ប៉ុន្មានថ្ងៃនេះ មានការឆ្លើយឆ្លងគ្នារវាងមន្ត្រីបក្សកាន់អំណាច និងមន្ត្រីបក្សប្រឆាំង ក៏ដូចជាអ្នកគាំទ្រម្ខាងៗ ពាក់ព័ន្ធនឹងពាក្យ “សង្គ្រោះ”។ ករណីនេះផ្តើមចេញពីមន្ត្រី CPP ថ្លែងថា “បក្សប្រឆាំងបានលួចយកពាក្យសង្គ្រោះ ទៅប្រើខុសកាលៈទេសៈ” រីឯមន្ត្រី CNRP ក៏ដូចជាអ្នកគាំទ្រលើកឡើងថា “ជនជាតិខ្មែរអាចយកពាក្យសង្គ្រោះ មកប្រើបានដូចគ្នា ព្រោះជាភាសាខ្មែរ” ដែល “នគរធំ” សូមលើកយកប្រធានបទ “សង្គ្រោះ មានន័យដូចម្តេច?” មកបរិយាយថ្ងៃនេះ…។
តាមពិតទៅ សូម្បីតែសិស្សសាលាបឋមសិក្សា ក៏យល់ពាក្យ “សង្គ្រោះ” នេះដែរ កុំថាឡើយដល់ទៅបណ្ឌិតបញ្ញវន្ត ឬ អ្នកនយោបាយ ប៉ុន្តែបើមានការខ្វែងគំនិតគ្នាជុំវិញវាក្យសព្ទនេះ ចាំបាច់ត្រូវតែបរិយាយឱ្យបានល្អិតល្អន់ ក្នុងន័យផ្សះផ្សា។ យោងតាមវចនានុក្រមខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត បានពន្យល់ពាក្យ “សង្គ្រោះ” យ៉ាងច្បាស់ដែលក្លាយពីភាសាសំស្ក្រឹត “សំគ្រហ ឬសង្គ្រហ” និងជាភាសាបាលី “សង្គហ”។ ពាក្យនេះមានន័យថា ការទំនុកបម្រុង ការជួយឱ្យបានសុខស្រួល ផ្ចុងផ្តើម ស្រោចស្រង់ រំដោះ រំលស់ ធ្វើអន្តរាគមន៍។ បើត្រឹមជួយគ្នាជាលក្ខណៈបុគ្គលក្នុងរង្វង់គ្រួសារ គេប្រើពាក្យថា “ខ្ញុំជួយសង្គ្រោះគាត់ឱ្យផុតពីភាពក្រីក្រ”, “ព្រះសង្ឃបានសង្គ្រោះក្មេងកំព្រា យកទៅនៅវត្តឱ្យរៀនសូត្រ” ជាដើម។ សម្រាប់ចលនារំដោះជាតិ ឬឧទ្ទាមកម្ម គេយកពាក្យ “សង្គ្រោះ, រំដោះ, ស្រោចស្រង់, អន្តរាគមន៍” ទៅប្រើ ដើម្បីដាក់ឈ្មោះកម្លាំងទ័ពរបស់ខ្លួន ដោយលើកតម្កើងវាក្យសព្ទនេះឱ្យខ្ពស់ត្រដែត ដែលយើងសូមដកស្រង់ចលនាខ្លះៗដូចខាងក្រោម ៖
- កាលពីសម័យអាណានិគមបារាំង អ្នកតស៊ូមួយចំនួនបានរត់ចូលព្រៃ បង្កើតចលនាតស៊ូ ដូចកាលពីឆ្នាំ១៩៤៦ កងកម្លាំងស្នេហាមាតុភូមិខ្មែរឥស្សរៈ បានបង្កើត “គណៈកម្មាធិការរំដោះជាតិ” នៅលើទឹកដីរំដោះ ភាគពាយ័ព្យនៃប្រទេសកម្ពុជា ដើម្បីតស៊ូប្រដាប់អាវុធប្រឆាំងបារាំង។
- នៅឆ្នាំ១៩៦៩ (មុនរដ្ឋប្រហារ) ដោយសារវិបត្តិសេដ្ឋកិច្ចធ្លាក់ចុះ ជាពិសេសវិបត្តិថវិកាជាតិ ឡើងដល់កម្រិតប្រកាសអាសន្ន ធ្វើឱ្យអតិផរណាប្រាក់រៀលទប់មិនជាប់ ទើបសម្តេចព្រះនរោត្តមសីហនុ ក្នុងព្រះឋានៈជាព្រះប្រមុខរដ្ឋ បានអញ្ជើញលោកលន់ នល់ ឱ្យរៀបចំគណៈរដ្ឋមន្ត្រីថ្មី ដែលមានឈ្មោះថា “រាជរដ្ឋាភិបាលស្រោចស្រង់ជាតិ” ដើម្បីលើកស្ទួយវិបត្តិហិរញ្ញវត្ថុ ឱ្យងើបឡើងវិញ។
- ក្រោយរដ្ឋប្រហារថ្ងៃ១៨ មីនា ឆ្នាំ១៩៧០ សម្តេចព្រះនរោត្តម សីហនុ បានបង្កើត “កងទ័ពរំដោះជាតិ” នៅក្នុង “រណសិរ្សរួបរួមជាតិកម្ពុជា” ដើម្បីវាយប្រឆាំងរបបលន់ នល់ ដែលក្រោយមក “កងទ័ពរំដោះ” ក៏ក្លាយជាកងទ័ពខ្មែរក្រហម។
- ចុងឆ្នាំ១៩៧៨ “រណសិរ្សសាមគ្គីសង្គ្រោះជាតិ” ត្រូវបានបង្កើតឡើងដោយថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដើម្បីសង្គ្រោះប្រជាពលរដ្ឋខ្មែរឱ្យផុតពីគ្រោះប្រល័យពូជសាសន៍។ រណសិរ្សនេះ ក្រោយមកក៏ប្តូរឈ្មោះជា “រណសិរ្សសាមគ្គី កសាងការពារមាតុភូមិកម្ពុជា” ដោយបាត់ពាក្យសង្គ្រោះ។
- នៅដើមទសវត្សឆ្នាំ១៩៨០ សម្តេចសឺន សាន បានបង្រួបបង្រួមខ្មែរភៀសខ្លួន បង្កើត “រណសិរ្សរំដោះប្រជាពលរដ្ឋខ្មែរ” ក្រោមហេតុផលដេញកងទ័ពវៀតណាមឱ្យចេញពីកម្ពុជា…។
ការលើកឡើងដោយត្រួសៗខាងលើនេះ ចង់បង្ហាញថា ចលនាតស៊ូអ្វីក៏ដោយ ជាកិច្ចចាប់ផ្តើម គេត្រូវបង្កើត “រណសិរ្ស” ដែលមានន័យថា “ក្បាលទ័ព” ដោយយកពាក្យសង្គ្រោះ រំដោះ ស្រោចស្រង់ មកដាក់ផ្សំគ្នា ដើម្បីទាក់ទាញការចាប់អារម្មណ៍ពីប្រជាពលរដ្ឋខ្មែរ។ ដោយហេតុថា ពាក្យ “សង្គ្រោះ” ពីរោះជាងគេ និងមានខ្លឹមសារជ្រៅ ទើបលោកសម រង្ស៊ី និងលោក កឹម សុខា ព្រមទាំងសហការីសំខាន់ៗ បានស្រុះស្រួលគ្នា បង្កើត “គណបក្សសង្គ្រោះជាតិ” ដើម្បីចូលរួមក្នុងការបោះឆ្នោត។ នៅពេលបង្កើតបក្សថ្មីៗ ក៏មានការជំទាស់ពីបក្សកាន់អំណាចដែរ ប៉ុន្តែ ក្រោយមក ក្រសួងមហាផ្ទៃបានសម្រេចចុះបញ្ជីទទួលស្គាល់ “គណបក្សសង្គ្រោះជាតិ” ជាផ្លូវការ ដោយហេតុថា “រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា” ក្លាយទៅជា “រណសិរ្សសាមគ្គី កសាង ការពារមាតុភូមិកម្ពុជា” ទៅហើយ ឬថា បក្សកាន់អំណាច ឈប់ប្រើពាក្យសង្គ្រោះ ក៏ត្រូវបក្សប្រឆាំងយកទៅប្រើម្តង ដោយមើលឃើញថា វាក្យសព្ទនេះ “នាំទៅរកជ័យជម្នះ”។
បន្ទាប់ពីឆ្លងកាត់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៥ បក្សប្រឆាំង ដណ្តើមបាន៥៥អាសនៈ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ បក្សប្រឆាំងដណ្តើមបានជិត៥០០កៅអីមក ស្រាប់តែមានការអួតអាងចេញពី “គណបក្សសង្គ្រោះជាតិ” ដែលបានកាក់កប ព្រោះតែយកពាក្យ “សង្គ្រោះ” មកប្រើ។ ដឹងអី ! ស្រាប់តែមន្ត្រីបក្សកាន់អំណាចខ្លះបានលើកឡើងថា “បក្សប្រឆាំងលួចពាក្យសង្គ្រោះ ទៅប្រើខុសកាលៈទេសៈ ព្រោះពេលនេះ ប្រទេសសុខសន្តិភាព គ្មានអ្វីត្រូវសង្គ្រោះជាតិទៀតទេ”។ ចំណែកមន្ត្រីបក្សប្រឆាំង ឆ្លើយតបថា “សង្គ្រោះ ជាភាសាខ្មែរៗណាក៏មានសិទ្ធិយកពាក្យនេះទៅប្រើដែរ”។ ការឆ្លើយឆ្លងគ្នានេះ ក៏មានអ្នកគាំទ្របក្សកាន់អំណាចខ្លះថា “ត្រូវតែប្តឹងពីបទរំលោភកម្មសិទ្ធិបញ្ញា” ប៉ុន្តែអ្នកគាំទ្របក្សប្រឆាំង ឆ្លើយតបថា “ច្បាប់កម្មសិទ្ធិបញ្ញា លុះត្រាតែភាគីម្ខាងកំពុងប្រើប្រាស់ តែបក្សកាន់អំណាចបោះចោល ពាក្យនេះទៅហើយ ប្តឹងស្អី?”។
ដូច្នេះយើងឃើញថា គ្រាន់តែពាក្យ “សង្គ្រោះ” ទាស់គ្នាទៅហើយ ចុះទម្រាំពាក្យជេរប្រទេច ដៀលពូជគ្នានោះ តើវា ទាស់យ៉ាងណាទៅ? រឿងទំនាស់ “សាបមួយដៃ ប្រៃមួយចឹប” នេះវាផ្តើមចេញពីអ្នកនយោបាយតែម្តង ដែលខ្វះការយោគយល់គ្នា។ ការយកឈ្មោះទៅប្រើដូចគ្នា ជួនកាលមានការហាមឃាត់ដែរ ដូចបុរសម្នាក់ ដាក់ឈ្មោះកូនប្រុសទើបនឹងកើតថា “ចរិយោត្តម” ក៏មានអ្នកជំទាស់ថា “យើងរាស្ត្រ ដាក់ឈ្មោះកូនដូចស្តេចអ៊ីចឹងមិនសមទេ គួរដាក់សុខ សៅ ល្អជាង”។ ការរករឿងគ្នា ព្រោះការដាក់ឈ្មោះដូចគ្នា ជួនកាលមានជម្លោះធ្ងន់ធ្ងរ ដូចឧទាហរណ៍ ក្នុងរឿង “រាមកេរ្តិ៍” តំណាលពីយក្សឈ្មោះ “រាមបរមសូរ” មានពូថៅទិព្វជាអាវុធ បានស្ទាក់ផ្លូវព្រះបាទទសរថ ដែលវិលត្រឡប់ចូលព្រះនគរ ក្រោយពេលយាងទៅរៀបអភិសេក ព្រះរាម និងព្រះនាងសិតា។ យក្សពូថៅទិព្វនោះបានចោទព្រះបាទទសរថ ថា “ហ៊ានយកឈ្មោះយើងទៅ ដាក់ឈ្មោះកូន (ព្រះរាម)”។ ទីបំផុត ជម្លោះក៏កើតឡើងរហូតដល់ព្រះរាម ផ្លែងសរអគ្គិវាស ទៅផ្ចាញ់យក្សរាមបរមសូរ ប៉ុន្តែយក្សខ្លាចស្លាប់ក៏ថ្វាយបង្គំសុំចុះចាញ់ ដោយថ្វាយសរទិព្វទាំងអស់ដល់ព្រះរាម។
លើកឧទាហរណ៍អក្សរសិល្ប៍ខាងលើនេះ ចង់បង្ហាញថា ការដាក់ឈ្មោះបុគ្គលជាន់ខ្ពស់ ឬចលនាតស៊ូអ្វីមួយ បើដាក់ប៉ះគ្នា ខ្វះការយោគយល់ នឹងផ្ទុះជម្លោះដូចព្រះរាម និងរាមបរមសូរ មិនខានឡើយ។ បើជម្រះទស្សនៈឱ្យអស់ ខ្មែរយើងចៀសមិនផុតពីប្រើវាក្យសព្ទរបស់ខ្មែរ ដូចជាសង្គ្រោះ រំដោះ ស្រោចស្រង់ ឃើញតែពាក្យ៣ហ្នឹងទេ វាមានន័យដូចគ្នា សម្រាប់យកមកដាក់ឱ្យចលនាតស៊ូ ឬគណបក្ស ព្រោះជាពាក្យសមប្រកប ប៉ុន្តែ បើដាក់ជាភាសាបារាំង ដូចហ៊្វុនស៊ិនប៉ិច (Front Uni National Pour un Cambodge Indépendant Neutre, Pacifique et Cooperatif (FUNCINPEC)) ឃើញថា មិនសូវកាក់កបទេ។ ហ៊្វុនស៊ិនប៉ិច ជារណសិរ្សដែលសម្តេចឪ បានបង្កើតឡើង និងកាក់កបសម្រាប់តែព្រះអង្គប៉ុណ្ណោះ ដោយបានយាងមកសោយរាជ្យវិញ តែព្រះរាជបុត្រ នរោត្តម រណប្ញទ្ធិ និងលោកញឹក ប៊ុនឆៃ ដែលដណ្តើមឈ្មោះហ៊្វុនស៊ិនប៉ិច គ្នានោះ បានត្រឹមបាត់បង់ការគាំទ្រពីប្រជាពលរដ្ឋ។ ហេតុនេះហើយបានជាបក្សប្រឆាំង ស្រុះស្រួលគ្នាយកពាក្យខ្មែរមកប្រើ តែបើទាស់គ្នាពីរឿងឈ្មោះគណបក្ស មិនបានចំណេញអ្វីទេ បានត្រឹមរាស្ត្រនាំគ្នាសើចតែប៉ុណ្ណោះ។
សរុបទៅ “សង្គ្រោះ មានន័យដូចម្តេច?” ទោះបីជាសិស្សសាលាបឋមសិក្សាក៏យល់ដែរនោះ អាចយល់មិនទាន់គ្រប់ជ្រុងជ្រោយ ទើប “នគរធំ” ជួយស្រាយបំភ្លឺថែមទៀត។ បើប្តឹងផ្តល់គ្នារឿងឈ្មោះគណបក្ស ធ្វើឱ្យរញ៉េរញ៉ៃ អំពល់ទុក្ខដល់តុលាការ ឯណោះទៀត ហេតុនេះគួរតែអ្នកនយោបាយអត់ធ្មត់ល្អជាង ក្រែងទាស់គ្នាពីរឿងឈ្មោះ ដូចព្រះរាម និងយក្សរាមបរមសូរ…៕