Tuesday, September 17, 2024
Homeតារាខ្មែរនៅ សុនិតា មន្ត្រីធំ២នាក់ ប្រជែងស្នេហ៍

នៅ សុនិតា មន្ត្រីធំ២នាក់ ប្រជែងស្នេហ៍

បន្ទាប់ពីទាញបានភាពលេចធ្លោនៅក្នុងសង្គមសិល្បៈ ហើយជីវភាពកាន់តែហ៊ឺហាជាលំដាប់ផងនោះ កញ្ញានៅ សុនិតា បានជម្រុះចោលអាជីពសម្តែងជាច្រើន គឺភាគច្រើននាងផ្តោតតែលើអាជីពពិធីការិនីនៅស្ថានីយទូរទស្សន៍បាយ័ន ប៉ុណ្ណោះ។

ក្រុមផលិតករមួយចំនួនបានត្អូញត្អែរ និងបង្ហើបឱ្យដឹងថា មួយរយៈចុងក្រោយនេះ ពិតជាពិបាកទាក់ទងឱ្យសុនិតា ថតភាពយន្តណាស់ បើទោះបីតម្រូវឱ្យនាងថតជាតួឯក និងហ៊ានឱ្យតម្លៃខ្លួននាងខ្ពស់ក្តី។ ពោលគឺសុនិតា តែងតែប្រកែកមិនទទួលថតភាពយន្ត ដោយអះអាងថា ពុំមានពេលសម្រាប់សម្តែង ហើយសុខភាពរបស់នាងមិនសូវអំណោយផលផង ខណៈដែលអ្នកនៅក្នុងចង្កោមសិល្បៈនិយាយថា សុនិតា មិនចង់ថតភាពយន្តសន្សំប្រាក់ល្អិតទេ គឺនាងមិនចង់នឿយហត់ និងខ្លាចខ្មៅស្បែក ធ្លាក់សម្រស់។

តាមដំណឹងថា សុនិតា បានចោលតំណែងតួឯក៦ទៅ៧រឿងមកហើយ គឺទើបតែទទួលថតរឿង “រៃមាស” របស់អ្នកស្រីពាន់ ភួងបុប្ផា តែប៉ុណ្ណោះ ដោយសារតែរាប់អានគ្នាជិតស្និទ្ធ។

តារាសម្តែងម្នាក់ និយាយថា បើផលិតករក្រៅពីអ្នកស្រីពាន់ ភួងបុប្ផា សុនិតា មិនទទួលថតទេ គឺថតដោយសារតែមនោសញ្ចោតនារាប់អានគ្នាជាមួយអ្នកស្រីពាន់ ភួងបុប្ផា។

អ្នកសិល្បៈបាននិយាយខ្សឹបខ្សៀវគ្នាថា ពេលនេះជីវិតសុនិតា ប្រៀបដូចជាជំទាវទៅហើយ គឺក្រៅពីលេងសិល្បៈបន្តិចបន្តួច នាងសម្ងំតែថែសម្រស់ និងថែសុខភាពតែប៉ុណ្ណោះ ខណៈដែលវីឡាដ៏ធំស្កឹមស្កៃរបស់នាង មានតម្លៃរាប់សែនដុល្លារនោះ សាងសង់បានខ្ទង់៦០%ហើយ។

ប្រភពខាងលើបន្តថា ក្រៅពីប្តូររថយន្តទំនើបជាបន្តបន្ទាប់ និងសង់វីឡាតម្លៃរាប់សែនដុល្លារ សុនិតា មានប្រាក់ចាយវាយពេញៗដៃ ប្រើប្រាស់សុទ្ធតែរបស់ម៉ាកល្បីៗថ្លៃៗ មិនចាញ់ជំទាវទ្រព្យស្តុកមួយចំនួនទេ។

ស្របពេលដែលជីវភាពរបស់សុនិតា កាន់តែហ៊ឺហាឈានឡើងជាលំដាប់នោះ មុននេះបន្តិចមានដំណឹងថា នាងមានទំនាក់ទំនងស្នេហ៍ជាមួយមន្ត្រីប៉ូលិសអន្តោប្រវេសន៍ ប្រចាំនៅច្រកព្រំដែនបាវិតម្នាក់ ថែមទាំងល្បីថា លោកមន្ត្រីធំរូបនោះ នៅពីក្រោយភាពហ៊ឺហារបស់នាងទៀតផង។ ប៉ុន្តែអ្វីដែលគួរឱ្យភ្ញាក់ផ្អើលទៀតនោះ តាមដំណឹងចុងក្រោយថា មានលោកអភិបាលខណ្ឌនៅរាជធានីភ្នំពេញម្នាក់ ក៏តាមថ្ពក់ស្នេហ៍សុនិតា យ៉ាងស្អិតដែរ ពោលគឺអំឡុងពេលនេះ មានមន្ត្រីធំ២នាក់ កំពុងតាមប្រជែងស្នេហ៍សុនិតា។ ប៉ុន្តែមិនទាន់ដឹងថា សុនិតា នឹងជ្រើសស្នេហ៍លោកអភិបាលខណ្ឌ ឬលោកប៉ូលិសអន្តោប្រវេសន៍នោះទេ។

ពាក់ព័ន្ធនឹងដំណឹងខាងលើនេះ មិនអាចទាក់ទងសុំការបំភ្លឺពីកញ្ញា សុនិតា បានទេ តែយើងនឹងរង់ចាំការបកស្រាយពីនាងជានិច្ច។

កញ្ញានៅ សុនិតា ទើបតែប្រឡូកសិល្បៈក្នុងរយៈពេលខ្លី តែនាងទាញបានភាពលេចធ្លោយ៉ាងឆាប់រហ័ស តាមរយៈការសម្តែងភាពយន្ត បង្ហាញម៉ូដ ច្រៀង ដែលមានក្រុមចម្រៀង និងអាជីពពិធីការិនីជាដើម។ ប៉ុន្តែស្របពេលដែលទីផ្សារសិល្បៈរបស់នាងស្ទុះឡើង ស្រាប់តែនាងជម្រុះចោលឱកាសការងារជាច្រើន ដោយមិនខ្វល់ពីប្រភពចំណូល គឺចាប់យកតែអាជីពពិធីការិនីនៅប៉ុស្តិ៍បាយ័ន តែប៉ុណ្ណោះ។

 

គេនៅចាំបានថា អំឡុងពេលសុនិតា សាយភាយកេរ្តិ៍ឈ្មោះពីដំបូង​នៅលើវិថីសិល្បៈ មានបែកធ្លាយដំណឹងថា នាងបានចងសម្ព័ន្ធស្នេហ៍ជាមួយកូនមន្ត្រីធំម្នាក់ នៅក្នុងជួររាជរដ្ឋាភិបាល ថែមទាំងបែកធ្លាយរូបភាពស្និទ្ធស្នាលជាមួយកូនមន្ត្រីធំរូបនោះ នៅលើបណ្តាញសង្គមហ្វេសប៊ុកទៀតផង។ ប៉ុន្តែក្រោយមក សុនិតា បានសារភាពថា នាងបានបែកស្នេហ៍ពីកូនមន្ត្រីធំនោះទៅហើយ។ ក្រោយស្ងាត់ដំណឹងស្នេហ៍ជាមួយកូនមន្ត្រីធំ សុនិតា បានធ្វើឱ្យតារាចម្រៀងនៅផលិតកម្ម KH ម្នាក់ ខកចិត្តជាខ្លាំង ដោយសារតែតាមចែចង់នាងមិនបាន ដែលតារាចម្រៀងរូបនោះធ្លាប់ទម្លាយសារខកចិត្តផ្អើលសង្គមហ្វេសប៊ុក។

យ៉ាងណា នាពេលចុងក្រោយនេះ ខណៈដែលជីវភាពរបស់សុនិតា កាន់តែហ៊ឺហាដូចជំទាវនោះ ស្រាប់តែភាយដំណឹងពេញពិភពសិល្បៈថា មានមន្ត្រីធំ២នាក់ កំពុងប្រើអំណាចទឹកប្រាក់តាមប្រជែងស្នេហ៍នាងយ៉ាងស្អិត។ ប៉ុន្តែគេមិនទាន់ដឹងថា មន្ត្រីធំរូបណាមានវាសនាបាននែបនិត្យស្រីស្អាតរូបនេះទេ។

មជ្ឈដ្ឋានជាច្រើន ជាពិសេសអ្នកនៅក្នុងចង្កោមសិល្បៈ បានស្ញើចសរសើរចំពោះនៅ សុនិតា ដែលមានជីវភាពលេចធ្លោ ស៊ីវិល័យយ៉ាងឆាប់រហ័ស បើទោះបីនាងបានកាត់បន្ថយការងារសិល្បៈជាច្រើនក្តី។ ប៉ុន្តែទន្ទឹមនឹងនោះ ក៏មានការសង្ស័យថា នាងមានអ្នកពិសេសចាំជួយជ្រោមជ្រែងពីក្រោយខ្នងទៀតផង។

 

យ៉ាងណា ពាក់ព័ន្ធនឹងដំណឹងនេះ មានតែរង់ចាំការបកស្រាយពីតារារូបស្រស់ មានមន្តស្នេហ៍ទាក់ទាញនៅ សុនិតា តែប៉ុណ្ណោះ៕

RELATED ARTICLES