លោកសុខ ដែន ដែលមជ្ឈដ្ឋានជាច្រើនស្គាល់ថាជាតារាក្បាច់គុណលេចធ្លោមួយរូបលេចមុខក្នុងឈុតខារ៉ាអូខេ និងភាពយន្តជាច្រើននោះនាពេលចុងក្រោយនេះស្រាប់តែងាកមកឈោងចាប់អាជីពចម្រៀងនៅផលិកម្មBN ទៅវិញខណៈដែលឱកាសសម្ដែងជាតួវាយតប់ហាក់ស្ងប់ស្ងាត់។លោកដែន អះអាងថាលោកកំពុងពិចារណា កុងត្រាជាតារាចម្រៀងរបស់BN។
លោកសុខ ដែន បានប្រឡូកសិល្បៈជាច្រើនឆ្នាំមកហើយនិងត្រូវបានគេដឹងថាលោកថត ភាពយន្តបានរាប់សិបរឿង មកហើយដែលភាគច្រើនលោកជាតួសម្ដែងខាងវាយតប់ខណៈដែលលោកចេះក្បាច់ គុណមែនទែន។រហូតអ្នកខ្លះចាត់ទុកថាលោកជាកំពូលតារាក្បាច់គុណខ្មែរទៀតផង។ ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះថ្មីៗនេះលោកបានចេញបទចម្រៀងផ្ទាល់ខ្លួននៅផលិតកម្មBN បានជាច្រើនបទមកហើយដែលអ្នកខ្លះគិតថាលោកជាតារាចម្រៀងជាប់កុងត្រាទៀតផង។
លោកសុខ ដែន បានថ្លែងឲ្យដឹងថាមូលហេតុដែលលោកឈោងចាប់អាជីពចម្រៀងដោយសារតែការស្រលាញ់។ម្យ៉ាងមួយរយៈចុងក្រោយនេះលោកមិនសូវមានឱកាសថតភាពយន្តជាតួអង្គវាយតប់ដូចមុនផង។លោកថា លោកបានចេញបទចម្រៀងបានចំនួន៧បទ ហើយប៉ុន្តែមានបទចំនួនពីរដែលគេកំពុងចាប់អារម្មណ៍ដូចជាបទ” ”ជួបស្នេហ៍ក្នុងក្លិបរាត្រី”និងបទ”អូនជាកម្លាំងចិត្ត”ជាដើម។
យ៉ាងណាលោកដែន បញ្ជាក់ថាលោកមិនទាន់ជាតារាចម្រៀងផ្តាច់មុខរបស់BN ទេពោលគឺកំពុងស្ថិតក្នុងដំណាក់កាល ពិចារណាកុងត្រា។លោកដែន ថ្លែងថា”ខ្ញុំជាតារាសម្ដែងហើយទឹកដមសំឡេងមិនសូវពិរោះ អីចឹងអត់ទាន់ហ៊ានធ្វើកុង ត្រាផ្ដាច់មុខទេព្រោះខ្លាចធ្វើមិនបានល្អជាប់កុងត្រា ពិបាកចេញវិញ។ម្យ៉ាងខ្ញុំមិនអាចចោលអាជីពសម្ដែងបានទេ។ដូច្នេះខ្ញុំត្រូវការពេលវេលាពិចារណាកុងត្រាសិន”។
តារាក្បាច់គុណ សុខ ដែន ដែលទើបឈោងចាប់អាជីពចម្រៀងអះអាងថា លោកស្រលាញ់ទាំងអាជីពសម្ដែងនិងចម្រៀងគ្រាន់តែលោកមានទេពកោសល្យខាងសម្ដែង ខ្លាំងជាងជាពិសេសលោកចេះក្បាច់គុណបុរាណខ្មែរច្រើនហើយក៏ចង់បន្សល់ស្នាដៃសម្ដែងភាពយន្តឲ្យបានកាន់តែច្រើនជាងនេះផងដែរ។លោកថា មួយរយៈចុងក្រោយនេះលោកមិនសូវទទួលបានឱកាសថតភាពយន្តដូចមុខទេ នៅក្រោយពេលលោកដឹកនាំសម្ដែងរឿង”លត់ដែកថែប”ដែលផលិតករជាច្រើនហាក់លែងសូវហ៊ានទាក់ទងលោក។លោកដែន និយាយថា”បើទោះបីខ្ញុំធ្លាប់ដឹកនាំសម្ដែងភាពយន្តប៉ុន្តែខ្ញុំមិនដែលប្រកាន់ឬកពាអ្វីទេពោលគឺខ្ញុំ នៅតែទទួលឱកាសសម្ដែងពីគ្រប់ច្រក។ជាពិសេសខ្ញុំចង់បន្សល់ស្នាដៃខាងក្បាច់គុណឲ្យបានច្រើន ខណៈដែលខ្ញុំនៅអាចលេងបាន។ដោយឡែកសម្រាប់អាជីពចម្រៀងប្រសិនបើកាន់តែរីកចម្រើន ល្អជាងនេះខ្ញុំអាចចុះកុងត្រា។ប៉ុន្តែបើតម្រូវឲ្យខ្ញុំបោះបង់អាជីពសម្ដែងជាតារាក្បាច់គុណគឺ មិនអាចទេព្រោះខ្ញុំស្រលាញ់ការសម្ដែងណាស់”៕