងដើរលើវិថីសិល្បៈរឿងអ្នកតាមចោមស្រលាញ់មិនអត់ទេប៉ុន្តែអំឡុងពេល នេះនាងចង់ផ្ដោតលើការពង្រឹងអាជីពសិល្បៈច្រើនជាងខណៈដែលមួយរយៈចុងក្រោយនេះនាងទទួលបាន ឱកាសថតភាពយន្តជាបន្តបន្ទាប់។ជាក់ស្ដែងអំឡុងពេលនេះនាងកំពុងថតភាពយន្ត៥រឿងព្រមគ្នា ដូចជារឿង”រ៉ៃមាស””សំបុត្រទុកចោល”ម្ចាស់ចម្ការ””ម្ចាស់សំបុត្រ”និងមួយរឿងទៀតសុំលាក់ចំណងជើងសិន។តារាសម្បូរបុរសៗចោមស្នេហ៍រូបនេះបញ្ជាក់ថា ខណៈដែលអាជីពសិល្បៈរបស់នាងកំពុងតែរីកចម្រើនដូច្នេះ នាងមិនចង់គិតលើរឿងស្នេហានោះទេ៕