Friday, November 29, 2024
Homeបរិយាយបបរសម័យប៉ុល ពត ឆ្ងាញ់ណាស់ !

បបរសម័យប៉ុល ពត ឆ្ងាញ់ណាស់ !

បន្ទាប់ពីមានអាជីវករម្នាក់ បើកហាងលក់បបរសម័យប៉ុល ពត នៅខេត្តសៀមរាប និងមានអតិថិជនចូលភ្លក្សមក ម្នាក់ៗលាន់មាត់ថា “បបរប៉ុល ពត ឆ្ងាញ់ណាស់!” ដែលពាក្យនេះ ប្រហាក់ប្រហែលនឹងសម្តីកងចល័តជំនាន់ប៉ុល ពត ក្រោយពេលបរិភោគ “បបរព្រលិត” រួចមក ក៏លាន់មាត់ថា “ឆ្ងាញ់ណាស់!” ធ្វើឱ្យមនុស្សស្រករក្រោយមិនធ្លាប់ឆ្លងកាត់សួរគ្នាថា “ហេតុអ្វីបានជាឆ្ងាញ់?” ដែល “នគរធំ” សូមរំព្ញកអនុស្សាវរីយ៍កាល “ស៊ីបបរព្រលិត” មកធ្វើប្រធានបទបរិយាយថ្ងៃនេះ ដើម្បីចែកជូនយុវវ័យដែលមិនធ្លាប់ឆ្លងកាត់…។

ក្រោយថ្ងៃ១៧ មេសា ឆ្នាំ១៩៧៥ បន្ទាប់ពីផ្តួលរំលំរបបលន់ នល់ បានមក ប៉ុល ពត បានក្រសោបអំណាចក្នុងតំណែងជា “លេខាគណៈកម្មាធិការបក្សកុម្មុយនិស្តកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃរបបកម្ពុជាប្រជាធិបតេយ្យ”។ ប្រជាពលរដ្ឋសម័យនោះ ត្រូវបែងចែកជា២ គឺពួកមូលដ្ឋាន និងពួក១៧ មេសា ឬ “អ្នកថ្មី” ត្រូវរួមរស់ជាមួយគ្នាក្នុងសហករណ៍ តាមកងចល័ត ឬអង្គភាព។ មុនដំបូង នៅមានកម្មសិទ្ធិឯកជន ដាំបាយឆ្នាំងតូចតាមគ្រួសារនីមួយៗ លុះចូលដល់ឆ្នាំ១៩៧៦ អង្គការបានប្រមូលផ្តុំជាសហករណ៍តាមភូមិ ដោយសង់រោងបាយវែងៗ ប្រមូលខ្ទះត្នោតទៅដាំបាយជាលក្ខណៈ “សមូហភាព ធ្វើរួមហូបរួម”។ ចាប់ផ្តើមដំបូងប៉ុន្មានខែ ឃើញថា រោងបាយគ្រប់ភូមិ មានម្ហូបពីរបីមុខឯណោះ ជួនកាលមានបង្អែមទៀតផង ធ្វើឱ្យអ្នកភូមិសរសើរអង្គការថា ធ្វើបែបនេះល្អណាស់ ព្រោះអ្នកមានក៏ដូចអ្នកក្រ បានហូបឆ្អែត និងស្មើភាពគ្នា។ លុះឆ្លងដល់ឆ្នាំ១៩៧៧ ដោយសារអស់កម្មសិទ្ធិឯកជន មាន់ ទា ជ្រូក បន្លែ តាមផ្ទះ គ្មានអ្នកបង្កបង្កើនផល ធ្វើឱ្យរោងបាយសហករណ៍ជួបភាពអត្តខាត់ ពីមួយថ្ងៃទៅមួយថ្ងៃ។ ស្រូវដែលផលិតបានតាមភូមិនីមួយៗ ត្រូវដឹកទៅប្រទេសចិន ស្ទើរអស់ ជាហេតុនាំឱ្យអង្គការបដិវត្តន៍ “មហាលោតផ្លោះ មហាអស្ចារ្យ” នោះ ត្រូវបន្ថយរបបហូបចុក រហូតដល់ “១កំប៉ុង ៣នាក់” ឬថា អង្ករ១កំប៉ុងទឹកដោះគោ ត្រូវហូបគ្នា៣នាក់។ ដូច្នេះដាំបាយមិនកើត ក៏បបររាវ និងវាល់ចែកគ្នាបានម្នាក់១កា ឬ១វែកប៉ុណ្ណោះ ដែលមុនដំបូង មិនទាន់មានលាយបន្លែទេ ជាបបររាវសុទ្ធ ឬហៅថា “រាវកក្លូក”។ ក្រោយមកទៀត ដោយបបរនោះវារាវខ្លាំងពេក ទើបអង្គការឱ្យយកបន្លែមកលាយដូច “បបរជ្រូក” ឯបន្លែទាំងនោះ មានដូចជា ព្រលិត ផ្ទីរ ដើមចេក ត្រកួន ជាដើម ពេលបបរឱ្យរលួយចូលគ្នាទៅ វាមិនសូវរាវពេកទេ ហើយបើហូបទៅរាងធ្ងន់ពោះជាងមុនបន្តិច។

កាលនោះ អាចារ្យថាំ ជាកងចល័តតំបន់៣៥ (ខេត្តកំពត) ត្រូវអង្គការចាត់តាំងឱ្យទៅលើក “ទំនប់កោះស្លា” ត្រូវប្រឈមមុខនឹងការអត់ឃ្លាន និងជំងឺគ្រុនចាញ់ យ៉ាងធ្ងន់ធ្ងរ។ តាមកងរយនីមួយៗ ត្រូវចែកបបរព្រលិត បានម្នាក់១កា គឺនៅពេលឮជួងវាយម៉ឺង ! កងចល័តទាំងអស់ ត្រូវទៅអង្គុយតម្កង់ព័ទ្ធវង់លើដី ១វង់មានគ្នា៨នាក់ ទើបចុងភៅលើកបបរព្រលិត ១ក្លាំ និង “សម្លស្លឹកល្ងៀងបង់ខ្លាញ់ជ្រូក” ទៅដាក់កណ្តាលវង់។ មេក្រុម ក៏យកកា១មកវាល់ចែកគ្នាស្មើ រួចច្រូងដៃគ្នាលូកសម្លកន្លះឆ្នាំងលេខ៥ បណ្តាលឱ្យទឹកសម្លវិលខ្ញាល់ តែមួយព្រឹប អស់រលីង។ លុះបរិភោគរួច ម្នាក់ៗលាន់មាត់ថា “ឆ្ងាញ់ណាស់!” ខ្លះក៏នៅលិទ្ធចាន លិទ្ធស្លាបព្រា មិនអស់អាល័យ ព្រោះវាឆ្ងាញ់ពេក។ មិនឆ្ងាញ់យ៉ាងម៉េច បើម្នាក់ៗរែកដីតាំងពីម៉ោង៤ភ្លឺ រហូតដល់ម៉ោង១១ថ្ងៃត្រង់ ទើបឈប់សម្រាក លុះបានអាហារម្នាក់កន្លះពោះ វាឆ្ងាញ់នោះឆ្ងាញ់គ្មានអ្វីប្រៀប។ សម័យនោះ បើមានអ្នកយកមាស១តម្លឹងទៅដូរបបរព្រលិត១កា គ្មានអ្នកណាដូរឱ្យទេ ព្រោះមាសគ្មានតម្លៃ។ ដោយហេតុថា បបរម្នាក់ ១កា ហូបមិនឆ្អែត ទាំងយើងទាំងគេ ពេលទំនេរថ្ងៃត្រង់ ក៏ចូលព្រៃរកបេះស្លឹកល្ងៀង ស្លឹកបាតខ្ទះ ជីកដំឡូងទៀន រើសផ្លែចំបក់ មកទុកហូបយប់ៗ ដោយលាក់លៀម។ ស្លឹកឈើព្រៃទាំងនោះ មិនអាចយកទៅស្ងោរបានទេ ខ្លាចមេកងមើលឃើញ ត្រូវហូបទាំងឆៅទើបបាន ម៉្លោះហើយក៏ទៅជារាករូស ហើមមាត់ ស្លេកស្លាំង ស្គមស្គាំង ក្បាលជង្គង់ធំជាងភ្លៅ។

ចុងឆ្នាំ១៩៧៧ ភាពអត់ឃ្លានដើរទន្ទឹមនឹងគ្រោះរាំងស្ងួត បានឆក់យកជីវិតកងចល័តអស់ច្រើនណាស់ ដែលកងវរៈខ្លះ មានមនុស្ស៤០០នាក់ ស្លាប់ដោយការអត់ឃ្លាន ប្រមាណពាក់កណ្តាល ដោយមិនគិតពីយុវជនខ្លះត្រូវមេកងយកទៅសម្លាប់។ អ្នកខ្លះក៏មានជំងឺដោយចាប់ផ្តើមពីហើមជើង និងមុខឡើងស្ពុល បន្ទាប់មក ក៏រាកមួល ក៏ដល់នូវសេចក្តីស្លាប់។ ថ្នាំព្យាបាលជំនាន់នោះ ដែលស័ក្តិសិទ្ធិបំផុត គឺយកកន្ទក់ទៅលីងលាយស្ករត្នោត ច្រកកំប៉ុង ទុកបរិភោគរាល់ថ្ងៃ តែបើចង់បានកន្ទក់ និង ស្ករ លុះត្រាតែ “ស្នើអង្គការ” និងមានខ្សែកម្មាភិបាលខ្មែរក្រហម ទើបអាចរកបាន។

នៅរដូវដកស្ទូង កងចល័តយុវជនយុវនារី ត្រូវផ្លាស់ប្តូរពីការដ្ឋានលើកទំនប់ ជីកប្រឡាយ ចុះទៅធ្វើស្រែតាមមូលដ្ឋានម្តងវិញ។ ទាំងយើងទាំងគេ ត្រូវឡើងដកសំណាប តាំងពីម៉ោង៤ភ្លឺ ដោយកំណត់ម្នាក់ ១ផ្លូន (៤០កណ្តាប់) ទើបអាចឡើងពីថ្នាលបាន។ ពេលដើរតាមផ្លូវទៅកន្លែងស្នាក់នៅ ម្នាក់ៗខំរំពៃតាមព្រៃគុម្ពោត ឬត្រពាំងទឹក រកពុកបង្កង ស្លឹកបាស ស្គន់ ស្លាបច្រវា ឱ្យតែឃើញក៏បេះញាត់ហោប៉ៅ ទៅទុកហូប។ ជួនកាលពេលកំពុងដកសំណាប ប្រទះកូនកង្កែប កូនក្តាម កំពឹស ក៏ញេចឱ្យងាប់ច្រក ហោប៉ៅអាវ យកទៅផ្ទះ។ ពេលគេវាល់បបរព្រលិតចែករួច ក៏ទាញយកម្ហូបបន្លែឆៅទាំងនោះ បេះលាយ បន្ថែម របៀបចាប់ឆាយ រួចសុំអំបិលចុងភៅថែមខ្លះៗ ទើបបរិភោគយ៉ាងឆ្ងាញ់ ពិសេសកំពឹសឆៅ និងកូនក្តាមឆៅ ឆ្ងាញ់មែនទែន។ បឹងធំៗ នៅតាមឃុំនីមួយៗ សុទ្ធតែមានកងឈ្លបយាមល្បាត មិនអនុញ្ញាតឱ្យកងចល័តចុះដកព្រលិតទេ តែព្រលិតទាំងនោះ ត្រូវគេបើកឱ្យពួកសេដ្ឋកិច្ច ចុះទៅដក សម្រាប់យកទៅលាយបបរ លុះដកយូរៗទៅក៏រលីងទាំងគុម្ព។ បបរព្រលិត ជំនាន់នោះ គឺគេដាក់អង្ករបួនប្រាំកំប៉ុង ក្នុង១ខ្ទះត្នោត រម្ងាស់ឱ្យរលួយ ទើបយកព្រលិតដែលដកមកថ្មីៗ កាត់ឱ្យខ្លីៗ ដោយមិន បាច់បកសំបកចេញទេ លាងទឹកក៏មិនស្អាតដែរ រួចដាក់រម្ងាស់ក្នុងខ្ទះ។ សម្លក៏ព្រលិតដែរ ដោយដាក់ព្រលិតរម្ងាស់បង់អំបិល រួចដួសដំណុះខ្លាញ់ចាក់ចូល ជាការស្រេច ដោយគ្មានបង់ម្ជូរ ឬប៊ីចេង ប្រហុកអ្វីទេ។

និយាយរួម “បបរសម័យប៉ុល ពត ឆ្ងាញ់ណាស់!” ពោលគឺឆ្ងាញ់សម្រាប់តែមនុស្សសម័យនោះ ដែលម្នាក់ៗមកពីធ្វើការបាក់កម្លាំងហេវហត់ អត់ឃ្លាន ទើបឱ្យតែមានអ្វីហូប ក៏ឆ្ងាញ់ទាំងអស់ មិនខុសពីពាក្យថា “ឃ្លានឆ្ងាញ់ ស្រឡាញ់ល្អ” ប៉ុន្តែ សម្រាប់មនុស្សសម័យនេះ គ្រាន់តែឮចាស់ៗប្រាប់ ក៏ “ចង់ក្អួត” ទៅហើយ។ បបរសម័យប៉ុល ពត ចាញ់បបរជ្រូកសម័យនេះទៅទៀត តែគេហូបគ្មានសល់១គ្រាប់ទេ ហូបរួចក៏លិទ្ធចាន ស្លាបព្រោទៀត ផ្ទុយពីសម័យនេះ ពេលជប់លៀងភោជនាហារក្នុងពិធីរៀបមង្គលការ តាំងពីក្រុងដល់ស្រែ ម្ហូបសល់ពាសតុ។ អាចថា មកពីម្ហូបត្រីបំពង សាច់គោឡុកឡាក់ ស្ងោរបង្កង ញាំភ្លា ឆ្ងាញ់មិនដល់បបរប៉ុល ពត ទេដឹង បានជាសល់ច្រើន? អ៊ីចឹងហើយបានជាលោកណៅ ធួក មន្ត្រីជាន់ខ្ពស់នៅក្រសួងកសិកម្ម ស្នើសុំបន្ថយ៥ដុល្លារ ក្នុង១តុ សម្រាប់យកទៅជួយមន្ទីរពេទ្យគន្ធបុប្ផា ព្រោះតែលោកឃើញការបរិភោគខ្ជះខ្ជាយពេក។ ឥឡូវមានអាជីវករនៅខេត្តសៀមរាប ប្រកាសសុំអាជ្ញាប័ណ្ណបើកហាងលក់បបរសម័យប៉ុល ពត ហើយល្បីថា ឆ្ងាញ់ ប៉ុន្តែយើងក៏មានជំនឿថា ទោះជាឆ្ងាញ់យ៉ាងណា ក៏នៅតែហូបមិនអស់ ឬសល់ពាសតុដូចម្ហូបការអ៊ីចឹង។ ផ្ទុយទៅវិញ បបរប៉ុល ពត ពិតៗ លិទ្ធគ្មានសល់១គ្រាប់ទេ ព្រោះវាឆ្ងាញ់ពេក លុះហូបរួច ក៏ទៅជារាករូស ហើមហត់ស្លេកស្លាំង…។

សរុបទៅ “បបរសម័យប៉ុល ពត ឆ្ងាញ់ណាស់” គឺឆ្ងាញ់សម្រាប់តែប្រជាទាសករលើកទំនប់ ជីកប្រឡាយ ជំនាន់មហា លោតផ្លោះ ឬរបប៣ឆ្នាំ ៨ខែ ២០ថ្ងៃនោះតែប៉ុណ្ណោះ ប៉ុន្តែ មនុស្សសម័យនេះ ចង់ក្អួតគ្រប់គ្នា។ ហេតុនេះគួរតែអ្នកនយោបាយ គ្រប់រូប ដែលធ្លាប់ឆ្លងកាត់ការហូបបបរប៉ុល ពត ពេលបានហេនណេសស៊ី ប៊ិស្តឹក កុំភ្លេចបបរព្រលិត កាលពីអតីតកាលដ៏ជូរចត់៕

RELATED ARTICLES