បន្ទាប់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ចេញលទ្ធផលផ្លូវការ ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ដែលតួលេខបង្ហាញថា បក្សកាន់អំណាច នាំមុខគេមក មន្ត្រីបក្សប្រឆាំង ក៏ដូចអង្គការសង្គមស៊ីវិលមួយចំនួន បានរិះគន់ស្ថាប័ន គ.ជ.ប ថា មិនទាន់មានលក្ខណៈសេរីយុត្តិធម៌ តម្លាភាពនៅឡើយ។ ជាការឆ្លើយតបវិញ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ដូចមន្ត្រី គ.ជ.ប បានថ្កោលទោសការរិះគន់នេះ បានទាំងចាត់ឱ្យមានវិធានការផ្លូវច្បាប់ទៀតផង។ យោងតាមទស្សនៈអ្នកតាមដាននយោបាយមួយចំនួន យល់ថា អ្នករិះគន់ គ.ជ.ប កំពុងប្រើល្បិច “ចង់បានផ្លែផ្កា ឱ្យយកភ្លើងដុតគល់” ដែល “នគរធំ” ក្តាប់ស្ថានការណ៍បាន ក៏លើកមកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។
សុភាសិតបុរាណថា “ចង់ចេះ ឱ្យសម្លាប់អាចារ្យ ចង់បានផ្លែផ្កា ឱ្យយកភ្លើងដុតគល់” បានជ្រួតជ្រាបជាទូទៅក្នុងមជ្ឈដ្ឋានប្រជាពលរដ្ឋខ្មែរ។ សុភាសិតនេះ មានន័យផ្ទុយនឹងសំណេរ ពោលគឺបើចង់ចេះដឹងដល់កម្រិត លុះត្រាតែកូនសិស្សហ៊ានជជែកដេញ ដោលសួរគ្រូឱ្យគាត់ពន្យល់លម្អិតពីមេរៀនអ្វីមួយ ពុំមែនទាញកាំបិតចាក់សម្លាប់គ្រូនោះទេ។ ចំណែកដើមស្វាយដែលមិនសូវផ្លែ គេត្រូវថែបំប៉នដាក់ជី ពូនគល់ ពុំមែនយកភ្លើងទៅដុតគល់ឱ្យងាប់នោះទេ។ ជួនកាល ការយកភ្លើងទៅដុតគល់ ក៏បានទទួលផលយ៉ាងឆាប់រហ័សដែរ ដូចករណី “ទំពាំងភ្លើង” គឺបើចង់ឱ្យគុម្ពប្ញស្សីចេញទំពាំងឆាប់ គេយកភ្លើងទៅដុតគល់ រួចពន្លត់វិញ កុំឱ្យឆេះដើម ឬស្លឹកប្ញស្សី រវាងតែបួនប្រាំថ្ងៃ នឹងចេញទំពាំងបានស្លមិនខាន តែបើយកទឹកទៅស្រោចគល់ មិនងាយចេញទំពាំងទេ។
យ៉ាងណាមិញ បក្សប្រឆាំង មុនដំបូងបានចេញសេចក្តីថ្លែងការណ៍ស្វាគមន៍លទ្ធផលបោះឆ្នោតបណ្តោះអាសន្ន ពីរឿងទទួលបានកៅអីមេឃុំ-ចៅសង្កាត់ ចំនួន៤៨២។ លុះលទ្ធផលផ្លូវការឡើងដល់៤៨៩ បែរជាចេញសេចក្តីថ្លែងការណ៍ថា គ.ជ.ប ធ្វើការមិនទាន់បានល្អ មិនទាន់សុក្រឹតទៅវិញ ជាហេតុនាំឱ្យមានប្រតិកម្មធ្ងន់ៗពីបក្សកាន់អំណាច និង គ.ជ.ប។ ជាងនេះទៀត អង្គការសង្គមស៊ីវិលមួយចំនួនដែលបើក “បន្ទប់ស្ថានការណ៍” ក៏បានប្រកាសស្របគ្នាថា គ.ជ.ប ធ្វើការមិនទាន់យុត្តិធម៌។ អង្គការសង្គមស៊ីវិលចំនួន៤០ រួមមានអង្គការខុមហ្វ្រែល និកហ្វិច អាដហុក លីកាដូ ជាដើម បានចេញសេចក្តីថ្លែងការណ៍ វាយតម្លៃថា “ការបោះឆ្នោតជ្រើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ កន្លងទៅនេះ ខ្វះនូវយុត្តិធម៌ និងរឹតត្បិតសេរីភាព”។ ចំណែកបក្សប្រឆាំង ក៏បានចេញសេចក្តីថ្លែងការណ៍ស្រដៀងគ្នានេះដែរ ដែលផ្តោតជាសំខាន់ គឺ “រិះគន់ គ.ជ.ប ឱ្យស្ពឹកមុខ”។
ជាប្រតិកម្មតបវិញ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងថា “បក្សប្រឆាំងឡាំប៉ា ចាញ់ឆ្នោតខោកគ.ជ.ប ២យក ១មិន” ដោយសម្តេចបញ្ជាក់ថា ជាទម្លាប់របស់បក្សប្រឆាំង ចាញ់ឆ្នោតរាល់លើកតែងតែឡាំប៉ា តែទទួលយកកៅអី និងប្រាក់ខែ។ សម្តេចនាយករដ្ឋមន្ត្រីបានទាំងចេញបញ្ជាឱ្យក្រសួងមហាផ្ទៃ ចាត់វិធានការផ្លូវច្បាប់ទៅលើ “បន្ទប់ស្ថានការណ៍” ទៀតផង ដែលពេលនេះ អ្នកតាមដានស្ថានការណ៍នយោបាយមើលឃើញថា អាចនឹងមានអ្នករិះគន់ គ.ជ.ប ត្រូវឡើងតុលាការជាបន្តបន្ទាប់ចៀសមិនរួចឡើយ។
ក្តាប់បានពីករណី “ម្ខាងទរ ម្ខាងទប់” នេះ យើងក៏មានទស្សនៈថា នេះជាល្បិចរបស់បក្សប្រឆាំង ដើរស្របសុភាសិត “ចង់បានផ្លែផ្កា ឱ្យយកភ្លើងដុតគល់” នោះហើយ ឬថា ដាក់ជីពូនគល់លឿនមិនទាន់ចិត្ត ទាល់តែយក “ភ្លើងដុតគល់ប្ញស្សីឱ្យឆាប់ ដេញទំពាំង”។ យើងអាចប្រៀបធៀបបានទៀតថា ស្ថាប័ន គ.ជ.ប មិនខុសពីដើមស្វាយ ដែលមានបែកធំៗ២ គឺមែកម្ខាង មកពីបក្សកាន់អំណាច (CPP) មែកម្ខាងទៀតមកពីបក្សប្រឆាំង (CNRP)។ មែក CPP មានលោកស៊ិក ប៊ុនហុក ក្លាយជាប្រធាន គ.ជ.ប ចំណែកមែក CNRP មានលោកគួយ ប៊ុនរឿន ក្លាយជាអនុប្រធាន គ.ជ.ប ឬថា មែកទី២នេះ តូចជាងមែក ទី១។ ពីមុនមកលោកគួយ ប៊ុនរឿន ក៏ដូចលោករ៉ុង ឈុន ពូកែវោហារណាស់ លុះដល់ពួកគាត់ដើរចូល គ.ជ.ប ក៏ស្ងាត់ឱ្យឈឹង ឃើញតែលោកប្រធាន ស៊ិន ប៊ុនហុក ចេញមុខជាហូរហែ ដោយមិននិយាយពីលោកហង្ស ពុទ្ធា ជាអ្នកនាំពាក្យ គ.ជ.ប។ មានន័យថា ស្វាយ១ដើម មានមែក២នេះ ផ្លែមិនស្រុះគ្នា ឬថា មែកទី១ ផ្លែខ្លាំងជាង ទើបបានជាបក្សប្រឆាំង ក៏ដូចអង្គការ សង្គមស៊ីវិល ឬបន្ទប់ស្ថានការណ៍ “យកភ្លើងដុតគល់” ដើម្បីឱ្យស្វាយចេញផ្លែស្មើគ្នា ឬចង់ឱ្យមែកទី២ ចេញផ្លែខ្លាំងជាង។
ដោយឡែកបក្សកាន់អំណាច មិនលេងក្បួន “យកភ្លើងដុតគល់” នោះទេ តែកំពុងចាត់គ្នាឱ្យ “បោសប្រមូលស្លឹកស្វាយ ដែលជ្រុះរាត់រាយរញ៉េរញ៉ៃទៅចាក់ចោល”។ អ្នកបង្កការរំខាន រិះគន់គ.ជ.ប អាចនឹងត្រូវប្រមូលឡើងតុលាការ បើសិនជាក្រសួងមហាផ្ទៃ គ្មានការអនុគ្រោះទេនោះ។
ទោះយ៉ាងណា សុភាសិតសាកល១ឃ្លាថា “ផ្ទះណាដែលមិនរងការរិះគន់ ផ្ទះនោះរមែងមានសេចក្តីទុក្ខ” បានសេចក្តីថា គ.ជ.ប ទោះជាស្ថាប័នឯករាជ្យ ក៏ជាផ្ទះមួយដែរ ដែលគ្រួសារក្នុងផ្ទះនោះ មានសមាជិកច្រើន មានចរិតខុសគ្នា បទពិសោធន៍នៅមានកម្រិត គួរបើកចិត្តទូលាយឱ្យមជ្ឈដ្ឋានខាងក្រៅរិះគន់ខ្លះៗទៅ មិនខាតប៉ុន្មានទេ។ តាមការសន្និដ្ឋានបក្សប្រឆាំង ដែលបានទទួលកៅអីមេឃុំ-ចៅសង្កាត់ ៤៨៩ នោះ កំពុងមានមោទនភាពខ្លាំងណាស់ តែជាលក្ខណៈ “ចាញ់បូក” ម៉្លោះហើយក៏ ប្រើល្បិច “យកភ្លើងដុតគល់” យ៉ាងនេះទៅ។ ពុំមែនជារឿង “ឡាំប៉ាដេកននៀលត្រាំត្រែង” រាប់ខែដូចមុនទេ តែបក្សប្រឆាំង យកភ្លើងដុតគល់ប្ញស្សី ឱ្យឆាប់ចេញទំពាំង។
នៅក្នុងវង់ល្ខោនបាសាក់ តែងតែឃើញអាគាំង រិះគន់តាឥសី ថា “លោកតាស្អុយក្លៀកណាស់!” ធ្វើឱ្យតាឥសីខឹងសម្បា ក៏ទាញឈើច្រត់ដេញវ៉ៃអាគាំង តែដេញមិនទាន់។ ការរិះគន់នេះមិនអត់ប្រយោជន៍ទេ ធ្វើឱ្យតាឥសីភ្ញាក់ខ្លួន ចេះស្រង់ទឹក ដុសក្អែលបំបាត់ក្លិនក្លៀកនោះទៅ។ នៅក្នុងថ្នាក់រៀននៃអនុវិទ្យាល័យមួយ លោកគ្រូម្នាក់ធ្លោយមាត់ប្រាប់សិស្សថា “ចាំបើកប្រាក់ខែ ទិញសាច់គោស្លស៊ីម្តង” ធ្វើឱ្យសិស្សសើចគឹល ហើយក៏មានសិស្សប្រុសម្នាក់រិះគន់ថា “លោកគ្រូខំរត់ម៉ូតូឌុបផ្សែផ្សំទៀត ទៅគង់តែបានសាច់គោរាល់ថ្ងៃទេ!”។ ការរិះគន់ស្រាលៗរបស់សិស្ស ធ្វើឱ្យគ្រូភ្ញាក់រលឹក ប្រឹងរត់ម៉ូតូក្រៅម៉ោងរដ្ឋ ឈប់អាងប្រាក់ខែដ៏តិចតួចស្តួចស្តើងនោះ ហើយតាំងពីពេលនោះមក គាត់មានលុយទិញសាច់គោ ជាហូរហែ មិនចាំប្រាក់ខែដូចមុនទៀតទេ។
ដូច្នេះយើងឃើញថា “ការរិះគន់ នាំឱ្យមានការប្រឹងប្រែង” មិនអត់ប្រយោជន៍នោះទេ តែ “អ្នករិះគន់ ត្រូវមានសិល្ប៍វិធី ក្នុងការនិយាយ” ទើបគ្មានប្រតិកម្ម។ បក្សកាន់អំណាច ទោះជារបូតកៅអីមេឃុំ-ចៅសង្កាត់ អស់ជិត៥០០ ធ្លាក់ទៅបក្ស ប្រឆាំង ក៏ខំលាក់ការតូចចិត្ត ដោយព្យាយាមលើកឡើងតែពីជ័យជម្នះរហូត ប៉ុន្តែ បើគេរិះគន់ប៉ះចំណុចខ្សោយ ឬថា របូត កៅអីអស់សន្ធឹកទៅហើយ ស្រាប់តែគេរិះគន់ថា មិនយុត្តិធម៌ទៀតនោះ គ្មានអ្នកណាចិត្តព្រះនោះទេ។ រវាងអ្នក “ចង់បានផ្លែផ្កា យកភ្លើងដុតគល់” និងអ្នក “បោសស្លឹកស្វាយទៅបោះចោល” មានរបៀបធ្វើខុសគ្នា តែចង់បានផ្លែស្វាយដូចគ្នា ដែល ជាបរិបទសម្រាប់អ្នកតាមដាននយោបាយពិចារណា។
សរុបទៅ “ចង់បានផ្លែផ្កា យកភ្លើងដុតគល់” មានន័យយ៉ាងនេះឯង សំដៅដល់បក្សប្រឆាំង ចង់ឈ្នះឆ្នោតឆ្នាំ២០១៨ ក៏ដុតគល់ប្ញស្សី គ.ជ.ប ឱ្យក្តៅឆាប់ចេញទំពាំងភ្លើង។ មួយបែបទៀតថា គេប្រឹងដាក់ជី ពូនគល់ស្វាយ ដែលមានមែក២ ឱ្យចេញផ្លែស្មើគ្នា ឬចង់ឱ្យមែកទី២ ផ្លែខ្លាំងជាង។ គ្រាន់តែបក្សប្រឆាំងឆួលភ្លើង ក៏មានប្រតិកម្មភ្លាម ដូច្នេះច្បាស់ជា គ.ជ.ប កែប្រែរបៀបធ្វើការខ្លះៗ មិននៅដដែលនោះទេ។ ដូច្នេះបំណងចង់បានផ្លែផ្ការបស់បក្សប្រឆាំង អាចនឹងបានសម្រេច ព្រោះតែ គ.ជ.ប ឆាប់ក្តៅគុម្ពនេះឯង ៕